លើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ ក្តាមសេះអាចអនុញ្ញាតអាចអ្នកនេសាទធ្វើការនេសាទបានគ្រប់ពេលវេលានៅខេត្តកំពត ជាមួយនឹងសមត្ថភាពទ្រទ្រង់នូវជីវភាពរបស់ប្រជាជនទូទៅនៃសហគមន៍នេសាទតាមបណ្តាខេត្តជាប់មាត់សមុទ្រ ដោយសារតម្រូវការក្នុងស្រុក។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាការនេសាទក្តាមបានជួយទ្រទ្រង់ជីវភាព សហគមន៍ទាំងនោះមិនមែនស្រណុកសុខស្រួលរួចឆ្ងាយពីបញ្ហាប្រឈមផ្នែកបរិស្ថាន និងបញ្ហាដទៃដែលកើតចេញពីការអភិវឌ្ឍឡើយ។
ក្តាមសេះ។ រូបភាពគូសដោយ៖ តូច ធីណា
តាមផ្លូវជាតិលេខ៣ ចម្ងាយប្រមាណជា ១៣៨គីឡូម៉ែត្រ ពីរាជធានីដ៏អ៊ូអរ ជាមួយនឹងអគារខ្ពស់ៗ យើងនឹងទៅដល់ខេត្តកំពត ដែលជាខេត្តមួយសម្បូរដោយសក្តានុពលនានា ដោយសារអំណោយផលពីសមុទ្រនិងធម្មជាតិ អមជាមួយនឹងអគារប្រវត្តិសាស្ត្រពីសម័យអាណានិគម។
ភ្នំបូកគោដ៏ពិសិដ្ឋ ក្រាស់ឃ្មឹក ព័ទ្ធដោយអ័ព្ទ និងរុក្ខជាតិ ម្រឹគីម្រឹគា ធ្លាប់ជាទីរមណីយដ្ឋានមួយតាំងពីសម័យអាណានិគម។ ក្រៅពីទីតាំងទេសចរណ៍ និងធម្មជាតិដ៏ជាទីចាប់អារម្មណ៍របស់ខេត្តនេះ ដូចជាភ្នំបូកគោ ខេត្តកំពតក៏ជាខេត្តដែលសំបូរធនធានគ្រឿងសមុទ្រដ៏ល្បីឈ្មោះផងដែរ សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងតំបន់ផង ក៏ដូចជាផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេសផង។ ក្រៅពីទីតាំងទេសចរណ៍ និងធម្មជាតិដ៏ជាទីចាប់អារម្មណ៍របស់ខេត្តនេះ ដូចជាភ្នំបូកគោ ខេត្តកំពតក៏ជាខេត្តដែលសំបូរធនធានគ្រឿងសមុទ្រដ៏ល្បីឈ្មោះផងដែរ សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងតំបន់ផង ក៏ដូចជាផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេសផង។
ខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលនៅជាប់នឹងប្រភពទឹកប្រៃ នៃឈូងសមុទ្រថៃ។ នៅខេត្តកំពតមានសហគមន៍នេសាទចំនួន ៧ ដែលបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
និយាយដល់ខេត្តកំពត ខ្ញុំតែងគិតស្រមៃដល់សាច់ក្តាមសេះស្ងោរ ដ៏ហាប់ណែន និងឈ្ងុយឆ្ងាញ់ ប្រចាំខេត្តនេះ ដែលជារឿយៗ ក្រុមគ្រួសារខ្ញុំតែងតែទៅកំសាន្តនៅខេត្តនោះ ប្រមាណជា២ ទៅ៣ដងក្នុងមួយឆ្នាំ។
ក្តាមសេះ
ច្បាស់ណាស់ ក្តាមសេះ អាចធ្វើបានម្ហូបជាច្រើនមុខ។ គេអាចយកវាទៅស្ញោរហើយហូបជាមួយទឹកត្រីកោះកុង ឬធ្វើជាមុខម្ហូប ដូចជា ក្តាមឆាមីសួរជាដើម។ ប្រសិនបើឱ្យខ្ញុំជ្រើសរើស ខ្ញុំប្រាកដជាជ្រើសរើសយកក្តាមឆាមីសួរ ជំនួសឱ្យក្តាមស្ញោរ។
ជាទូទៅ មុខម្ហូបក្តាមឆាមីសួរ គេអាចយកវាធ្វើតាមចំណូលចិត្ត ដោយយកក្តាមសេះក៏បាន ឬក្តាមថ្មក៏បាន។ ខាងក្រោមនេះ គឺជារបៀបធ្វើក្តាមឆាមីសួរ ដោយប្រើក្តាមថ្មតាមរយៈសៀវភៅម្ហូបខ្មែរ «ញ៉ាំ» ចងក្រងដោយអ្នកនាង រស់ រតនៈ ឬ Chef Nak។
