ការស្វែងរកប្រភេទសៀវភៅ ដែលអាចឆក់យកចំណាប់អារម្មណ៍របស់អ្នកគឺជា ជំហានដំបូងក្នុងការបង្កើតទម្លាប់ក្នុងការអាន។ មកស្គាល់សៀវភៅ៥ក្បាលប្រចាំខែ ដែលណែនាំដោយក្រុមការងារFocus។
១ Love for Imperfect Things ដោយ Haemin Sunim
ណែនាំដោយ ៖ នូវ ពៅលក្ខិណា
ដូចចំណងជើងរបស់សៀវភៅអញ្ចឹងដែរ Love for Imperfect Things: HOW TO ACCEPT YOURSELF IN A WORLD STRIVING FOR PERFECTION សៀវភៅនេះគឺជាប្រភេទសៀវភៅជួយខ្លួនឯង បង្រៀនឱ្យយើងរៀនទទួលស្គាល់ថា មិនមានអ្វីល្អឥតខ្ចោះនោះទេ ហើយយើងអាចទទួលស្គាល់ខ្លួនឯងដោយរបៀបណា។ សរសេរដោយព្រះសង្ឃកូរ៉េ ព្រះនាម Haeminសៀវភៅនេះបែងចែកជា៨ជំពូកធំៗ រួមមាន៖ ការមើលថែទាំខ្លួនឯង គ្រួសារ ការយល់ចិត្ត ទំនាក់ទំនង សេចក្ដីក្លាហាន ការជាសះស្បើយសេចក្ដីឈ្វេងយល់និងចុងក្រោយគឺការទទួលស្គាល់។ សៀវភៅនេះគឺងាយស្រួលអានដោយសារគោលគំនិតនីមួយៗត្រូវបានសរសេរជាកថាខណ្ឌខ្លីៗ និងមានអមដោយរូបគំនូរស្អាតៗជាច្រើន ដែលធ្វើអារម្មណ៍របស់យើងស្ងប់នៅពេលអានសៀវភៅនេះ។ សៀវភៅនេះបានជួយឱ្យអារម្មណ៍របស់ខ្ញុំបានស្រាកស្រាន្តពីរឿងរ៉ាវជាច្រើន ដែលបានកើតឡើង មិនដូចចិត្តប៉ងប្រាថ្នា។ ឆ្នាំ២០២០ ធ្វើឱ្យខ្ញុំមានអារម្មណ៍តានតឹង តប់ប្រមល់ ចំពោះការផ្លាស់ប្ដូរដ៏រហ័ស និងមិនប្រាកដប្រជា។
តើអ្នកជឿទេថាពេលខ្លះគ្រាន់តែអានឃ្លាពាក្យពេចន៍ខ្លីៗ ដែលប្រកបដោយវិចារណញ្ញាណក៏ធ្វើឱ្យខ្លួនឯងស្រណុកចិត្តមានអារម្មណ៍ល្អចំពោះខ្លួនឯងឡើងវិញ។ យើងមិនអាចចាប់ផ្ដើមធ្វើអ្វីៗប្រកបដោយជោគជ័យ ប្រសិនបើយើងស្អប់ខ្លួនឯងតាំងពីដំបូងហើយនោះ។
២ Emotional Intelligence ដោយ Daniel Goleman
ណែនាំដោយ ៖ ញ៉ែម ផាន់ណារ៉ូ
