នៅក្នុងពិភពលោក មានសកម្មភាពជាច្រើន អាចប្រព្រឹត្តតាមអនឡាញជាមួយវត្តមានរបស់ បណ្តាញអុីនធឺណិត។ ហើយ «សហគមន៍អនឡាញ» កំពុងកើនឡើងក្នុងប្រទេសកម្ពុជា។ តើអ្វីទៅជាសហគមន៍អនឡាញ? ហើយសហគមន៍អនឡាញនីមួយៗ ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?
ដោយមានឈ្មោះថា «សហគមន៍អនឡាញ» អ្នកអាចច្រឡំថា ការសន្ទនារវាងមិត្តភក្តិជិតស្និទអនឡាញថា ជាការបង្កើតសហគមន៍អនឡាញ។ ប៉ុន្តែ សហគមន៍អនឡាញមាន និយមន័យ និង បុគ្គលិកលក្ខណៈកំណត់ជាក់លាក់ជាងនេះ។
សហគមន៍អនឡាញ គឺជាការបកប្រែពីពាក្យអង់គ្លេសថា “Online Community”។ ក្រៅពី Online Community គេក៏និយមហៅថា Internet Community ឬ Social Community ឬក៏ Virtual Community ផងដែរ។ សហគមន៍អនឡាញ គឺជាក្រុមមនុស្សដែលប្រមូលផ្តុំគ្នាលើតាមបណ្តាញសង្គមនានា ហើយពួកគេមានគោលបំណង ឬចំណង់ចំណូលចិត្តទៅលើប្រធានបទអ្វីមួយដូចគ្នា។
ការបង្កើតឱ្យមានសហគមន៍អនឡាញអំពីអ្វីមួយកើតឡើងបាន ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា និងការរិះរកមុខងារ (Feature) ថ្មីៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។ ក្នុងនោះ វត្តមានរបស់ កុំព្យូទ័រយួរដៃ Tablet និង ទូរស័ព្ទដៃ ក៏បានជួយឱ្យសហគមន៍អនឡាញមានសមាជិកច្រើនឡើងៗផងដែល ព្រោះវាបង្កឱ្យមានភាពងាយស្រួលសម្រាប់ក្នុងការចូលរួម។ សម្រាប់ហ្វេសប៊ុក ដែលជាក្រុមហ៊ុនបណ្តាញសង្គមនាំមុខគេ និងមានអ្នកប្រើប្រាស់ច្រើនជាងនៅកម្ពុជា បានបង្កើតមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតជាក្រុម (Facebook Group) នៅក្នុងឆ្នាំ២០១០ ហើយមុខងារ Facebook Group នេះហើយ ជាវេទិកាពេញនិយមបំផុត សម្រាប់ការបង្កើតសហគមន៍អនឡាញនៅកម្ពុជា។
គម្រូនៃសហគមន៍អនឡាញ មានស្រដៀងគ្នានឹងសហគមន៍របស់ក្រុមមនុស្សផ្ទាល់ដែរ។ ឧទាហរណ៍ ក្រុមអ្នកចែករំលែកឱកាសទៅសិក្សានៅក្រៅប្រទេស អាហារូបករណ៍ ឬក្រុមអ្នកគាំទ្រភាពយន្តហូលីវូដ ឬហ្គេមអនឡាញ ឬក្រុមបាល់ទាត់ណាមួយអុីចឹង។
សហគមន៍អនឡាញពេញនិយមមួយ ដែលសំបូរសមាជិកអនឡាញច្រើននោះគឺ ក្រុមអ្នកគាំទ្ររបស់ខ្សែភាពយន្ត Marvel ឬ Disney (Fan Club or Fandom) គឺជាឧទាហរណ៍ងាយយល់មួយ។ ឧទាហរណ៍ អ្នកជាអ្នកគាំទ្រខ្សែភាពយន្ត Marvel។ ហើយអ្នកស្នើសុំចូលរួមក្នុងសហគមន៍អនឡាញណាមួយ ដែលនិយាយពីប្រធានបទនេះ ដើម្បីតាមដានពីព័ត៌មានថ្មីៗចុងក្រោយ ទាក់ទងខ្សែភាពយន្តរបស់ Marvel ។ សមាជិក ឬអ្នកបង្កើតសហគមន៍នោះនឹងបង្ហោះព័ត៌មានដូចជា ថ្ងៃខែបញ្ចាំងនៃខ្សែភាពយន្តថ្មីៗ តារាដែលនឹងត្រូវសម្តែងលើតួអង្គនីមួយៗ។ អ្នកអាចបង្ហោះការពិភាក្សា ទាក់ទងនឹងសាច់រឿង ដែលអ្នកមិនអស់ចិត្ត ក្នុងភាពយន្តនីមួយៗរបស់ Marvel នោះជាដើម។
