ការសួរសំណួរ ជាបំណិនជីវិតមួយយ៉ាងសំខាន់ ដែលអាចជួយ អ្នកទទួលបាននូវចំណេះដឹងថ្មីៗ។ ជាពិសេស វាអាចផ្តល់ភាពងាយស្រួល សម្រាប់ការប្រាស្រ័យទាក់ទង នៅក្នុងជីវិតប្រចាំថ្ងៃថែមទៀតផង។
នៅពេលដែលអ្នកមានចម្ងល់ ឬមន្ទិលសង្ស័យអ្វីមួយ វាជាហេតុផលមួយដែលល្អបំផុតសម្រាប់អ្នក ក្នុងការសួរសំណួរ។ទម្លាប់នៃការសួរមានសារ:សំខាន់ណាស់ ក្នុងការពង្រីកការយល់ដឹងរបស់អ្នក និងជួយអ្នកទទួលបាននូវបទពិសោធន៍ថ្មីៗ។ ហើយវាជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្កើនទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន និងដុសខាត់ភាពក្លាហានរបស់ខ្លួន ក្នុងការនិយាយជាដើម ដូចពាក្យចាស់ខ្មែរតែងពោលថា «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់»។
សម្រាប់យុវវ័យ ការរៀនចេះសួរ ចេះឆ្ងល់ បានដើរតួយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តអោយពួកគេ មានទម្លាប់ចូលរួមការពិភាក្សានៅក្នុងសាលារៀន ក៏ដូចជាបង្កើតឱ្យមានកិច្ចដេញដោលពិភាក្សា ពីបញ្ហាដែលមាននៅក្នុងសង្គម ក៏ដូចជាការបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងជីវិតរបស់នៅប្រចាំថ្ងៃ និងសង្គមទាំងមូលផងដែរ។
ប៉ុន្តែការបង្កើតសំណួរដើម្បីសួរទៅកាន់បុគ្គលណាម្នាក់ ពិសេសជាលក្ខណ:សាធារណ:
មិនមែនជារឿងងាយស្រួល ពីព្រោះពេលខ្លះអ្នកក៏ត្រូវការភាពក្លាហាន និងតិចនិកក្នុងការ
សួរសំណួរឲ្យត្រូវចំចំណុចដូចគ្នា។
ហេតុនេះ តើយើងគួរធ្វើដូចម្តេចដើម្បីប្រាកដថា នៅពេលដែលអ្នកចង់សួរសំណួរអ្វីមួយ អ្នកនឹងអាចទទួលបាននូវចម្លើយមួយ ដែលមានសារប្រយោជន៍ត្រឡប់មកវិញ ហើយមិនផ្តល់ផលវិបាកដល់ខ្លួន និងអ្នកដទៃ?
ក្បាច់បុរាណរបស់អ្នកកាសែត
ដើម្បីទទួលបានព័ត៌មានបន្ថែមពីអ្វីមួយ អ្នកអាចចាប់ផ្តើមចេញពីកម្រងសំណួរចំនួន ៦ ដែលភាសាអង់គ្លេសគេតែងតែហៅថា 5W+1H (What, Who, Where, When, Why and How)។ អ្នកអាចផ្តើមសួរងាយៗដូចជា តើនរណា អ្វីទៅជា/មានអ្វីកើតឡើង ហេតុអ្វី នៅទីណា នៅពេលណា ធ្វើយ៉ាងដូចម្តេច ជាដើម។
កម្រងសំណួរទាំងនេះអាចមើលទៅមានភាពសាមញ្ញ ប៉ុន្តែវាអាចឱ្យអ្នកទទួលបាននូវព័ត៌មានសព្វជ្រុងជ្រោយ អំពីប្រធានបទពីអ្វីមួយ ដោយមិនបាច់ចំណាយពេលច្រើនរៀបឃ្លោងឃ្លាសួរវែងឆ្ងាយ។ ហើយនេះក៏ជាតិចនិកដែលអ្នកកាសែត និងអ្នកចៅក្រមផ្សេងៗតែងតែយកមកប្រើប្រាស់ ដើម្បីសិក្សាស្វែងយល់ និងស៊ើបអង្កេត ពីបញ្ហាអ្វីមួយដូចគ្នាដែរ។
កំណត់គោលបំណងសួរ និងសួរឱ្យចំមនុស្ស មុននឹងសួរសំណួរទៅកាន់នរណាម្នាក់ អ្នកគួរតែច្បាស់ជាមួយខ្លួនឯងថា តើសំណួរដែលអ្នកសួរនេះ ក្នុងគោលបំណងអ្វី ហើយវាជាប់ទាក់ទងនឹងប្រធានបទដែរឬទេ? អ្នកសួរដើម្បីស្រាយចម្ងល់ សួរដើម្បីដេញដោល សួរដើម្បីរកព័ត៌មានបន្ថែម ឬគ្រាន់តែសួរដើម្បីបង្កើតឱ្យមានកិច្ចសន្ទនា?
នៅពេលដែលអ្នកដឹងច្បាស់ពីគោលបំណងនៃការសួរ វាធ្វើឱ្យមានភាពងាយស្រួល ក្នុងការសម្រួចសំណួររបស់អ្នក ឱ្យងាយស្រួលយល់ ច្បាស់លាស់ និង មានឥទ្ធិពល ស្របពេលដែលអ្នកឆ្លើយក៏មានភាពងាយស្រួលក្នុងការផ្តល់ចម្លើយមួយ ដែលមិនចាកប្រធានដូចគ្នា។
ចំណុចសំខាន់មួយទៀតនោះគឺ ការស្វែងរកមនុស្ស ឬប្រភពដែលអាចឆ្លើយសំណួររបស់អ្នក គឺជារឿងសំខាន់ណាស់។ ពេលខ្លះ ទោះបីជាអ្នកមានសំណួរល្អកម្រិតណាក៏ដោយ ប៉ុន្តែបើអ្នកសួរខុសមនុស្ស វាមិនស្មើនឹងសំណួរគ្មានចម្លើយ ខាតពេលវេលា ហើយអ្នកដែលឆ្លើយគ្រាន់តែឆ្លើយឱ្យរួចនោះទេ។
អ្នកអាចពិចារណាទៅលើប្រភេទនៃប្រធានបទ ថាតើវាស្ថិតនៅដែនសមត្ថភាពរបស់អ្នកឆ្លើយ ហើយវាផ្សាភ្ជាប់នឹងចំណេះដឹង និងជំនាញរបស់ពួកគាត់ដែរឬទេ?
ហេតុនេះ វាមិនមែនជារឿងមួយដែលគួរឲ្យខ្មាសអៀន ឬភ័យខ្លាចនោះទេ នៅពេលដែលអ្នកមានចម្ងល់ ហើយចង់ចោទសួរទៅកាន់នរណាម្នាក់។ មនុស្សម្នាក់ៗមានការយល់ឃើញ និងគំនិតខុសៗពីគ្នា ហេតុនេះអ្នកគួរតែមានភាពក្លាហាន និងអាចចាត់ទុកវាថា ជាការចែករំលែកចំណេះដឹង និងការយល់ឃើញឲ្យគ្នាទៅវិញទៅមក។ ដូច្នេះ ត្រូវបង្កើតទម្លាប់សួរសំណួរអោយបានច្រើន ហើយចេះបើកចិត្តចែករំលែកនូវចំណេះដឹង និងការយល់ឃើញនៅពេលដែលមានកិច្ចពិភាក្សា ឬ រាល់ឱកាសដែលអ្នកអាចសួរសំណួរបាន៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz