កាលពី២០ឆ្នាំប្លាយមុន អគារនៅភ្នំពេញមិនមានកម្ពស់ខ្ពស់ជាង៤ជាន់នោះទេ។ ប៉ុន្តែ រាជធានីនិងទីក្រុងផ្សេងៗនៅប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង នាពេលបន្ទាប់មក។ ក្នុងប៉ុន្មានខែថ្មីៗនេះមានការព្យួរលើគម្រោងតូចៗជាច្រើន តើការរីកចំរើនអាចមាននិរន្តរភាពបានយ៉ាងដូចម្តេច?

កំណត់និពន្ធ៖ នេះគឺជាកម្រងអត្ថបទពិពណ៌នាពិសេស នៃរឿងរ៉ាវទាំង៥ ដែលមានចំណងជើងថា «កម្ពុជានៅក្នុងចត្តាឡីស័ក» ដែលធ្វើការស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺកូវីដ ទៅលើសសរស្តម្ភទាំងបួនរបស់សេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកាត់ដេរ វិស័យកសិកម្ម វិស័យសំណង់និងវិស័យទេសចរណ៍។ អត្ថបទពីវិស័យនីមួយៗនឹងត្រូវបោះពុម្ពផ្សាយក្នុងពេល៥ថ្ងៃជាប់ៗគ្នានៅលើគេហទំព័រ Southeast Asia Globe និងត្រូវបានប្រែសម្រួលជាភាសាខ្មែរ បង្ហោះលើគេហទំព័រ Focus ។
អត្ថបទដោយ Andrew Haffner និងបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
ក្នុងរយៈប៉ុន្មានខែចាប់តាំងមានជំងឺកូវីដ១៩ វិស័យសំណង់មានការថយចុះទៅៗ។
ជំងឺរាតត្បាតក៏ដូចជាបញ្ហាផ្សេងៗទៀតដែរ បានធ្វើឱ្យមានការបែកចែករវាង អ្នកមាននិងអ្នក ក្សត់ខ្សោយធនធាន កាន់តែធំឡើង ទៅលើវិស័យសំណង់និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។ ដោយឡែក នៅតំបន់កោះពេជ្រ ការធ្វើសំណង់នៅតែបន្តមាន។ ក៏ប៉ុន្តែការសាងសង់នៅកន្លែងផ្សេងៗទៀត នៅក្នុងទីក្រុងនិងតាមបណ្តាខេត្តមានការធ្លាក់ចុះ ឬផ្អាក ដោយសារភាពជាប់គាំងនៃការវិនិយោគ។
នៅឯការដ្ឋានមួយ នៅតាមបណ្តោយផ្លូវ ជិតសួនវត្តបទុមវតី នៅរាជធានីភ្នំពេញ ដោយសារតែកង្វះដើមទុនសាងសង់ បានធ្វើឱ្យកម្មករនៅទីនោះបាត់បង់ការងារ។ កម្មករមួយក្រុម មានគ្នាប្រាំមួយនាក់ បានចំណាយពេលរសៀលថ្ងៃចុងសប្ដាហ៍របស់ខ្លួន ទម្រេតខ្នងនៅក្នុងការដ្ឋាន ដែលពេលសាងសង់រួចរាល់ នឹងក្លាយជាកន្លែងទទួលភ្ញៀវរបស់សណ្ឋាគារមួយ។ ប៉ុន្តែឥឡូវនេះ មានតែ សម្ភារសំណង់ ដាក់នៅលើដីខ្សាច់ ហើយនៅខាងលើមានតែបេតុង ដែលរុំដោយសំណាញ់ពណ៌បៃតងតែប៉ុណ្ណោះ ។


កម្មករទាំង៦នាក់នេះ ជាក្រុមចុងក្រោយ នៅការដ្ឋានដែល រង់ចាំទទួលបើកប្រាក់ឈ្នួល ដែលមើលទៅហាក់ដូចជាមិនបាននោះទេ។ កម្មករខ្លះជំពាក់បំណុលរហូតទៅដល់ ៣ លានរៀល ដូច្នេះហើយពួកគេត្រូវការប្រាក់ឈ្នួលនេះ ជាចំបាច់ដើម្បីបង់ថ្លៃបំណុល។ ពួកគេមិនហ៊ានចាកចេញពីការដ្ឋាននោះទេ ព្រោះខ្លាចមេការបដិសេធមិនបើកប្រាក់ខែឱ្យ។ ឥឡូវនេះកម្មករទាំង៦ ត្រូវរស់នៅក្នុងស្ថានភាពគ្រោតគ្រាត ដេក និងចម្អិនអាហារ នៅក្នុងបន្ទប់ស្នាក់នៅបណ្ដោះអាសន្ន ដែលពួកគេសាងសង់ពីក្តារបន្ទះនិងសម្ភារសំណង់ផ្សេងៗ។
លោកស្រី រឿង រី អាយុ ៣៩ឆ្នាំ បានស្នាក់នៅការដ្ឋាននេះ ជាងប្រហែល ៥ ខែមកហើយ។ លោកស្រីមកធ្វើការនៅទីនេះ ដើម្បីរកប្រាក់កម្រៃសងបំណុល ដែលខ្លួនបានខ្ចីកាលពី ២ ឆ្នាំមុន ដើម្បីទិញឧបករណ៍និងសម្ភារធ្វើកសិកម្មនៅផ្ទះរបស់ខ្លួន នៅខេត្តកំពង់ចាម ដែលនោះគឺជាការបណ្ដាក់ទុនមិនជោគជ័យមួយ បន្ទាប់ពីគ្រោះរាំងស្ងួតបានធ្វើឱ្យការប្រមូលផលរបស់គាត់មិនទទួលបានផ្លែផ្កា។
ដំបូងឡើយ ការងារនៅទីក្រុងមិនសូវអាក្រក់ប៉ុន្មានទេ ហើយលោកស្រីអាចរកប្រាក់ចំណូលបាន ប្រហែលជា ៧ ដុល្លារក្នុងមួយថ្ងៃ។ កាលពីពាក់កណ្តាលខែឧសភា អ្វីគ្រប់យ៉ាងមានការផ្លាស់ប្តូរ។ កម្មករ ២០ នាក់ ដែលកំពុងធ្វើការនៅការដ្ឋាននោះ ត្រូវបានគេប្រាប់ភ្លាមៗថា ពួកគេត្រូវបានព្យួរការងារ។ ពីរខែក្រោយមក កម្មករភាគច្រើន ត្រូវបានបញ្ឈប់ ហើយខ្លះទៀត ទៅរកការងារផ្សេងដែលអាចរកបាននៅភ្នំពេញ ចំណែកអ្នកខ្លះទៀត បានត្រឡប់ទៅស្រុកកំណើតវិញ។
លោកស្រី រី និងស្វាមី និយាយថា ពួកគេមិនមានជម្រើសទៅស្រុកនោះទេ ទោះបីជាកូន ៗ បីនាក់រស់នៅទីនោះក៏ដោយ ពីព្រោះម្ចាស់បំណុលងាយរកពួកគេឃើញ។ លោកស្រី រី អង្គុយនៅលើក្តារបន្ទះនៅការដ្ឋាន និយាយថា៖ “ ខ្ញុំបានសុំម្តាយនៅឯខេត្ត ឱ្យផ្ញើលុយមកឱ្យខ្ញុំខ្លះ ដើម្បីបានទិញម្ហូប ប៉ុន្តែគាត់ក៏អត់មានដែរ”។
លោកស្រីក៏បានបន្ថែមទៀតថា“ ក្នុងរយៈពេលពីរខែនេះ យើងក៏បានដើររកការងារធ្វើដែរ ប៉ុន្តែគេប្រាប់ថា គេមានកម្មករគ្រប់គ្រាន់ហើយ។ ឥឡូវនេះយើងមិនដឹងធ្វើម៉េចទេ”។

កម្មករទាំងនោះ ស្ថិតនៅក្នុងចំណោមកម្មករជាច្រើន ជាប់គាំងនៅក្នុងវិស័យសំណង់ ដែលទទួលរងការប៉ះពាល់យ៉ាងខ្លាំង ដោយការផ្អាកដំណើរការ ដោយសារជំងឺកូវីដ១៩។
វិស័យសំណង់ បានក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លានិងមានស្ថេរភាពមួយ ក្នុងការរួមចំណែកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលភាគច្រើនជាការវិនិយោគផ្ទាល់ពីបរទេស (FDI) ហើយជាពិសេសមកពីប្រទេសចិន និងប្រទេសសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ី។
ក្នុងឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១៣,២៩% នៃផលិតផលក្នុងស្រុកសរុប មានតម្លៃ ២៦,៧ ពាន់លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត លើគម្រោងដែលទាក់ទងនឹងវិស័យសំណង់ មានតម្លៃ ៣,៥ ពាន់លានដុល្លារ ក្នុងនោះប្រហែលជា ៤៣% មកពីប្រទេសចិននិងហុងកុង។
ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ជាបឋមសម្រាប់ឆ្នាំ ២០២០ នូវការកើនឡើង ១០ ភាគរយនៃ ការវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចប្រទេសចិន ជាហេតុធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ត្រូវបានកាត់បន្ថយពាក់កណ្តាល បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។
ការវិនិយោគពីការវិនិយោគផ្ទាល់ពីបរទេសមានលើច្រើនវិស័យ ប៉ុន្តែវិស័យសំណង់ គឺជាគោលដៅធំបំផុតនៅកម្ពុជា ដែលបានទាក់ទាញការវិនិយោគភាគច្រើន។ ប៉ុន្តែ គេដឹងថា វិស័យសំណង់ ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាជនកម្ពុជា មានប្រហែលតែ ២,៣% នៃការងារសរុបជាផ្លូវការ ប្រមាណជាចំនួន ២០ ម៉ឺននាក់។ របាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិស័យសំណង់ រួមចំណែកប្រហែលជា ៣៨% នៃកំណើនផលិតផលក្នុងស្រុក សរុបកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយឈ្មោះ IPS Cambodia ធ្វើការផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន អំពីតម្លៃទីផ្សារអចលនទ្រព្យ ដែលល្អបំផុតនៅតំបន់អាស៊ាន ត្រូវបានកំណត់ដោយតម្លៃទិញទាប ហើយអាចទទួលបានប្រាក់ចំនេញខ្ពស់។
លោក James Hodge ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE និយាយថា វាជាទស្សនវិស័យមួយ ដែលនៅតែអាចទាក់ទាញ ចំណាប់អារម្មណ៍វិនិយោគិន មកលើផ្នែកអចលនទ្រព្យនៅកម្ពុជា សូម្បីតែអំឡុងពេលកូវីដ១៩។
លោក Hodge ក៏បាននិយាយបន្ថែមទៀតថា៖ “អ្នកទិញមកពីអាស៊ីជាច្រើនគិតថា ទីផ្សារអចលនទ្រព្យកម្ពុជា មានតម្លៃល្អ ជាពិសេសម្រាប់កន្លែងដែលពុំសូវមានអចលនទ្រព្យ។ ដោយសារអ្នកវិនិយោគមើលឃើញទិសដៅ និងនិន្នាការនៃទីផ្សារក្នុងរយៈពេល១០-២០ឆ្នាំចុងក្រោយនេះ សម្រាប់ពួកគេមើលទៅទំនង នៅតែមានចំណាប់អារម្មណ៍ ហើយពួកគេនៅតែចង់វិនិយោគ” ។
សម្រាប់អ្នកទិញជាច្រើនទៀត បើទោះបីជាមិនមានបំណងចង់រស់នៅក្នុងអចលនទ្រព្យដែលខ្លួនវិនិយោគក៏ដោយ ការណ៍ដែលមិនអាចមើលឃើញកន្លែងទុកមុននោះ វាអាចនឹងបង្អាក់អារម្មណ៍អ្នកទិញ មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដូរ។ ស្ថានភាពបច្ចុប្បន្ននេះ គឺកើតឡើង ដោយសារតែការរឹតបណ្តឹងលើការធ្វើដំណើរ ដើម្បីពង្វាងការឆ្លងរាលដាល ជាហេតុធ្វើឱ្យមាន ការបញ្ឈប់ការធ្វើដំណើរទូទាំងសាកលលោក។
នោះគឺជាផ្នែកមួយដែលលោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Partners បានចង្អុលបង្ហាញ នៅពេលពិពណ៌នាអំពីបញ្ហាទីផ្សារអភិវឌ្ឍន៍ [អចលនទ្រព្យ] បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ។ លោកអះអាងថា មុនពេលមានការធ្លាក់ចុះ សេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសំណង់គឺ «មានការសម្រុកខ្លាំងពេក» ។
