ការលើកលែងផ្លូវច្បាប់ និងការការពារមិនច្បាស់លាស់ បានត្រួសត្រាយផ្លូវ សម្រាប់ការសាងសង់ និងរំខានជីវិតសត្វព្រៃ នៅក្នុងព្រៃភ្នំតាម៉ៅរបស់ប្រទេសកម្ពុជា។
រាយការណ៍បន្ថែមដោយ៖ Andrew Haffner, ឌិប ណាសា, ជា សំអៀង, ថុន វាសនា
បកប្រែដោយ៖ នូវ ពៅលក្ខិណា
ផ្លូវដីលំមួយ កាត់ទៅភាគឦសាននៃព្រៃភ្នំតាម៉ៅ ដែលកំណត់ចំណុចចាប់ផ្តើមនៃសំណង់លំនៅឋានមួយ នៅលើដីឯកជនជាប់ព្រំដែនតំបន់ការពារ។
បង្គោលព្រំដីរាប់សិបត្រូវបានបោះ នៅក្រោមដើមឈើដែលលាតសន្ធឹងប្រៀបបីដូចជាកម្រាលព្រំបៃតង។ បង្គោលទាំងនេះ ជាសញ្ញាណបញ្ជាក់អំពីកិច្ចព្រមព្រៀងដោះដូរទីតាំងដី ដែលនឹង ត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ការពារនេះដោយផ្ទាល់។
ដើមឡើយ ភ្នំតាម៉ៅត្រូវបានគេជឿជាក់ថាជាតំបន់ការពារ ប៉ុន្តែឥឡូវព្រៃនេះកំពុងរងការគំរាមកំហែង ពីផែនការសាងសង់មិនទាន់ច្បាស់ជាច្រើន នេះបើយោងតាមក្រុមអ្នកអភិរក្ស ដែលបង្ហាញក្តីព្រួយបារម្ភ ចំពោះអនាគតនៃមជ្ឈមណ្ឌលសង្គ្រោះ និងសត្វព្រៃដែលជិតផុតពូជ មានទីតាំងនៅក្នុងព្រៃជាដែនជម្រកសត្វមួយនេះ។ បន្ថែមលើសពីនេះ ការធ្វើឯកជនភាវូបនីយកម្មនៃតំបន់ការពារ ដែលមានទីតាំងនៅជិតទីក្រុងភ្នំពេញ អាចចង្អុលបង្ហាញពីកំណើនហានិភ័យ ចំពោះព្រៃការពារផ្សេងទៀត របស់កម្ពុជា ដែលនៅហួសលើសពីការឃ្លាំមើលរបស់ក្រុមបរិស្ថាន។
នៅក្នុងរយៈពេលខ្លី ការអភិវឌ្ឍអាចធ្វើឲ្យជម្រកសត្វព្រៃ ធ្លាក់ក្នុងសភាពកាន់តែអាក្រក់ឡើង និងប្រែក្លាយតំបន់ការពារ ទៅជាកន្លែងប្រម៉ាញ់សត្វព្រៃដ៏សម្បូរបែប។ នៅក្នុងរយៈពេលវែងវិញ ផែនការអភិវឌ្ឍទាំងនេះ អាចក្លាយជាចំណុចនាំមុខ បំបែកឧទ្យានសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ចេញពីព្រៃ[ការពារ] ក៏ដូចជាម្ចាស់ជំនួយសំខាន់ៗ នៅពេលចុងក្រោយបង្អស់។
កិច្ចប្រជុំបិទទ្វារ កិច្ចសន្យាដ៏ភ្ញាក់ផ្អើលជាច្រើន ព្រមទាំងមន្ត្រីរដ្ឋាភិបាលចំនួន១៦រូបដែលមិនអាចទាក់ទងបាន នៅថ្នាក់មូលដ្ឋាន ខេត្ត និងថ្នាក់ជាតិ បានបិទបាំងឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍ និង គោលបំណងរបស់ពួកគេ ភាគច្រើនក្នុងអន្ធការនៃការិយាធិបតេយ្យ។ ការណ៍ទាំងអស់នេះ នាំឲ្យក្រុមឃ្លាំមើលបរិស្ថាន បានស្នើសុំបើកការស៊ើបអង្កេតទាក់ទងទៅនឹងអំពើពុករលួយ
ថ្វីត្បិតតែនៅពីមុខ មានសភាពស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែភាពចម្រុះនៃប្រភពព័ត៌មាន ពីសារបង្ហោះលើហ្វេសប៊ុក ឯកសារលេចធ្លាយ ពីតំណាងផ្នែកលក់ និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម បង្កើតបានជាប្រភពស្រពិចស្រពិលអំពីឈ្មោះក្រុមហ៊ុនអភិវឌ្ឍ និងឈ្មោះឧកញ៉ា ដែលបានសម្លឹងភ្នំតាម៉ៅទុកមកជាយូរមកហើយ។
ឯកសារដែលមាន បានបង្ហាញពីផែនការអភិវឌ្ឍលើផ្ទៃដីជិតពាក់កណ្តាលនៃព្រៃឈើ ដែលមានទំហំសរុប ២៥ គីឡូម៉ែត្រការ៉េ។ ដីទំហំជិត ១២ គីឡូម៉ែត្រការ៉េ ត្រូវបានប្រគល់ទៅឲ្យភាគីដែលមិនអាចកំណត់ អត្តសញ្ញាណបាន ដោយដោះដូរជាមួយដីនៅកន្លែងឆ្ងាយផ្សេង ព្រមទាំងការផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានឡានដឹកទំនិញ ម៉ូតូ និង “អគារកម្សាន្ត” ដែលមាន ៣០ បន្ទប់។
លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាអង្គការមួយ បានដំណើរការមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃជាមួយរដ្ឋាភិបាល មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែបំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ។»
«យើងនៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ថាតើនឹងមានអ្វីកើតឡើងចំពោះព្រៃភ្នំតាម៉ៅ ប៉ុន្តែយើងសង្ឃឹមថា ទេវតាមានភ្នែក ទៅចុះ» ។
ការអភិវឌ្ឍនៅព្រៃភ្នំតាម៉ៅ
រូបភាពពីផ្កាយរណប បានឲ្យមើលឃើញព្រៃភ្នំតាម៉ៅ ប្រៀបបីដូចជា “ត្បូងបៃតង” និង “កោះធម្មជាតិ” ដែលហ៊ុំព័ទ្ធទៅដោយទីក្រុងដែលកំពុងអភិវឌ្ឍ និងកសិកម្ម នេះបើយោងតាមអ្នកស្រី Suwanna Gauntlett ជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។
អ្នកស្រីបាននិយាយថា៖ «វាជាកាតព្វកិច្ចប្រកបដោយក្រមសីលធម៌របស់យើង ក្នុងការអភិរក្សសារពើរុក្ខជាតិ តាមដែលអាចធ្វើទៅបាន។»
រូបភាពមានចលនានៃផែនទីប្រទេសកម្ពុជា ដោយ Emilie Languedoc រចនាសម្រាប់ Southeast Asia Globe
មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនេះ ស្ថិតនៅក្នុងព្រៃដែលកំពុងត្រូវបានពិចារណាសម្រាប់ការអភិវឌ្ឍ។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ហើយត្រូវបានគ្រប់គ្រងដោយមានការសហការគ្នា រវាងរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ អង្គការអភិរក្សផ្សេងៗទៀតដូចជា អង្គការ Free the Bears និងអង្គការ Fauna & Flora International បានដំណើរការកម្មវិធីអភិរក្សប្រភេទសត្វជិតផុតពូជ នៅក្នុងមជ្ឈមណ្ឌល ដែលធ្វើឲ្យមជ្ឈមណ្ឌលនេះ ក្លាយជាជម្រករបស់សត្វជាង ១០០០ ក្បាល ហើយត្រូវបានចាត់ទុកថា ជាសួនសត្វដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
អង្គការទាំងនេះ បានទទួលលិខិតមួយកាលពីខែមីនា ពីទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអង្គនីតិប្រតិបត្តិ នៅក្រោមការដឹកនាំផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងលិខិតនោះបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យដោះដូរទីតាំងដី និងអនុញ្ញាតផ្ទេរកម្មសិទ្ធិទីតាំងដីពីរកន្លែង នៃភ្នំតាម៉ៅ “មុនធ្វើការអភិវឌ្ឍ”។
នៅក្នុងលិខិតនោះមិនបានពន្យល់ថា តើនរណានឹងទទួលបានកម្មសិទ្ធីដី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬក៏អំពីប្រភេទនៃការអភិវឌ្ឍដែលបានគ្រោងទុកនោះទេ។
អ្នកស្រី Gauntlett បាននិយាយថា៖ «នេះគឺជាតំបន់បៃតងតែមួយគត់ ដែលមាននៅក្នុងទឹកដីខេត្តទាំងនេះ។ វាពិតជាការគួរឱ្យតក់ស្លុតយ៉ាងខ្លាំង ដែលត្រូវបានដកចេញ។»
អ្នកស្រីអះអាងថា មុនទទួលបានលិខិតនោះ អង្គការមិនបានទទួលការក្រើនរំលឹកណាមួយជាមុនទេ។
«ប្រសិនបើមជ្ឈមណ្ឌលនិងព្រៃឈើជុំវិញត្រូវបានបំផ្លាញ ពួកយើង ជាពិសេសម្ចាស់ជំនួយរបស់យើង ពិតជាតក់ស្លុតយ៉ាងខ្លាំង។»
ទីតាំងដីដោះដូរដែលធំបំផុត មានទំហំ ៥ គីឡូម៉ែត្រការ៉េ។ ខណៈពេលដែលលិខិតនោះ មិនបានបង្ហាញទីតាំងពិតប្រាកដនៅក្នុងភ្នំតាម៉ៅ ក៏នៅមានឯកសារផ្សេងទៀត និងបង្គោលព្រំដីផ្សេងទៀត ដែលចង្អុលបង្ហាញថា ដីនោះនឹងជិតទីតាំងរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។
ការកាប់និងឈូសឆាយព្រៃ ដើម្បីការសាងសង់ នឹងបំផ្លាញជម្រកសត្វព្រៃ ព្រមទាំងរំខានការចូលទស្សនាសួនសត្វ។ ដោយមិនទាន់ដឹងច្បាស់អំពីផែនការទាំងមូល អ្នកស្រី Gauntlett និយាយថា គាត់ជឿជាក់ថា “នៅទីបំផុតមជ្ឈមណ្ឌលនឹងត្រូវផ្លាស់ទីលំនៅ” ។