ប៉ុន្តែខ្ញុំសង្កេតឃើញថា គេក៏អាចប្រើប្រាស់ក្តាមសេះយកមកជំនួសបានដែរ។
មុខម្ហូបក្តាមឆាមីសួរ។ រូបភាពគូសដោយ៖ តូច ធីណា
គេត្រូវការគ្រឿងផ្សំដូចជា ក្តាម ផ្សិតខ្មៅ ខ្ទឹមស មីសួរ ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្ករត្នោត អំបិល ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងម្រេចកំពត។
ដំបូងគេត្រូវការសម្អាតផ្នែកខាងក្រៅនៃក្តាមឱ្យស្អាត រួចយកសួតរបស់ក្តាមចេញ ហើយកាត់ក្តាមជា៤ជំរៀក ហើយក៏ត្រូវសម្អាតខ្លាញ់ពីផ្នែកខាងលើស្នូកចេញ ដើម្បីទុកប្រើពេលក្រោយ។
គេយកផ្សិតខ្មៅស្រុះទឹកក្តៅ រួចសឹមគេត្រាំវាក្នុងទឹកស្អាត។ ក្រោយមកទៀត គេត្រូវច្របាច់ទឹកចេញឱ្យអស់ពីវា។ គេត្រាំមីសួរ រួចកាត់វា។ រួចគេបំពងខ្លឹមស រហូតដល់វាប្តូរទៅជាពណ៌ត្នោត។ រួចគេយកក្តាមដាក់ចូលចម្អិនក្នុងកម្តៅរហូតដល់ពណ៌វាប្រែជាក្រហម ហើយគេបន្ថែមផ្សិតខ្មៅចូល។ បន្ទាប់មក គេត្រូវបន្ថែមខ្លាញ់ក្តាមចូល ជាមួយនឹងស្ករត្នោត អំបិលទឹកស៊ីអ៊ីវ ប្រេងខ្យងដោយច្របល់ឱ្យសព្វ ហើយគេបន្ថែមមីសួរចូល។ ក្រោយពីមីសួរមានពណ៌ថ្លាហើយ ត្រូវបន្ថែមស្លឹកខ្លឹមចូលពីលើ ហើយទុកឱ្យម្ហូបនោះពុះជាលើកចុងក្រោយ។ ក្រោយពេលវាឆ្អិនហើយ គេអាចបន្ថែមជីវ៉ាន់ស៊ុយ និងម្រេចកំពតនៅលើមុខម្ហូបនោះ បានដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់។
សហគមន៍នេសាទ«ត្រពាំងរពៅ»នៃខេត្តកំពត
ស្ពានលយចូលសមុទ្រនៅសហគមន៍នេសាទត្រពាំងរពៅ។ រូបភាពផ្តល់ដោយ៖ ទិត រីន
ក្នុងនាមជាអ្នកហាត់ការរាយការណ៍ព័ត៌មាននៅ Focus-Ready for Tomorrow ក្រោមគម្រោង «ឱជារសតំបន់» ឬ Cambodia Eats! ខ្ញុំមានតួនាទី រៀបចំគម្រោង សម្រាប់ការទៅថតនៅសហគមន៍នេសាទត្រពាំងរពៅ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងកំពត ដើម្បីសិក្សាស្វែងយល់បន្ថែម ពីការនេសាទក្តាម ក៏ដូចជាពីជីវភាពរបស់ប្រជានេសាទខាងប៉ែកសមុទ្រ។ ប៉ុន្តែការឆ្លងជាសហគមន៍ជាលើកទី៣នៃកូវីដ១៩ បានរារាំងដំណើរការនេះ មិនអនុញ្ញាតឱ្យក្រុមការងារបានទៅដោយផ្ទាល់បានឡើយ។
ពួកយើងបានបង្វែរមកជាការរាយការណ៍ព័ត៌មានជាអត្ថបទវិញ ដោយទំនាក់ទំនងតាមទូរស័ព្ទ។ ខ្ញុំបានទូរស័ព្ទសម្ភាសន៍លោក លោក ទិត រីន ជាប្រធានសហគមន៍នេសាទត្រពាំងរពៅ អំពីសាវតា ក៏ដូចជា ព័ត៌មានទូទៅរបស់សហគមន៍មួយនេះ។
សហគមន៍ត្រពាំងរពៅជាសហគមន៍មួយ ក្តោប២ភូមិ គឺភូមិព្រែកគ្រែង និងភូមិត្រពាំងរពៅ ដែលមានព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ និងសហគមន៍នេសាទព្រែកត្នោត ដែលមានចម្ងាយប្រមាណជា៣គីឡូម៉ែត្រ និងទំហំ១២៥១ ហិកតា។