សម្រាប់លោក Higgins ដែលក្រុមហ៊ុនរបស់លោក នៅតែបន្តផ្តល់សេវាកម្មលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដល់អតិថិជនដែលភាគច្រើនជាក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិ បានបន្ថែមទៀតថា៖ «វាប្រហែលជាមានពពុះ[ការអភិវឌ្ឍ] នៅកម្ពុជាពីមុនហ្នឹង ប៉ុន្តែពពុះនោះដូចជាកំពុងអង្គុយ លើផ្លូវរថភ្លើងមួយចំនួនអញ្ជឹង។ បន្ទាប់មករថភ្លើង [មេរោគកូរ៉ូណា] បានមកហើយ វាវាយបំបែកជាដុំតូចៗ»។
ទាំងលោក Stephen និងលោក Hodge បានពិពណ៌នាអំពីទិដ្ឋភាព ការអភិវឌ្ឍលើវិស័យអចលនទ្រព្យមុនពេលមានជំងឺរាតត្បាតថា វិនិយោគិនជាទូទៅចូលចិត្តបណ្ដាក់ទុនលើ ខុនដូ (Condo) ខ្ពស់ៗ អគារការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលគម្រោងភាគច្រើនសមស្របសម្រាប់សេដ្ឋកិច្ចរបស់អ្នកដែលមានធនធានច្រើន ខណៈពុំទាន់សូវមានក្នុងចំណោមអ្នកទិញខ្មែរនោះទេ។
បញ្ហាជំងឺកូវីដ១៩មើលទៅ ហាក់ដូចជាអាចផ្លាស់ប្តូរការយល់ឃើញផ្សេងៗគ្នា របស់អ្នកជំនាញទីផ្សារអចលទ្រព្យទាំងពីរខាងលើ ថាតើចំណាប់អារម្មណ៍របស់អ្នកក្នុងស្រុក អាចបំពេញនូវចន្លោះ ដែលបានបង្កឡើងដោយសារការបាត់បង់អ្នកវិនិយោគអន្តរជាតិ។
លោក Hodge បានអះអាងថា គេអាចនិយាយថាក្រុមហ៊ុនអភិវឌ្ឍអន្ដរជាតិបានដឹកនាំទីផ្សារនេះ ប៉ុន្តែអតិថិជនក្នុងស្រុកកំពុងដើរតាមទាន់ផងដែរ តាមរយៈកិច្ចប្រឹងប្រែងរបស់អ្នកវិនិយោគក្នុងស្រុក មុនពេលកូវីដ ព្យាយាមបំពេញតម្រូវការតាមបែបរសនិយមរបស់អតិថិជនកម្ពុជា។
«វាត្រូវការពេល២-៣ឆ្នាំ ដើម្បីពង្រឹងទីផ្សារក្នុងស្រុកឱ្យកាន់តែខ្លាំង ប៉ុន្តែផលិតផលបានវិវត្តដល់ចំណុចមួយ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា តាមរយៈទំហំ ការរចនា និងតម្លៃ»។
«ពួកយើងឃើញថា មានការធ្វើឱ្យមានភាពចម្រុះជាច្រើនក្នុងវិស័យសំណង់ ក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ»។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍភាគច្រើនដែលធ្វើការជាមួយក្រុមហ៊ុន CBRE ហាក់ដូចជាប្រើពេលវេលានេះ ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ជាជាងការចាប់ផ្តើមគម្រោងថ្មី ដើម្បីបង្កើនសក្តានុពលងាកទៅរកទីផ្សារក្នុងស្រុក ដើម្បីបំពេញនូវកង្វះតម្រូវការអន្ដរជាតិ។
ម៉្យាងវិញទៀតលោក Higgins បាននិយាយថា លោកមិនបានឃើញពីគោលបំណងរបស់វាទេ។ ហើយបើនិយាយពីអនាគតវិស័យសំណង់នៅឆ្នាំនេះ ស្ថានភាពរាងមានការលំបាកច្រើន។ លោកបាននិយាយទាំងមិនគួរឱ្យជឿថា៖ «តើអ្នកណាចាប់ផ្តើមគម្រោងធំក្នុងអំឡុងពេលនេះ?»
