ស្ករត្នោតមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា។ ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ មានការពឹងពាក់អាស្រ័យក្នុងជីវភាពចំពោះដើមត្នោតយ៉ាងខ្លាំង ខណៈដែលផលិតផលពីស្ករត្នោតកំពង់ស្ពឺ កំពុងបង្ហាញខ្លួនក្នុងទីផ្សារអន្តរជាតិ។ ទោះបីជាមានសារប្រយោជន៍ច្រើនក៏ដោយ បញ្ហាប្រឈមនៃកង្វះកម្លាំងពលកម្ម និងការអភិវឌ្ឍនានា អាចបណ្តាល ឱ្យដើមត្នោតនឹងបាត់បង់នាថ្ងៃអនាគត។
ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានសក្តានុពល ក្នុងនោះរួមមាន តំបន់អេកូទេសចរណ៍ ភ្នំខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានគេស្គាល់ថា ជាប្រភពដែលមានដើមត្នោតជាច្រើននៅកម្ពុជា ដុះនៅតាមវាលស្រែនាផ្លូវនានាក្នុងខេត្តមួយនេះ។
មានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល កោះកុង ពោធិ៍សាត់ តាកែវ និងកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺមានដើមត្នោតប្រមាណជា១លានដើម ក្នុងចំណោមដើមត្នោតសរុប ៣លានដើម ក្នុងប្រទេសកម្ពុជា។
ដើមត្នោតដើរតួរជាច្រើន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមទីជនបទ។ គ្រប់ផ្នែកនៃដើមត្នោត សុទ្ធតែមានប្រយោជន៍ អាចប្រើប្រាស់បាន។ គេអាចប្រើប្រាស់ស្លឹករបស់វាទៅប្រក់ធ្វើដំបូលផ្ទះ ក្រងជាមួក កន្ទេល កន្ត្រកជាដើម។ ដើមរបស់វា គេអាចកែច្នៃធ្វើជាទូក គ្រឿងសង្ហារឹម វត្ថុអនុស្សាវរីយ៍ និងផ្ទះ ។
គេអាចបរិភោគផ្លែត្នោតខ្ចីបាន ហើយថែមទាំងអាចយកវាទៅធ្វើបង្អែមនិងម្ហូបផងដែរ។ រីឯផ្លែត្នោតទំ គេអាចយកវាធ្វើជានំបានដែលមានឱជារសឈ្ងុយឆ្ងាញ់។ ចំណែកផ្ការបស់ត្នោតវិញ គេអាចយកទឹករបស់វាមកប្រើប្រាស់ភេសជ្ជៈដូចជាទឹកត្នោតផ្អែម និងទឹកត្នោតជូរ។ គេក៏អាចយកទឹកត្នោត ទៅកូរធ្វើជាស្ករត្នោតផងដែរ។ បន្ថែមលើឱជារសដ៏ឈ្ងុយឆ្ងាញ់ និងប្រយោជន៍ដល់សុខភាព ស្ករត្នោតត្រូវបានសហភាពអឺរ៉ុបដាក់ជាផលិតផលប្រចាំតំបន់នៃប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩ «ដែលការពារឈ្មោះនៃផលិតផលពីទីតាំងផលិត ហើយថែមទាំងមានគុណភាពឬកេត្តិស័ព្ទផ្សារភ្ជាប់ទៅនឹងតំបន់»។
ការទទួលស្គាល់ជាផលិតផលប្រចាំតំបន់នេះ គឺជាការពារអ្នកប្រើប្រាស់ និងបែងចែកគុណភាពផលិតផល ហើយថែមទាំងជួយដល់អ្នកផលិត ឱ្យមានទីផ្សារប្រសើរជាងមុនផងដែរ។
