ការសង្ស័យទៅលើសមត្ថភាពខ្លួនឯងគ្រប់ពេលវេលា មិនមែនជារឿងល្អនោះ។ អ្នកគួរតែពិចារណាពីបញ្ហានេះឡើងវិញ ដើម្បីបង្កើនទំនុកចិត្តមកលើខ្លួនឯង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។
ហេតុអ្វីយើងមើលស្រាលលើសមត្ថភាពខ្លួនឯង?
ការសង្ស័យទៅលើសមត្ថភាពរបស់ខ្លួនឯង នៅពេលបំពេញការងារអ្វីមួយជារឿងធម្មតា។ ប៉ុន្តែប្រសិនបើអ្នកតែងតែគិតថាការសម្រេចបានជោគជ័យទាំងអស់របស់អ្នកសុទ្ធតែមិនបានកើតចេញមកពីសមត្ថភាពរបស់អ្នកនោះវាបញ្ហាដែលអ្នកត្រូវពិចារណាឡើងវិញ។
តើអ្នកធ្លាប់មានការសង្ស័យទៅលើសមត្ថភាពរបស់ខ្លួនហើយថែមទាំងធ្លាប់គិតថាថ្ងៃណាមួយអ្នកនឹងត្រូវបានគេចាប់ចំណុចខ្សោយរបស់ខ្លួននិងបាត់បង់នូវអ្វីដែលខ្លួនកំពុងធ្វើដែរឬទេ?
ជាទូទៅនៅក្នុងកាលៈទេសៈណាមួយនៅក្នុងជីវិតអ្នកអាចមានមន្ទិលសង្ស័យ និងមិនជឿជាក់លើការខិតខំប្រឹងប្រែងសមត្ថភាពរបស់ខ្លួនក្នុងការបំពេញការងារអ្វីមួយហើយអ្នកបែរទៅថ្លែងអំណរគុណលើសំណាងឬភ័ព្វព្រេងវាសនាទៅវិញ។
ទង្វើទាំងនេះអាចបណ្តាលមកអាការៈម្យ៉ាងដែលត្រូវបានគេហៅថា Imposter syndrome។បើយោងតាមគេហទំព័ររបស់សមាគមចិត្តសាស្ត្រអាមេរិក American Psychological Association អាការៈនេះត្រូវពិពណ៌នាជាលើកដំបូងដោយអ្នកចិត្តសាស្ត្រពីររូបគឺ Suzanne Imes និង Pauline Rose Clance ក្នុងឆ្នាំ១៩៧។
Imposter syndrome ឬអាការៈនៃការមើលស្រាលខ្លួនឯងនេះច្រើនកើតមានឡើងក្នុងចំណោមអ្នកបានសម្រចនូវសមិទ្ធិផលខ្ពស់ជាងការរំពឹងទុករបស់ខ្លួន ហើយមិនអាចទទួលយកការពិតនៃភាពជោគជ័យនោះបាន។អ្នកជួបប្រទះស្ថានភាពនេះច្រើនតែចាត់ទុកសមិទ្ធិផលនោះថាជាសំណាងមិនតែប៉ុណ្ណោះ ពួកគេអាចគិតថានៅទីបំផុតអ្នកដទៃនឹងចាត់ទុកអ្នកនោះជាជនក្លែងបន្លំឬកុហកពីសមត្ថភាពខ្លួនក៏មាន។
ហេតុអ្វីយើងមើលស្រាលខ្លួនឯង?
អ្នកជំនាញបានអះអាងផ្សេងៗពីគ្នាថា កត្តាជម្រុញឱ្យមានការមើលស្រាលខ្លួនឯង ឬ Imposter syndrome នេះអាចបណ្តាលមកពីកត្តាអត្តចរិក ដោយបុគ្គលខ្លះតែងតែមានការភ័យព្រួយឬតប់ប្រមល់ទៅលើបញ្ហាអ្វីមួយ។មួយវិញទៀត គឺកត្តាគ្រួសារ ឬ បរិស្ថានដែលអ្នកដឹងក្តីឡើងដោយមិនទទួលបានការលើកទឹកចិត្ត និងក្តីស្រលាញ់គ្រប់គ្រាន់កាលពីកុមារភាពជាលទ្ធផលវាបានជម្រុញឱ្យអ្នកតែងតែចង់សម្រេចបានជោគជ័យអ្វីមួយ ដើម្បីទទួលបានការកោតសរសើរ និងគោរពស្រលាញ់ ប៉ុន្តែអ្នកខ្លួនឯងបែរជាមិនរីករាយនឹងជ័យជំនះនោះទៅវិញ។
ចំណែកឯកត្តាជម្រុញមួយទៀតគឺការរើសអើងប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងមជ្ឈដ្ឋាន ឬស្ថាប័ន ដែលមានវប្បធម៌តែងតែរិះគន់គ្នាទៅលើសមត្ថភាពឬភាពជាសមាជិកនៃក្រុមណាមួយ និងតែងតែត្រូវបានគេវាយតម្លៃ ដោយសារតែហេតុផលដូចជា បក្សពួកនិយម ភេទ ពូជសាសន៍ ជាដើមនេះវាអាចជម្រុញឱ្យអ្នកគិតសង្ស័យពីសមត្ថភាពពិតប្រាកដរបស់ខ្លួន។
បើយោងតាមការសិក្សាដែលបានចុះផ្សាយនៅ International Journal of Behavioral Scienceឱ្យដឹងថា៧០%នៃមនុស្សទូទៅអាចមានបទពិសោធន៍ជួបប្រទះបញ្ហា imposter syndrome នេះ។ ប៉ុន្តែអ្នកដឹងទេថា វាអាចកើតឡើងទៅលើ បុគ្គលគ្រប់រូប មិនថាទោះបីជាអ្នកពូកែឈ្លាសវៃ ខ្លាំងក្លាអស្ចារ្យប៉ុណ្ណានោះទេ។
ប្រសិនបើអ្នកមិនទុកចិត្តលើសមត្ថភាពខ្លួនឯង តើអ្នកអាចដោះស្រាយបញ្ហានេះបានដូចម្តេច?
សមាគមចិត្តសាស្ត្រអាមេរិកបានចែករំលែកពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះដោយវិធីមួយចំនួនដូចខាងក្រោម៖
- ព្យាយាមស្វែងយល់ពីជំនាញ និងចំណុចខ្លាំងរបស់ខ្លួនឱ្យបានច្បាស់លាស់
- ក្រើនរំលឹកពីស្នាដៃខ្លួនឯងទទួលស្គាល់ការពិតដែលគ្មាននរណាម្នាក់ល្អគ្រប់ដប់នោះទេ
- ផ្លាស់ប្តូរការគិតបែបអវិជ្ជមានចេញ
- ស្វែងរកអ្នកណែនាំ (mentor)ក្នុងវិស័យដូចគ្នា ឬយល់ពីខ្លួនអ្នកបានច្រើន ដើម្បីប្រឹក្សាយោបល់