«ដូចយកថ្មដាក់ក្បាលខ្លួនឯងមិនខាន»។ វិស័យសំណង់អាចប្រៀបបានទៅសម្បកក្រៅនឹងបញ្ហាធំមួយ សម្រាប់លំហូរដើមទុននិងវិនិយោគដែរ ដោយមានភ្នាក់ងារអន្តរជាតិនៅកណ្តាល ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន ចង្អុលបង្ហាញពីទីផ្សារវិនិយោគ ដែលជាសូចនាករសំខាន់សម្រាប់សុវត្ថិភាពសេដ្ឋកិច្ច។
កាលពីខែមិនា ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការព្យាករណ៍ទុក មុននឹងមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថា ក្នុងឆ្នាំ២០២០នេះ នឹងមានការធ្លាក់ចុះចំនួនច្រើនជាង ៥% នៃផលិតផលក្នុងស្រុកសរុប។ ឆ្នាំនេះ គឺមានភាពមិនប្រាកដប្រជានោះទេ ប៉ុន្តែអ្នកស្រី Sunniya Durrani-Jamal នាយករបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ស្ថាប័នអ្នកស្រីកំពុងធ្វើការឃ្លាំមើល ការវិវត្តនៃគម្រោងដែលកំពុងដំណើរការ និងការអនុម័តលើសំណើថ្មីរបស់ FDI ដែលជាសូចនាករដ៏ច្បាស់លាស់មួយ សម្រាប់ទំនុកចិត្តរបស់វិនិយោគិន។
អ្នកស្រីបានសរសេរតាមអ៊ីមែលថា៖ « ស្ថិតិនៃពាណិជ្ជកម្មទំនិញប្រចាំខែ ចង្អុលបង្ហាញពីចំនុចល្អរបស់វិស័យលើការនាំចេញ តាមរយៈរបៀបដែលវិស័យនេះកំពុងអភិវឌ្ឍ ខណៈការនាំចូលទំនិញប្រើប្រាស់ និងសម្ភារៈសំណង់ ក៏អាចចង្អុលបង្ហាញពីចំនុចនេះផងដែរ»។ លោកស្រី Durrani-Jamal ក៏បានរៀបរាប់ពីកត្តាផ្សេងទៀត ដែលអាចចង្អុលបង្ហាញអំពីភាពប្រសើរឡើងនៃស្ថានភាពនេះ។
លោកស្រីបានបន្ថែមថា៖ «វិស័យហិរញ្ញវត្ថុក៏បង្ហាញប្រាប់យើងផងដែរ ទាក់ទងនឹងបរិមាណប្រាក់កម្ចីដែលត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយសារស្ថានភាពរបស់អតិថិជនមានការប្រែប្រួល និងទាក់ទងនឹងឆន្ទៈព្រមទាំងសមត្ថភាពនៃការបន្តការផ្តល់ឥណទានដល់អតិថិជន»។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ជាក្រុមហ៊ុន ផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុ បានលើកឡើងថា តាមរយៈទិន្នន័យរបស់ស្ថាប័ន បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារឥណទាន នៅក្នុងខែមេសា បន្ទាប់មក មានការកើនឡើងវិញជាបណ្ដើរ ៗ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ការណ៍នេះជាសញ្ញាណ នៃការកើតឡើងវិញ នូវទំនុកចិត្តលើទីផ្សារនៅក្នុងប្រទេសកម្ពុជា។
លោកសុធារ័ត្នបានបញ្ជាក់ថា ជាមធ្យមក្នុងរយៈពេលមួយខែ CBC ទទួលបានសំណើសុំឥណទាន មានប្រមាណជា៤៥០,០០០សំណើ ដែលមានអ្នកតំណាងឱ្យបុគ្គលឬស្ថាប័ន ដែលធ្វើការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។
លោកសុធារ័ត្នបានឲ្យ ដឹងថានៅត្រីមាសទី ១ នៃអាជីវកម្ម អំឡុងខែមករានិងខែមីនា មានការដាក់សំណើសុំឥណទានប្រហែលជាង ១,៤ លានទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ ប៉ុន្តែនៅក្នុងត្រីមាសទី ២ ចាប់ផ្តើមក្នុងខែមេសា នៅពេលដែលអាជ្ញាធរបានចេញបញ្ជាបិទទីក្រុងកម្រិតស្រាល ដែលដាក់កំហិតលើអាជីវកម្មមួយចំនួន និងពន្យាពេលបុណ្យចូលឆ្នាំខ្មែរ បានធ្វើឱ្យសំណើឥណទានធ្លាក់ចុះប្រហែលជា ៤០ ភាគរយ។
ការធ្លាក់ចុះក្នុងខែមេសានេះ មិនបានអូសបន្លាយយូរនោះទេ ហើយនៅខែឧសភា អ្វីៗមើលទៅមានភាពប្រសើរឡើងជាងមុន។ លោកសុធារ័ត្នបានមានប្រសាសន៍ថានៅខែមិថុនា តម្រូវការបានស្ទុះកើនឡើងវិញ ស្ទើរតែទាំងស្រុងដូចនៅពេលមុនជំងឺកូវីដ១៩ ដោយស្ថាប័នរបស់លោកទទួលបានសំណើឥណទានចំនួនប្រហែលជា ៤00.000 សំណើ។
ទោះយ៉ាងជាមានកំណើនការស្នើសុំប្រាក់កម្ចីនេះ អាចបង្ហាញពីការងើបឡើងវិញនូវសេដ្ឋកិច្ចយ៉ាងណាក៏ដោយ និន្នាការដែលគួរឱ្យបារម្ភជាងនេះទៀត គឺចំនួនគណនីប្រាក់កម្ចីដែលបានរៀបចំឡើងវិញ នៅប្រទេសកម្ពុជា បានកើនឡើងស្របគ្នាផងដែរ។
នៅចុងឆ្នាំ ២០១៩ សមតុល្យឥណទាន នៃប្រភេទទីផ្សារឥណទាននេះ មានតម្លៃប្រហែលជា ៤៣លានដុល្លារហើយ គិតត្រឹមខែមិថុនា វិញ សមតុល្យឥណទាននោះ មានតម្លៃសរុបប្រហែល ៣ ពាន់លានដុល្លារ ក្នុងចំណោម ២៣៨.០០០ គណនី។
លោកសុធារ័ត្ន ផ្តល់នូវសេចក្តីសង្ខេបចង្អុលបង្ហាញថា ជាធម្មតាស្ថាប័នហិរញ្ញវត្ថុកម្ពុជា មិនរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដើម្បីឱ្យអតិថិជន រៀបចំកាលវិភាគ លើការបង់ទូទាត់ឥណទានរបស់ពួកគេសារជាថ្មីឡើងវិញនោះទេ។ ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញដ៏ច្រើនលើសលប់នេះ កើតមានឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានធ្វើការណែនាំដល់ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ពង្រីកលទ្ធភាពនៃការខ្ចី ដោយសារតែជំងឺកូវីដ។
លោកសុធារ័ត្នបានថ្លែងថា៖ “នេះមិនមែនមានន័យថា នៅពេលពួកគេរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដោយសារកំពុងមានហានិភ័យខ្ពស់នោះទេ”។
“ប៉ុន្តែ [ស្ថាប័នហិរញ្ញវត្ថុ] ដឹងថាអតិថិជនមួយចំនួនក្នុងវិស័យទេសចរណ៍ និងកាត់ដេរបានទទួលរងការប៉ះពាល់ដោយផ្ទាល់ដោយសារកូវីដ១៩”។