លិខិតបញ្ជាក់ថា ដីភ្នំតាម៉ៅ ដែលនៅភាគខាងត្បូងនៃខេត្តតាកែវ ត្រូវបានដោះដូរជាមួយនឹងថ្នូរនឹងទីតាំងដី នៅខេត្តឆ្ងាយៗ គឺខេត្តសៀមរាបនៅភាគពាយ័ព្យ និងខេត្តមណ្ឌលគិរីនៅភាគខាងកើត។ ខណៈពេលដែលលិខិតនោះមិនបានបញ្ជាក់អំពីឈ្មោះម្ចាស់ និងផែនការនាពេលអនាគត ប៉ុន្តែលិខិតនោះ បានចុះបញ្ជីព័ត៌មានលម្អិត អំពីថ្នូរជាទ្រព្យសម្បត្តិ ក្នុងការដោះដូរទីតាំងដី។ ក្រៅពីទីតាំងដីដែលដូរនៅកន្លែងផ្សេង អ្នកដោះដូរទីតាំងដីខេត្តតាកែវ នឹងទទួលបាន អគារសម្រាកលំហែដែលមាន៣០បន្ទប់ រថយន្ត SUV ថ្មីមួយគ្រឿង ម៉ូតូចំនួន២០គ្រឿង និងរថយន្ត Ford ចំនួន៩គ្រឿង រួមមានទាំងម៉ូឌែល Raptor និង Ranger។
សំណើនេះក៏ផ្តល់ដីកម្មសិទ្ធិឯកជន ទំហំ៩,៨ ហិកតា ដែលអាច “សាងសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ ជូនមន្ត្រី បុគ្គលិក និងកម្មករចំនួន ៨៥នាក់” នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
អ្នកដែលត្រូវទទួលបន្ទុកលើការដោះដូរទាំងនេះ គឺលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ អ្នកទាំងពីរ គឺមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចាប់ពីខែមីនាដល់ខែឧសភា។
ក្នុងលិខិតដដែលបានប្រកាសថា កម្មសិទ្ធិលើដីនៅក្បែរនោះ ទំហំ៣ គីឡូម៉ែត្រការ៉េ នៅក្នុងទីតាំងដីនៃស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ ដោយកសិដ្ឋានចិញ្ចឹមគោទឹកដោះ គិរីសួគិ៍ នឹងត្រូវផ្ទេរទៅឱ្យអង្គភាពមួយ ដែលគ្មានអ្នកណាស្គាល់។
អ្នកស្រី Gauntlett បាននិយាយថា៖ “វាជាមជ្ឈមណ្ឌលគ្រប់គ្រងដោយរដ្ឋាភិបាល ជាព្រៃគ្រប់គ្រងដោយរដ្ឋាភិបាល។ យើងមិនមែនជាអ្នក ធ្វើការសម្រេចចិត្តទេ”។
“នេះគឺជាកោះធម្មជាតិមួយ នៅចំកណ្តាលនៃនគរូបនីយកម្ម។ ហើយវាត្រូវតែទទួលបានការថែរក្សា មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ… តើការអភិវឌ្ឍគ្មានទីបញ្ចប់ទេឬ? យើងត្រូវការតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស»។
បង្គោលព្រំដី និងដើមឈើដែលមានបាញ់ពណ៌ គូសបញ្ជាក់អំពីទីតាំងដី នៅក្នុងព្រៃភ្នំតាម៉ៅ ដែលត្រូវបានគេជឿជាក់ថា នឹងមានការដោះដូរ។ បង្គោលដីរាប់រយ ដែលកំណត់ព្រំប្រទល់ក្នុងតំបន់ មាននៅរៀងរាល់ចន្លោះរវាង ២០-១០០ម៉្រែត។រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe
ជារួម លោក Marx នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានការស្ទាក់ស្ទើរ ចំពោះការអភិវឌ្ឍណាមួយ នៅក្នុងព្រៃនេះ។ ខណៈដែលលោកបានទទួលស្គាល់ថា ការអភិវឌ្ឍម្តងម្កាលអាចជាការចាំបាច់ លោកបានកត់សម្គាល់ថា «ការអភិវឌ្ឍមិនចាំបាច់ ត្រូវតែមានការបំផ្លាញធម្មជាតិ និងធនធានធម្មជាតិនោះទេ»។
លោក Marx សង្ឃឹមថា ការអភិវឌ្ឍណាមួយដែលជា “ការបង្កើតរមណីយដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាន រួមជាមួយផ្ទះសំណាក់” នឹងបង្កើនឱកាស ចូលមើលសត្វព្រៃ ព្រមទាំងជំរុញការទស្សនាសួនសត្វ កាន់តែច្រើនឡើង។
លោក Marx បាននិយាយថា៖ «នេះនឹងក្លាយជាកិត្តិយសរបស់រដ្ឋាភិបាល ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងគាំទ្រគម្រោងបែបនេះ»។
«ប៉ុន្តែប្រសិនបើគំរោងបច្ចុប្បន្ន គឺជាការបំផ្លាញព្រៃឈើ និងសត្វព្រៃ ដើម្បីសាងសង់ខុនដូខ្ពស់បន្ថែមទៀតវិញ ពួកយើងនឹងប្រឆាំងផែនការនោះ»។
មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់ និយាយជាសាធារណៈ ឬធ្វើការបញ្ជាក់ចំពោះពាក្យចចាមអារ៉ាម ទាក់ទងនឹងផែនការអភិវឌ្ឍនេះទេ។ ប៉ុន្តែភស្តុតាងដែលមាននាពេលនេះ មិនឃើញមានទាក់ទង នឹងគម្រោងផ្ទះសម្រាកលំហែលក្ខណៈធម្មជាតិនោះទេ។
