ការរាតត្បាតជាសហគមន៍របស់កូវីដ១៩នេះ អាចជាពេលដ៏លំបាកមួយសម្រាប់អ្នកសិក្សា ប៉ុន្តែពួកគេក៏អាចឆ្លៀតយកពេលវេលានេះធ្វើការពង្រឹងនិងពង្រីកជំនាញរបស់ពួកគេបន្ថែម តាមរយៈវេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែម ដោយឥតគិតថ្លៃក្នុងអំឡុងពេលនៅផ្ទះនេះ។
រូបដោយៈ Campaign Creators នៅលើ Unsplash
រោគរាតត្បាតកូវីដ១៩ បានរាំងស្ទះវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះវាក៏បានប៉ះពាល់ដល់ដំណើរការសិក្សា និងឱកាសនានារបស់សិស្សនិស្សិតផងដែរ។ សិស្សនិស្សិតដែលធ្លាប់មានសេរីភាពដើរហើរ ទៅសិក្សានៅសាលារៀន សិក្សាបំប៉នបន្ថែមក្នុងថ្នាក់រៀននានា ចូលរួមកម្មវិធីសង្គមដើម្បីអភិវឌ្ឍជំនាញទន់ បានផ្លាស់ប្តូរមកកាន់បរិបទថ្មីមួយ ដែលគ្មានភាពជាក់លាក់ ដោយសារការបិទសាលារៀននិងការរិតត្បិតកម្មវិធីផ្សេងៗ។
ការផ្លាស់ប្តូរស្ទើរតែទាំងស្រុងនេះ បានធ្វើឱ្យសិស្សនិស្សិតខ្លះ បានបាត់បង់ឱកាសក្នុងការពង្រីកនិងពង្រឹងចំណេះដឹងរបស់ខ្លួន។
ដោយសារការបិទសាលានៅទូទាំងប្រទេស ការបង្រៀនតាមប្រព័ន្ធអនឡាញ ត្រូវបានចូលមកបំពេញជំនួស។ មតិជាច្រើនបានលើកឡើងនិងចែករំលែក ពីគុណភាពនៃការសិក្សាតាមអនឡាញ ដោយគិតថាវាគ្មានប្រសិទ្ធភាព ដល់សិស្សនិស្សិតមានសមត្ថភាពគ្រប់គ្រាន់នោះទេ។
អំឡុងពេលនេះ សិស្សនិស្សិត ក៏អាចនឹងកាន់តែមានពេលវេលាច្រើនផងដែរនៅផ្ទះ ដោយសារភាពមិនចាំបាច់ក្នុងការធ្វើដំណើរចេញទៅក្រៅ ដែលខាតពេលវេលាយូរ។ ម៉្យាងវិញទៀត គេក៏អាចប្រើប្រាស់ពេលវេលានេះ ក្នុងការពង្រឹងជំនាញនិងសមត្ថភាពរបស់ខ្លួន តាមរយៈរបៀបផ្សេងៗជាច្រើនដូចជា ការសិក្សាដោយខ្លួនឯងនៅផ្ទះ អានសៀវភៅ ចូលរួមកម្មវិធីសិក្ខាសាលាតាមអនឡាញ។ល។
ប៉ុន្តែពួកគេ ក៏អាចមានលទ្ធភាពក្នុងការពង្រឹងនិងពង្រីកជំនាញរបស់ពួកគេបន្ថែម តាមរយៈវេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែម ដោយឥតគិតថ្លៃក្នុងអំឡុងពេលនៅផ្ទះនេះ។
ថ្ងៃនេះ Focus-Ready For Tomorrow សូមណែនាំវេទិកាសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលអ្នកអាចចុះឈ្មោះសិក្សាដោយមិនចាំបាច់បង់ថ្លៃចំនួន ៥ ហើយមានគោលដៅផ្សេងៗគ្នា ទៅតាមតម្រូវការរបស់សិស្សនិស្សិត ក្នុងការបំប៉នគុណភាពនៃជំនាញរបស់ពួកគេ។ ហើយមុខសិក្សានៅលើវេទិកានេះទៀតសោត គឺមានភាពបត់បែន អាចជ្រើសរើសរៀនតាមពេលដែលយើងទំនេរ ដោយមិនកំណត់ម៉ោងជាក់លាក់នោះទេ។
វេបសាយទាំងអស់នេះសុទ្ធតែតម្រូវឱ្យអ្នកប្រើប្រាស់ចុះឈ្មោះបង្កើតគណនី។
1. Code.org