លោកបានបន្ថែមថា៖ “ក្នុងចំណោមចំនួនកម្ចីដល់ជាង ២៣៨.០០០ គណនីដែលត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ គណនីកម្ចីក្នុងធនាគារមានប្រហែលជាង ១៧% ហើយនៅក្នុងមីក្រូហិរញ្ញវត្ថុមានចំនួនប្រហែល ៧៣%” ។
ភាគរយនៃប្រាក់កម្ចីដែលមិនបានសង (ប្រាក់កម្ចីដែលហួសកាលកំណត់រយៈពេល ៣០ ថ្ងៃ) មិនបានកើនឡើងដូចដែលគេបានរំពឹងទុកនោះទេ ប្រហែលដោយសារការពង្រីករចនាសម្ព័ន្ធឡើងវិញនៃកម្ចីឥណទាន។ ភាគរយនៃប្រាក់កម្ចីដែលមិនបានសង បានកើនឡើងពី ១,៤% នៅចុងបញ្ចប់នៃ ឆ្នាំ ២០១៩ ដល់ ២,៥% គិតត្រឹមខែមិថុនាឆ្នាំនេះ។
លោកសុធារ័ត្នបានថ្លែងថា៖ «ចំនួនតួលេខនេះបានកើនឡើងបន្តិចបន្តួចដែរ។ ប៉ុន្តែការកើនឡើងនេះនៅទាបអាចគ្រប់គ្រងបាន»។ ខណៈគម្រោងសំណង់តូចៗដូចជាសណ្ឋាគារត្រូវបានទុកផ្អាកចោល ដោយសារកង្វះទុនព្រោះតែជំងឺកូវីដ១៩។
ប៉ុន្តែ ការប៉ះពាល់លើវិស័យសំណង់ គឺមិនមានភាពស្មើៗគ្នានោះទេ។ គម្រោងសាងសង់ធំៗនៅតែបន្តសកម្មភាពនៅឡើយ ដោយសារគម្រោងទាំងនោះមានទុនបម្រុងទុក ដែលធានាក្នុងរយៈពេលយូរ តាំងពីមុនពេលផ្ទុះជំងឺកូវីដ។

សំណង់អគារ The Peak កម្ពស់ ៥៥ ជាន់ នៅលើជ្រាំងទន្លេបាសាក់ មិនទទួលបានការផ្អាកការសាងសង់នោះទេ។ អគារបីដែលតជាប់គ្នានេះ បានផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយក្រុមហ៊ុនអភិវឌ្ឍន៍WorldBridge International Group ជាគម្រោងដែលមានតម្លៃ ៥៨០ លានដុល្លារនិងអាចប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នានេះ ព្រមទាំងផ្តល់ជូនអ្នកស្នាក់នៅនូវទេសភាពដ៏អស្ចារ្យរបស់ទីក្រុង នៅពេលការសាងសង់បានបញ្ចប់។
ទន្ទឹមជាមួយគ្នានេះផងដែរ ក៏មានអគារ The Bridge កម្ពស់៤៥ ជាន់ វិនិយោគដោយក្រុមហ៊ុនWorldBridge ជាអាគារជិតគ្នាមួយនឹងអគារ The Peak ដែលបានបញ្ចប់នៅឆ្នាំ ២០១៨ ដោយមានក្រុមហ៊ុនOxley Singaporeជាដៃគូសហការ។ ហើយគេក៏ប្រហែលជានឹងអាចឃើញអគារ The Palms ដែលជារីស៊តមានការវិនិយោគចំនួន ១០០ លានដុល្លារពីអ្នកអភិវឌ្ឍតែមួយនេះ កំពុងសាងសង់នៅលើដងទន្លេមេគង្គដែលមានចម្ងាយ២ គីឡូម៉ែត្រពីតំបន់កោះពេជ្រ។
ប្រភេទនៃគម្រោងធំៗទាំងនេះ នៅតែបន្តការសាងសង់នៅពេលបច្ចុប្បន្ន។
លោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានបង្ហាញពីគំនិតរបស់ខ្លួនថា វាមិនត្រូវការពេលយូរប៉ុន្មានទេមុនពេលការបណ្តាក់ទុនទាំងនេះត្រូវបញ្ឈប់។
លោកថារ៉ូ បាននិយាយថា៖ “សម្រាប់វិស័យនេះ មិនសូវល្អសម្រាប់រយៈពេលយូរ” ។ “ការពន្យានិងការផ្អាកគម្រោងប្រហែលជាមិនទាន់កើតមាននោះទេ ប៉ុន្តែយើងអាចឃើញថាការដ្ឋានមួយចំនួនបានបិទទាំងស្រុង ហើយគម្រោងធំៗមួយចំនួនក៏ត្រូវបានផ្អាកផងដែរ ដែលកម្មករត្រូវត្រឡប់ទៅស្រុកកំណើតខ្លួនវិញ”។
