ឥឡូវនេះ សិស្សានុសិស្សដែលបានជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កំពុងដាក់ពាក្យចូលរៀនថ្នាក់ឧត្ដមសិក្សាហើយ។ ការងារបន្ទាប់ គួរធ្វើអ្វីខ្លះ ពេលចូលរៀនថ្នាក់សាកលវិទ្យាល័យ ជួបជាមួួយមនុស្សប្លែកមុខ?
ជំងឺកូវីដ១៩បានធ្វើទុក្ខបុកម្នេញលើគ្រប់វិស័យ ហើយជាពិសេសបានបង្អាក់ដល់វិស័យអប់រំយ៉ាងខ្លាំង។ ការរៀនតាមអនឡាញបានក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់បន្តដំណើរការនៃការសិក្សារបស់សិស្សានុសិស្ស នៅគ្រប់កម្រិតថ្នាក់សិក្សា។
Focus សូមណែនាំចំណុចសំខាន់ពីរ គឺការប្រើប្រាស់បច្ចេកវិទ្យា និងជំនាញប្រាស្រ័យទំនាក់ទំនងក្នុងសង្គម សម្រាប់អ្នកដែលនឹងចូលរៀននៅសាកលវិទ្យាល័យនាពេលឆាប់ៗនេះ ដើម្បីឈានមុខគេ ទាំងក្នុងការសិក្សា ក៏ដូចជាបទពិសោធន៍ផ្សេងៗ។
- ការប្រើប្រាស់បច្ចេកវិទ្យា (Technology)
ការសិក្សាសម្រាប់ឆ្នាំនេះ អាចធ្វើឡើងតាមអនឡាញ ឬរៀនក្នុងថ្នាក់ផ្ទាល់។ ទោះបីជាក្នុងករណីណាមួយក៏ដោយ ដើម្បីឱ្យការសិក្សាទទួលបាននូវលទ្ធផលល្អ អ្នកគួរចេះប្រើប្រព័ន្ធអ៊ីនធឺណិត ឱ្យបានស្ទាត់ជំនាញ ដើម្បីធ្វើការស្រាវជ្រាវលើ ជាពិសេសគឺ Google។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរចះប្រើប្រាស់ Google Drive ដែលក្នុងនោះមានតាំងពី Google Docs (ស្រដៀងទៅនឹង Microsoft Word), Google Sheets (Microsoft Excel) និង Google Slides (Microsoft Power Point)។ Google Drive នេះនឹងជួយរក្សាទុកឯកសារនៅក្នុង cloud ងាយស្រួលទាញយក ចៀសវាងការបាត់បង់ដោយសារវីរុស។ ជាមួយគ្នានេះដែរ អ្នកគួរពង្រឹងភាសាបរទេសឱ្យបានខ្លាំង ដូចជាភាសាអង់គ្លេសជាដើម ព្រោះថា ឯកសារភាគច្រើនសរសេរជាភាសាអង់គ្លេស។
ក្នុងករណីដែលមានការរៀនតាមអនឡាញ អ្នកគួរធ្វើការស្វែងយល់ទុកជាមុន ពីមុខងារដែលមាននៅក្នុងកម្មវិធីរៀនតាមអនឡាញមួយចំនួន ដូចជា Zoom, Google Classroom, Google Meet និង Microsoft Teams ព្រោះថាកម្មវិធីទាំងនេះ ទទួលបានការពេញនិយមច្រើននៅថ្នាក់សកលវិទ្យាល័យ ។ នៅពេលរៀនតាមអនឡាញ យល់ល្អ អ្នកគួរមានសៀវភៅ ឬក្រដាសនៅក្បែរខ្លួន សម្រាប់កត់ត្រាចំណុចសំខាន់ៗ ហើយជាពិសេសនោះ ជៀសវាងរៀននៅក្នុងបន្ទប់គេង ព្រោះអាចងាយគេងលក់ មិនបានរៀនអ្វីនោះទេ។
- ជំនាញប្រាស្រ័យទំនាក់ទំនងក្នុងសង្គម (Social Interaction)
