សៀវភៅ «ដុំហ្វីលមរតក» លេចចេញរូបរាង ដើម្បីបំពេញចន្លោះប្រហោងព័ត៌មាន អំពីឧស្សាហកម្មភាពយន្តនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥។
អំឡុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥ ភាគយន្ត៤៤៤រឿងត្រូវបានផលិតត។ ខណៈគេចាត់ទុកអំឡុងពេលនោះជា «យុគមាស» សម្រាប់វិស័យភាពយន្តកម្ពុជា ឯកសារស្រាវជ្រាវទាក់ទងនឹងរឿងឬវិស័យភាពយន្ត នៅកម្ពុជាមិនសូវមានលក្ខណៈសម្បូរបែប។ កង្វះខាតនោះបានលាក់ទុក នូវសម្រស់និងតថភាពកុនដែលជាទីពេញនិយមរបស់ពលរដ្ឋខ្មែរ មុនរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ប៉ុន្តែ សៀវភៅស្រាវជ្រាវមួយក្បាលក្រោមចំណងជើង «ដុំហ្វីលមរតក៖ ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប ចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧៥» នឹងដើរតួជាចង្កៀងមួយក្នុងចន្លោះកង្វះខាតទាំងនោះ។ បោះពុម្ពផ្សាយដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សៀវភៅនេះ មានជាពីរភាសា គឺភាសាអង់គ្លេស និងភាសាខ្មែរ ដើម្បីពង្រីកវិសាលភាពចំណេះដឹង ទៅដល់អ្នកដែលស្រឡាញ់វិស័យភាពយន្ត។
Focus បានធ្វើការសម្ភាសន៍តាមសារអេឡិចត្រូនិកជាមួយលោកស្រី លីនដា សាផាន ដែលជាអ្នកនិពន្ធសៀវភៅ ដុំហ្វីលមរតក និងជាសាស្រ្តាចារ្យរង ផ្នែកសង្គមវិទ្យា នៅឯមហាវិទ្យាល័យ Mount Saint Vincent នៃទីក្រុងញូវយ៉ក អំពីការផលិតសៀវភៅនេះឡើង ក៏ដូចជាមួយក្បាលនេះ។
១. តើអ្នកស្រីអាចប្រាប់ពីព័ត៌មានសង្ខេបអំពីសៀវភៅ «ដុំហ្វីលមរតក» បានដែរឬទេ?
ចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧៥ អ្នកដឹកនាំរឿងកម្ពុជាដ៏អស្ចារ្យមុនសម័យសង្រ្គាម បាននាំឱ្យមានការចូលរួមចំណែកក្នុងវិស័យភាពយន្តកម្រិតពិភពលោក ក្នុងនោះរួមមាន៖ លោក លី ប៊ុនយីម លោក ទា លឹមគុណ លោក អ៊ីវ៉ុង ហែម និងលោកស្រី អួង សីតា (កន់ធួក) ជាដើម។ ដោយរួមបញ្ចូលទាំងសេចក្តីសង្ខេបរឿង រូបភាពដកស្រង់ពីភាពយន្តដ៏ទាក់ទាញ ក៏ដូចជាការវិភាគលើភាពយន្តខ្មែរចំនួន១៦រឿងផង សៀវភៅនេះនឹងផ្តល់ឱ្យអ្នកអាន នូវច្រកចូលមួយទៅកាន់រយៈកាលនៃប្រវត្តិភាពយន្តអាស៊ីអាគ្នេយ៍ ដែលភាពយន្តជាច្រើនមិនត្រូវបានកត់ត្រាទុក។
ជាក្តីត្រេកអរសម្រាប់អ្នកស្នេហាភាពយន្ត ក៏ដូចជាបញ្ញវន្តខាងភាពយន្តដែរ សៀវភៅ ដុំហ្វីលមរតក មានបញ្ចូលការវិភាគឈុតឆាកលម្អិត ដែលបង្ហាញអំពីស្នាដៃដ៏វិចិត្រខាងផ្នែកបច្ចេកទេស នវានុវត្ត ការបរិយាយរឿងដ៏ប្រទាក់ក្រឡា តួអង្គដ៏ទាក់ទាញ និងសិល្បៈនៃការបង្កើតប្លង់ថតភាពយន្តដ៏ប្រណីត របស់អ្នកដឹកនាំរឿងនីមួយៗ ហើយក៏មានរៀបរាប់អំពីជីវប្រវត្តិរបស់ពួកគាត់ ដោយភ្ជាប់ជាមួយនឹងបរិបទសង្គមវប្បធម៌នៃប្រវត្តិសាស្រ្តកម្ពុជាផងដែរ។ ចំណុចពិសេសៗរួមមាន៖ បទសម្ភាសផ្តាច់មុខជាមួយនឹងអ្នកដឹកនាំរឿង លោកស្រី អួង សីតា រួមទាំងជំពូកជាច្រើនដែលផ្តោតសំខាន់លើភាពយន្ត ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចជា៖ រឿងពស់កេងកង រឿងពុទ្ធិសែននាងកង្រី រឿងសុវណ្ណហង្ស និងរឿងថាវរីមាសបង ជាដើម។ សៀវភៅនេះគឺជាឯកសារសំខាន់បន្ថែមមួយ សម្រាប់ប្រវត្តិភាពយន្តពិភពលោក ព្រោះវាត្រូវបានស្រាវជ្រាវយ៉ាងលម្អិតនិងស៊ីជម្រៅ។
២. តើអ្វីទៅជាហេតុផលពីក្រោមការចងក្រងសៀវភៅនេះឡើង?
