បឹងទន្លេសាបជាស្នូលជលផលក្នុងប្រទេសកម្ពុជា និងជាប្រភពធនធាន ចិញ្ចឹមមនុស្សរាប់លាននាក់ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ នាពេលបច្ចុប្បន្ន មានទំនប់វារីអគ្គិសនីជាច្រើនសាងសង់នៅលើទន្លេមេគង្គ។ ការព្រងើយកន្តើយលើបញ្ហានេះ និងការប្រែប្រួលអាកាសធាតុ កំពុងតែគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជា។
កំណត់និពន្ធ៖ នេះគឺជាកម្រងអត្ថបទពិពណ៌នាពិសេស នៃរឿងរ៉ាវទាំង៥ ដែលមានចំណងជើងថា «កម្ពុជានៅក្នុងចត្តាឡីស័ក» ដែលធ្វើការស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺកូវីដ ទៅលើសសរស្តម្ភទាំងបួនរបស់សេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកាត់ដេរ វិស័យកសិកម្ម វិស័យសំណង់និងវិស័យទេសចរណ៍។ អត្ថបទពីវិស័យនីមួយៗនឹងត្រូវបោះពុម្ពផ្សាយក្នុងពេល៥ថ្ងៃជាប់ៗគ្នានៅលើគេហទំព័រ Southeast Asia Globe និងត្រូវបានប្រែសម្រួលជាភាសាខ្មែរ បង្ហោះលើគេហទំព័រ Focus ។
អត្ថបទដោយ Andrew Haffner រាយការណ៍បន្ថែមដោយ គង់ មេត្តា និងបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
ស្ត្រីម្នាក់ចែវទូកឈើមួយ ដើម្បីទទួលក្រុមអ្នកដំណើរ ជាអ្នកខាងក្រៅប្លែកមុខដ៏កម្រមួយ មកជួបពួកគេដែលរស់នៅតាមមាត់បឹងទន្លេសាប។ កុមារបួននាក់ ប្រជ្រៀតគ្នានៅលើទូក និងសម្លឹងមើលទៅអ្នកប្លែកមុខទាំងនោះ។
ភូមិបណ្ដែតទឹកនេះមានផ្ទះតូចៗជាច្រើន នៅរាយពេញលើផ្ទៃទឹក។ ស្ត្រីរូបនោះ ស្វាគមន៍អញ្ជើញភ្ញៀវចូលទៅអង្គុយក្នុងផ្ទះ និងចាប់ផ្ដើមរៀបរាប់ អំពីការរស់នៅលើទឹក។ នៅខាងក្រោមផ្ទះ មានពន្លឺព្រាកៗចាំងពីហ្វូងត្រីចិញ្ចឹមក្នុងអាង ព័ទ្ធសំណាញ់ ហែលពពាក់ពពូនលើគ្នាចុះឡើង។
នៅខាងក្នុងផ្ទះ មានស្ត្រីមួយរូបទៀត ដែលជាអ្នកជិតខាងមានកូនបីនាក់ហើយ ផ្ទះរបស់ពួកគាត់នៅជាប់គ្នា។ គ្រួសារទាំងពីរ ចែករំលែកប្រើប្រាស់កន្លែងទំនេរ ដោយសារតែផ្ទះរបស់ពួកគេតូចចង្អៀត។ ស្ត្រីម្នាក់ក្នុងចំនោមស្ត្រីទាំង២ បានចាប់កំណើតនៅទីនេះផ្ទាល់ និងបានចំណាយពេលពេញមួយជីវិតរបស់ខ្លួន រស់នៅក្នុងភូមិបណ្ដែតទឹកនេះ។ ហើយស្រ្តីម្នាក់ទៀត បានរស់នៅទីនេះ ប្រហែលជាង១០ឆ្នាំមកហើយ។ ស្រ្តីទាំងពីរនាក់នេះ គឺជាជនជាតិវៀតណាម ដែលស្នាក់នៅដោយមិនបានចុះបញ្ជី ហើយពួកគេក៏ជាផ្នែកមួយ នៃជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា ដែលប្រកបរបរចិញ្ចឹមជីវិតនៅតាមដងទន្លេមេគង្គ។
