មនុស្សគ្រប់ៗរូបតែងតែមានភាពភ័យខ្លាចខុសគ្នាៗ។ ក្នុងនោះ ភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ភាគច្រើនជាអ្វីដែលមនុស្សខ្លាច។ ក៏ប៉ុន្តែ តាមពិតទៅវាជាអ្វីដែលយើងទាំងអស់អាចយកឈ្នះបាន។
បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទន្ទឹមគ្នានឹង ជាស្ថាបនិក Vibrance Public Speaking Training និងជា Area Director នៃ Toastmaster Club។ មុននឹងឈានដល់ចំណុចនេះ យុវជន មាន វិបុលវិរៈចាប់ផ្តើមសិក្សាស្វែងយល់ពីការនិយាយជាសាធារណៈពីចំណុចសូន្យ។
វិរៈ ចាប់ផ្តើមដឹងថាខ្លួនមានភាពភ័យខ្លាច ក៏ដូចជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការនិយាយជាសាធារណៈ កាលពីខ្លួនមានអាយុ១៤ឆ្នាំ នៅពេលដែលខ្លួនត្រូវបានគ្រូជនជាតិបរទេសម្នាក់ចាត់ ឲ្យឡើងសង្ខេបរឿងនិទាន នៅមុខមិត្តរួមថ្នាក់ជាង៣០នាក់ នៅក្នុងថ្នាក់សិក្សាភាសាអង់គ្លេសឯកជនមួយនៅក្រុងតាខ្មៅ។
វិរៈ ចាត់ទុកបទពិសោធន៍ខាងលើ ជាការនិយាយជាសាធារណដំបូងរបស់ខ្លួន ព្រោះខ្លួនមិនធ្លាប់និយាយក្នុងទម្រង់បែបនេះ និងមិនដែលទទួលបានការហ្វឹកហាត់
ទាក់ទងនឹងគន្លឹះ ឬវិធីនិយាយបែបនេះពីមុនក្នុងការសិក្សាកន្លងមក ទាំងចំណេះដឹងទូទៅខ្មែរ និងអង់គ្លេស។
ដោយមិនបានដឹងពីរបៀបរៀបចំខ្លួន បូករួមជាមួយនឹងការគិតថា វាគ្រាន់តែជាការឡើងនិយាយធម្មតា។ ការឡើងសង្ខេបរឿង ដែលវីរៈចាត់ទុកថាជាការឡើងនិយាយជាសាធារណៈដំបូងរបស់ខ្លួន មិនប្រព្រឹត្តទៅ ដោយរលូតនោះទេ។
ពេលដើរឡើងទៅឈរនៅមុខក្តារខៀន ក្រោយពេលត្រូវបានគ្រូហៅឈ្មោះ វីរៈនៅតែមិនគិតថាការសង្ខេបនេះជារឿងដែរខ្លួនធ្វើមិនបាននោះទេ។ ប៉ុន្តែ ពេលដើរទៅដល់ចំណុចដែលខ្លួនត្រូវឈរនិយាយ វិរៈបានត្រឹមតែអោនមុខចុះក្រោម មិនហ៊ានសម្លឹងមើលទៅមិត្តរួមថ្នាក់ដែលកំពុងចងក្រសែភ្នែកមកចំខ្លួន និងមិនដឹងថា គួរចាប់ផ្តើមនិយាយយ៉ាងដូចម្តេចនោះទេ។
អាការៈដែលវីរៈជួបប្រទះខាងលើ ជាអាការៈដែលចង្អុលបង្ហាញថា បុគ្គលម្នាក់នោះមាន
ភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ (Public Speaking Fear)។ ត្រឡប់ទៅគិតពីទិដ្ឋភាពនោះឡើងវិញ វិរៈគិតថាវាមានកត្តា២ដែលធ្វើឱ្យខ្លួនមិនទទួលបានជោគជ័យនាពេលនោះ គឺ ការដែលខ្លួនខ្លាចអ្នកដទៃវាយតម្លៃ និង ខ្លាចបង្កើតកំហុសផ្សេងៗ។
កត្តាដែលវីរៈលើកឡើងសុទ្ធតែជាឫសគល់ដែលធ្វើឲ្យមនុស្សមានភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ។ ការស្រាវជ្រាវមួយចំនួនបានចង្អុលបង្ហាញថា ភាពភ័យខ្លាចការនិយាយបែបនេះកើតចេញមកពី
ការខ្លាចខ្មាសគេ ការត្រូវបានគេវាយតម្លៃ និង ការបដិសេធ។
