មកស្គាល់សៀវភៅ៥ក្បាលប្រចាំខែ ដែលណែនាំដោយក្រុមការងារFocus។
អ្វីទៅជា សៀវភៅកំណត់ហេតុ (memoir)?
សៀវភៅកំណត់ហេតុ គឺជាប្រភេទសៀវភៅរឿងពិត ដែលអ្នកនិពន្ធសរសេរចេញពីទស្សនៈផ្ទាល់ខ្លួន រៀបរាប់អំពីផ្នែកណាមួយនៃជីវិតរបស់ពួកគេ ឬព្រឹត្តិការណ៍ដែលកើតឡើងជុំវិញសាមីខ្លួន។ វាស្រដៀងនឹងសៀវភៅជីវប្រវត្តិដែរ ប៉ុន្តែអ្នកនិពន្ធមិនបានលាតត្រដាងសាច់រឿងពេញមួយជីវិតរបស់គេនោះទេ។ ភាគច្រើនផ្នែកដែលអ្នកនិពន្ធរើសយកមកសរសេរ គឺឆ្លុះបញ្ចាំងអំពីបទពិសោធន៍មួយ ដែលបានជះឥទ្ធិពលមកលើជីវិតរបស់សាមីខ្លួន ឬសង្គមផ្ទាល់។
ប្រភេទសៀវភៅនេះ ទទួលបានការពេញនិយមពីសំណាក់អ្នកអាន ដោយសារតែសៀវភៅប្រភេទនេះ គឺជាប្រភពនៃការជំរុញទឹកចិត្ត។ នៅពេលអានរឿងរ៉ាវពិត ឬដំណើរឆ្លងកាត់ឧបសគ្គរបស់អ្នកនិពន្ធ អាចជួយជំរុញចិត្តអ្នកអានឱ្យស្វែងយល់ពីអត្ថន័យជីវិត និងមានទឹកចិត្តបន្តដំណើរទៅមុខ។
នៅក្នុងខែកុម្ភៈនេះ Focus នឹងណែនាំសៀវភៅកំណត់ហេតុ៥ក្បាល រៀបរាប់ពីបទពិសោធន៍និងដំណើរជីវិតផ្សេងៗគ្នា របស់អ្នកនិពន្ធទាំងនៅក្នុងស្រុកនិងនៅបរទេស។ យើងសង្ឃឹមថា អ្នកនឹងរីករាយជាមួយការអានសៀវភៅទាំង៥ខាងក្រោមនេះ ដូចដែលក្រុមការងារយើងដែរ។
BLACK ដោយ កៅ សុខម៉ៅ
ណែនាំដោយ៖ ញ៉ែម ផាន់ណារ៉ូ
ស្រ្តេសអាចជះឥទ្ធិពលល្អដល់មនុស្ស ព្រោះអាចធ្វើឱ្យយើងតាំងចិត្តក្នុងការសម្រេចគោលដៅ។ ដោយឡែកជាធម្មតា កាលណាមនុស្ស ស្រ្តសជានិច្ចជាកាល វាអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាពផ្លូវចិត្តវិញ។ ពេលដែលស្រ្តេសខ្លាំង តើអ្នកដោះស្រាយបញ្ហានេះដោយរបៀបណា? លោកកៅ សុខម៉ៅ (Kyle Kao) អាយុ ២៧ឆ្នាំ ជាអ្នកខេត្តរតនគីរី ជ្រើសរើសការសរសេរសៀវភៅកំណត់ហេតុរបស់ខ្លួន (memoir) ដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់ខ្លួន ស្តែងពីប្រធានបទដែលសង្គមព្រងើយកន្តើយដូចជា បញ្ហាសុខភាពផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត និងនិន្នាការភេទ។ លោកចូលចិត្តសរសេរកត់ត្រាពីរឿងរ៉ាវរបស់ខ្លួនតាំងពីថ្នាក់បឋមសិក្សា ហើយមានគំនិតចងក្រងជាសៀវភៅកំណត់ហេតុឡើង ក្រោយខ្លួនជួបឧប្បត្តិហេតុគ្រោះថ្នាក់ជិតស្លាប់ នៅកណ្ដាលព្យុះមួយ នៅឆ្នាំ២០១៧។ សៀវភៅកំណត់ហេតុដែលមានចំណងជើងថា “BLACK” សរសេរជាភាសាអង់គ្លេស ពីព្រោះសុខម៉ៅ មិនដឹងថាសរសេររៀបរាប់ជាភាសាខ្មែរដោយរបៀបណានោះទេ។ លោកគិតថា បើសរសេរជាភាសាខ្មែរ លោកមានអារម្មណ៍ពិតស្តែងៗពេក។ ជាពិសេសនោះ អ្នកដែលអាចអានជាភាសាអង់គ្លេសបាន ទំនងជាបើកទូលាយច្រើន អាចទទួលយក និងយល់ពីប្រធានបទព្រងើយកន្តើយទាំងនោះ។ចង់ដឹងថា តើមានរឿងរ៉ាវអ្វីខ្លះកើតមានលើលោកសុខម៉ៅ តាំងពីកុមារភាព រហូតដល់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស? សៀវភៅកំណត់ហេតុ “BLACK” នឹងអាចជួយឱ្យអ្នកស្វែងយល់ និងមានអារម្មណ៍ថាពាក់ព័ន្ធពីខ្សែជីវិត និងការតស៊ូរបស់បុគ្គលម្នាក់ ដែលធំធាត់នៅជនបទ ហើយមានមហិច្ឆតាក្នុងជីវិត រហូតដល់បានធ្វើការ ជាមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មមួយរូប នៅស្ថានទូតនៃប្រទេសអង់គ្លេសប្រចាំប្រទេសកម្ពុជា។
ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? (A Moment of Exploration) ដោយ សុខ ចាន់ផល
ណែនាំដោយ៖ បូរិន សុភាវុទ្ធតី
ដូចដែលបានសរសេររៀបរាប់ខាងលើស្រាប់ សៀវភៅ «ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី?» គឺជាសៀវភៅប្រភេទកំណត់ហេតុមួយក្បាល ចងក្រងជាភាសាខ្មែរ ដោយអតីតអ្នកនិពន្ធទំនុកច្រៀងរាប់រយបទ និង ជាអ្នកនិពន្ធទទួលពានរង្វាន់ម្នាក់ លោកសុខ ចាន់ផល។ បោះពុម្ពផ្សាយដំបូងនៅក្នុងឆ្នាំ២០២០ សៀវភៅនេះជាសៀវភៅប្រភេទ សន្លឹកគូល័រ គម្របរឹង មានកម្រាស់ប្រហែល៣០០ទំព័រ។ សៀវភៅនេះជា បណ្តុំកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ កត់ត្រានៅក្នុងឆ្នាំខុសៗគ្នា អំពីបទពិសោធន៍ និងរឿងរ៉ាវជីវិត ក៏ដូចជាការយល់ឃើញ និងមើលឃើញនានា ក្នុងវិថីជាអ្នកនិពន្ធ ក្នុងនាមជាកូនប្រុសម្នាក់ក្នុងគ្រួសារ និងជាប្រជាជនកម្ពុជាវ័យ៣០ប្លាយម្នាក់ ដែលកំពុងស្វែងរកពីអត្ថន័យពិតប្រាកដនៃជីវិតរបស់ខ្លួន។ សៀវភៅនេះនឹងនាំអារម្មណ៍អ្នកអាន ទៅតាមដំណើរទេសចរណ៍ក្នុងបណ្ដាប្រទេសនានា និងខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលអ្នកនិពន្ធបានធ្វើដំណើរទៅដល់ ក៏ដូចជាបទពិសោធន៍ជីវិតរបស់លោកឆ្លងកាត់កន្លែងទាំងនោះ។ អ្នកនិពន្ធចងក្រងឡើងសៀវភៅនេះឡើង ដោយប្រើប្រាស់ពាក្យពេចន៍សម្រាយ ងាយស្រួលយល់ តែមានខ្លឹមសារជ្រាលជ្រៅ ដែលយុវជនជំនាន់ក្រោយអាចមានអារម្មណ៍ទាក់ទងនឹងជីវិតខ្លួនឯង (Relatable) អមជាមួយរូបថតគូល័រគួរឱ្យទាក់ទាញជាច្រើនសន្លឹក។ សម្រាប់ស្នាដៃនេះផ្ទាល់ អ្នកនិពន្ធផ្ញើជូនពិសេសសម្រាប់អ្នកទាំងឡាយណាដែលកំពុងស្វែងរកខ្លួនឯង និង ខ្លឹមសារនៃជីវិតរបស់ខ្លួន ព្រោះការស្វែងរកខ្លួនឯងមិនមែនជារឿងងាយស្រួលនោះទេ។ តាមរយៈសៀវភៅនេះ អ្នកនឹងអាចឃើញពីសារៈសំខាន់នៃការចោទសួរខ្លួនឯង ពីមូលហេតុនៃការធ្វើអ្វីមួយក្នុងពីជីវិត និងសារៈសំខាន់នៃការចងក្រងការគិតនៅពេលជាក់លាក់ណាមួយក្នុងជីវិតជាលាយល័ក្ខអក្សរ ព្រោះថាអ្នកអាចនឹងមិនគិតដូច្នោះទៀតនៅពេលបច្ចុប្បន្នក៏ថាបាន។
How to fall in love with anyone: a memoir in essays ដោយ Mandy Len Catron
ណែនាំដោយ ៖ នូវ ពៅលក្ខិណា
អ្នកស្រី Mandy Len Catron គឺជាអ្នកដែលបានជីកកកាយ «កម្រងសំនួរផ្ទាល់ខ្លួនទាំង៣៦ របស់អ្នកជំនាញចិត្តសាស្ត្រលោក Authur Aron» ដើម្បីជួយធ្វើឱ្យមនុស្ស២នាក់ជិតស្និទ្ធគ្នាជាងមុន។ ប៉ុន្តែអ្នកស្រីបានសាកល្បងពិសោធដោយខ្លួនឯង ដោយសួរទៅវិញទៅមកជាមួយនឹងបុរសម្នាក់ [ពួកគេមានកូនចិត្តទៅលើគ្នាបន្តិចបន្តួច] ដើម្បីដឹងថា ពួកគេអាចបង្កើនភាពស្និតស្នាលដែរឬទេ។ ហើយចុងក្រោយអ្នកទាំងពីរក៏បានស្រឡាញ់គ្នា។ អ្នកស្រីបានផ្ញើសំណេរអំពីបទពិសោធន៍ណាត់ជួបនោះ ឱ្យកាសែត the New York Times ក្នុងឆ្នាំ២០១៥ ចេញផ្សាយ ក្នុងផ្នែកមួយឈ្មោះថា Modern Love។ សំណេរនោះ មានចំណងជើងថា៖ ‘to fall in love with anyone, do this [ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ធ្វើបែបនេះ]។ ភ្លាមៗនោះ កម្រងសំនួរទាំង៣៦ ទទួលបានប្រជាប្រិយភាពយ៉ាងគំហុកនៅលើអ៊ីនធឺណិតហើយមានមនុស្សជាច្រើន ចាប់ផ្តើមសាកល្បងប្រើប្រាស់កម្រងសំនួរទាំង៣៦ ដើម្បីដឹងថា តើគេអាចធ្វើឱ្យមនុស្ស២នាក់ដែលមិនស្គាល់គ្នាសោះ ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាបានដែរឬទេ។ សៀវភៅនេះ នឹងនាំចំណាប់អារម្មណ៍អ្នកអាន ឱ្យត្រលប់មកមើលដំណើរដើមទង អំពីរបៀបដែលអ្នកស្រី Mandy Len Catron បានស្គាល់«កម្រងសំនួរទាំង ៣៦»។ អ្នកស្រីរៀបរាប់អំពីដំណើរ នៃការស្រាវជ្រាវទៅលើទំនាក់ទំនងស្នេហារបស់មនុស្ស តាមរយៈការសង្កេតផ្ទាល់ពីរឿងរ៉ាវស្នេហា ដែលបានកើតឡើងនៅក្នុងគ្រួសាររបស់អ្នកស្រីផ្ទាល់។ សំនួរដែលអ្នកស្រីព្យាយាមរកចម្លើយនោះគឺ «តើអ្វីទៅ ដែលរក្សាទំនាក់ទំនងស្នេហារបស់មនុស្ស២នាក់»។