ឯកសារដែលបានចែករំលែក នៅក្នុងអង្គប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងខែឧសភា និងដែលសារព័ត៌មាន Southeast Asia Globe ទទួលបានពីអ្នកចូលរួមម្នាក់ បានបង្ហាញថា ដីទំហំ ៥ គីឡូម៉ែត្រការ៉េ កំពុងស្ថិតក្រោមការពិចារណាសម្រាប់ការដោះដូរទីតាំង ដែលត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញលើ ដោយផ្ទេរពីរដ្ឋ មកជាអចលនទ្រព្យ។ ឯកសារទាំងនោះ មិនបានដាក់ឈ្មោះក្រុមហ៊ុន ឬក្រុមហ៊ុនអភិវឌ្ឍណាមួយឡើយ។
ទោះជាយ៉ាងណាក៏ដោយ សំណុំឯកសារដដែលនេះ បានបង្ហាញថា ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) បានស្នើសុំដីពីរកន្លែងផ្សេងទៀតនៅក្នុងព្រៃ ដែលមានទំហំសរុបប្រហែល ៦,៨ គីឡូម៉ែត្រការ៉េ។
ក្នុងចំណោមឯកសារទាំងនោះ មានបញ្ជីវត្តមានដែលមានមន្ត្រីរដ្ឋាភិបាលចំនួន ១៥ នាក់មកពីក្រសួងចំនួន ៤ ចូលរួមគឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ត្រីចំនួន ១២រូប ក្នុងចំណោមបញ្ជី មិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបានទេ។
លោក ពី ស៊ា ប្រធានការិយាល័យនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងលោក ច័ន្ទសុផា មកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស្រី សំបូរ ជាមេឃុំ កណ្តឹង ថ្លែងដូចគ្នាថា៖ «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់»។
ខណៈដែលមានតម្រុយតិចតួច បំភ្លឺលើផែនការអភិវឌ្ឍនៅក្នុងព្រៃភ្នំតាម៉ៅ ដំណើរការសាងសង់ បានចាប់ផ្តើមនៅព្រំដែនភាគឦសាននៃភ្នំតាម៉ៅ។
ជាប់នឹងព្រំប្រទល់ព្រៃភ្នំតាម៉ៅ ភាគឦសាន មានការដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយ ដែលតំណាងផ្នែកលក់បាននិយាយថា កំពុងដំណើរការដោយក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe
ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគម្រោងអភិវឌ្ឍដីឡូតិ៍ ត្រូវបានដំឡើងនៅលើទីតាំងការដ្ឋានសំណង់ ដែលកំពុងដំណើរការ នៅលើដីឯកជនទំហំប្រមាណ ៣០ ហិកតា មានជាប់ព្រំប្រទល់ជាប់ព្រៃភ្នំតាម៉ៅ។ ទោះបីជា មិនមានទំនាក់ទំនងច្បាស់លាស់ រវាងការអភិវឌ្ឍ និងគម្រោងទៅលើព្រៃ ក៏លោក Marx បានបញ្ជាក់ថា គម្រោងដែល “មិនមានផលល្អដល់បរិស្ថាន” ជាច្រើន នឹងបង្កផលប៉ះពាល់ រាលដាលកាន់តែខ្លាំង ដល់ព្រៃឈើ និងសត្វព្រៃបន្ថែមទៀត។
ស្រដៀងគ្នាទៅនឹងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងសៀវភៅខិត្តប័ណ្ណលក់ដីឡូតិ៍ទាំងនោះ មិនបានដាក់ឈ្មោះអំពីអ្នកអភិវឌ្ឍអចលទ្រព្យនោះទេ។
សៀវភៅខិត្តប័ណ្ណនោះ ផ្សព្វផ្សាយលក់ដីឡូតិ៍ក្នុងតម្លៃ ១១៩ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីដែលនៅជាប់ព្រំប្រទល់តំបន់អភិវឌ្ឍ។
ផ្ទាំងប៉ាណូទាំងនោះមានដាក់ឈ្មោះតំណាងផ្នែកលក់ចំនួន ៥ នាក់ ដែលក្នុងនោះមាន ៣ នាក់បានឆ្លើយថា ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development) ជាអ្នកទទួលខុសត្រូវ លើទីតាំងនេះ។ តំណាងផ្នែកលក់បាននិយាយថា គម្រោងនេះ ត្រូវបានពង្រីកពីទំហំ ២៤ ទៅ ៦០ ហិកតា ប៉ុន្តែដីឡូតិ៍តិចជាង ៣០០នៃឡូតិ៍ចំនួន ១០០០ បានលក់ដាច់។
ខណៈដែលក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប គឺជាក្រុមហ៊ុនពីរ ដែលមានអំណះអំណាងច្បាស់លាស់ ទាក់ទងនឹងទីតាំងដីជុំវិញ និងនៅក្នុងព្រៃភ្នំតាម៉ៅ ប៉ុន្តែសារបង្ហោះលើហ្វេសប៊ុករបស់អាជ្ញាធរកាលពីខែមីនា បានចង្អុលបង្ហាញមួយផ្សេងទៀត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបង្ហោះសារហ្វេសប៊ុកអំពីជំនួបមួយ រវាងមន្ត្រីរបស់សួនសត្វភ្នំតាម៉ៅ និងក្រុមហ៊ុនឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៏សីធី ឯ.ក (China Poipet Satellite City) ដែលជាក្រុមហ៊ុនអភិវឌ្ឍខុនដូ ដើម្បីធ្វើការឆ្លងកំណត់ហេតុដែលក្រុមការងារបានចុះវាស់វែងដីជាក់ស្តែង ស្ថិតនៅតំបន់ភ្នំតាម៉ៅ ដោយមិនបង្ហាញពីទីតាំង ឬគោលបំណងនោះទេ។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីខេត្ត ដែលត្រូវបានដាក់ស្លាកក្នុងប្រកាសនោះ រួមមានឈ្មោះ លោក អ៊ូច ភា លោក ឈឿយ រឿន និងលោក ញ៉ិប ស្រ៊ន សុទ្ធតែមិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ ទាក់ទងនឹងកិច្ចប្រជុំនេះ។
ដោយមិនមានការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល បញ្ជីឈ្មោះអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលត្រូវបានដឹងថា មានជាប់ពាក់ព័ន្ធនឹងភ្នំតាម៉ៅ គឺនៅត្រឹងត្រឹមនេះ ៖ ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុនឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៏សីធី ឯ.ក។
លោកស្រី សុខ សារឿន ត្រូវបានចុះបញ្ជីជាប្រធានក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ។ ក្នុងចំណោមលេខទាំងបី ដែលមានក្នុងបញ្ជីពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា គឺមានលេខទូរស័ព្ទមួយខ្សែមិនត្រឹមត្រូវ ខណៈលេខពីរខ្សែទៀតមិនអាចទាក់ទងបាន។
លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជានាយកក្រុមហ៊ុនអចលនទ្រព្យ ឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៍សីធី ក៏ដូចជាក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment ។
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ត្រូវបានដឹកនាំដោយលោក ឃុន ទី លោក ឃុន សេងផេង និងលោក ឃុន សៀ។ លោក ឃុន សៀ មានអចលនទ្រព្យនៅពាសពេញប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធសត្វព្រៃ បានជួបជាមួយរដ្ឋបាលព្រៃឈើ កាលពីពាក់កណ្តាលខែឧសភា កន្លងទៅ ដើម្បីពិភាក្សាអំពីការធ្វើឯកជនភាវូបនីយកម្ម និងការអភិវឌ្ឍនៃព្រៃឈើភ្នំតាម៉ៅ ជាលើកដំបូង។ នេះបើតាមការលើកឡើងរបស់លោក Marx ដោយលោកបានបន្ថែមថា ជំនួបនោះ មិនបានបន្ថែមព័ត៌មាន ណាដែលយកជាការណ៍បាននោះទេ។
លោក Marx បាននិយាយទាក់ទងនឹងកិច្ចប្រជុំនោះ ដែលអាជ្ញាធរអះអាងថាជាការប្រជុំ “ប្រកបដោយភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់” ៖ «គ្មានអ្វីថ្មី បន្ថែមលើព័ត៌មានដែលបានលេចឡើង រួចហើយនោះទេ”។
«រដ្ឋបាលព្រៃឈើបាននិយាយថា វាមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ក្នុងការសម្រេចពីរបៀបនៃការអភិវឌ្ឍនោះទេ»។
នៅក្នុងអំឡុងពេលដែលឈានដល់កិច្ចប្រជុំនោះ មានលិខិតមួយទៀត ដែលចុះហត្ថលេខា ដោយប្រធានរដ្ឋបាលព្រៃឈើគឺលោក កែវ អូម៉ាលីស្ស ផ្ញើទៅកាន់អង្គការដែល ធ្វើការលើការអភិរក្សទាំងនោះ ដោយបានបញ្ជាក់ថា “ទីតាំងដីស្នើសុំផ្ទេរ មិនត្រួតស៊ីគ្នាជាមួយដីទំហំ ៤០០ ហិកតា” ដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វទេ។
លោក Marx បាននិយាយថា លោក កែវ អូម៉ាលីស្ស មិនបានបំភ្លឺបន្ថែម អំពីការអភិវឌ្ឍនៅក្នុងលិខិត ឬកិច្ចប្រជុំនោះទេ តែក្រោយមកលោក អូម៉ាលីស្ស បាននិយាយថា គម្រោងនោះគឺនៅ “ផុតពីដៃរបស់លោក”។
ការដោះដូរដីដោយស្របច្បាប់
ក្រុមអភិរក្សជឿជាក់ថា ព្រៃភ្នំតាម៉ៅ គឺជាតំបន់ការពារធម្មជាតិ យោងតាមច្បាប់ស្តីពីព្រៃឈើ ចេញកាលពីឆ្នាំ២០០២។
លោក Marx បានលើកឡើងថា៖ «ខ្ញុំតែងតែត្រូវបានប្រាប់ថា ព្រៃមួយនេះគឺមានសុវត្ថិភាព។ គឺថា មិនមាននរណាម្នាក់ នឹងទៅប៉ះពាល់ព្រៃភ្នំតាម៉ៅនោះទេ។»