ប៉ុន្តែការបង្កើតសហគមន៍នៅលើបណ្តាញអ៊ីនធើណិត មិនមែនសម្រាប់តែប្រធានកំសាន្តតែមួយនោះទេ។
ស្ទើរគ្រប់ប្រធានបទទាំងអស់ សុទ្ធតែមានសហគមន៍លើអុីនធឺណិតរបស់ខ្លួន ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះរួមមាន នយោបាយ បរិស្ថាន សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បច្ចេកវិទ្យា វិស័យភាពយន្ត ស្ថាបត្យកម្ម សេដ្ឋកិច្ច ឬ កសិកម្មជាដើម។ ហើយសហគមន៍អនឡាញ កើតមានឡើងស្ទើរគ្រប់បណ្តាញសង្គម ដែលមានក្នុងពេលបច្ចុប្បន្ន មិនថា Facebook, LINE, Clubhouse, និងនៅលើកម្មវិធីជជែកសន្ទនាដូចជា Telegram ឬ WhatsApp ជាដើម។
សកម្មភាពនៅក្នុងសហគមន៍អនឡាញនីមួយៗ មានដូចជាការចែករំលែកអត្ថបទព័ត៌មាន ឬដំណឹងផ្សេងៗទាក់ទងនឹងប្រធានបទធំនៃសហគមន៍នោះ ឬក៏បង្កើតជាវេទិកាជជែកគ្នាអនឡាញ ឬ ផ្ញើសារជជែកគ្នាជាដើម។ ជានិច្ចកាល សហគមន៍អនឡាញមិនថានៅក្នុងបណ្តាញសង្គមណា ហើយនិយាយពីប្រធានបទអ្វីនោះទេ យើងឃើញមាន សមាជិកធម្មតាដែលអាចសួរជាសំណួរ និងបង្ហោះព័ត៌មានបាន។ ទី២ អ្នកសម្របសម្រួល (Moderator) ជាអ្នកទទួលបន្ទុកលើការឆ្លើយសំណួរ និង ពន្យល់ពីសំណួររបស់សមាជិកម្នាក់ ទៅសមាជិកដទៃទៀត។ អ្នកសម្របសម្រួល ក៏មានសិទ្ធក្នុងការកែសម្រួល ឬប្រកាសរបស់សមាជិកណាម្នាក់ ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់សហគមន៍ (Community Guideline) ផងដែរ។ ព្រោះ សហគមន៍អនឡាញតែងតែមាន គោលការណ៍ណែនាំរបស់ខ្លួន ដើម្បីបង្ការជម្លោះ ឬការបញ្ចេញមតិ ដែលមិនសមហេតុផល ហើយប៉ះពាល់ដល់សមាជិកឯទៀតជាដើម។ ទី៣ អ្នកគ្រប់គ្រង (Administrator) ពួកគេទទួលបន្ទុកលើការរិះរក យុទ្ធសាស្រ្តនានា ដើម្បីបង្កើតឱ្យសមាជិកមានភាពសកម្ម និងចូលរួមក្នុងសហគមន៍របស់ខ្លួន ដោយព្យាយាមតាមដាន និងប្រើប្រាស់មុខងារ (Feature) ក៏ដូចជាបច្ចេកទេសថ្មីៗ លើបណ្តាញសង្គមដែលជាវេទិកាចម្បងរបស់សហគមន៍នោះ។
ក្នុងនោះអ្នកបង្កើតសហគមន៍អនឡាញនោះ មានសិទ្ធិក្នុងការអនុញ្ញាត ឬមិនអនុញ្ញាត ឱ្យបុគ្គលណាម្នាក់ ចូលជាសមាជិក។ ហើយក៏អាចដកសមាជិកណា ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់សហគមន៍បាន។
យោងតាមគេហទំព័រ Khoros ក្រុមហ៊ុន Software ដែលផ្តោតលើការកសាងការចូលរួមពីអតិថិជនលំដាប់ថ្នាក់ពិភពលោកសហគមន៍អនឡាញ៣ប្រភេទ។ ក្នុងនោះរួមមាន៖ សហគមន៍ពិភាក្សា (Discussion Community) សហគមន៍សម្រាប់រកជំនួយ (Support Community) និង សហគមន៍ដើម្បីបង្កើតឱ្យសកម្មភាពផ្លាស់ប្តូរ (Action Community)។
