តើអ្នកមានអារម្មណ៍តានតឹង ធុញថប់ និងមិនដឹងថាគួរចាប់ផ្ដើមធ្វើអ្វីមុននោះទេ ដោយសារ ការប្រែប្រួលដោយស្ថានភាពដោយមិនមានភាពប្រាកដប្រជា នៅមជ្ឈដ្ឋានជុំវិញខ្លួនអ្នក នាពេលថ្មីៗនេះ?

ក្នុងពេលដើមខែវិច្ឆិកាកន្លងមកនេះ ដោយសារតែព្រឹត្តិការណ៍ ៣ វិច្ឆិកា សាលារៀន កន្លែងហាត់ប្រាណ រោងកុន និងកន្លែងផ្សេងៗទៀត ត្រូវបានផ្អាករយៈពេល២សប្តាហ៍ ដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណា។
ក្រោយមក ដោយសារស្ថានភាពនៃការរីករាលដាលប្រែមកភាពប្រសើរ ការរស់របស់អ្នកទីក្រុងបានប្រែមកជាសភាពធម្មតាវិញ។ ដោយឡែក នាពេលថ្មីៗនេះ ព្រឹត្តិការណ៍២៨ វិច្ឆិកា កម្ពុជាជួបប្រទះការឆ្លងមេរោគកូរ៉ូណាក្នុងសហគមន៍ជាលើកដំបូង ដែលបានធ្វើឱ្យសភាពនៃទីក្រុងប្រែទៅដូចរយៈពេលក្រោយថ្ងៃ ៣ វិច្ឆិកា។
ការប្រែប្រួល ស្ថានភាពដោយមិនមានភាពប្រាកដប្រជាបែបនេះ អាចជះឥទ្ធិពលដល់អារម្មណ៍ផ្លូវចិត្ត របស់មនុស្សជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ការតាមដានព័ត៌មានឥតស្រាកស្រាន្តលើសលុប ក្នុងនោះមានទាំងព័ត៌មានពិត និងព័ត៌មានមិនពិតគ្មានប្រភពច្បាស់លាស់ជាច្រើន ដែលត្រូវចែករំលែកតាមបណ្ដាញសង្គម បានធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើន មានការយល់ច្រឡំ ការព្រួយបារម្ភ ភាពភ័យខ្លាច និងភាពនឿយហត់យ៉ាងខ្លាំងនឹងស្ថានភាពដែលកំពុងប្រែប្រួលនេះ។
ការនឿយហត់នឹងវិបត្តិ ឬជាភាសាអង់គ្លេសត្រូវបានគេហៅថា “Crisis Fatigue” ជាភាពនឿយកាយនឿយចិត្តនេះកើតឡើង នៅពេលដែលមនុស្សអស់កម្លាំងខាងផ្លូវកាយ និងផ្លូវចិត្ត ឆ្លើយតបទៅនឹងពីព្រឹត្តិការណ៍គ្រោះមហន្តរាយ ការប៉ះទង្គិចផ្លូវចិត្ត ឬជំងឺឆ្លងផ្សេងៗ ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
លោកស្រីខាឡា ជ័នសាន់ (Carla Joinson)ដែលជាកវីនិពន្ធឯករាជ្យជនជាតិអាមេរិក នៅក្នុងអត្ថបទមួយបោះពុម្ពក្នុង ទស្សនាវដ្តីថែទាំឆ្នាំ ១៩៩២ បានបង្កើតពាក្យ ការនឿយហត់នឹងវិបត្តិ (Compassion fatigue) ដើម្បីពិពណ៌នាអំពីស្ថានភាពរបស់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ ដែលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដោយការជួបប្រទះជាប្រចាំទៅនឹងអាការ:ផ្សេងៗរបស់អ្នកជំងឺ។
លោកស្រីក៏បានគូសបញ្ជាក់ពីលក្ខណៈនៃការនឿយហត់រ៉ាំរ៉ៃ រួមមាន ភាពឆាប់ខឹង ភាពភ័យខ្លាច ដំអក់មិនចង់ទៅធ្វើការ និងកង្វះភាពរីករាយក្នុងជីវិត។
ខណៈពេលដែលករណីទាំងនេះ កើតមានច្រើនលើ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាព ឬអនុវត្តច្បាប់ក៏ដោយអ្នកវិភាគផ្នែកសារព័ត៌មានបានអះអាងថា ភាពងាយស្រួលក្នុងការទទួលព័ត៌មាន បានយ៉ាងទូលំទូលាយពីបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ក៏អាចបណ្ដាលឱ្យសាធារណជនទូទៅ ជួបប្រទះនូវផលប៉ះពាល់ផ្សេងៗ ព្រមទាំងការនឿយហត់នឹងវិបត្តិ។
មជ្ឈមណ្ឌល Dart សម្រាប់សារព័ត៌មាននិងការរងគ្រោះផ្លូវចិត្ត ដែលជាមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់អ្នកកាសែតដែលរាយការណ៍អំពីហិង្សា ជម្លោះ និងសោកនាដកម្មនៅជុំវិញពិភពលោក បានបោះពុម្ពផ្សាយការស្រាវជ្រាវមួយ ចំណងជើងថា “មនុស្សមានប្រតិកម្មខុសៗគ្នាចំពោះការប៉ះទង្គិចផ្លូវចិត្តនិងភាពតានតឹង។”
របាយការណ៍បានលើកឡើងថា៖ “អ្នកខ្លះអាចដោះស្រាយបញ្ហានេះបានដោយធម្មតា ក៏ប៉ុន្តែមនុស្សភាគច្រើននឹងអាចរងគ្រោះបញ្ហាផ្លូវចិត្ត ហើយអាចធូរស្រាលបានឆាប់រហ័ស ដែលជាធម្មតាក្នុងរយៈពេលពីរឬបីខែ”។
ដើម្បីកាត់បន្ថយភាពតានតឹងដែលកើតឡើងដោយសារភាពនឿយហត់នឹងវិបត្តិ Focus សូមណែនាំពីវិធីចំនួន ៥ សាធារណជនអនុវត្តបាន៖
- ផ្ដោតលើសុខុមាលភាពរាងកាយ តាមរយៈការធ្វើលំហាត់ប្រាណនៅផ្ទះ និងការទទួលទានអាហារូបត្ថម្ភបានត្រឹមត្រូវ ព្រមទាំងការគេងឱ្យបានគ្រប់គ្រាន់។