ស្ត្រីម្នាក់បាននិយាយថា ការរស់នៅទីនេះធ្លាប់មានភាពងាយស្រួល។ ប៉ុន្តែឥឡូវនេះជាពេលវេលាពិបាកសម្រាប់អ្នករស់នៅលើបឹងទន្លេសាបហើយនេះមិនមែនដោយសារជំងឺកូវីដ១៩នោះទេ។ ការជួបទុក្ខលំបាកផ្នែកសេដ្ឋកិច្ចរបស់សហគមន៍បឹងទន្លេសាប ហើយជាពិសេសបឹងទន្លេសាបផ្ទាល់ ជួបបញ្ហាទឹកស្រកដោយសារការប្រែប្រួលអាកាសធាតុ ដែលមានចាប់តាំងពីមុនមានជំងឺកូវីដ១៩មកម្ល៉េះ ហើយទុក្ខលំបាកជីវភាពរបស់ពួកគាត់ ទំនងជាអាចនឹងបន្តអូសបន្លាយយូរបន្ថែមទៀត សូម្បីតែក្រោយពេលអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររកឃើញវ៉ាក់សាំងក៏ដោយ។
ទោះបីជាការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ មិនបានជះឥទ្ធិពលដោយផ្ទាល់ ទៅលើប្រជាជនដែលរួមចំណែកតិចតួចនៅក្នុងការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ បញ្ហានេះក៏បានកាត់បន្ថយជម្រើសរបស់ពួកគាត់បន្ថែមទៀត ស្របពេលដែលការរស់នៅបែបប្រពៃណី កំពុងជួបនឹងការលំបាក។
លោកស្រី ចាន់ និគិវ អាយុ ២៦ ឆ្នាំ អង្គុយនៅមុខហឹង ដែលតម្កល់ជំនាងផ្ទះនិងគ្រូបាធ្យាយ ហើយរៀបរាប់ថា ខ្លួនស្ទើរតែគ្មានអ្វីមកនិយាយ ទាក់ទិននឹងហិរញ្ញវត្ថុរបស់គ្រួសារគាត់។
លោកស្រីបានលើកឡើងថា៖ “ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ វាពិបាកមែនទែន” ។ លោកស្រី និគិវ រើសខ្សែអំបោះពីលើក្តាររនាប ហើយបន្តថា ៖ “យើងទៅផ្សារអត់រួចទេ ពីព្រោះវាមានភក់ខ្លាំងពេក”។
លោកស្រី បីកូនជាប់ ហើយនិយាយបន្ថែមថា ៖ “កាលខ្ញុំនៅក្មេង មានត្រីច្រើន អ៊ីចឹងយ៉ាងហោចណាស់ ក៏អាចរកត្រីមកធ្វើម្ហូបបានដែរ។ តែឥឡូវនេះ ពេលខ្លះយើងរកម្ហូបញ៉ាំមិនបានទេ។ ប្តីរបស់ខ្ញុំទៅរកត្រីរាល់ថ្ងៃ ហើយម្សិលមិញគាត់ចាប់បានត្រីពីរ ដែលបូកចូលគ្នាទៅ បានមិនដល់មួយគីឡូផង”។
ទំនប់ទឹកនៅខ្សែទឹកខាងលើ និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យលំហូររបស់ទឹកទន្លេមេគង្គ ទៅមិនបានដល់គ្រប់ទីកន្លែងដូចពីមុនទេ។ បឹងទន្លេសាប ដែលជាប្រភពនេសាទដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំបានរងបាតុភូតធម្មជាតិពិសេសមួយ គឺចរន្តទឹកហូរបញ្ច្រាស មានន័យថា ទឹកទន្លេមេគង្គហូរត្រឡប់ចូលទៅបឹងទន្លេសាបវិញ នៅក្នុងរដូវវស្សា ដែលផ្តល់ប្រភពទឹក ដល់សត្វនិងរុក្ខជាតិជាច្រើននៅតំបន់នោះ។ ព្រឹត្តិការណ៍នេះអាចប្រដូចបានទៅនឹងចង្វាក់បេះដូង និងចលនាឈាម រត់នៅក្នុងប្រព័ន្ធរបត់ឈាម។
