សហគ្រាសសង្គមមួយ បង្តើតផលិតផលសំឡីអនាម័យស្ត្រី ដើម្បីផលប្រយោជន៍បរិស្ថាន និង សុខភាពស្ត្រី។
«ខ្ញុំគិតថា វាអាត្មានិយម ប្រសិនបើខ្ញុំអត់យកក្រណាត់ហ្នឹង មកឱ្យបងឬមួយក៏ប្អូនស្រីៗរីផ្សេងទៀត។ ខ្ញុំមិនចង់អាត្មានិយម ហើយខ្ញុំចង់ចែករំលែកវា ព្រោះខ្ញុំដឹងថា ពេលដែលខ្ញុំចែករំលែករឿងក្រណាត់ហ្នឹងទៅ វានឹងជួយដល់ស្រុកខ្មែរច្រើន។» – ហុក សុវណ្ណវត្តី ស្ថាបនិក សហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia)។
ហុក សុវណ្ណវត្តីវ័យ២៥ឆ្នាំ បច្ចុប្បន្នជា ស្ថាបនិកសហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា ឬ ត្រូវបានយុវជនមួយចំនួន ស្គាល់ថា Eco Pad។ វត្តី ចាប់ផ្តើមមានគំនិតចង់ចែករំលែកចំណេះដឹង ក៏ដូចជាណែនាំប្រជាជនកម្ពុជា ពីក្រណាត់អនាម័យស្រី្តនេះ ក្រោយពេលមាន ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល ទាក់ទងនឹងបរិស្ថានមួយ ហៅថា «Ecovillage Design Education» នៅក្នុងប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៦។
គោលបំណងចម្បងរបស់ការសិក្សានោះ គឺដើម្បីផ្លាស់ប្ដូរទម្លាប់ការប្រើប្រាស់ប្លាស្ទិករបស់មនុស្ស។ ចំណុចមួយដែលវត្តី សង្កេតឃើញអំពីការដែលមនុស្សស្រី អាចអនុវត្តបានលើសពីមនុស្សប្រុស ដើម្បីទទួលបានការរស់នៅដោយមិនប្រើប្រាស់ប្លាស្ទិកនោះ គឺការផ្លាស់ប្តូរទម្លាប់ ការប្រើប្រាស់សំឡីអនាម័យប្លាស្ទិក មកប្រើប្រាស់សំឡីអនាម័យក្រណាត់វិញ។
ពេលឮ ពីសំឡីអនាម័យមិនមានជាតិប្លាស្ទិកដំបូងនៅពេលនោះ វត្តីគិតថា ជាអ្វីដែលមិនអាចទៅរួចមួយ។ ប៉ុន្តែ អ្វីៗផ្លាស់ប្តូរ នៅពេលដែល វត្តីសាកប្រើសំឡីអនាម័យក្រណាត់នោះដោយខ្លួនឯងក្នុងវគ្គសិក្សា។ លទ្ធផល ដែលទទួលបាន នោះគឺ ភាពងាយស្រួល លែងស្អុះស្អាប់ និង ការលែងអាឡាក់ហ្សី។
ត្រឡប់មកកម្ពុជាវិញ ជាមួយចំណេះដឹងថ្មី ព្រមទាំងទឹកចិត្តចង់ជួយ និងអប់រំស្រ្តីកម្ពុជាដទៃទៀតលើ បញ្ហាវដ្តរដូវ ដែលជាប្រធានបទរសើបមួយក្នុងសង្គមខ្មែរ វត្តីដែលជាអ្នកស្រឡាញ់បរិស្ថានម្នាក់ផងដែរ បានផ្ដួចផ្ដើមសហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា ដោយប្រើថវិការផ្ទាល់ខ្លួន បន្ថែមលើថវិការជំនួយពីអង្គការ Flexibility Resources Inclusivity Diversity Action (Frida) ដែលខ្លួនស្នើបាននៅក្នុងឆ្នាំ២០១៦។
«ហេតុផល ដែលធ្វើឱ្យខ្មែរយើងមិនសូវនិយាយពីរឿងវដ្តរដូវ គឺដោយសារ តែវាមិនមែនជាមេរៀនជីវិត ដែលគ្រួសារលើកមកនិយាយ ហើយវាក្លាយជាតំណមថា អត់យករឿងវដ្តរដូវហ្នឹងមកនិយាយទេ ព្រោះវាគគ្រិច វាអត់ស្អាត ហើយវាជាកេរ្តិ៍ខ្មាសរបស់មនុស្សស្រី»។
ជាមួយនឹងការគិតគូរលើបញ្ហាសុខភាពស្រ្តី ក៏ដូចជាបរិស្ថាន សហគ្រាសសង្គម ហ្គេនឡេឌី លើកកម្ពស់ការយល់ដឹងពីផលវិបាកលើបរិស្ថាន និងសុខភាពស្រី្ត ដោយសារការប្រើប្រាស់សំឡីអនាម័យប្លាស្ទិក និងជំនួសដោយមកវិញក្រណាត់អនាម័យបោកបាន មិនប៉ះពាល់សុខភាពស្រ្តី និងបរិស្ថាន ក្នុងតម្លៃសមរម្យ។
