ឈ្វេងយល់ពីចំណុចសំខាន់ៗអំពីសហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជា តាមរយៈទស្សនាវដ្ដី «នៅក្នុងដៃនាង» ដែលបានបង្ហាញពីចំណេះដឹង និងសិទ្ធិសំខាន់ៗទាក់ទងនឹងអាជីវកម្ម ដែលអាចជួយអ្នកឱ្យចាប់ផ្តើម និងពង្រឹងអាជីកម្មរបស់ខ្លួនបាន។
តើយើងគួរធ្វើដូចម្តេចដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង តែមិនដឹងពីចំណុចចាប់ផ្តើម? ដើម្បីបង្កើតអាជីវកម្មមួយ អ្នកត្រូវធ្វើអ្វីខ្លះទាក់ទងនឹងផ្លូវច្បាប់នានា? ហើយគួរធ្វើដូចមេ្តចប្រសិនបើអ្នកមានអាជីវកម្មតូចមួយរួចហើយ តែចង់ពង្រីកវាឱ្យកាន់តែប្រសើរ?
ទស្សនាវដ្ដីកម្រាស់៣៥ទំព័រនេះ នឹងស្រាយរាល់ចម្ងល់ទាំងនេះ ដោយរំលេចតាមរយៈរឿងរ៉ាវនិទានចំនួន៤ អំពីសហគ្រិនស្ត្រីវ័យក្មេងជួបនឹង រនាំងឧបសគ្គ និងបញ្ហាប្រឈមផ្សេងៗពីគ្នា នៅក្នុងដំណើរអាជីវកម្មរបស់ខ្លួន។ ជាពិសេស ទស្សនាវដ្តីនេះមានធនធានសំខាន់ៗណែនាំពីរបៀបដោះស្រាយបញ្ហាប្រឈមនៅក្នុងអាជីវកម្ម អមជាមួយជំហានសំខាន់ៗ ក្នុងការប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាសស្របច្បាប់ ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
Focus បានជួបជាមួយលោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជា អំពីសារសំខាន់នៃទស្សនាវដ្ដីនេះនៅ ក្នុងបរិបទកម្ពុជានាពេលបច្ចុប្បន្ន។
១. តើលោកស្រីអាចប្រាប់ពីព័ត៌មានសង្ខេបអំពីទស្សនាវដ្ដី «នៅក្នុងដៃនាង» បានដែរឬទេ?
ទស្សនាវដ្ដី «នៅក្នុងដៃនាង» ជាទស្សនាវដ្ដីថ្មីមួយ ដែលផ្ដល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា នូវឧបករណ៍ដើម្បីកសាងអាជីវកម្មដ៏រីកចម្រើនមួយ។ តាមរយៈការផ្ដល់ជូននូវធនធានជាក់ស្តែង និងករណីសិក្សានានា ទស្សនាវដ្ដីនេះដើរតួជាអ្នកណែនាំឱ្យសហគ្រិនដោះស្រាយ និង ជម្នះឧបសគ្គ ឬបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្មរបស់ពួកគេ។
ទស្សនាវដ្ដីមួយក្បាលនេះ បានរៀបរាប់យ៉ាងលម្អិតអំពីជំហានសំខាន់ៗដើម្បីផ្លាស់ប្តូរអាជីវកម្មក្រៅប្រព័ន្ធ តូចមួយទៅជាសហគ្រាសស្របច្បាប់មួយដ៏មានសក្ដានុពលដែលមានការគាំពារផ្នែកច្បាប់។
ទស្សនាវដ្ដីនេះ ត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងគម្រោង WE Act របស់ Pact Cambodia។ ក្នុងចំណោមសកម្មភាពអន្តរាគមន៍ និងសកម្មភាពគាំទ្រដទៃជាច្រើនទៀតដែល USAID ចូលរួមក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ក្នុងនាមជាអ្នករួមចំណែកផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ ប្រទេសកម្ពុជា។
២. តើទស្សនាវដ្ដីនេះបង្កើតឡើងក្រោមគោលបំណងអ្វី?