ប៉ុន្តែ កម្ពស់ទឹកទន្លេមេគង្គថយចុះជារៀងរាល់ឆ្នាំ ហើយលំហូរទឹកបញ្ច្រាសនេះកាន់តែខ្សោយទៅៗ ដែលបង្កជាបញ្ហាដ៏ធំមួយដល់ការនេសាទនៅបឹងទន្លេសាប និងគំរាមគំហែង ដល់សន្តិសុខស្បៀងអាហាររបស់ប្រទេសនានានៅជុំវិញវាផងដែរ។ ប្រមាណជា ៦០ ភាគរយនៃជលផលជាតិរបស់ប្រទេសកម្ពុជា ដែលមានបរិមាណស្មើនឹង ៧៧០.០០០តោន មានប្រភពចេញមកពីបឹងទន្លេសាប ដែលលាតសន្ធឹងលើផ្ទៃដីទំហំជាង ៣០០.០០០ ហិកតានៅរដូវប្រាំង ហើយរីកទៅដល់ទំហំ ១,៣ លានហិកតាពេលមានទឹកជំនន់នៅរដូវវស្សា។
កាលពីដើមខែសីហា គណៈកម្មការទន្លេមេគង្គ (MRC) ជាកិច្ចសហប្រតិបត្តិការពហុប្រទេស ដែលត្រួតពិនិត្យខាងផ្នែកសុខុមាលភាពនិងការអភិវឌ្ឍអាងទន្លេមេគង្គ បានរាយការណ៍អំពី “ស្ថានភាពរាំងស្ងួតខ្លាំង” នៅក្នុងបឹងទន្លេសាបនៅឆ្នាំនេះ ដោយមានលំហូរបញ្ច្រាស មានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩៧ មក ។
បើក្រឡេកមើលឆ្នាំ ២០១៩ វិញ ដែលជាពេលបឹងទន្លេសាបមានកំណត់ត្រាកម្រិតទឹកធ្លាក់ចុះខ្លាំងបំផុត ហើយវិវត្តន៍ទៅកាន់ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅឆ្នាំ ២០២០ គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា ផលនេសាទត្រីលក្ខណៈគ្រួសារក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះប្រហែល ៣៥% បើប្រៀបធៀបនឹងបរិមាណផលនេសាទជាមធ្យម ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ទៀតដែរថា៖ “ បើប្រៀបធៀបទៅនឹងឆ្នាំ ដែលមានទឹកជំនន់ខ្លាំងនៅឆ្នាំ ២០១៣ ផលនេសាទសរុបបានថយចុះប្រហែលជា ៥០ ភាគរយ” ។ “លំហូរទឹកមកវិញយឺតជាងធម្មតា និងកម្រិតទឹកទាប ពីទន្លេមេគង្គនៅឆ្នាំ ២០២០ ប្រហែលជាអាចកាត់បន្ថយ បរិមាណជលផលនៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ដែលបណ្តាលឱ្យមានការថយចុះសន្តិសុខស្បៀង សម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេស និងក្នុងតំបន់” ។
សម្រាប់អ្នកនេសាទនៅបឹងទន្លេសាប ពីមួយថ្ងៃទៅមួយថ្ងៃនៅខែកក្កដា ទីតាំងនេសាទ បានប្រែក្លាយទៅជាកន្លែងផ្សេងទៀត ដែលគ្មានលក្ខណៈពិសេសអ្វីទាំងអស់ ក្រៅតែពីផ្ទៃទឹករាក់រាបស្មើ។ នៅតាមដៃបឹងទន្លេសាប ដែលជាសហគមន៍ផ្ទះឈើ សសរជ្រោងខ្ពស់ៗ ដែលមានកម្ពស់១២ ម៉ែត្រពីដីស្ងួត មានទូករបស់អ្នកស្រុក ទុកដាក់នៅខាងក្រោមផ្ទះ ជាប់ក្នុងដីភក់ ដោយសារតែព្រែកតូចៗភ្ជាប់ទៅកាន់បឹងទន្លេសាប រីងស្ងួតសល់តែចង្អូរទឹកតិចៗ។