ស្ករត្នោតនិងវប្បធម៌អាហារ
ជាមួយនឹងរសជាតិផ្អែមឆ្ញាញ់ និងលក្ខណៈពិសេសខុសពីស្ករអំពៅ ស្ករត្នោតក៏ជាគ្រឿងដ៏ពេញនិយមក្នុងផ្ទះបាយខ្មែរ ជាពិសេសប្រជាជនតាមទីជនបទ។
គេអាចយកស្ករត្នោតធ្វើជាបង្អែមនិងម្ហូបជាច្រើនមុខ។ ខ្ញុំសូមណែនាំពីបង្អែមធ្វើពីស្ករត្នោតមួយ គឺនំផ្លែអាយ ដែលជាបង្អែមមួយដ៏ពេញនិយមមួយ ក្នុងស្រទាប់ប្រជាជនខ្មែរ ដែលប្រើប្រាស់ស្ករត្នោតជាគ្រឿងផ្សំចម្បង។ នំផ្លែអាយ អាចធ្វើបានតាមរយៈគ្រឿងផ្សំចំនួន៣មុខ គឺម្សៅអង្ករដំណើប ស្ករត្នោត(ស្ករផែន) និងសាច់ដូងទុំ។
ជាដំបូងគេត្រូវយកម៉្សៅដំណើប មកលាយជាមួយនឹងទឹកក្តៅអ៊ុនៗ រួចលុញវាឱ្យរាប ហើយដាក់ដំស្ករត្នោត(ហៅម៉្យាងទៀតថាស្ករផែន) ចូលហើយខ្ចប់វាឱ្យជិត។ ក្រោយមកទៀតយើង ត្រូវយកដុំម្សៅដែលរុំខ្ចប់ស្កររួចនោះ ទៅដាក់ក្នុងទឹកពុះរហូតដល់វាអណ្តែតឡើង ហើយដាក់វាក្នុងទឹកត្រជាក់។ ក្រោយពីស្រង់ចេញទឹក គេយកវាដាក់លើកូនចាន ឬកន្ទោងស្លឹកចេក ដោយរោយជាមួយនឹងសរសៃសាច់ដូងកោសសម្រាប់បរិភោគជាការស្រេច។
ស្ករត្នោតកំពង់ស្ពឺ ផលិតផលសម្គាល់ភូមិសាស្ត្រ
ក្នុងនាមជាអ្នកហាត់ការរាយការណ៍ព័ត៌មាននៅ Focus-Ready for Tomorrow ក្រោមគម្រោង «ឱជារសតំបន់» ឬ Cambodia Eats!។ ក្នុងគម្រោងនេះ ខ្ញុំត្រូវសរសេរអត្ថបទទាក់ទង នឹងស្ករត្នោតខេត្តកំពង់ស្ពឺ ដែលខ្ញុំត្រូវចុះទៅទីនោះផ្ទាល់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅនិងដំណើរការនៃការផលិតស្ករត្នោតដោយផ្ទាល់។ ប៉ុន្តែការឆ្លងជាសហគមន៍លើកទី៣នៃកូវីដ១៩ បានរារាំងដំណើរការនេះ មិនអនុញ្ញាតឱ្យក្រុមការងារបានទៅដោយផ្ទាល់បានឡើយ។
ទោះបីជាយ៉ាងណាក្តី ដើម្បីសិក្សាអំពីប្រយោជន៍របស់ស្ករត្នោត ខ្ញុំបានទូរស័ព្ទសម្ភាសន៍លោក សំ សារឿន ដែលជាប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ។
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយមានទិសដៅការការពារ និងផ្សព្វផ្សាយស្ករត្នោតកំពង់ស្ពឺ។ សមាគមនេះ ដើរតួជាសមាគមអន្តរវិជ្ជាជីវៈ ដែលមិនយកផលចំណេញ ដោយធ្វើជាអ្នកត្រួតពិនិត្យធានាគុណភាព និងភ្ជាប់គ្នារវាងផលិតករ និងអាជីវករដែលជាសមាជិក។