នេះជាសៀវភៅដំបូង ដែលមិនមែននិយាយត្រឹមតែអំពីប្រវត្តិសាស្រ្តនៃភាពយន្តសម័យដើមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឧបករណ៍សម្រាប់អ្នកអានឈ្វេងយល់អំពីភាពយន្តខ្មែរនាសម័យដើមផងដែរ។ វាផ្ដល់ឱ្យមិនត្រឹមតែភាសាភាពយន្តលើការយល់ដឹងអំពីទិដ្ឋភាពបច្ចេកទេស ប៉ុន្តែ វាក៏រួមបញ្ចូលនូវការវិភាគបែបសង្គមវិទ្យាផងដែរ។
៣. តើមានបញ្ហាប្រឈមអ្វីខ្លះពីក្រោយការសរសេរនិងបកប្រែសៀវភៅនេះ?
អ្វីដែលខ្ញុំអាចនិយាយបានគឺ វាបានចំណាយពេលមួយឆ្នាំនៃពេលឈប់សម្រាក ដើម្បីយកពេលធ្វើការស្រាវជ្រាវរបស់ខ្ញុំ ដើម្បីសរសេរ និងពេញមួយឆ្នាំដើម្បីបកប្រែសៀវភៅមួយក្បាលនេះ។ មានពាក្យបច្ចេកទេសជាច្រើន ដែលក្រុមអ្នកបកប្រែ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ DMC ព្យាយាមស្វែងរកដើម្បីប្រើប្រាស់។ វាគឺពាក្យដែលត្រូវបកប្រែជាភាសាខ្មែរ ក្នុងន័យដែលប្រជាជនខ្មែរអាចយល់បាន។ វាជារឿងដ៏លំបាកមួយ ព្រោះមានពាក្យនិងគោលគំនិតថ្មីៗជាច្រើន នៅក្នុងវិស័យភាពយន្ត មិនទាន់ត្រូវបានបកប្រែពីមុនមក។ ក្រុមការងារ DMC បានសម្រេចការងារដ៏អស្ចារ្យនេះ។
៤. តើសៀវភៅ ដុំហ្វីលមរតក នេះនឹងអាចចូលរួមអ្វីបានដល់កម្ពុជា?
គោលបំណងនៃសៀវភៅនេះ គឺដើម្បីកត់ត្រាទុកនូវភាពយន្តកម្ពុជា។ ជនជាតិខ្មែរបានផលិតភាពយន្តខ្លះមិនល្អ ខ្លះល្អ និងស្នាដៃខ្លះគឺជាស្នាដៃល្អឯក។ ឧស្សាហកម្មភាពយន្ត និងបុគ្គលដែលបានខិតខំបង្កើតស្នាដៃ ដើម្បីបន្លប់មនុស្សពីជីវិតពិត និងសង្គ្រាម សមតែការងាររបស់ពួកគេត្រូវបានគេស្គាល់។ វាមិនមែនសម្រាប់តែអ្នកផលិតភាពយន្តត្រឡប់មកមើលអតីតកាល ហើយរៀនពីជំនាន់មុននោះទេ។ សៀវភៅមួយក្បាលនេះ មិនមែនគ្រាន់តែអំពីការវិភាគបច្ចេកទេសកុនទេ ប៉ុន្តែវាថែមទាំងបញ្ចូលនូវ បរិបទនយោបាយសង្គម នាសម័យនោះផងដែរ។ អ្នកអាននឹងឈ្វេងយល់អំពីតួអង្គដូចជា តាឥស ឬក៏អាប។ តើតួអង្គទាំងនោះមកពីណា? វាជាសាច់រឿងរបស់ពួកគេ ហើយក៏ជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។
គួរបញ្ជាក់ផងដែរថា លោកស្រី លីនដា សាផាន គឺជាបញ្ញវន្តដ៏មានបទពិសោធន៍មួយរូប ផ្នែកសិក្សាស្រាវជ្រាវវប្បធម៌កម្ពុជា ហើយមានស្នាដៃបោះពុម្ពផ្សាយជាច្រើន ទាក់ទងនឹងតន្រ្តីសម័យនៅកម្ពុជាមុនសម័យសង្គ្រាម។ លោកស្រីគឺជាប្រធានផ្នែកស្រាវជ្រាវ និងជាផលិតកររងនៃភាពយន្តឯកសាររឿង កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់ ហើយក៏ធ្លាប់ធ្វើជាផលិតករប្រតិបត្តិ សម្រាប់គម្រោងខ្សែភាពយន្តមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នលោកស្រី គឺជាសាស្ត្រាចារ្យរង ផ្នែកសង្គមវិទ្យា នៅឯមហាវិទ្យាល័យ Mount Saint Vincent នាទីក្រុងញ៉ូយ៉ក។
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងសម្ពោធសៀវភៅ «ដុំហ្វីលមរតក៖ ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបូនរូប ១៩៦០-១៩៧៥» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩:០០ ដល់ ១១:00ព្រឹក នៅរោងភាពយន្ត Prime Cineplex សាខា Samai Square។ ក្នុងកម្មវិធីនេះ ដេប៉ាតឺម៉ង់នឹងរៀបចំកិច្ចពិភាក្សាមួយស្តីអំពី «ឧស្សាហកម្មភាពយន្តកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ក៏ដូចជាការចាក់បញ្ចាំងភាពយន្តចំនួន ៦ រឿងផងដែរ។