ស្ត្រីម្នាក់ដែលអង្គុយនៅតូបចាប់ហ៊ួយ តូចមួយនៅមុខផ្ទះ បាននិយាយថា នៅត្រឹមចុងខែកក្កដា ឆ្នាំ ២០១៩ មានទឹក អាចធ្វើដំណើរដោយទូកបានហើយ ហើយនៅឆ្នាំនោះ ក៏មានភាពរាំងស្ងួតដូចឆ្នាំនេះដែរ។ លោកស្រីនិយាយបន្ថែមទៀត ដោយចង្អុលបង្គោលឈើ ត្រឹមកម្អស់ទ្រូងរបស់មនុស្ស ថា នៅខែតុលាឆ្នាំ២០១៩ ទឹកឡើងខ្លាំងរហូតជន់លិចហាងរបស់លោកស្រី។
លោកស្រីនិយាយថា៖ «នៅពេលមានទឹកច្រើនយើងបារម្ភ ប៉ុន្តែនៅពេលមិនមានទឹកគ្រប់គ្រាន់ យើងក៏មានការព្រួយបារម្ភដែរ … ឥឡូវនេះយើងនឹងមានសង្ឃឹមឡើងវិញ ប្រសិនបើមានទឹក»។ លោកស្រីបានលើកឡើងថា នៅពេលរកត្រីបានកាន់តែតិចទៅៗ អ្នកនេសាទភាគច្រើនត្រូវស្វែងរកការងារថ្មី។ អ្នកខ្លះទៅធ្វើការសំណង់ រីឯអ្នកខ្លះទៀត ធ្វើការនៅកន្លែងណាផ្សេងទៀតដែលគេត្រូវការកម្លាំងពលកម្ម។
លោក សៀន សួង ដែលជាអ្នកនេសាទមានអាយុ ៦០ឆ្នាំ រស់នៅទល់មុនតូបចាប់ហ៊ួយ កំពុងអង្គុយលេងនៅលើអង្រឹងខាងក្រោមផ្ទះរបស់គាត់ ដែលមានដីខ្សាច់ស្ងួត។ នៅជុំវិញគាត់ មានព្យួរអួននិងឧបករណ៍នេសាទផ្សេងៗទៀត សម្រាប់ការរកកំពិស ហើយមានសំបកលៀសតូចៗទៀតនៅរាយប៉ាយពេញដី។
លោកសួងបានមានប្រសាសន៍ថា៖ “ កាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលខែកក្កដា ខ្ញុំអាចចាប់ផ្តើមនេសាទបានហើយ” ។ ប៉ុន្តែឆ្នាំនេះមិនមានសំណាងបែបនេះទេ។ សូម្បីតែនៅពេលដែលលោកអាចចេញទូកក៏ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទបានកាន់តែតិចទៅៗ ទាំងហ្វូងត្រីនិងទាំងប្រភេទត្រីផ្សេងៗទៀត។ ដោយសារការធ្លាក់ចុះអេកូឡូស៊ីនៃបឹងទន្លេសាប អ្នកនេសាទ បានប្រើសំណាញ់ក្រឡាកាន់តែញឹកទៅៗ ទើបអាចចាប់ចាប់ត្រីតូចៗបានជាងមុន ហើយការណ៍នេះអាចបណ្តាលឱ្យប៉ះពាល់ ដល់ប្រព័ន្ធនៃការកកើតត្រីទាំងមូល។
លោកសួង រំឭកពេលលោកបានចេញទូកជាលើកដំបូង ទៅនេសាទជាមួយឪពុកខ្លួន ពេលមានអាយុ ១២ ឆ្នាំ ហើយក៏ជាពេលដែលប្រជាជនអាចរកប្រាក់កម្រៃ សម្រាប់ចិញ្ចឹមជីវិតបានសមរម្យ ពីការនេសាទ។ ឥឡូវនេះ ប្រសិនបើលោកមិនចាស់ពេក ពិបាករកការងារធ្វើនោះទេ លោកនឹងឈប់នេសាទហើយ លោកនិយាយ ខណៈសម្លឹងមើលស្រមោលម្លប់ផ្ទះ ដោយសារជើងសសរដ៏ខ្ពស់ ដែលលោកបានចំណាយថវិកាសង់ដ៏ច្រើន ដើម្បីលើកផ្ទះឱ្យខ្ពស់ផុតពីដី កាលពីជាង២០ម្ភៃឆ្នាំមុន។