មនុស្សភាគច្រើនកំណត់ថាអ្នកជោគជ័យក្នុងជីវិតគឺជា អ្នកដែលពូកែឆ្លាតវាងវៃមានជំនាញច្បាស់លាស់អាចធ្វើការងារល្អៗ។ តើការអះអាងថាការដែលមានIQខ្ពស់តែមួយមុខ អាចធានាបាននូវភាពជោគជ័យសេចក្តីសុខនិងគុណធម៌របស់មនុស្សបានមែនដែរឬទេ? សៀវភៅEmotionalIntelligenceផ្តោតលើ ការយល់ដឹងពីអត្ថប្រយោជន៍នៃភាពវៃឆ្លាតផ្លូវចិត្ត នៅក្នុងការរស់នៅរបស់មនុស្សដោយផ្អែកលើផ្នែកចិត្តវិទ្យា និងវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ហើយផ្តល់នូវការយល់ឃើញពីទំនាក់ទំនងរវាងសនិទានភាព និងអារម្មណ៍របស់មនុស្សថា តើគំនិតទាំងពីរអាចកំណត់ជោគវាសនារបស់យើងបានដោយរបៀបណា។
ការអាចសៀវភៅនេះអ្នកនឹងអាចទទួលបានការបកស្រាយលើជំនាញសំខាន់ៗទាំង៥នៃភាពវៃឆ្លាតផ្លូវចិត្ត។ជាមួយគ្នានេះអ្នកក៏អាចស្វែងយល់ពីជំនាញទាំងនោះ ដែលអាចកំណត់ភាពជោគជ័យក្នុងការទំនាក់ទំនងការងារនិងសូម្បីទាំងសុខុមាលភាពរាងកាយរបស់មនុស្ស។បន្ទាប់ពីបានអាចសៀវភៅនេះ ខ្ញុំគិតថាខ្លួនបានផ្លាស់ប្តូរសកម្មភាពជាច្រើន ដោយស្វែងយល់ជាងមុនពីអារម្មណ៍របស់អ្នកដ៏ទៃ។ ជាពិសេសទៅទៀតនោះ បានធ្វើឱ្យខ្ញុំអាចជួយពង្រឹងនូវជំនាញទំនាក់ទំនងនិងការដឹកនាំរបស់ខ្លួន ដែលធ្វើឱ្យការងារ ក៏ដូចជាការរស់នៅមានភាពប្រសើរ និងមានការគោរពស្រឡាញ់ច្រើនពីមនុស្សនៅជុំវិញខ្លួន។
៣ Goodbye, things ដោយ Fumio Sasaki
ណែនាំដោយ ៖ បូរិន សុភាវុទ្ធតី
ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ អ្នកប្រហែលជាធ្លាប់ឮពាក្យថា«Minimalism»ឬ«Minimalist»ជារឿយៗ។ មិនថាតាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬតាមមិត្ត ភក្តិក្តី។ ហើយ សៀវភៅ Goodbye, things នេះជាសៀវភៅមួយក្នុងចំណោមសៀវភៅនិពន្ធ ដោយជនជាតិជប៉ុន ជាច្រើនទៀតដែលនិយាយពីប្រធានបទពេញនិយមមួយនេះ។ សៀវភៅត្រូវបានចងក្រងឡើងដោយលោក ហ្វូមីយ៉ូ សាសាគី និងបានបោះពុម្ពផ្សាយដំបូងក្នុងឆ្នាំ២០១៥។ ដូចនឹងចំណងជើងផ្ទាល់សៀវភៅនេះរៀបរាប់ពីគំនិតនៃការរស់នៅ ដោយមិនមានរបស់ជាប់ខ្លួនច្រើន ដែលនៅក្នុងនោះអ្នកនិពន្ធបានប្រាប់ពីមូលហេតុនៃការចាប់ផ្តើមរស់នៅបែប«Minimalist»របស់ខ្លួន។ លទ្ធផលដែលទទួលបានពីការរស់នៅនិងគន្លឹះផ្សេងៗសម្រាប់អ្នកចង់ចាប់ផ្តើមរស់នៅបែបនេះផ្អែកតាមបទពិសោធន៍របស់ខ្លួន។