Code.org គឺជាវេទិកាសិក្សាមួយដែលផ្តល់វគ្គសិក្សាដោយឥតគិតថ្លៃ ទាក់ទងនឹងការសិក្សាផ្នែកសរសេរកូដកុំព្យូទ័រ។ មុខវិជ្ជានៅលើវេទិកាសិក្សាអនឡាញមួយនេះ ផ្តោតសំខាន់សម្រាប់អ្នកសិក្សាពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យ។
វេបសាយនេះ មានផ្តល់នូវមេរៀនដោយឥតគិតថ្លៃជាច្រើន ដូចជាការបង្រៀនកម្រិតដំបូង ក្នុងការបង្កើតកម្មវិធី ហ្គេម និងគំនូរលើកុំព្យូទ័រ។ វាសាកសមសម្រាប់អ្នកដែលចង់សិក្សាពីជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ក្នុងកម្រិតដំបូងបំផុត ជាពិសេសសម្រាប់កុមារ។
ការបង្រៀនក្នុង Code.org មានដូចជាការបង្រៀនបង្កើតផលិតកម្មវិធីហ្គេម និងវេបសាយដោយប្រើប្រាស់កម្មវិធីជាច្រើនដូចជា JavaScript CSS, HTML ជាដើម។ វាក៏មានភ្ជាប់ទៅគេហទំព័រដទៃទៀត ដែលផ្តល់ថ្នាក់រៀនដោយមិនគិតថ្លៃ ហើយមានលក្ខណៈកម្រិតជំនាញមួយចំនួនទៀត សម្រាប់អ្នកសិក្សាចង់ស្វែងរកការសិក្សា ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ លើសពីកម្រិតដំបូង។
2. Khanacademy.org
Khanacademy គឺជាវេទិកាសិក្សាមួយ ដែលមានផ្តល់នូវការបង្រៀនដោយឥតថ្លៃទាំងស្រុង លើគ្រប់វគ្គសិក្សា។ មុខវិជ្ជានានានៅលើ Khanacademy មានភាពទូលំទូលាយលើជំនាញជាច្រើន ដោយមិនផ្តោតតែលើវិទ្យាសាស្ត្រកុំព្យូទ័រតែមួយមុខឡើយ។
វគ្គសិក្សានៅលើ Khanacademy មានភាពសម្បូរបែបលើជំនាញជាច្រើនដូចជា វិទ្យាសាស្ត្រ គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ប្រវត្តិវិទ្យា សេដ្ឋកិច្ច បំណិនជីវិត ហើយថែមទាំងមានថ្នាក់រៀនត្រៀមប្រឡងមួយចំនួនដូចជា SAT ជាដើម។
វេបសាយនេះផ្តល់ឱ្យអ្នកសិក្សាជាមួយនឹងការអនុវត្ត ការណែនាំ ការគ្រប់គ្រងការសិក្សា ដើម្បីលើកកម្ពស់ឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង តាមរបៀបដែលពួកគេចង់បាន។ វីដេអូនៅក្នុងថ្នាក់សិក្សារបស់ Khanacademy សុទ្ធតែមានអក្សរតាមអាន (Transcript) ផ្ដល់ភាពងាយស្រួលដល់អ្នកសិក្សា ដែលសមត្ថភាពក្នុងការស្ដាប់ភាសាអង់គ្លេសនៅមានកម្រិតនៅឡើយ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាននានានៅក្នុងវីដេអូទាំងនោះ។
3. Edx.org
Edx.org វេទិកាសិក្សាមួយដែលមានការសហការណ៍ជាមួយនឹងសាកលវិទ្យាល័យល្បីៗជាច្រើន និងក្រុមហ៊ុនធំនានាដូចជា សាកលវិទ្យាល័យ Harvard, សាកលវិទ្យាល័យ Peking, វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts(MIT), ក្រុមហ៊ុន Google, ក្រុមហ៊ុន Microsoft, World Bank Group និងក្រុមហ៊ុនIBM ជាដើម។