លោកសួងមានបន្ថែមទៀតថា៖ “ខ្ញុំគិតថា ពួកយើងទាំងអស់នៅទីនេះព្រួយបារម្ភខ្លាំងណាស់” ។ “គ្រប់ទីកន្លែងដែលយើងទៅ យើងនិយាយតែពីរឿងទឹកស្រក ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? យើងជាមនុស្សត្រូវតែចេះអត់ធន់។ ឥឡូវនេះយើងត្រូវរកការងារផ្សេងធ្វើ ពីព្រោះនៅក្នុងឃុំអត់មានទឹក។ ដូច្នេះយើងធ្វើអ្វីមិនបានទេ នេសាទក៏មិនបាន ធ្វើស្រែចំការក៏មិនបាន”។
សព្វថ្ងៃទឹកទន្លេក៏ធ្លាក់ចុះ ហើយឱកាសការងារក៏មិនមានច្រើន ដោយសារជំងឺកូវីដ១៩ ដូច្នេះស្ថានភាពបែបនេះពិបាកណាស់។ ធនាគារពិភពលោក បានបង្ហាញថា នេះជាឆ្នាំដ៏លំបាកបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលនឹងអាចធ្លាក់ចុះដល់ទៅ ៥ %។
ស្ថានភាពធ្លាក់ចុះសេដ្ឋកិច្ច ប្រហែលជាអាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ចំពោះអ្នកដែលរស់នៅលើបឹងទន្លេសាប ហើយសម្រាប់គ្រួសារលោកស្រីនិគិវ និង មីង ត្រីវ ហ្គាយ អាយុ ៣៨ ឆ្នាំ ជំងឺកូវីដ១៩ ក៏មិនបានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេ មានភាពខុសប្លែកគ្នាខ្លាំងដែរ។ លោកស្រី និគិវ និងត្រីវ ហ្គាយ បាននិយាយថា ទោះបីជាពួកគេមានលុយក៏ដោយ ក៏ពិបាកទៅផ្សារដែរ ព្រោះទឹកចុះទាប។
នៅមិនឆ្ងាយពីភូមិរបស់ពួកគេប្រហែលជា២-៣គីឡូម៉ែត្រពីច្រាំង អ្នកនេសាទប្រុសៗ ឈរនៅក្នុងទឹកពណ៌ត្នោត ត្រឹមចង្កេះ អូសអួនយឺត ៗ ។ សម្រាប់គ្រួសារលោកស្រីនិគិវ និងត្រីវ ហ្គាយ ពឹងផ្អែកទាំងស្រុងទៅលើការចិញ្ចឹមត្រី និងការនេសាទ ហើយឥឡូវនេះត្រីងាប់ច្រើនទៀត ដូច្នេះមើលទៅស្ថានភាពគ្រួសារហាក់ដូចជា មិនអាចរស់នៅបានស្រួលនោះទេ។
អនាគតរបស់គ្រួសារទាំងពីរ សម្រាប់ឆ្នាំនេះ កំពុងស្ថិតនៅភាពអាប់អួ។
លោកស្រីត្រីវ ហ្គាយ បាននិយាយថា គ្រួសារទាំង២ មានត្រីសរុបជាង ១ ពាន់ ក្បាល ដែលប្រហែលជានឹងអាចយកទៅលក់នៅទីផ្សារបាន នៅខែមករាឆ្នាំក្រោយ។ លោកស្រីបានបន្ថែមទៀតថា៖“ យើងមិនអាចប្រាកដបានទេថា តើយើងនឹងទទួលបានចំណូលប៉ុន្មាន ពីការចិញ្ចឹមត្រី ពីព្រោះត្រីងាប់ច្រើន” ។ ក្រុមគ្រួសារចិញ្ចឹមត្រីទាំងពីរ ក៏បានដកត្រីងាប់យកមកធ្វើម្ហូបផងដែរ។
លោកស្រីមិនអាចលួងខ្លួនឯងនោះទេ ហើយក៏ដឹងថាស្ថានភាពរបស់គ្រួសារនឹងទៅជាយ៉ាងណាដែរ។ លោកស្រីបាននិយាយថា៖ “យើងមិនដឹងធ្វើអ្វីទេនៅទីនេះ” ។
“ អស់សង្ឃឹមទាំងស្រុងហើយ” ៕