សមាជិកផលិតករនៃសមាគមនេះមានចំនួន ១៥០គ្រួសារក្នុងស្រុកឧត្តុង្គ ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលនៃខេត្តកណ្តាល។ សមាជិកអាជីវករ ដែលប្រមូលផលស្ករត្នោតពីផលិតករទាំងនោះ មានចំនួនប្រមាណជា ១០ក្រុមហ៊ុន ក្នុងការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេស។
ស្ករត្នោត និងការរស់នៅបែបប្រពៃណី
លោក សំ សារឿន បានអះអាងថា អ្វីដែលធ្វើឱ្យស្ករត្នោតកំពង់ស្ពឺ មានលក្ខណៈប្លែកពីគេនោះ គឺដោយសារភូមិសាស្ត្រនៃតំបន់កំពង់ស្ពឺ ដែលជាតំបន់វាលរាប ហើយភ្លៀងសមល្មម។ នោះគឺជាលក្ខខណ្ឌ អំណោយផលដីដ៏ល្អសម្រាប់ដើមត្នោត។ ឱជារសរបស់ស្ករត្នោត កាន់តែឈ្ងុយឆ្ងាញ់ កាលណាខ្វះទឹកកាន់តែខ្លាំង។
រីឯរដូវកាលនៃការផលិតស្ករត្នោតកំពង់ស្ពឺវិញ គឺមានរយៈពេល៦ខែ ដោយចាប់ផ្ដើមពីខែធ្នូ រហូតដល់ខែឧសភា។ លោកសារឿនបន្តថា វាជាផលិតផលដែលពឹងផ្អែកលើធម្មជាតិ ធ្វើឱ្យមានការលំបាកក្នុងការប៉ាន់ប្រមាណ និងមិនងាយធានាអំពីទិន្នផលជាក់លាក់ឡើយ។ ក្នុងឆ្នាំ២០២១នេះ សមាជិកសមាគមទាំងមូល អាចផ្គត់ផ្គង់នូវការបញ្ជាទិញបានប្រមាណជា ១៥០តោនតែប៉ុណ្ណោះ ដោយសារអាកាសធាតុ កម្លាំងពលកម្ម និងការរាតត្បាតនៃកូវីដ១៩ ទោះបីជាមានការបញ្ជាទិញមានច្រើនលើសពីសមត្ថភាពផលិត។
ជាទូទៅ ផលិតកម្មនៃការធ្វើស្ករត្នោត គឺជាផលិតកម្មក្នុងគ្រួសារ ដែលមានសកម្មភាពរាប់ចាប់ពីដំណាក់កាលឡើងត្នោត រហូតដល់ការកូរស្ករត្នោតដោយខ្លួនឯង។ សមាជិកនៃសមាគមនេះ តម្រូវឱ្យមានដើមត្នោតយ៉ាងហោចណាស់១៥ដើម ក្នុងការផលិតស្ករត្នោត សមស្របតាមលក្ខខណ្ឌរបស់ស្ករត្នោតកំពង់ស្ពឺ។ កសិករខ្លះមានដើមត្នោតខ្លួនឯងជាកម្មសិទ្ធិ ខ្លះទៀតជួលត្នោតគេ ដើម្បីយកទឹកត្នោតទៅផលិតស្ករ។
លោក សាង ប៉ាង គឺជាកសិករធ្វើស្ករត្នោត រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដូចគ្នាជាមួយនឹងអ្នកធ្វើស្ករត្នោតទូទៅផ្សេងទៀត លោក ប៉ាង លោកក៏ជាកសិករធ្វើស្រែចម្ការជារបរចម្លាស់ផងដែរ។ ដោយមានដើមត្នោតជាកម្មសិទ្ធិរបស់ខ្លួនតែប្រមាណជា ៣ទៅ៤ដើម ដូច្នេះលោក ប៉ាង ត្រូវជួលដើមត្នោតគេរហូតដល់ជាង៣០ដើម ដើម្បីមានសមត្ថភាពទឹកត្នោតគ្រប់សម្រាប់ ផលិតជាស្ករត្នោតតាមតម្រូវការ។ ។ ការជួលដើមត្នោតរបស់លោក គឺជាការដោះដូរ ដែលក្នុងមួយដើម លោកត្រូវឱ្យស្ករត្នោត៥គីឡូក្រាមក្នុងមួយឆ្នាំម្តង ដល់ម្ចាស់ដើមត្នោត។
