អារម្មណ៍មួយដែលវិលវល់ និងគ្មានផែនការច្បាស់លាស់សម្រាប់ថ្ងៃខាងមុខ អាចធ្វើឱ្យអ្នកមិនសប្បាយចិត្ត ហត់នឿយនឹងជីវិត ជាពិសេសប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកផ្ទាល់តែម្តង។
ជាក់ស្តែង ការសិក្សាជាច្រើនបានបង្ហាញ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ មិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពផ្លូវកាយប៉ុណ្ណោះទេ វាអាចប៉ះពាល់សុខភាពផ្លវចិត្តរបស់មនុស្សផ្ទាល់តែម្តង ដូចជា ជំងឺស្ត្រេស ការថប់បារម្ភ និងភាពនឿយហត់ជាដើម។
ពិធីសិរីមង្គលរបស់អ្នកដែលបានរៀបចំទុកមុនច្រើនខែត្រូវបានពន្យារពេល ផែនការដែលគ្រោងត្រូវសម្រេចឱ្យបានត្រូវជាបោះបង់ ទម្លាប់នៃការធ្វើការ និងការសិក្សាប្រចាំថ្ងៃ ក៏ត្រូវបានផ្លាស់ប្តូរតាមបែបគន្លងថ្មី។ ហើយពាក្យថា«លទ្ធផលវិជ្ជមាន»ក្លាយជាពាក្យគួរឱ្យខ្លាចរអា ដែលអ្នកមិនចង់ឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយ។ និយាយឱ្យខ្លី វាបានធ្វើឱ្យខាតបង់នូវប្រាក់កាក់ ពេលវេលា ឱកាសតែម្តង។
ជំងឺកូវីដ១៩នេះ នឹងក្លាយជាបទពិសោធន៍មួយ ដែលអ្នកនឹងឆ្លងកាត់នៅក្នុងវត្តសង្សានៃជីវិត ហើយនៅមានរឿងឥតព្រាងទុកជាច្រើនទៀត ដែលអាចកើតមានឡើង។ តើយើងអាចធ្វើអ្វីបានខ្លះ នៅក្នុងស្ថានភាពដែលមិនប្រាកដប្រជាបែបនេះ?
ខាងក្រោមនេះ គឺជាគន្លឺះសំខាន់ៗដែលអ្នកអាចអនុវត្តបាន ដើម្បីជួយគ្រប់គ្រងខ្លួនឯងនៅពេលប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ណាមួយ៖
ធ្វើតាមដែនសមត្ថភាពរបស់ខ្លួន
មានរឿងរ៉ាវជាច្រើន ដែលអ្នកមិនអាចគ្រប់គ្រងឬបញ្ជារបានដោយខ្លួនឯងនោះទេ។ ជាក់ស្តែងការរីករាលដាលនៃជំងឺកូវីដនេះជាដើម វាតម្រូវឱ្យកត្តាចូលរួមជាច្រើន ដើម្បីទប់ទល់នឹងបញ្ហានេះ។ ប៉ុន្តែអ្វីដែលធ្វើបាន គឺអនុវត្តអ្វីដែលស្ថិតនៅក្នុងដែនសមត្ថភាពរបស់ខ្លួន។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យការការរីករាលដាលនេះឆាប់បញ្ចប់ អ្នកគួរធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលជាដើម។ប្រសិនបើអ្នកបាត់បង់ការងារ អ្នកអាចឆ្លៀតយកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ឬស្វែងរកការងារថ្មីទៀត ដែលអ្នកចង់ធ្វើជាយូរមកហើយ។
ការធ្វើសកម្មភាពត្រឹមដែនសមត្ថភាពរបស់ខ្លួននេះ អាចជួយបង្វែរអាកប្បកិរិយា និងអារម្មណ៍ឆ្លើយតបចំពោះភាពអវិជ្ជមានទាំងឡាយរបស់អ្នក មកជាដំណោះស្រាយដែលមានអត្ថប្រយោជន៍វិញ។
ស្វែងរកភាពច្បាស់លាស់
អ្អ្នកអាចកាត់បន្ថយអារម្មណ៍ស្មុគស្មញនេះ ដោយថយក្រោយមួយជំហាន ដើម្បីមើលឃើញពីជ្រុងម្ខាងទៀតនៃបញ្ហាដែលអ្នកកំពុងជួបប្រទះ។ អ្នកអាចធ្វើការប្រឹក្សាជាមួយ មិត្តភក្កិ បងប្អូន និងអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នា នៅពេលជួបស្ថានភាពណាមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រពិចស្រពិល។ អ្នកគួរព្យាយាមរក្សាទម្លាប់ការងារ និងទំនាក់ទងល្អជាមួយអ្នកជុំវិញខ្លួនទោះបីជាអ្នកអាចនៅតែក្នុងផ្ទះក្តី។
ការធ្វើបែបនេះ វាអាចជួយពង្រីកការគិតរបស់អ្នក ហើយអ្នកអាចធ្វើការប៉ាន់ស្មានទៅលើស្ថានភាពនៅពេលខាងមុខ ដែលអាចភាពច្បាស់លាស់ មិនមែនមកពីគំនិតខ្លួនឯងតែម្នាក់។
បើកចិត្តទទួលយកភាពមិនច្បាស់លាស់
គួរចងចាំថា ការជួបប្រទះបញ្ហាគឺជារឿងធម្មតានៃជីវិតមនុស្ស។ ហេតុនេះ អ្នកគួរមានភាពក្លាហានទទួលយកវា។ម្យ៉ាងទៀត អ្នកអាចចំណាយពេលទៅធ្វើការងារណា ដែលជួយឱ្យខ្លួនមានភាពរីករាយ និងជួយឱ្យទំនាក់ទំនងអ្នកជាមួយគ្រួសារកាន់តែមានប្រសើរជាងមុនពីព្រោះពេលនេះ មនុស្សម្នាក់អាចទទួលរងអារម្មណ៍ប៉ះពាល់ខុសៗពីគ្នា។ ការចំណាយពេលទៅលើអ្វីដែលអ្នកចូលចិត្ត និងជាមួយមនុស្សជាទីស្រលាញ់ អាចឱ្យអ្នកបំភ្លេចចោលនូវអារម្មណ៍មិនសប្បាយចិត្ត និងអាចផ្តល់ការគាំទ្រគ្នាទៅវិញទៅមកបាន។
ផ្តោតសំខាន់លើបច្ចុប្បន្នកាល
នៅពេលដែលអ្នកមើលទៅមុខឆ្ងាយពេក វាអាចធ្វើឱ្យអ្នកភ្លេចខ្លួនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ជាពិសេសនៅពេលដែលអនាគតកាន់តែស្រពេចស្រពិល អ្នកកាន់តែស្ត្រេស និងតប់ប្រមល់។ អ្នកអាចកាត់បន្ថយអារម្មណ៍រវើរវាយទាំងនេះ ដោយការធ្វើសមាធិ លំហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងទទួលទានអាហារឱ្យបានទៀងទាត់វិញល្អជាង ពីព្រោះសកម្មភាពទាំងនេះ នឹងជួយអ្នកផ្តោតអារម្មណ៍បានល្អចំពោះបច្ចុប្បន្នភាព។ គួរចងចាំថា ជីវិតរបស់អ្នក កំពុងរស់នៅបច្ចុប្បន្នកាល មិនមែនអនាគតនោះទេ៕