ការរៀនតាមអនឡាញ អាចធ្វើឱ្យការបង្កើតមិត្តភាពថ្មី មានភាពលំបាកជាងធម្មតា ពីព្រោះថា មិនដឹងត្រូវចាប់ផ្តើមនិយាយគ្នាតាមណា ឬពេលណានោះទេ។ ដូច្នេះដើម្បីបង្កើតទំនាក់ទំនងរវាងមិត្តរួមថ្នាក់ និងពង្រឹងការសិក្សានៅថ្ងៃអនាគត អ្នកអាចព្យាយាមបង្កើតក្រុមសិក្សា តាមវេទិកាអនឡាញ (group chat) ដើម្បីជួយគ្នាតាមដានកិច្ចការដែលគ្រូដាក់ឱ្យ ក៏ដូចជាជួយគ្នាទៅវិញទៅមកលើចំណុចដែលមិនច្បាស់លាស់ផងដែរ។
នេះជាវិធីមួយសម្រាប់បង្កើនភាពស្និតស្នាលរវាងគ្នាទុកមុន រហូតដល់ពេលចូលរៀននៅក្នុងថ្នាក់វិញ។
ប្រសិនបើអ្នកអាចរៀននៅសាលាដោយផ្ទាល់ ក្រៅពីការផ្តោតលើការសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីទទួលបាននិទ្ទេសល្អ អ្នកគួរពិចារណាលើ សកម្មភាពបន្ថែមមួយចំនួន (ជំនាញទន់ និងការទំនាក់ទំនង) ដើម្បីធ្វើឱ្យបទពិសោធន៍ថ្នាក់ឧត្ដមសិក្សាកាន់តែមានន័យ ហើយអាចត្រៀមខ្លួនអ្នក សម្រាប់ទីផ្សារការងារ បន្ទាប់ពីបញ្ចប់ការសិក្សា។
ការពង្រឹងលើកម្មវិធីសិក្សាបន្ថែម (extra curriculum) ដូចជាការបង្កើតឬចូលរួមក្លឹបសិក្សា (study club) ក្លឹបកីឡា (sport club) និងកម្មវិធីសាលាផ្សេង (school events) អាចជួយពង្រីកបណ្ដាញទំនាក់ទំនងក្នុងជីវិតជានិស្សិត។ ជាពិសេស ប្រសិនបើចង់ទទួលបានបទពិសោធន៍ការងារ អ្នកអាចស្វែងរកការងារក្រៅម៉ោងក្នុងជំនាញរបស់ខ្លួន ការងារហាត់ការ ឬការងារស្ម័គ្រចិត្តណាមួយបាន។
នៅក្នុងវ័យនេះ ការធ្វើដំណើរត្រាច់ចរទាំងក្នុងស្រុកក្តី ក្រៅស្រុកក្តី ក្នុងគោលបំណងកម្សាន្ត (leisure trips) ឬផ្លាស់ប្តូរបទពិសោធន៍សិក្សា (exchange program) មានសារៈសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែទទួលបាន នូវទស្សនវិស័យ និងគំនិតថ្មីៗប៉ុណ្ណោះទេ ហើយវាថែមទាំងអាចជួយពង្រីកចំណេះដឹង និងបង្រៀនអ្នក ឱ្យចេះធ្វើការទំនាក់ទំនងជាមួយមនុស្សផ្សេងៗ។
ជាមួយគ្នានេះផងដែរ អ្នកគួរសន្សំមិត្តភ័ក្ដិឱ្យបានច្រើន ហើយជាពិសេសព្យាយាមស្គាល់សិស្សច្បង ក្នុងមុខជំនាញដូចគ្នា ឬខុសគ្នាក្តី ពីសាលាផ្សេងក្តី ពីព្រោះការរក្សាទំនាក់ទំនងល្អរវាងគ្នា អាចជួយរកការងារឱ្យអ្នកធ្វើបាន នាពេលអនាគត។
វិធីទាំងនេះ ពុំអាចធានាបាននៅបទពិសោធន៍ល្អឥតខ្ចោះនៅថ្នាក់សាកលវិទ្យាល័យនោះទេ។ រសជាតិនៃជីវិតគ្រប់បែបបទ អាចជួយឱ្យអ្នកស្គាល់ខ្លួនឯងបានច្រើនជាងមុន។ សម្រាប់វិធីណែនាំខាងលើ អ្នកទាំងអស់គ្នាអាចធ្វើបានទៅតាមសមត្ថភាព(capacity) ចំណង់ចំណូលចិត្ត(passion) អត្តចរិត(personality) និងពេលវេលា(time zone)របស់ខ្លួន ទើបអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនពិតប្រាកដបានដល់កម្រិតកំពូល។