តោះធ្វើតេស្តរកមេរោគអេដស៍ទាំងអស់គ្នា ប្រសិនបើអ្នកគិតថា ខ្លួនកំពុងប្រឈមខ្ពស់នឹងការឆ្លង។
កម្ពុជានឹងចាប់ផ្តើមដាក់ប្រតិករធ្វើតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង (HIV self-testing kits) នៅដើមឆ្នាំ ២០២១ នេះ បន្ទាប់ពីត្រូវបានណែនាំ ធ្វើការបង្វឹកដល់គ្លីនិក និងដៃគូសហការ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងមកនេះ។
Focus បានធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ដែលជាប្រធានផ្នែកផ្តល់ប្រឹក្សា និងធ្វើតេស្តនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) អំពីប្រតិករធ្វើតេស្តរហ័សនេះ។ លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី មានបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ អស់រយៈពេលជិត ៣០ឆ្នាំ មកហើយ។
តើអ្វីទៅជាប្រតិករតេស្តរហ័សរកមេរោគអេដស៍ ដោយខ្លួនឯង?
ជាធម្មតា ការធ្វើតេស្តពិនិត្យរកមេរោគអេដស៍ផ្សេងៗ តម្រូវឱ្យមានការជួសឈាម។ ដោយឡែកសម្រាប់ ប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង យើងអាចប្រើប្រាស់អង្គធាតុរាវក្នុងមាត់ ដែលចាំបាច់ត្រូវកៀរលើអញ្ចាញ ហើយបន្ទាប់មកដាក់ចូលក្នុងទឹក Buffter ដែលផ្តល់ជូនក្នុងកញ្ចប់។ ក្នុងរយៈពេល២០នាទីក្រោយមក អ្នកនឹងអាចទទួលលទ្ធផល ហើយអាចបកស្រាយដោយខ្លួនឯងបាន។ ការធ្វើតេស្តនេះ គេអាចធ្វើនៅក្នុងផ្ទះ ឬនៅកន្លែងដែលខ្លួនគិតថា ស្ងប់ស្ងាត់ និងអាចរក្សាឯកជនភាពបាន។ ជាមួយគ្នានេះផងដែរ ប្រសិនបើគិតថា ខ្លួនឯងមិនច្បាស់ ពីការធ្វើរបៀបនៃការធ្វើតេស្តនេះ អ្នកអាចស្វែងរកជំនួយពីអ្នកដែលយល់និងចេះច្បាស់ ហើយព្រមទាំងអាចធានានូវការសំងាត់សម្រាប់ខ្លួនបាន។
តើការប្រើប្រាស់ប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង មានប៉ុន្មានជំហាន?
ក្នុងការធ្វើតេស្តដោយខ្លួនឯង អាចប្រព្រឹត្តទៅបានតាមវិធីសាស្ត្រពីរ។ ទី១៖ យើងអាចធ្វើតេស្ត តាមរយៈការណែនាំអនឡាញ(Online) ហើយទី២៖ យើងធ្វើតាមអ្នកជួយ ដោយមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ដែលជាក្រុមអ្នកស្ម័គ្រចិត្ត (outreach worker) នៅតាមអង្គការ ធ្វើការលើមេរោគអេដស៍។ ដូច្នេះ គេអាចធ្វើតេស្ត តាមការណែនាំដែលមានលើកញ្ចប់ ក៏ដូចជាតាមរយៈគេហទំព័រ khmertest.org ដែលក្នុងនោះរួមបញ្ចូលទាំងការប្រឹក្សា ជំហាននៃការធ្វើតេស្ត និងការអានលទ្ធផលដោយខ្លួនឯង។
ក្នុងករណីបង្ហាញថាមានប្រតិកម្មទៅនឹងមេរោគអេដស៍ អ្នកធ្វើតេស្តគួររាយការណ៍បានទៅក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីទទួលបានព័ត៌មានបន្ថែមលើការធ្វើតេស្តបញ្ជាក់ ហើយទាក់ទងនឹងចំណុចនេះផងដែរ នៅក្នុងគេហទំព័រក៏បានបញ្ជាក់ពីការណែនាំលម្អិត ថាតើគួរទៅកន្លែងណា ឬធ្វើយ៉ាងណា។
តើប្រជាជនកម្ពុជា អាចស្វែងរកទិញប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង បានដោយរបៀបណា?