«ពេលហ្នឹងខ្ញុំខ្មាសលោកគ្រូ ហើយនឹងមិត្តរួមថ្នាក់។ ដូចនេះ ខ្ញុំមានកូនគំនិតតូចមួយចង់ធ្វើឱ្យវាប្រសើរឡើង។ «ហើយខ្ញុំគិតថាវាល្អប្រសិន បើយើងចេះនិយាយក្នុងទម្រង់បែបនេះ។»
ចាត់ទុក បទពិសោធន៍ខាងលើជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ខ្លួន និង ចំណុចចាប់ផ្តើមនៃការស្រឡាញ់ការនិយាយជាសាធារណៈ វីរៈមានឆន្ទៈមោះមុតក្នុងការ
យកឈ្នះភាពភ័យខ្លាចមួយនេះ ដោយចាប់ផ្តើមសិក្សាស្វែងយល់ពីជំនាញមួយនេះដោយស៊ីជម្រៅ តាមរយៈការសម្រេចចិត្តចូលការប្រកួតនិយាយ (Speaking Contest) មួយ និងបន្តដោយការចុះឈ្មោះជាសមាជិករបស់ Toastmaster Club Cambodia។
នៅទីនោះ វីរៈទទួលបាន ការដុះខាត់សមត្ថភាពលើ ការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ជំនាញសរសេរសុន្ទរកថា ការធ្វើបទបង្ហាញជាក្រុម និងការកសាងទំនុកចិត្ត និងជាពិសេស គឺមិត្តភាពថ្មីៗជាមួយយុវជន ដែលមានឆន្ទៈ និងចក្ខុវិស័យដូចគ្នា។ លើសពីនេះ វីរៈ មានឱកាសបានទៅតាមបណ្ដាប្រទេសនៅអាស៊ីជាច្រើនលើក ដើម្បីចូលរួមកម្មវីធីប្រកួតនិយាយជាសាធារណៈផងដែរ។
នៅពេលសួរពីគន្លឹះដើម្បីអភិវឌ្ឍសមត្ថភាពការនិយាយជាសាធារណៈសម្រាប់យុវជនជំនាន់ក្រោយលោកគិតថា យុវជនត្រូវចេះបង្កើតឱកាសក្នុងការនិយាយសម្រាប់ខ្លួនឯង និងការចាប់ផ្តើមកែប្រែ
ទម្លាប់នៃការពឹងផ្អែកលើបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ។
«ការនិយាយជាសាធារណៈប្រៀបបាននឹងការហាត់ប្រាណយកសាច់ដុំដែរ។ ហើយត្រូវ maintainវាដោយការpracticeរាល់ថ្ងៃ។» លោកបានបន្តថា៖ «ខ្ញុំគិតថាពេលខ្លះយុវជនយើងបច្ចុប្បន្នចូលចិត្តទាក់ទងគ្នាតាមអនឡាញជាងនិយាយផ្ទាល់មាត់។ ចំណុចនេះក៏អាចធ្វើឲ្យពួកគាត់មិនស៊ាំនឹងការនិយាយមុខមនុស្សដែរ។ ដូចនេះ ពួកគាត់គួរតែចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នេះបន្តិចម្តងៗ ដោយការងាកមកនិយាយផ្ទាល់មាត់ជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើនជាងមុន។»
ទន្ទឹមនឹងនេះ លោកគិតថាយុវជនក៏មិនគួរភ្លេចនូវការពីការស្រាវជ្រាវពីគន្លឹះនានាតាមអ៊ីនធឺណិត ហើយជាពិសេសលោកលើកទឹកចិត្តឲ្យយុវជនចេញទៅក្រៅដើម្បីជួបមនុស្សថ្មីៗដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ក្នុងនោះ ការចូលរួមក្នុងក្លឹបហ្វឹកហាត់ការនិយាយជាសាធារណៈជាសកម្មភាពមិនគួរមើលរំលងមួយ។ ព្រោះយុវជននឹងមានឱកាសក្នុងការជួបមនុស្សថ្មីៗ បានរៀនសូត្រពីអ្នកជំនាញដែលមានបែបផែនច្បាស់លាស់៕
អត្ថបទដោយ៖ បូរិន សុភាវុទ្ធី
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី២ របស់យើងគឺដែលនិយាយអំពី៖ «គ្រាន់តែនិយាយ ម៉េចបានខ្លាច?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz