តើការទទួលបានតំណែងដ៏ខ្ពស់ ដែលមិនធ្លាប់មានពីមុនមកសម្រាប់ស្ត្រី នៅក្នុងប្រទេសដ៏មានភាពចម្រុះជាតិសាសន៍ខ្លាំងមួយនេះ មានអត្ថន័យយ៉ាងណាដល់ស្ត្រីឬក្មេងស្រីដទៃទៀត នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា?
អស់រយៈពេលពេញមួយសប្តាហ៍ នាដើមខែវិច្ឆិកា មនុស្សជាច្រើននៅទូទាំងពិភពលោក បានតាមដានយ៉ាងស្វិតស្វាញ អំពីលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ តើអ្វីទៅដែលកំណត់ឲ្យការបោះឆ្នោតមួយនេះ ក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត?
មានចំនួនអ្នកទៅបោះឆ្នោតដ៏ច្រើនបំផុតក្នុងសតវត្សរ៍ចុងក្រោយ គឺ ១៥០ លាននាក់ និងការរាប់សន្លឹកឆ្នោតដែលប្រើរយៈពេលដ៏យូរមួយ បានធ្វើឲ្យមនុស្សទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះតំណែងមេដឹកនាំនៃប្រទេសមហាអំណាច បានទៅលើបុគ្គលណា។
លោក Joe Biden បេក្ខជនប្រធានាធិបតី និងអ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ សុទ្ធតែជាបុគ្គលដែលកំណត់ប្រវត្តិសាស្ត្រអាមេរិក។ លោក Joe Biden គឺជាប្រធានាធិបតីជាប់ឆ្នោតមានអាយុច្រើនបំផុត ខណៈអ្នកស្រី Kamala Harris គឺស្ត្រីដំបូងបង្អស់ដែលនឹងកាន់តំណែងនេះ ហើយអ្នកស្រីក៏ស្ត្រីដែលមានពណ៌សម្បុរ មិនមែនស្បែកស [women of color] ដោយសារមានឪពុកម្តាយជាជនអន្តោប្រវេសន៍ ដែលឪពុកគឺជាជនជាតិហ្សាម៉ាអ៊ីក និងម្តាយគឺជាជនជាតិឥណ្ឌា ដែលមករស់នៅសហរដ្ឋអាមេរិក។
ទស្សនាវដ្តី the New Yorker បានសរសេរអំពីជីវប្រវត្តិរបស់អ្នកស្រីកាលពីពាក់កណ្តាលឆ្នាំ២០១៩ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារបស់បេក្ខជននីមួយៗ ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតី ប្រចាំគណបក្សរបស់ខ្លួន។ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីនេះ អ្នកស្រីបាននិយាយថា ខ្លួនស្ថិតនៅក្នុងចំណាត់ថ្នាក់ទីមួយនៅគ្រប់ទីកន្លែង ដែលខ្លួនបានធ្វើការ គឺ អ្នកស្រី ជាបុគ្គលមានពណ៌សម្បុរដំបូង ជាស្ត្រីដំបូង ជាស្ត្រីមានពណ៌សម្បុរដំបូង។
ដំបូងឡើង អ្នកស្រីមានគោលបំណងចង់ក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់សហរដ្ឋអាមេរិក ប្រជែងនឹងលោក Joe Biden អ្នកស្រី Elizabeth Warren លោក Bernie Sanders ដែលសុទ្ធសឹងជាបេក្ខជនដែលមានប្រជាប្រិយភាព នៅក្នុងគណបក្សប្រជាធិបតេយ្យ។ អ្នកស្រីបានធ្លាក់ចេញពីការប្រកួតជម្រុះ នៅខែធ្នូ ឆ្នាំមុន ប៉ុន្តែបានចាប់ដៃជាមួយលោក Joe Biden នៅដំណាក់កាលឃោសនាចុងក្រោយវិញ។
ក្រោយពីត្រូវបានព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ក្រោយចេញលទ្ធផលរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania និងរដ្ឋ Nevada បេក្ខជនជាប់ឆ្នោតទាំងពីរបានឡើងថ្លែងសុន្ទរកថាអំពីជ័យជម្នះ និងការប្តេជ្ញាចិត្ត នៅទីក្រុង Wilmington រដ្ឋ Delaware។