តាំងពីតូចមក មនុស្សភាគច្រើនតែងតែគិត និងត្រូវបានបង្រៀនថា ការដែលយើងមានកម្មសិទ្ធលើរបស់របរច្រើនសម្បូរបែប ទាំងក្នុង និងក្រៅខ្លួនមិនថា សៀវភៅក្តី ខោអាវក្តី សម្ភារៈចង្ក្រានបាយក្តី តុទូក្នុងផ្ទះក្តី គឺជារឿងដែលចាំបាច់ព្រោះរបស់របរទាំងនោះធ្វើឱ្យយើងសប្បាយចិត្ត។ ហើយម្យ៉ាងវិញទៀត វាបង្ហាញពីកម្រិតជីវភាពរបស់អ្នកព្រោះមានតែអ្នកមានធនធានទេទើបមានលទ្ធភាពទិញរបស់ច្រើនបែបនេះ។ ប៉ុន្តែតាមរយៈសៀវភៅនេះលោកសាសាគី បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃការនិយាយលាទៅកាន់របស់ ដែលមិនចាំបាច់ចំពោះខ្លួន ហើយទុកជាប់ខ្លួនតែរបស់ណាដែលចាំបាច់ពិតប្រាកដ។ មុនពេលចាប់ផ្ដើមអនុវត្តការរស់នៅបែបMinimalistនេះដូចជាមនុស្សជាច្រើនទៀត ដែលលោក សាសាគី មានរបស់របរជាច្រើនដាក់រប៉ាត់រប៉ាយ មិនមានសណ្ដាប់ធ្នាប់នៅក្នុងបន្ទប់តូចល្មមមួយរបស់ខ្លួននៅក្នុងទីក្រុងតូក្យូ ទាំងដែលពេលខ្លះមួយឆ្នាំមិនទាន់ប្រើមួយដងផង ហើយតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជារឿយៗ។ រហូតដល់ថ្ងៃមួយ លោកចាប់ផ្ដើមតប់ប្រមល់នឹងខ្លួនឯងហើយចាប់ផ្ដើមសួរខ្លួនឯង ពីការមានរបស់មិនចាំបាច់ទាំងនោះក្នុងជីវិត។ ចំពោះលោក សាសាគី រឿងចម្បងហើយសំខាន់ជាងគេក្នុងចំណោមរឿងវិជ្ជមានជាច្រើន ដែលគាត់ទទួលបានពីការរស់នៅបែបនេះ គឺការចេះឱ្យតម្លៃដ៏ពិតប្រាកដលើរបស់របរចំនួនតិចដែលខ្លួនមាន។ ទោះបី យើងមិនអាចអនុវត្តការរស់នៅបែបនេះបាន១០០%ក្រោយពេលបញ្ចប់សៀវភៅនេះក្តី ការអានសៀវភៅនេះ យ៉ាងហោចណាស់ នឹងធ្វើឱ្យអ្នកចាប់ផ្ដើមគិតគូរច្រើនជាងមុននៅពេលរៀបទិញរបស់ថ្មី និង ធ្វើឱ្យយើងចេះសួរសំណួរខ្លួនឯងជាងមុន ថាការដែលមានរបស់របរច្រើន ពិតជាធ្វើឱ្យយើងសប្បាយចិត្តមែនដែលឬទេ? ទន្ទឹមនឹងនេះ វាក៏អាចធ្វើឱ្យអ្នកចាប់ក្រឡេកមើលរបស់ជុំវិញខ្លួនអ្នក ហើយសួរខ្លួនឯងថា វានៅចាំបាច់សម្រាប់អ្នកទៀតទេ?
៤ The Selection Series ដោយ Kiera Cass
ណែនាំដោយ ៖ តូច ធីណា
ក្រឡេកទៅលើសម័យកាលយូរលង់ណាស់មកហើយ នាពេលការបែងចែកវណ្ណះសង្គម និងរបបរាជានិយមបានដើរតួយ៉ាងសំខាន់នៅក្នុងទីក្រុងបុរាណមួយនៃសហរដ្ឋអាមេរិក។ The Selection Series រៀបរាប់ពីការប្រកួតប្រជែងគ្នាក្នុងការជ្រើសរើសគូរស្រករនៅក្នុងវណ្ណៈអភិជន និងខ្សែរាជ្យវង្សនៅក្នុងសម័យកាលនោះដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីការរឹតត្បិតសេរីភាពក្នុងការរើសគូរស្រករ ជាពិសេសសម្រាប់មនុស្សស្រី និងការរើសអើងវណ្ណៈនៅក្នុងសង្គម។ មិនតែប៉ុណ្ណោះសាច់រឿងនេះ ក៏បានរំលេចពីភាពអង់អាច និងឈ្លាសវៃរបស់តួអង្គស្រីក្នុងការរើបំរាស់នៅទីកន្លែង ដែលពោរពេញទៅដោយសម្ពាធផ្លូវកាយនិងផ្លូវចិត្ត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីសាច់រឿងនេះ គឺអ្នកនឹងស្វែងយល់អំពីដំណើរតស៊ូរបស់តួអង្គ ដែលមកពីប្រវត្តិតូចទាបនៅក្នុងសង្គម ហើយត្រូវមករស់នៅក្នុងទីកន្លែងដែលមិនមែនជាក្តីស្រម៉ៃរបស់ខ្លួន។ ការតស៊ូក្នុងការលុបបំបាត់វណ្ណៈនៅក្នុងសង្គមលាយឡំ និងមនោសញ្ចេតនាស្នេហាដែលធ្វើឱ្យអ្នកជ្រៀបកាន់តែច្បាស់ អំពីដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលរមែងជួបប្រទះនូវបញ្ហាជាប្រចាំ អមជាមួយនឹងភាពវ័យឆ្លាត និងស្មារតីក្នុងការជំនះឧបសគ្គ។ នៅពេលដែលខ្ញុំបានអានសៀវភៅនេះ វាបានជួយលើកទឹកចិត្តខ្ញុំទទួលយកភាពជាខ្លួនឯង ទោះបីជានៅក្នុងកាលៈទេសៈលំបាកយ៉ាងណាដោយ ហើយមិនតែប៉ុណ្ណោះ វាបានបង្ហាញថាស្នេហាមិនមែនគ្រាន់តែជាការស្រលាញ់រវាងមនុស្សនិងមនុស្សនោះទេ ពីព្រោះស្នេហាអាចមានភាពចម្រុះ និងទម្រង់ខុសៗពីគ្នា។
៥ Attached ដោយ Amir Levine
ណែនាំដោយ ៖ គីម ជីហេ
Attached ជាសៀវភៅដែលរៀបរាប់អំពីទំនាក់ទំនង និងស្នេហារបស់យុវវ័យ ដែលមាន៣របៀបគឺស្នេហាបែបមានទំនុកចិត្ត ស្នេហាបែបថប់បារម្ភ និងស្នេហាបែបគេចវេច។ បរិស្ថាននៅជុំវិញខ្លួន ដែលអ្នករីកធំធាត់ឡើងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអត្តចរិកនិងបុគ្គលិកលក្ខណៈរបស់អ្នក។ នៅពេលដែលអ្នកធំឡើង អ្នកត្រូវតែទទួលស្គាល់ការពិត និងរៀនដោះស្រាយបញ្ហាទាំងនោះ។ ការទាក់ទងគ្នាបែបណាក៏ដោយអាចប្រព្រឹត្តទៅបានដរាបណា ភាគីទាំងសងខាងរៀនស្វែងយល់ពីតម្រូវការគ្នា និងឬសគល់ពីតម្រូវការទាំងនោះ។
នៅពេលដែលអានសៀវភៅនេះ ខ្ញុំមានអារម្មណ៍ថាដូចអានពីរឿងខ្លួនឯងវាបានជួយខ្ញុំឱ្យយល់កាន់តែច្បាស់ពីទំនាក់ទំនងចាស់ៗរបស់ខ្ញុំ និងវិធីសាស្ត្រដែលខ្ញុំអាចត្រៀមខ្លួនសម្រាប់ទំនាក់ទំនងនាពេលអនាគត។ ម្យ៉ាងទៀតព័ត៌មាននៅក្នុងសៀវភៅនេះងាយយល់ ហើយថែមទាំងមានឧទាហរណ៍បង្ហាញ និងលំហាត់ក្នុងការអនុវត្តន៍ថែមទៀតផង។ ទោះបីជាទំនាក់ទំនងស្នេហារបស់អ្នកនៅក្នុងបែបផែនណាមួយក៏ដោយ សៀវភៅនេះនឹងជួយអ្នកឱ្យទទួលបានជោគជ័យនៅក្នុងជីវិតស្នេហារបស់អ្នក៕