ការរើសអើងលើអ្នកឆ្លងមេរោគអេដស៍នៅបន្តមាននៅក្នុងសង្គមកម្ពុជា។ តើកម្ពុជាមានវិធានការណ៍អ្វីខ្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍?
ប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បានពួតដៃគ្នាប្រឹងប្រែងធ្វើការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍។ កម្ពុជាក៏បានក្លាយជាប្រទេសមួយ ក្នុងចំណោម៧ប្រទេសក្នុងសកលលោក ដែលបានឈានទៅដល់គោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧។
យោងទៅតាមអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍(UNAIDS) បានឱ្យដឹងថា គោលដៅ ៩០-៩០-៩០ សំដៅទៅលើ ៩០% នៃអ្នកដែលរស់នៅជាមួយមេរោគអេដស៍ ដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន (HIV status) ៩០%នៃអ្នកដែលបានឆ្លងមេរោគអេដស៍ទទួលការព្យាបាល (antiretroviral therapy) និង៩០%នៃអ្នកដែលបានទទួលការព្យាបាលនឹងមានមេរោគនៅក្នុងខ្លួនស្ថិតក្នុងកម្រិតមិនលេចចេញ (viral suppression)។
ទោះបីជាទទួលបានជោគជ័យខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍យ៉ាងណាក៏ដោយ សមរភូមិនេះនៅមិនទាន់ចប់នៅឡើងនោះទេ។ ក្នុងគោលបំណងបន្តឈានទៅដល់ គោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥ខាងមុខនេះ នាពេលថ្មីៗ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការណ៍ជាមួយ UNAIDS និងGlobal Fund ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេសពីគម្រោង EpiC របស់អង្គការ FHI360 ឧបត្ថម្ភដោយ USAID បាននាំចូលប្រតិករធ្វើតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯងមកប្រទេសកម្ពុជា ដើម្បីបង្កើនចំនួននៃអ្នកធ្វើតេស្តរកមេរោគអេដស៍។
ការនាំចូលប្រតិករធ្វើតេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯងមកប្រទេសកម្ពុជា គឺជាកិច្ចប្រឹងប្រែងបន្ថែម ពីលើការផ្តល់កន្លែងធ្វើតេស្តរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាពនានា សេវាធ្វើតេស្តរកមេរោគអេដស៍តាមរយៈការចុះផ្ទាល់ក្នុងសហគមន៍ និងតាមអង្គការដៃគូរនៅគ្រប់ខេត្តក្រុង រួមមានគ្លីនិកឈូកស អង្គការរ៉ាក់(RHAC) អង្គការ KHANA ជាដើម។
អង្គការUNAIDS បានឱ្យដឹងថា ការដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន តាមរយៈធ្វើតេស្តរកមេរោគអេដស៍ អាចជួយកាត់បន្ថយអត្រានៃការឆ្លងពីបុគ្គលមួយ ទៅបុគ្គលមួយ និងអាចជួយសង្គ្រោះជីវិតរបស់ខ្លួនបាន ដោយមានការទទួលសេវាព្យាបាលទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏អាចធានាបាននូវការលុបបំបាត់ការឆ្លងពីម្តាយទៅទារកផងដែរ។
លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ដែលជាប្រធានផ្នែកផ្ដល់ប្រឹក្សា និងធ្វើតេស្តនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានឱ្យដឹងថា ប្រដាប់ធ្វើតេស្តរកមេរោគដោយខ្លួនឯងនេះ ត្រូវបានមើលឃើញថា នឹងជំរុញឱ្យក្រុមប្រឈម រួមមាន ក្រុមបុរសស្រឡាញ់បុរស អ្នកបម្លែងភេទ ស្រ្តីបម្រើសេវាកម្សាន្ត និងអ្នកចាក់គ្រឿងញៀន ក៏ដូចជាប្រជាជនដ៏ទៃទៀត ដែលកំពុងស្ថិតនៅស្ថានភាពប្រឈមខ្ពស់ ហើយពិបាកជួប ស្វះស្វែងក្នុងការធ្វើតេស្តរកមេរោគអេដស៍។
ក្រៅពីការធ្វើតេស្តរកមេរោគអេដស៍ ក្រុមប្រឈមត្រូវបានអ្នកជំនាញណែនាំឱ្យប្រើឱសថ PrEP ដែលជា ថ្នាំលេបទៀងទាត់ដើម្បីបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម។ ការដាក់ឱ្យប្រើប្រាស់នេះក៏អាចជួយកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍ ដល់ក្រុមប្រឈមខ្ពស់ផងដែរ។
សម្រាប់អ្នកឆ្លងមេរោគអេដស៍ ក្រោយពីទទួលថ្នាំលេបប្រឆាំងមេរោគអេដស៍ បានត្រឹមត្រូវ និងទៀតទាត់គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ចំនួនមេរោគអេដស៍នឹងមានការថយចុះ ហើយអត្រាចម្លងទៅអ្នកដទៃមានកម្រិតទាប។
បញ្ហាដែលកើតឡើងនាដំណាក់កាលនេះ គឺការប្រើប្រាស់ឱសថមិនបានទៀតទាត់ ដែលបង្កឱ្យ មេរោគដែលមានអាចស៊ាំទៅនឹងថ្នាំ ហើយចំនួនមេរោគនឹងមិនថយចុះ ដែលនាំឱ្យការចម្លងខ្ពស់ឡើងវិញ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “ប្រជាជនគួរយល់ដឹងថា ប្រសិនបើខ្លួនឆ្លងមេរោគអេដស៍ អ្វីៗគ្រប់យ៉ាងនឹងមិនបញ្ចប់ត្រឹមនេះទេ។ អ្នកដែលបានឆ្លងមេរោគ ហើយទទួលការព្យាបាលនិងការថែទាំឱ្យបានទាន់ពេលវេលា នោះអ្នកនឹងអាចរស់នៅ និងធ្វើការបានជាធម្មតា។”
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ទោះបីជាមានការកាត់បន្ថយមេរោគក្នុងឈាមក៏ដោយ យើងមិនអាចធានាការមិនចម្លងបាន ១០០% នោះទេ។ លោកណែនាំឱ្យប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទ ជាពិសេសអ្នកដែលមានដៃគូររួមភេទច្រើន។ ដូច្នេះ ការប្រើប្រាស់ស្រោមអនាម័យ ជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងកាមរោគ។
លោកក៏បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា លុបបំបាត់ការរើសអើងលើអ្នកដែលផ្ទុកមេរោគអេដស៍ ក៏ដូចជាក្រុមប្រឈមខ្ពស់ ដើម្បីជួយសម្របសម្រួលដល់ការទទួលព័ត៌មាន លើការពារការឆ្លងមេរោគអេដស៍ឱ្យបានទូលំទូលាយ និងជំរុញឱ្យមានការធ្វើតេស្តឈាមកាន់តែច្រើន៕