នៅក្នុងសន្ទរកថានារាត្រីថ្ងៃសៅរ៍នោះ ឃ្លាមួយនេះគឺជាអ្វីដែលសារព័ត៌មានជាច្រើន បានធ្វើសម្រង់សម្តី ទាក់ទងទៅនឹងភាពជាអ្នកដឹកនាំរបស់អ្នកស្រី ៖ «ខ្ញុំអាចជាស្ត្រីដំបូងបង្អស់នៅក្នុងសេតវិមាន ប៉ុន្តែខ្ញុំមិនមែនជាស្ត្រីចុងក្រោយធ្វើការនៅទីនេះនោះទេ។ ដោយសារក្មេងស្រីទាំងអស់ដែលកំពុងទស្សនាអ្វីដែលកើតឡើងនារាត្រីនេះ នឹងមើលឃើញថា ប្រទេសនេះគឺជាដែនដីដែលអ្វីៗសុទ្ធតែអាចកើតឡើងទៅរួច។ [But while I may be the first woman in this office, I won’t be the last. Because every little girl watching tonight sees that this is a country of possibilities.]»។
ឃ្លានោះផងដែរ ត្រូវបានមនុស្សជាច្រើនធ្វើសម្រង់សម្ដី បង្ហាញការគាំទ្រ និងចែករំលែកនៅលើបណ្ដាញសង្គមជាច្រើន។
អ្នកស្រី Kamale Harris បានត្រួសត្រាយផ្លូវ បានជំរុញទឹកចិត្តក្មេងស្រីឯទៀត ឲ្យមានភាពក្លាហាន កំណត់ក្តីសង្ឃឹមខ្ពស់មួយ និងផ្តល់ទំនុកចិត្ត ថាក្តីសង្ឃឹមអាចឈោងទៅដល់។ អ្នកស្រីបានធ្វើជាគំរូ ថាដរាបយើងមានភាពជឿជាក់ នោះយើងនឹងអាចធ្វើបាន។
តើការទទួលបានតំណែងដ៏ខ្ពស់ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសដ៏មានភាពចម្រុះជាតិសាសន៍ខ្លាំងមួយនេះ មានអត្ថន័យយ៉ាងណាដល់ស្ត្រីឬក្មេងស្រីដទៃទៀត នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា?
ច្បាស់ណាស់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនោះ មិនមែនកើតឡើងដោយសារអ្នកស្រីតែម្នាក់នោះទេ។ អ្នកស្រីបានលើកឡើងពីគុណបំណាច់របស់ស្រ្តីអាមេរិកមុនៗជាច្រើន ជាពិសេសស្ត្រីស្បែកខ្មៅ ក្នុងការតស៊ូមតិទាមទារភាពស្មើគ្នាក្នុងសង្គម សិទ្ធិក្នុងការបោះឆ្នោត រហូតដល់មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រាទី១៩ របស់សហរដ្ឋអាមេរិក។
ការណ៍នេះដែរ ក៏ធ្វើឲ្យយើងនឹកដល់ស្ត្រីជាច្រើននៅកម្ពុជា ដែលបានតស៊ូមតិ ដើម្បីភាពស្មើគ្នានៅក្នុងសង្គម។
កាលពីដើមខែតុលានេះ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចូលរួមកិច្ចពិភាក្សា តាមរយៈកម្មវិធីផតខាសមួយ ឈ្មោះថា «អនាគត» ទាក់ទងទៅនឹងតួនាទីស្រ្តីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារបៀបដែលយើងអាចបង្កើតអនាគតមួយ មានសមភាពសម្រាប់ស្រ្តី ក៏ដូចជាការរាប់បញ្ចូលស្ត្រីនៅគ្រប់រាល់សកម្មភាព។
អ្នកស្រី បានលើកឡើងថា ដើម្បីឱ្យបានសង្គមមួយដែលមានភាពស្មើគ្នា គ្រប់គ្នាគួរតែគិតរួចជាស្រេចនៅក្នុងផ្នត់គំនិតរបស់ខ្លួនថា អ្វីៗគឺស្មើគ្នា។ «ពួកយើងមិនគួរគិតថា អូ៎! យើងត្រូវមនុស្សស្រីបន្ថែម ដើម្បីធានាឱ្យមានតំណាងមនុស្សស្រី» ការគិតបែបនេះគឺមិនសមបញ្ចូលនោះទេ តាំងពីដំបូង។
ប៉ុន្តែមុនគេបង្អស់ ស្ត្រីខ្លួនឯង គួរតែឱ្យតម្លៃខ្លួនឯង ជឿជាក់ថាខ្លួននឹងអាចឈានដល់គោលដៅបានសម្រេច៕