ដូចជាឈ្មោះស្រាប់ សហគមន៍ពិភាក្សា ជាកន្លែងដែលមនុស្សចែករំលែកបទពិសោធន៍ គំនិត ឬមតិផ្ទាល់ខ្លួន លើប្រធានបទដែលខ្លួនចាប់អារម្មណ៍លើ។ ឧទាហរណ៍ សមាជិកចូលទៅក្នុងសហគមន៍ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក្រោយទស្សនាខ្សែភាពយន្តហើយជាដើម។ សហគមន៍ពិភាក្សា ត្រូវបានគេចាត់ទុកជាវិធីដ៏ល្អមួយ ដើម្បីបង្កើនការចូលរួមពីទស្សនិកជនគោលដៅ។
សហគមន៍សម្រាប់រកជំនួយ គឺជាកន្លែងដែលផ្តល់ជាធនធាន ការណែនាំ និង ជំនួយនៅក្នុងការធ្វើ ឬរកទិញអ្វីមួយ។ សមាជិកធម្មតាអាចស្វែងរកព័ត៌មាន ឬដំបូន្មាន ពីអ្នកដែលមានបទពិសោធន៍ច្រើនជាងខ្លួននៅទីនេះ។ ឧទាហរណ៍អ្នកមានចិត្តចង់ទិញ ដី ឬផ្ទះថ្មីមួយកន្លែង។ ប៉ុន្តែអ្នកមិនមានជំនាញ ឬចំណេះដឹងនៅក្នុងការមើល ឬវិភាគថា អ្នកគួរទិញនៅតំបន់ ត្រូវគិតគូរទៅលើអ្វីខ្លះមុនពេល សម្រេចចិត្តទិញជាដើម។ ក្រុមហ៊ុនរថយន្ត ឬ ក្រុមហ៊ុនអចលនទ្រព្យ ភាគច្រើនប្រើប្រាស់សហគមន៍ប្រភេទនេះ ដើម្បីស្វែងរកអតិថជនថ្មី។
ខុសគ្នាបន្តិចពីសហគមន៍២ប្រភេទខាងលើ សហគមន៍ដើម្បីបង្កើតឱ្យសកម្មភាពផ្លាស់ប្តូរ មានគោលដៅរួមចម្បងមួយ គឺបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមានលើវិស័យ ឬបញ្ហាប្រឈមណាមួយនៅក្នុងសង្គម។ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាលើកស្ទួយចំណេះដឹងសមាជិក អំពីបញ្ហាទាំងនោះ និងលើកទឹកចិត្តឱ្យសមាជិកធ្វើសកម្មភាពរួមគ្នាដើម្បីសម្រេចគោលដៅរួម។ សហគមន៍ប្រភេទនេះ ប្រៀបបានដូចជាការបង្កើតយុទ្ធនាការក្នុងសង្គម ប៉ុន្តែគ្រាន់តែប្រព្រឹត្តទៅតាមអនឡាញ ហើយអាចមានការណាត់ជួបផ្ទាល់ម្តងម្កាល។
ជាក់ស្តែងនៅកម្ពុជា «ដុះស្លាប» គឺឧទាហរណ៍នៃសហគមន៍អនឡាញប្រភេទនេះ។ ផ្តើមចេញពីយុទ្ធនាការពហុព័ត៌មាន (Multimedia Campaign) ដុះស្លាបបង្កើតមាតិកាលើគេហទំព័រ និង ទំព័រហ្វេសប៊ុក ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់យុវជនកម្ពុជា ដោយការពិភាក្សាពីសុខភាពបន្តពូជ និង សុខភាពផ្លូវភេទ។ ដុះស្លាប ក៏បានបង្កើតជា សហគមន៍អនឡាញរបស់ខ្លួននៅក្នុងហ្វេសប៊ុកផងដែរ៕
កំណត់សម្គាល់៖ អ្នកអាចស្នើរសុំចូលជាសមាជិកក្នុងសហគមន៍អនឡាញរបស់ ដុះស្លាប បានប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមពីសុខភាពបន្តពូជ និង សុខភាពផ្លូវភេទ។
សូមចុចតំណរនេះ៖ សហគមន៍អនឡាញរបស់ដុះស្លាប (Dosslarb Facebook Group)