លោក សាង ប៉ាង បាននិយាយថា៖«(វា)ចំណេញច្រើនទៅណា ចឹងបានថាខំប្រឹង។ គ្រាន់តែខំប្រឹង (វា)បានច្រើន ហើយអត់ហត់ហើយអត់សូវពិបាកដែរ។»
ការងារនៃធ្វើស្ករត្នោតក្នុងតំបន់នេះ បានធ្វើឱ្យជីវភាពរបស់កសិករ មានភាពល្អប្រសើរជាងមុន តាមរយៈកិច្ចការងារ និងការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ ដែលធានានូវតម្លៃនិងគុណភាព។
លោក សំ សារឿនបាននិយាយថា៖«ខ្ញុំនិយាយមិនលើកតម្កើង ហើយមិនកោតសរសើរសមាគមទេ។ កាលពីគាត់[អ្នកធ្វើស្ករត្នោត]មិនទាន់ចូលជាសមាគម គាត់ត្រូវជួបបញ្ហាច្រើនបន្តិច អ្នកធ្វើត្នោត។ ព្រោះស្ករវាថ្លៃខ្ពស់តែពេលស្ករនៅក្នុងដើមរដូវ ដើមឆ្នាំគឺស្ករគាត់ឡើងខ្ពស់ហើយ។ តែចាប់ផ្តើមខែនេះ ស្ករធ្លាក់នៅមួយពាន់ពីរពាន់ហើយ។ សមាគមស្ករត្នោតកំពង់ស្ពឺអត់ធ្វើអ៊ីចឹងទេ បើតម្លៃពីដើមឆ្នាំប៉ុន្មាន រហូតដល់ចុងឆ្នាំគឺប៉ុណ្ណឹង អត់ឱ្យមានបញ្ហាធ្លាក់ចុះទេ។ តម្លៃចរចាប៉ុណ្ណឹងរហូតដល់ចប់មួយឆ្នាំហ្នឹង។ ឆ្នាំក្រោយចាំគិតទៀត។»
បច្ចុប្បន្ននេះ ប្រជាកសិករអាចលក់ស្ករត្នោតកំពង់ស្ពឺ បានតម្លៃ ៦៨០០ រៀល ឬ ១.៦៧ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគីឡូក្រាម។
បញ្ហាប្រឈមក្នុងផលិតកម្មស្ករត្នោតកំពង់ស្ពឺ
ទោះបីជាតម្លៃស្ករត្នោតឡើងថ្លៃ ហើយតម្លៃស្ថិតស្ថេរជាងមុន បូករួមជាមួយនឹងតម្រូវការច្រើនក្តី ប៉ុន្តែកម្លាំងពលកម្ម និងអ្នកផលិតនៅតែខ្វះខាត ជាពិសេសការរួមចំណែកពីកម្លាំងយុវជន ដែលបង្កជាបញ្ហាប្រឈមមួយ ដល់ផលិតកម្មបែបប្រពៃណីនេះ។
លោក សំ សារឿន បានលើកឡើងថា« ឥឡូវបច្ចុប្បន្ននេះ អ្នកឡើងត្នោត ក្នុងអាយុចាប់ពី៣០ទៅមានតែ២០ភាគរយទេ តែពីអាយុ៤០និង៥០ឆ្នាំ មានដល់តែ៧០ទៅ៨០ភាគរយឯណោះ។ គាត់ចាស់ៗ ទៅណាមិនកើត គាត់ឡើងត្នោត ហើយក្មេងៗបើគេមានកម្លាំង គេអត់ឡើងត្នោតទេ គេទៅធ្វើការជាកម្មករធ្វើជាអ៊ីចឹងទៅណា។ »
លោកបានបន្តថា ការធ្វើស្ករត្នោតកំពង់ស្ពឺក្នុងមួយរដូវកាលដែលមានរយៈពេល៣ខែ យ៉ាងហោចណាស់ក៏គាត់បានទទួលចំណូលពី ៤០០០ទៅ៥០០០ដុល្លារ។ប៉ុន្តែ យុវជននាំគ្នាទៅធ្វើការងារផ្សេងៗ ដូចជាកម្មករកាត់ដេរ ឬកម្មករសំណង់ បោះបង់មុខរបរបែបប្រពៃណី ទោះបីវាបានប្រាក់កម្រៃច្រើនជាងក៏ដោយ។