វាផ្តល់វគ្គសិក្សាអនឡាញជាច្រើនលើស្ទើរគ្រប់ជំនាញ ដែលក្នុងនោះមានដូចជាផ្នែកសារគមនាគមន៍ ស្ថាបត្យកម្ម សិល្បៈ វិទ្យាសាស្ត្រសង្គម ពាណិជ្ជកម្ម ការគ្រប់គ្រង ការវិភាគទិន្នន័យ វិទ្យាសាស្ត្រកុំព្យូទ័រ ឌីស្សាញ វិស្វកម្ម ប្រវត្តិវិទ្យា ភាសា ច្បាប់ និងជំនាញជាច្រើនទៀត។ នៅក្នុងវគ្គសិក្សានីមួយៗរបស់Edx សុទ្ធតែមានព័ត៌មានជាក់លាក់ ក៏ដូចជាអ្វីដែលអ្នកអាចទទួលបានពីការសិក្សានោះថែមទៀត។
វគ្គនិងកម្មវិធីសិក្សារបស់ Edx.org ខ្លះតម្រូវឱ្យបង់ប្រាក់ ប៉ុន្តែមានវគ្គសិក្សាជាច្រើនមិនតម្រូវឱ្យបង់ប្រាក់ក្នុងការសិក្សាឡើយ។ ប្រសិនបើអ្នកសិក្សាចង់ទទួលបានសញ្ញាប័ត្រពីការសិក្សាតាមអនឡាញ និងសេរីភាពពេញលេញលើវគ្គសិក្សានោះ គេត្រូវបង់ប្រាក់បន្ថែម ដើម្បីទទួលបានវា ក្នុងតម្លៃដែលកំណត់នៅក្នុងវគ្គសិក្សាផ្ទាល់។
4. Alison.com
Alison គឺជាវេទិកាសិក្សាមួយមិនតម្រូវឱ្យបង់ប្រាក់មួយទៀត នៅលើអ៊ីនធឺណិត ដែលផ្តល់នូវវគ្គសិក្សាជំនាញជាច្រើន។ វេបសាយនេះផ្តល់នូវវគ្គសិក្សាលើផ្នែកពាណិជ្ជកម្ម ទីផ្សារ ការអភិវឌ្ឍបុគ្គលលក្ខណៈ សុខភាព ព័ត៌មានវិទ្យា ភាសា វិស្វកម្ម ការគ្រប់គ្រង ជំនាញសរសេរ ស្ថាបត្យកម្ម គណិតវិទ្យា ប្រវត្តិវិទ្យា សារព័ត៌មាន ចិត្តវិទ្យា និងជំនាញដទៃទៀត។
ការសិក្សាតាមរយៈ Alison អាចមានការរំខានខ្លះដោយសារផ្ទាំងពាណិជ្ជកម្មនៅក្នុងវគ្គសិក្សា ជាថ្នូរនឹងការមិនបង់ប្រាក់សិក្សា។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកគ្មានលទ្ធភាពក្នុងការបង់ប្រាក់ឬមិនចង់នោះ អ្នកនៅតែអាចសិក្សាគ្រប់វគ្គសិក្សាទាំងអស់នៅលើវាដោយមិនគិតថ្លៃបានដែរ។ នៅពេលអ្នកបញ្ចប់វគ្គសិក្សាអ្នកអាចទាញការតាមដានការសិក្សារបស់អ្នកទុក ដើម្បីបង្ហាញពីដំណើរការនៃការរៀនសូត្ររបស់អ្នកនៅលើ Alison។
5. Open.edu/openlearn
OpenLearn គឺជាវេទិកាសិក្សាដោយមិនគិតថ្លៃបង្កើតដោយ The Open University ក្រោមចក្ខុវិស័យលុបចោលឧបសគ្គនៃការអប់រំ តាមរយៈការផ្តល់ធនធានសិក្សាឥតគិតថ្លៃ ទៅដល់មនុស្សរាប់លានអ្នកជារៀងរាល់ឆ្នាំ។
វេបសាយនេះផ្តល់នូវវគ្គសិក្សាជាច្រើន ដោយមិនគិតថ្លៃនៅលើជំនាញពាណិជ្ជកម្ម អប់រំនិងអភិវឌ្ឍ សុខភាព កីឡា ចិត្តវិទ្យា ប្រវត្តិវិទ្យា សិល្បៈ បរិស្ថាននិងធម្មជាតិ គណិតវិទ្យា បច្ចេកវិទ្យា សង្គម នយោបាយ និងច្បាប់ជាដើម។
កម្រិតនៃវគ្គសិក្សារបស់ OpenLearn មាន ៣ គឺកម្រិតទី១(Introductory) កម្រិតទី២(Intermediate) និងកម្រិតទី៣(Advanced)។
នៅក្នុងវគ្គសិក្សានីមួយៗរបស់ OpenLearn សុទ្ធតែមានសេចក្តីអធិប្បាយជារួមរបស់វគ្គសិក្សា ក៏ដូចជាអ្វីដែលអ្នកអាចទទួលបានពីការសិក្សានោះថែមទៀត។ វគ្គសិក្សារបស់OpenLearn គឺសុទ្ធតែជាវគ្គសិក្សាដោយមិនគិតថ្លៃ ហើយថែមទាំងគ្មានផ្ទាំងពាណិជ្ជកម្មរំខានថែមទៀត៕