យើងអាចរកទិញបាននូវតាមឱសថស្ថាននានា។ ដោយឡែកនាពេលបច្ចុប្បន្ន គឺពុំទាន់ដាក់លក់នៅឡើយទេ ដោយកំពុងស្ថិតនៅក្នុងដំណាក់កាលចុះបញ្ជីជាមួយរដ្ឋាភិបាលនៅឡើយ។ យើងរំពឹងទុកថា នៅដើមឆ្នាំ២០២១ ប្រជាជនកម្ពុជាអាចស្វែងរកទិញប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង បានយ៉ាងទូលំទូលាយ។ យ៉ាងណាមិញ សម្រាប់គម្រោងនេះ យើងចាប់ផ្ដើមដំណើរការគម្រោងនេះ នៅតាមសហគមន៍មុន និងអង្គការមិនមែនរដ្ឋាភិបាល(NGO) ដែលមាននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង។ សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ អាចទទួលបានប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង ដោយមិនអស់ថវិកានៅតាម អង្គការដៃគូធ្វើតេស្តរកមេរោគអេដស៍ រួមមានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD), Men’s Health Cambodia (MHC), KHANA, គ្លីនិកឈូកស(Chhouk Sar clinic), អង្គការ Friends-International ជាដើម។
តើប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង មានតម្លៃថ្លៃដែរឬទេ?
ប្រតិករមានតម្លៃប្រហែលជា ២០,០០០រៀលក្នុងមួយតេស្ត ឬកញ្ចប់ នៅពេលដាក់លក់នៅទីផ្សារ។
តើលទ្ធផលតេស្តទទួលបានពីការធ្វើតេស្តដោយខ្លួនឯងនេះ អាចជឿជាក់បានដល់កម្រិតណា?
ប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង ទទួលបានការធានាបញ្ជាក់ពីគុណភាពរបស់អង្គការសុខភាពពិភពលោក(WHO)។ ភាពជឿជាក់របស់ប្រតិករនេះនៅចន្លោះ ៩៩.៣% និង ៩៩.៦% ហើយភាពជាក់លាក់មានរហូតទៅ ៩៩.៨%។ ក្នុងករណីដែលកុងត្រូលមិនដើរ ឬមិនចេញអ្វីទាំងអស់ យើងត្រូវស្វែងរកគ្លីនិកដែលនៅជិតដើម្បីធ្វើតេស្តបញ្ជាក់ ឬប្រើប្រាស់នូវកញ្ចប់ថ្មី។
តើលោកមានសារអ្វីណែនាំ ទៅកាន់អ្នកដែលចង់ប្រើប្រាស់ប្រតិករធ្វើតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង?
ខ្ញុំសូមសំណូមពរដល់អ្នកដែលប្រឈមមុខខ្ពស់ និងអ្នកដែលគិតថាប្រហែលជាបានឆ្លងមេរោគអេដស៍ គួរតែរូតរះធ្វើតេស្តឱ្យបានលឿនបំផុត ដើម្បីការពារការឆ្លងនិងការព្យាបាលទាន់ពេល។ មុនហ្នឹងប្រើប្រាស់ប្រតិករតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯង យើងគួរត្រៀមចិត្តឱ្យហើយ ទទួលយកលទ្ធផល និងយល់ច្បាស់ពីរបៀបនៃការអានលទ្ធផលតេស្ត ដើម្បីជៀសវាងការយល់ច្រឡំ ព្រមទាំងភាពភ័យខ្លាច។ ប្រសិនបើឆ្លងមេរោគអេដស៍ យើងមិនស្លាប់នោះទេ ឱ្យតែទៅទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
កំណត់និពន្ធ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីកំណត់ប្រវែងអត្ថបទ និងភាពត្រឹមត្រូវ។