លោកបាននិយាយថាសូម្បីការដ្ឋានរបស់អគារ The Peakនៅតែរវល់ក៏ដោយ ក៏នៅធ្វើមិនទាន់ពេលដែលបានគ្រោងទុកដែរ។ ការសង់អគារយក្សនេះត្រូវបានគ្រោងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ ហើយពីដំបូងគេគិតថានឹងអាចបញ្ចប់នៅពេលបច្ចុប្បន្ន។
លោកថារ៉ូបានមានប្រសាសន៍ថា មុនពេលមានស្ថានភាពកូវីដនៅក្នុងប្រទេស កម្មករសំណង់ភាគច្រើនជាលក្ខណៈក្រៅផ្លូវការ ដែលទាំងបុរសនិងស្ត្រី ពុំមានការការពារសុវត្ថិភាពនៅការដ្ឋានបានត្រឹមត្រូវ ឬពុំមានការធានារ៉ាប់រងសង្គមទេ។ លោកបានបង្ហាញពីរបាយការណ៍ការស្ទង់មតិឆ្នាំ ២០១៧ របស់ក្រុមការងារមជ្ឈមណ្ឌលសាមគ្គីភាព បានប៉ាន់ស្មានថា កម្មករប្រមាណចំនួន ៨០ ភាគរយ ត្រូវបានចាត់ចូលជាកម្មករក្រៅផ្លូវការ ដែលបានធ្វើការហួសពីការត្រួតពិនិត្យរបស់បទបញ្ជារដ្ឋាភិបាលដែលមានគោលបំណងការពារសិទ្ធសេរីភាពរបស់កម្មករ។
ករណីនេះ ក៏រាប់បញ្ចូលទាំងក្រុមកម្មករនៅជាប់គាំង នៅការដ្ឋានសំណង់សណ្ឋាគារមួយ នៅក្បែរសួនវត្តបទុមវតី ក៏ដូចជាកម្មករជាច្រើន ដែលស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា សូម្បីតែនៅក្នុងការដ្ឋានសំណង់នានាក៏ដោយ។ ការដ្ឋានរបស់ The Peak មានបិទផ្ទាំងផ្សាយពាណិជ្ជកម្មពី អនាគតអគាររបស់ខ្លួន ដែលមានភ្ញៀវទេសចរដ៏ឡូយឆាយ អ្នករស់នៅ និងអ្នកធ្វើអាជីវកម្មនៅក្នុងកន្លែងនោះ ក៏មានភាពស្ងប់ស្ងាត់ផងដែរ។
សម្រាប់លោកធួន ធា មានអាយុ៣០ឆ្នាំដែលជាកម្មករនៅការដ្ឋាន The Peak បានចេញសម្រាកអាហារថ្ងៃត្រង់និងផឹកទឹកក្រូច មើលទៅហាក់ដូចជាមិនទទួលរងការប៉ះពាល់អ្វីនោះទេ ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ហើយប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អបំផុតក្នុងរយៈពេលប្រហែលជាងមួយទសវត្សរ៍ចុងក្រោយនេះ។

ពេលសម្លឹងមើលអគាររបស់ WorldBridge ដ៏ធំសម្បើមនេះដែលស្ថិតនៅតំបន់កោះពេជ្រ លោកធាបាននិយាយថា៖“ វាមើលមិនឃើញថា អនាគតនឹងទៅជាយ៉ាងណា ប៉ុន្តែពេលនេះការងារមិនមានបញ្ហានោះទេ”។
ការងារជាអ្នកលាបពណ៌ជញ្ជាំងរបស់អគារខ្ពស់មួយនេះ មើលទៅរាងល្អដែរ បើប្រៀបធៀបទៅនឹងការងារផ្សេងទៀតដែលគាត់អាចធ្វើបាន ។ តាមការពិតទៅ ពេលក្រឡេកមើលផ្លូវដ៏ស្ងប់ស្ងាត់ក្នុងតំបន់នោះ ការងារនិងប្រាក់កម្រៃ១២ ដុល្លារកន្លះក្នុងមួយថ្ងៃរបស់លោកគឺមិនសមនឹងតម្លៃពលកម្មនោះទេ៕