ការក្លាយខ្លួនជា «សហគ្រិនសង្គម» មិនមែនជាក្តីស្រមៃរបស់វត្តី តាំងពីក្មេងនោះទេ។ កញ្ញា បញ្ចប់ការសិក្សាផ្នែកច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងឯកទេសទំនាក់ទំនងវិជ្ជាជីវៈ (Professional Communication) ពីដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស។ ក្រៅពីដំណើរការសហគ្រាសសង្គម ហ្គេនឡេឌី បច្ចុប្បន្នវត្តីក៏ ជាអ្នកប្រឹក្សាគម្រោងផងដែរ។
សម្រាប់វត្តីផ្ទាល់គិតថា មនុស្សម្នាក់ៗមាននិយមន័យសម្រាប់ពាក្យ«សហគ្រិនសង្គម»នេះខុសៗគ្នា ដែលធ្វើឱ្យ ការពិភាក្សាជុំវិញនិយមន័យរបស់ពាក្យនេះមិនដែលចេះចប់។ ជាមួយនឹងការយល់ឃើញថា ការឱ្យនិយមន័យលើពាក្យ «សហគ្រិនសង្គម» អាចមានភាពខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ វត្តីអរគុណអាជីពនេះ ព្រោះវាបានផ្លាស់ប្តូរខ្លួនជាច្រើន។ ចំពោះវត្តី អាជីពជានេះ បានធ្វើឱ្យខ្លួន ក្លាយទៅជាមនុស្សម្នាក់ដែល ចេះយកចិត្តទុកដាក់លើពេលវេលា មានទំនួលខុសត្រូវ ចេះខ្វល់ខ្វាយពីមនុស្សជុំខ្លួន ចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែនៅប្រកាន់ជំហរជាខ្លួនឯង និង ការមើលឃើញបញ្ហាសង្គមច្រើនជាងមុន។
«ខ្ញុំចូលអារម្មណ៍ពេលដែលមនុស្ស ពេលដែលភ្ញៀវគាត់ទិញក្រណាត់ហ្នឹង។ ហើយគាត់សួរនាំខ្ញុំ ពីរឿងរដូវគាត់ សុខភាពគាត់ ព្រោះវាមានន័យថា គាត់អាចចំណាំខ្ញុំបាន មិនមែនដោយសារ ខ្ញុំឡើងទូរស្សន៍ទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំកាន់តែធ្វើការងារហ្នឹង កាន់តែមើលឃើញ បញ្ហាកាន់តែច្រើន។»
ជាជាងការឱ្យនិយមន័យបន្ថែមទៅលើអាជីពនេះ អ្វូីដែលវត្តីយកចិត្តទុកដាក់នៅពេលនេះ គឺការធ្វើយ៉ាងណាឱ្យ ក្រុមការងារមាននិរន្តភាព និង ការបន្តជួយសង្គមតាមរយៈការអប់រំពីបញ្ហាវដ្ដរដូវស្ត្រី។
វត្តីជឿជាក់ថា ហ្គេនឡេឌីមាននិរន្តភាពមួយកម្រិត ព្រោះក្រុមការងារដឹងថា ខ្លួនត្រូវធ្វើអ្វីៗដោយខ្លួនឯង (Take Ownership) ដោយមិនចាំបាច់មានវត្តីនៅតម្រង់ទិសបង្ហាញគ្រប់យ៉ាង។ ការណ៍នេះ ធ្វើឱ្យសង្វាក់ផលិតកម្ម ប្រព្រឹត្តទៅតាមពេលវេលា ដែលឈានទៅរកនិរន្តភាពក្នុងអាជីវកម្ម។
ទស្សនាភាគទីបីនៃកម្មវិធីទស្សនាចរណ៍អាជីព ៖ ហុក សុវណ្ណវត្តី – ស្ថាបនិក សហគ្រិនសង្គម ហ្គេនឡេឌី ខេមបូឌា
ដោយចាត់ទុកអាជីវកម្មបស់ខ្លួន ជាសហគ្រាសសង្គមខ្នាតតូចមួយក្នុង ចំណោមសហគ្រាសក្នុងស្រុកខ្នាតតូចដទៃទៀតនៅកម្ពុជា វត្តីគិតថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអាជីវកម្មយ៉ាងច្រើនប្រភេទ ហើយអាជីវកម្មទាំងនោះមានលក្ខណៈបត់បែនយ៉ាងចាប់រហ័ស។ ទន្ទឹមនឹងនេះ វត្តីគិតថា មនុស្សភាគច្រើនតែងតែឱ្យតម្លៃ និងមិនមើលរំលងនោះ គឺក្រុមហ៊ុនធំៗ ប៉ុន្តែសម្រាប់វត្តីវា គឺជាការយល់ខុសមួយ។ «បើយើងមើលឱ្យមែនទែនទៅ GDP ស្រុកខ្មែរ និងអ្វីដែលផ្តល់ការងារឱ្យមនុស្សច្រើនបំផុតនោះ គឺអាជីវកម្មខ្នាតតូច និងមធ្យម (Small and Medium Enterprise)។»
ដោយមើលឃើញថា ក្មេងជំនាន់ចាប់ផ្តើម ងាកមកឱ្យតម្លៃលើ ធុរៈកិច្ចបង្កើតថ្មី (Start-up) ក៏ដូចជា ការបង្កើតគម្រោងផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហាសង្គម អ្វីដែលវត្តីចង់ប្រាប់ពួកគេនោះ គឺការ យកក្តីស្រឡាញ់មកដាក់មុខភាពភ័យខ្លាច។ «ភាពភ័យខ្លាច ចាប់ផ្តើម តាំងពីពេលដែល យើងកើតមកម្ល៉ះ។ ភាពភ័យខ្លាចនៅជាមួយយើង រហូត។ កុំមើលថា ភាពភ័យខ្លាចជាអ្វីថ្មី»៕