I Am Malala ដោយ Christina Lamb and Malala Yousafzai
ណែនាំដោយ៖ តូច ធីណា
I Am Malala គឺជាសៀវភៅកំណត់ហេតុដ៏ល្បីល្បាញមួយ ដែលនិយាយរៀបរាប់ពីដំណើរជីវិតពិត របស់ក្មេងស្រីជនជាតិ ប៉ាគីស្ថានម្នាក់ ក្នុងការតស៊ូទាមទារសិទ្ធសម្រាប់ក្មេងស្រី ដើម្បីទៅសាលារៀន។ទោះបីជាក្មេងស្រីរូបនេះ ស្ទើរតែបាត់បង់ជីវិតរបស់ខ្លួនក្រោមការគំរាមគំរាមកំហែងពីសំណាក់ពួកឧទ្ទាមតាលីបង់ និងការគាបសង្កត់ពីវប្បធម៌ និងនយោបាយនៅក្នុងប្រទេសរបស់ខ្លួនក្តី។សៀវភៅនេះបានរំលចនូវសារ ដែលធ្វើឱ្យអ្នកអានស្វែងយល់ពីតម្លៃនៃការតស៊ូរបស់ក្មេងស្រីនៅក្នុងសង្គមមួយដែលពោរពេញដោយការគាបសង្គត់មកលើស្ត្រី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនេះ សៀវភៅនេះបានបង្ហាញតម្លៃនៃការស្រលាញ់ និងគាំទ្ររបស់ក្រុមគ្រួសារក្នុងការជួយជម្រុញឱ្យក្មេងស្រីម្នាក់ អាចតស៊ូដើម្បីដើរតាមក្តីស្រម៉ៃរបស់ខ្លួនបាន។ ម្យ៉ាងទៀត វាជាឧទាហរណ៍មួយដ៏សំខាន់ ដែលអាចលើកទឹកចិត្តបុគ្គលដ៏ទៀត ក្នុងការពុះពារដើម្បីសម្រេចគោលបំណងរបស់ខ្លួន និង ភាពមិនស្មើគ្នានៅក្នុងសង្គមបានផងដែរ។
Born a Crime ដោយ Trevor Noah
ណែនាំដោយ៖ គីម ជីហេ
Trevor Noah មានដើមកំណើតជាជនជាតិស្បែកសកាត់ស្បែកខ្មៅ កើតពីទំនាក់ទំនងស្នេហាមួយ ដែលគេចាត់ទុកថាជាឧក្រិដ្ឋកម្ម អំឡុងរបបអាប៉ាថេត (apartheid) នៅអាហ្រ្វិកខាងត្បូង។
នៅក្នុងសៀវភៅនេះ គាត់បានចែករំលែកអំពីរឿងរ៉ាវទាំង រន្ធត់ តក់ស្លុត ឆ្កួតលីលាមិនគួរឲ្យជឿ អមជាមួយរឿងរំជួលចិត្ត ស្តីពីកុមារភាពរបស់គាត់នៅក្នុងតំបន់អនាធិបតេយ្យ Johannesburg កន្លែង ដែលគាត់ធំលូតលាស់ឡើង ជាមួយភាពជាជនខុសច្បាប់មួយរូប។
សៀវភៅរបស់គាត់ បានរំលេចរៀបរាប់ក៏ដូចជារំលឹកអនុស្សាវរីយ៍ អំពីម្តាយគាត់ ដែលជាស្ត្រីស្បែកខ្មៅ រឹងមាំ ឆ្លាតវៃ និងក្លាហានម្នាក់។ម្តាយរបស់គាត់ ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យកូន ដែលជាមានឈាមជ័រពាក់កណ្តាលជាជនជាតិស្បែកស ឱ្យរួចផុតពីភាពក្រីក្រ និងអំពើហិង្សា។ តាមរយៈការអានសៀវភៅនេះ អ្នកអានអាចសិក្សាស្វែងយល់ពីអាណានិគម សាសនា ពូជសាសន៍ បញ្ហានៅក្នុងសង្គម តួនាទីយេនឌ័រ នៅក្នុងបរិបទតំបន់មួយ ដែលស្ថិតនៅមួយចំហៀងទៀតនៃផែនដី៕