- គួររក្សាទម្លាប់របស់អ្នក ដោយប្រកាន់ខ្ជាប់តាមដែលអាចធ្វើក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដែលនឹងអាចជួយឱ្យអ្នកមានអារម្មណ៍ធម្មតាបាន សូម្បីតែក្នុងកាលៈទេសៈដែលអ្នកស្ថិតនៅក្នុងផ្ទះ អនុវត្តការនៅដាច់ដោយឡែកក៏ដោយ។

- កំណត់ការតាមដានព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយ៖ ការដាក់កម្រិតលើពេលវេលា ដែលចំណាយលើការទទួលព័ត៌មានផ្សេងៗតាមបណ្ដាញសង្គម ដូចជាឆែកតែពេលព្រឹក ឬថ្ងៃត្រង់។ ចៀសវាងការឆែកមុនចូលគេ ដែលអាចប៉ះពាល់អារម្មណ៍មុនពេលចូលគេង។ អ្នកក៏គួរតាមដានព័ត៌មាន ពីប្រភពដែលអាចទុកចិត្តបាន ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ជាដើម សម្រាប់ព័ត៌មានទាក់ទងនឹង ស្ថានភាពចុងក្រោយបង្អស់របស់ជំងឺកូវីដ១៩។
- ព្យាយាមធ្វើអ្វីដែលអ្នកចូលចិត្ត ព្រោះអាចបំបែកអារម្មណ៍អ្នក ចេញពីការផ្ដោតលើចំណុចអវិជ្ជមាន។

- គួរបែងចែកពេលវេលាខ្លះទៅលើការតាំងសមាធិ ដែលធ្វើឱ្យមានអារម្មណ៍អ្នកស្ងប់ ហើយក៏អាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងផងដែរ៕