ជាមួយនឹងទស្សនាវដ្ដីនេះ«នៅក្នុងដៃ» សហគ្រិនអាចប្រាកដប្រជាថា ពួកគេពិតជាបានគោរព ទៅតាមច្បាប់ ការងារ និងរក្សាសិទ្ធិរបស់និយោជិករបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនាវដ្ដីបានរៀបរាប់យ៉ាងលម្អិត អំពីរបៀបចុះឈ្មោះអាជីវកម្មជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យម្ចាស់អាជីវកម្ម និងបុគ្គលិកទទួលបានការធានារ៉ាប់រងសុខភាព។
បន្ថែមពីនេះ ករណីសិក្សានៅក្នុងទស្សនាវដ្ដីនេះ បានផ្ដល់នូវឧទាហរណ៍នៃបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងអាជីវកម្មនានា។ វាអាចជាវិវាទអចលនទ្រព្យ ការយឺតយ៉ាវនៃឯកសារទាក់ទងនឹងការបង់ពន្ធ ឬធានារ៉ាប់រង និងការប្តឹងផ្តល់រឿងពាណិជ្ជសញ្ញាជាដើម។ លើសពីនេះទៅទៀត ទស្សនាវដ្ដីនៅក្នុងដៃនាង ក៏បានផ្សារភ្ជាប់សហគ្រិនស្ត្រីទៅនឹងសេវា អប់រំដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីធានាថាពួកគាត់អាចពង្រីក អាជីវកម្មរបស់ពួកគេឱ្យកាន់តែមានសក្ដានុពល។
៣. ហេតុអ្វីបានជាទស្សនាវដ្ដីនេះមានសារៈសំខាន់សម្រាប់យុវជន ជាពិសេសស្ត្រីក្នុងពេលបច្ចុប្បន្ននេះ?
ទស្សនាវដ្ដីនេះគាំទ្រសហគ្រិនស្ត្រី ឱ្យធ្វើឱ្យសុបិនអាជីវកម្មរបស់ពួកគេក្លាយជាការពិត។ រឿងនិទានអំពី បញ្ហាប្រឈមដែលសហគ្រិនស្ត្រីជួបប្រទះ និងការណែនាំជាក់ស្តែងអំពីវិធីដោះស្រាយនៅក្នុងទស្សនាវដ្ដីនេះ នឹងជួយឱ្យសហគ្រិនស្ត្រីអាចកំណត់បានថា តើស្ថាប័នណាអាចជួយពួកគេបាន និងរបៀបដែលពួកគេអាចចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល ឬអាជ្ញាធរផ្សេងទៀតដើម្បី ដោះស្រាយបញ្ហាអាជីវកម្មទាំងនោះ។ ទាំងអស់នេះ នឹងរួមចំណែកដល់ការរីកលូតលាស់នៃក្រុមសហគ្រិនស្ត្រីដ៏មានទំនុកចិត្ត ដើម្បីទទួលបានការគាំពារ ដែលពួកគេសមតែនឹងទទួលបាន។
ចុចទីនេះទាញយកទស្សនាវដ្ដីនេះដើម្បីអានបានដោយមិនគិតថ្លៃ!
បន្ថែមពីនេះ ទស្សនាវដ្តីខាងលើក៏មានទម្រង់ជាវីដេអូអធិប្បាយផងដែរ ដែលអ្នកអាចទស្សនាបាននៅខាងក្រោម៖
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្ដី «នៅក្នុងដៃនាង» ត្រូវបានសម្ពោធប្រកាសដាក់ឱ្យប្រើប្រាស់ដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា (Pact Cambodia) កាលពីថ្ងៃទី០៧ ខែមិថុនា កន្លងទៅ ដែលត្រូវបានបោះផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស៕