«ខ្ញុំមិនបានប្រាកដចិត្តទាំងស្រុងទេ ថាព្រៃនោះ នឹងមិនត្រូវគេច្បិចយក ម្តងបន្តិចៗ នេះបន្តិច នោះបន្តិច។ ប៉ុន្តែកន្លងមក ខ្ញុំតែងតែគិតថា ភ្នំតាម៉ៅមានសុវត្ថិភាពទាំងស្រុង»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបានគិតថា នឹងមានការអភិវឌ្ឍពេញលេញទៅលើព្រៃទាំងមូលនោះទេ»។
ការសន្មតបែបនេះ គួបផ្សំនឹងកង្វះភាពច្បាស់លាស់របស់រដ្ឋាភិបាល ចំពោះទីតាំងដីជាក់លាក់ ដែលទទួលបានការការពារដោយច្បាប់ បានត្រួសត្រាយផ្លូវឱ្យមានភាពស្របច្បាប់ សម្រាប់ការដោះដូរដីនេះ។
លោក ភាព សុភា ប្រធានកម្មវិធីដីធ្លី និងព្រៃឈើ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានមានប្រសាសន៍ថា លក្ខន្តិកៈពាក់ព័ន្ធទាក់ទងនឹងការធ្វើឯកជនភាវូបនីយកម្មដីរបស់រដ្ឋ គឺច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ ២០០៨ និងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២។
លោកសុភា បានរៀបរាប់ថា ក្រសួងអាចនឹងផ្លាស់ប្តូរការបែងចែក “ដីសាធារណៈរបស់រដ្ឋ ក្លាយជាដីឯកជនរបស់រដ្ឋ នៅពេលដីនោះលែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ជាសាធារណៈ” ដោយលោកន្ថែមថា ព័ត៌មានលម្អិតនៃនីតិវិធីនេះ គឺមិនមានភាពច្បាស់លាស់នោះទេ។
លោក Matt Hunt នាយកប្រតិបត្តិនៃអង្គការ Free the Bears ជាអង្គការអភិរក្សសត្វព្រៃមួយ ដែលផ្តល់ជម្រកសត្វខ្លាឃ្មុំតូចនិងខ្លាឃ្មុំអាស៊ី នៅភ្នំតាម៉ៅ បានមានប្រសាសន៍ថា៖ «រឿងមួយក្នុងចំណោមអ្វីពិសេសនៅភ្នំតាម៉ៅ ក្នុងភាពជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នោះគឺ ការណ៍ដែលវាមានទីតាំងស្ថិតនៅក្នុងព្រៃការពារ ដែលផ្តល់ការការពារបន្ថែម សម្រាប់សត្វដែលនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ»
លោក Hunt បន្តថា៖ «នោះវានឹងមិនមានករណីពិសេសបែបនេះទៀតទេ ប្រសិនបើការអភិវឌ្ឍមួយនេះ នឹងបន្តទៅមុខ»
«តាមការយល់របស់ខ្ញុំ គឺថា ពីមុនវា[ការអភិវឌ្ឍ]មិនអាចទៅរួចតាមផ្លូវច្បាប់នោះទេ ពីព្រោះថានោះគឺជាព្រៃការពារ»។
បន្ទាប់ពីមានសំណើធ្វើឯកជនភាវូបនីយកម្ម និងកង្វះតម្លាភាពនៅក្នុងដំណើរការនេះ បានធ្វើឲ្យក្រុមឃ្លាំមើលបរិស្ថានមួយឈ្មោះ បៃតងវ៉ររៀរស៍ (Baitong Warriors) ដាក់សំណើទៅ កាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតលើ ក្រុមហ៊ុនដែលទទួលបានដីភ្នំតាម៉ៅ។
កាលពីខែមិថុនា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ពីការទទួលសំណើនេះ ប៉ុន្តែមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទេ។
លោក នេត វិបុល ជានាយករងអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប្រទេសកម្ពុជា ក៏បានយល់ស្របដូចគ្នាថា ភ្នំតាម៉ៅ តែងតែត្រូវបាន “ចាត់ទុកថាជាតំបន់ការពារធម្មជាតិ”។ ប៉ុន្តែលោកពន្យល់បន្ថែមថា នេះមិនមែនគ្រាន់តែជាការសន្មតបែបទូលំទូលាយទេ ហើយលោកព្រមទាំងបានលើកឡើងពីផ្នែកជាក់លាក់មួយនៃច្បាប់ព្រៃឈើ មកបង្ហាញ។
ជំពូកស្តីពី សម្បត្តិព្រៃឈើអចិន្ត្រៃយ៍ ចែងថា ព្រៃឈើដែលត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ លំហែកំសាន្ត ឬជាសួនភូតគាម គួរតែត្រូវបាន “រក្សាទុកជាចម្បង ដើម្បីការពារប្រព័ន្ធមជ្ឈដ្ឋាន និងធនធានធម្មជាតិ”។
ខណៈដែលលោក វិបុល មានទំនុកចិត្តថា ភ្នំតាម៉ៅស្ថិត បានបំពេញលក្ខខណ្ឌ ក្នុងប្រភេទព្រៃបម្រុងទុកអចិន្ត្រៃយ៍ យ៉ាងតិចមួយក្នុងចំណោមប្រភេទទាំង៣ក៏ដោយ ប៉ុន្តែនៅមានមាត្រាមួយទៀត ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ក្នុងការរំសាយចំណាត់ថ្នាក់ព្រៃឈើ សម្រាប់អាទិភាពដូចជា “ផ្ទៃដីព្រៃសម្រាប់ផ្ទេរដើម្បីគោលបំណងអភិវឌ្ឍផ្សេងទៀត”។
មិនថាចំណាត់ថ្នាក់ណាមួយក៏ដោយ ច្បាប់តម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សង្គម ចំពោះ “សកម្មភាពចម្បងៗពាក់ព័ន្ធទៅនឹងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អាក្រក់ដល់សង្គមនិងបរិស្ថាន”។
ក្រុមអភិរក្សបាននិយាយថា ពួកគេមិនបានដឹងអំពីការវាយតម្លៃណាមួយនោះទេ។ មន្ត្រីរដ្ឋបាលព្រៃឈើ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយចំពោះរឿងនេះបានទេ។
លោក Pablo Sinovas នាយក អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំប្រទេសកម្ពុជា (Fauna & Flora International) ដែលជាក្រុមអភិរក្សដែលបានដំណើរការ គម្រោងអភិរក្ស និងបង្កាត់ពូជសត្វក្រពើភ្នំ នៅក្នុងមជ្ឈមណ្ឌលនេះ បាននិយាយថា «ខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថា វា [ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សង្គម] ពិតជាត្រូវបានធ្វើឡើងមែន ប៉ុន្តែខ្ញុំមិនដែលបានឃើញវាទេ» ។
លោកបានមានប្រសាសន៍ថា៖ «ភ្នំតាម៉ៅត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដ៏ល្អបំផុតមួយនៅក្នុងតំបន់ តាមរយៈរបៀបដែលសត្វព្រៃត្រូវបានការពារ និងថែរក្សា»។
«ខ្ញុំសង្ឃឹមថា វាមិនមានការផ្លាស់ប្តូរច្រើនទេ ហើយព្រៃឈើនៅតែអាចរក្សាទុកបាន”។
ផលប៉ះពាល់ចំពោះសត្វព្រៃ
អស់រយៈពេលជិតពីរទស្សវត្សរ៍មកហើយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រើប្រាស់ព្រៃការពារជុំវិញ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដើម្បីដោះលែងសត្វដែលត្រូវបានជួយសង្គ្រោះ។
បន្ទាប់ពីទទួលបានដំណឹងអំពីផែនការអភិវឌ្ឍ លោក Marx បានដំឡើងម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១៨ នៅក្នុងតំបន់ភ្នំតាម៉ៅ ដែលលោកជឿថា បង្គោលព្រំដីទាំងនោះ គឺជាគោលដៅនៃការសាងសង់។
លោកបានបន្តថា រូបភាពទាំងនោះ បានផ្តិតយកទិដ្ឋភាពសត្វព្រៃដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងព្រៃ និងបង្ហាញពីសារៈសំខាន់នៃជម្រកសត្វនេះ។
លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដំឡើងម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន នៅក្នុងបរិវេណព្រៃភ្នំតាម៉ៅ ដែលលោកជឿជាក់ថា ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍ។ កាមេរ៉ាថតជាប់សត្វជាច្រើនប្រភេទ។ រូបពីលើឆ្វេងទៅបាតស្តាំ៖ ប្រើសស្បូវ ជ្រូកព្រៃ ប្រើសស្បូវ ខ្លែងឆាបលឿងក្រម៉ៅ ជ្រូកព្រៃ និងសំពោចត្នោត។ រូបថតផ្តល់ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
លោក Marx បាននិយាយថា អង្គការរបស់លោក បានប្រលែងសត្វរាប់រយក្បាល រួមទាំងសត្វមួយចំនួនទៀត ដែលនៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង របស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដូចជា ៖ ប្រើសស្បូវ ឈ្មុសប្រែង និងខ្លាត្រី ក៏ដូចជា សត្វឆ្កែព្រៃ និងស្វាព្រាម ដែល«ងាយរងគ្រោះ» និងសត្វពង្រូល ដែល«ជិតផុតពូជ»។
«យើងដឹងថា ទីតាំងនេះគឺជាកន្លែងដ៏មានតម្លៃ សម្រាប់ការអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជា»។
ព្រះតេជគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានសង្ឃដីកាថា ព្រះអង្គមាននិស្ស័យជិតស្និទ្ធនឹងសត្វជាច្រើនប្រភេទ។ នៅពេលនិមន្តដើរព្រៃនាពេលយប់ ជាញឹកញយ ព្រះអង្គពើបប្រទះនឹងសត្វក្តាន់ធំៗ និងសត្វប្រភេទផ្សេងៗទៀត។ ហើយព្រះអង្គបានដាក់ធុងបាយសម្រាប់ជ្រូកព្រៃ ដែលឧស្សាហ៍រត់ចូលវត្ត។