លោក សំ សារឿន បាននិយាយថា៖«ក្មេងៗយើងនេះវាពិបាកណាស់ ពិបាកត្រង់ថា វាធ្វើនេះ វាធ្វើនោះ វាអត់ចង់មុខរបរនេះ វាស្រើបស្រាលតាមគ្នា វាអត់គិតពីរឿងការរកលុយបានប៉ុន្មានៗ។ វាស្រើបស្រាលតាមគ្នា គេអត់ធ្វើ វាអត់ធ្វើដែរ។»
ក្នុងករណីដែលនៅតែមិនមានការយកចិត្តទុកដាក់របស់យុវជន ដើម្បីចូលរួមក្នុងការផលិតស្ករត្នោតទេ លោក សំ សារឿន គិតថាប្រហែលជា១០ ឆ្នាំ២០ឆ្នាំទៀត មុខរបរប្រពៃណីមួយនេះអាចនឹងបាត់បង់។
កង្វះការចូលរួមពីសំណាក់យុវជន មិនមែនជាបញ្ហាប្រឈមតែមួយគត់ ទៅលើផលិតកម្មបែបប្រពៃណីនេះ កំពុងជួប្រទះនោះទេ។
ដីស្រែខ្លះ ធ្លាប់តែមានព្រៃដុះស៊ុបទ្រុប និងសម្បូរដើមត្នោត ដើម្បីឱ្យកសិករឡើងយកទឹកត្នោត ត្រូវបានគេឈូសឆាយ កាប់ផ្តួលរំលំចោល ជាថ្នូរនឹងការអភិវឌ្ឍដី ឬយកទៅធ្វើអ្វីផ្សេងៗតាមតម្រូវការ។ ស្របពេលតម្រូវការនៃស្ករត្នោតកាន់តែឡើងថ្លៃ វត្ថុធាតុដើមក៏ត្រូវបានគេកាប់។ ខុសប្លែកពីរុក្ខជាតិមួយចំនួន ដើមត្នោតត្រូវការពេលយូរ ដើម្បីលូតលាស់រហូតបានពេញវ័យ យកទឹកត្នោតបាន។
ទាក់ទងនឹងបញ្ហានេះ លោកសំ សារឿន បានលើកឡើងថា ដើមត្នោត ជាដើមឯកជន ហើយវាជាសិទ្ធិឯកជន ក្នុងការយកដើមត្នោតនោះទៅធ្វើការងារណាមួយ។ កិច្ចការមួយដែលសមាគមបានធ្វើ គឺក្រុមការងាររបស់សមាគម បានបំផុសឱ្យប្រជាកសិករ ដាំដើមត្នោតតាមផ្ទះផងដែរ។
សម្រាប់លោក ប៉ាង ដែលជួលដើមត្នោតសម្រាប់ឡើងយកទឹកធ្វើស្ករ ក៏បានជួបនឹងបញ្ហាប្រឈមនេះ ដោយសារដើមត្នោតមួយចំនួនដែលគាត់ធ្លាប់ឡើង ត្រូវបានគេកាប់ចោល។
លោក ប៉ាង និយាយជាមួយនឹងសម្លេងសើចតិចៗ ថា៖«ត្នោតអស់ហ្នឹង មើលទៅ ខ្លះទៅអត់មានអារ[ដើមត្នោត]ធ្វើអីទេ ទើសដីអារចោលម៉ង អង្កន់ៗចោលមក។ ខ្លះក៏មានខ្លឹមបន្តិចៗទៅ គេចេះតែជ្រៀកធ្វើរោងមាន់រោងទាអ៊ីចឹងទៅ។ ចុះបើដីគេកាន់តែចង្អៀតទៅៗ គេចេះតែឈូស ចេះតែឆាយ។ ហើយយើងថាម៉េចទៅ បើរបស់គេ។»
លោក ប៉ាង បានបន្តថា៖«កាប់ឡើងវាអស់ហើយ ដល់ពេលកាប់ចឹងទៅ ដល់ពេលចង់ធ្វើស្ករធ្វើអីហ្នឹងដឹងទៅរកឡើងឯណា បើវាលអស់ទៅហើយ។ គេលែងស្តាយលែងស្រណោះហើយរបស់ធម្មជាតិស្រួលសឹងអី។ ខ្ញុំគិតៗទៅបើគេកាប់អស់ មិនដឹងគិតធ្វើម៉េច ខ្ញុំមានតែស្តាយ។»
ដំណោះស្រាយ
ដោយសារការរស់នៅរបស់ពួកគាត់ នៅប្រឈមនឹងបញ្ហាប្រឈមដែលអាចនឹងវិវត្តទៅកាន់តែសភាពធ្ងន់ធ្ងរនៅថ្ងៃខាងមុខ ខ្ញុំបានធ្វើការសម្ភាសន៍ជាមួយនឹងក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនដើរតួដ៏សំខាន់មួយ ក្នុងការលើកកំពស់វិស័យស្ករត្នោតកំពង់ស្ពឺ ដោយប្រមូលទិញវត្ថុធាតុដើមចុះបញ្ជី នៅកម្ពុជា ដើម្បីកែច្នៃផលិតទៅជាផលិតផលជាច្រើនប្រភេទ ដូចជាម្សៅស្ករ ស្ករត្នោត ទឹកស៊ីរ៉ូ ចំណីសត្វ និងអាល់កុលជាដើម។
ខ្ញុំបានសម្ភាសន៍ជាមួយនឹងលោក Loic Martin ដែលជានាយកពាណិជ្ជកម្មរបស់ Confirel។
ក្នុងទស្សនៈវិស័យរបស់លោក ការបង្កើនការគាំទ្រក្នុងស្រុក សម្រាប់ផលិតផលត្នោត គឺជាដំណោះស្រាយមួយ ដែលអាចជួយសង្គ្រោះដើមត្នោតនិងផលិតកម្មនេះបាន។
«ដើម្បីអភិរក្សធនធានមួយនេះបាន… យុវជនកម្ពុជាជំនាន់ក្រោយ ជាពិសេសអ្នករស់នៅក្នុងទីក្រុង គួរណាជ្រើសរើសការប្រើប្រាស់ផលិតផលក្នុងតំបន់។»
គាត់បានបន្តថា៖«ប្រសិនយុវជនខ្មែរគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន រួមមានស្ករត្នោតផងនោះ នោះវាក៏ចូលរួមចំណែកយ៉ាងច្រើន ទៅកាន់ការគាំទ្រកិច្ចការអភិរក្សសម្បត្តិធម្មជាតិរបស់ជាតិផងដែរ និងអនុញ្ញាតឱ្យទីជនបទ មានការអភិវឌ្ឍថែមទៀត។ »
គាត់បានបន្តថា៖ «យុវជន នឹងចូលរួមនៅក្នុងគំរូនៃការអភិវឌ្ឍមួយ ដែលមិនត្រឹមតែអាចការពារបរិស្ថាននៅក្នុងតំបន់នោះទេ តែថែមទាំងបានចូលរួមការពារសម្រាប់ភពផែនដីផងដែរ។»
ការយល់ឃើញរបស់ស្មេរ
បន្ទាប់ពីបានសិក្សាស្វែងយល់ អំពីភាគីពាក់ព័ន្ធលើការងារផលិតកម្មស្ករត្នោតរួចមក ខ្ញុំយល់ឃើញថា ស្ករត្នោតនិងដើមត្នោតពិតជាមានសារៈសំខាន់ ទៅដល់សេដ្ឋកិច្ចប្រទេស ក៏ដូចជាលើកស្ទួយជីវភាពប្រជាកសិករ ដែលពឹងអាស្រ័យផលលើវា។ មុខរបរប្រពៃណីមួយនេះ បានក្លាយជាប្រភពចំណូលមួយដ៏សំខាន់ ប្រចាំឆ្នាំសម្រាប់ពួកគាត់។
វាជាផ្នែកមួយនៃមោទនភាពជាតិ ដែលយើងមិនគួរមើលរំលង ហើយយើងអាចធ្វើការងារដទៃទៀត ដើម្បីអភិវឌ្ឍនិងអភិរក្សវាឱ្យកាន់ល្អជាងនេះ។ ដូច្នេះក្នុងនាមយើងជាប្រជាជាតិតែមួយ យើងគួរថែរក្សាសម្បត្តិមួយនេះឱ្យគង់វង្សតាមរយៈការអភិរក្ស និងគាំទ្រផលិតផលជាតិ ដែលផលិតតាមតំបន់នីមួយៗ។ ដើមត្នោតនិងស្ករត្នោត គួរតែត្រូវបានឱ្យតម្លៃ និងថែរក្សា ដោយសារវាមានទំនាក់ទំនងយ៉ាងសំខាន់ ដល់អត្តសញ្ញាណជាតិ ក៏ដូចជាវប្បធម៌ប្រពៃណីនៅក្នុងជីវភាពរស់នៅ៕