ព្រះតេជគុណ ផល្លី មានសង្ឃដីកាថា៖ «អាត្មានឹងឈឺចាប់ ប្រសិនបើព្រៃនេះត្រូវបានបំផ្លាញ ព្រោះធម្មជាតិបានជួយមនុស្សច្រើនយ៉ាងណាស់»។
«បើគ្មានព្រៃទេ ជីវិតមនុស្សយើងក៏គ្មានន័យដែរ ព្រោះមិនមានទឹក និងសត្វទៀតទេ»។
ព្រះតេជគុណ ផល្លី ត្រូវបានរដ្ឋបាលខេត្តតាកែវនិមន្តចូលរួមកិច្ចប្រជុំកាលពីខែឧសភា ដើម្បីពិភាក្សាអំពីការដោះដូរដីរវាងរដ្ឋាភិបាល និងវត្ត។ ព្រះតេជគុណ បានឲ្យដឹងថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេ។
«ស្ទើរតែពេញមួយជីវិតរបស់អាត្មា អាត្មាតែងតែរស់នៅព័ទ្ធជុំវិញដោយព្រៃឈើ។ អាត្មាពេញចិត្ត នឹងជីវិតនេះ។ អាត្មាមិនដែលចង់គង់នៅទីក្រុងទាល់តែសោះ។»
«តាមទស្សនៈរបស់អាត្មា អាត្មាចង់រក្សាព្រៃនេះឱ្យគង់ជារៀងរហូត ហើយអាត្មាចង់បានជំនួយ និងការគាំទ្រពីអ្នកទាំងអស់គ្នា។»
ព្រះតេជគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានសង្ឃដីកាថា ព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វជាច្រើនដែលត្រូវបានដោះលែង។ លោកសង្ឃឹមថា ការអភិវឌ្ឍនៅតំបន់នេះ នឹងមិននាំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងជម្រកសត្វព្រៃឡើយ។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe
លោក នៀង នោ ជាប្រជាពលរដ្ឋដែលបានកើតនិងធំដឹងក្តី នៅក្នុងស្រុកតែមួយ រួមនឹងភ្នំតាម៉ៅ បាននិយាយថា ការអភិវឌ្ឍនឹងប៉ះពាល់ដល់សហគមន៍ទាំងមូល។ លោកនោ គឺជាកសិករម្នាក់ ហើយលោកនិងអ្នកជិតខាង តែងតែដើរបេះស្លឹកថ្នឹង ឫស្សី និងដើរដកផ្សិតនៅតាមមាត់ព្រៃ។ លោកបារម្ភថា ការសាងសង់ នឹងអាចនឹងបញ្ចប់សកម្មភាពទាំងនេះ របស់អ្នកភូមិ។
លោក នៀង នោ បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ក្នុងនាមជាពលរដ្ឋម្នាក់។
«ខ្ញុំពិតជាសង្ឃឹមថា [អាជ្ញាធរ] នឹងពិចារណាឡើងវិញ ស្វែងកន្លែងផ្សេងទៀត ដើម្បីអភិវឌ្ឍ ពីព្រោះអត្ថប្រយោជន៍មិនបានទៅដល់ពលរដ្ឋច្រើនទេ»។
ក្រុមអភិរក្សសញ្ជឹងមើលជំហានបន្ទាប់ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍនិងមន្ត្រីរដ្ឋាភិបាល ធ្វើការសម្រេច ចំពោះអនាគតរបស់ព្រៃភ្នំតាម៉ៅ ឲ្យមានភាពច្បាស់លាស់ និងតម្លាភាព ដូចជា ផែនការអភិវឌ្ឍផ្លូវការ និងឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធ។
លោក Marx បាននិយាយថា៖ «នេះជាការតក់ស្លុតណាស់។ ប្រសិនបើព្រៃឈើទាំងមូលត្រូវបានបំផ្លាញ ហើយមានតែខុនដូ និងអគារខ្ពស់ៗជាច្រើនទៀត មកជំនួសតំបន់ធម្មជាតិនេះ។ ខ្ញុំមិនអាចនិយាយតំណាងឲ្យអង្គការ Wildlife Alliance បានទេ ប៉ុន្តែខ្ញុំនឹងប៉ះទង្គិចជាមួយខ្លួនឯងយ៉ាងខ្លាំង ចំពោះប្រតិកម្មរបស់ខ្ញុំ ថាវានឹងទៅជាយ៉ាងណានោះទេ”។
ជាង ២០ ឆ្នាំ នៃការធ្វើការជាមួយសត្វព្រៃនៅក្នុងប្រទេសកម្ពុជា បានបង្រៀនឲ្យលោក Marx យល់ថា នយោបាយនៃកិច្ចការអភិរក្សនៅក្នុងប្រទេសនេះ ត្រូវការចំណុចកណ្តាលមួយ។
លោក Marx បាននិយាយថា៖ «ជាមួយនឹងកំណើនចំនួនប្រជាជនកាន់តែរីកធំឡើង ប្រាកដណាស់ថា នឹងមានការអភិវឌ្ឍ ប៉ុន្តែមិនមែនត្រូវបង្កផលប៉ះពាល់ដល់ធម្មជាតិទាំងស្រុងនោះទេ។
«ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែបំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ»៕
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអង់គ្លេស ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។