សហគមន៍នេសាទនៃខេត្តកំពតមួយនេះ មានប្រជាជនប្រមាណជា ៥៣៨ គ្រួសារ ហើយប្រមាណជា៧០គ្រួសារទៅមួយរយគ្រួសារ ជាអ្នកនេសាទក្តាមចម្រុះគ្នាដោយជនជាតិខ្មែរឥស្លាម និងជនជាតិខ្មែរ បើយោងតាមការបញ្ជាក់របស់ប្រធានសហគមន៍ត្រពាំងរពៅ។
លោក លេស ណុ គឺជាអ្នកនេសាទក្តាមជនជាតិខ្មែរឥស្លាមម្នាក់ ដែលប្រកបរបរនេសាទតាំងពីដឹងក្តីមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះ។ ឪពុករបស់លោក ក៏ជាអ្នកនេសាទក្តាម ដែលលោក លេស ណុ ធ្វើការនេសាទជាមួយគាត់ តាំងតែកាលពីលោកមិនទាន់មានគ្រួសារ។ ការនេសាទក្តាមគឺជាមុខរបរចម្បងរបស់គ្រួសារលោក លេស ណុ ដោយលោកអាចរកចំណូលបានប្រហែលជា ១០ម៉ឺនរៀល ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននេះ ដោយលោកមានការងារបន្ទាប់បន្សំជាអ្នកគួកជេម៉ូតូ។
«[ការនេសាទក្តាម] បានផ្គត់ផ្គង់ក្នុងគ្រួសារ ដូចជាហូបចុក ដូចជាកូនសិក្សារៀនសូត្រចឹងហ្អាបង ចេញទៅហូបការហូបបុណ្យអីចឹងទៅ មួយឆ្នាំៗមានទៅអស់តិចឯណា» លោក លេស ណុលើកឡើង។
ក្រៅពីជាសហគមន៍នេសាទ ទីកន្លែងនេះបានប្រែខ្លួនបន្តធ្វើជាគោលដៅទេសចរណ៍ បែបអេកូទេសចរណ៍នៅឆ្នាំ ២០១៩ ផងដែរ ដែលមានការអភិរក្សជីវចម្រុះដូចជា ព្រៃកោងកាង កន្លែង គ្រែងឈាម ត្រីនានា។ បន្ថែមពីនេះ សហគមន៍នេះ ក៏មានវារីវប្បកម្មចិញ្ចឹមត្រី ដែលមានសមាជិក ៥៣គ្រួសារ។ បន្ថែមពីនេះ សេវាកម្មតំបន់នេះក៏ផ្តល់នូវភ្ញៀវទេសចរទៅកាន់ការមើលស្មៅសមុទ្រ ផ្កាថ្ម ស្ទូចត្រីផងដែរ។ គ្រឿងសមុទ្រស្រស់ៗពីការនេសាទ មានទាំងក្តាម បង្គារ មឹក ក៏ជាចំណែកមួយ ដើម្បីលក់ដល់អ្នកមកកំសាន្តនៅក្នុងសហគមន៍ផងដែរ។
អំឡុងពេលដែលការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ នៅក្នុងសហគមន៍ លោក ទិត រីន បាននិយាយថា៖ «ពីមុខខ្ញុំឃើញ ដោយសារមានភ្ញៀវទេសចរគាត់មកលេងមកអី គាត់ទិញផលពីអ្នកនេសាទហ្នឹង គាត់ឡើងមកពីនេសាទថ្មីៗ ខ្ញុំឃើញមានសន្ទុះនៃជីវភាពរបស់គាត់ហ្នឹងល្អដែរ។ ឃើញរាងប្រសើរ ដោយសារយើងបង្កើតតំបន់ទេសចរណ៍ហ្នឹងឡើង។ ហើយរយៈពេលកូវីដនេះ ខ្ញុំឃើញថាធ្លាក់ថយ ដោយជីវភាពរបស់គាត់ គាត់បានផលនេសាទមក លក់អត់សូវដាច់។»
បញ្ហាប្រឈមរបស់សហគមន៍នេសាទ
ជាមួយនឹងធនធានធម្មជាតិ និងទិន្នផលមិនចេះដាច់នៃជីវចម្រុះក្នុងសមុទ្រ សហគមន៍នេសាទត្រពាំងរពៅមួយនេះ ក៏មិនអាចជៀសផុតពី ពីបញ្ហាប្រឈម ទាំងដោយដោយផ្ទាល់និងប្រយោលឡើយ។
ស្រដៀងគ្នានឹងបណ្តាប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ ការចាក់ដីលុបបំពេញសមុទ្រ គឺជារឿងប្រឈមដែលកើតមានក្នុងគោលបំណងអភិវឌ្ឍនានា នៅតំបន់ជាប់មាត់សមុទ្រ ដូចដែលឃើញពីការអភិវឌ្ឍនៅប្រទេសសាំងហ្គាពួរជាដើម។
គម្រោងអភិវឌ្ឍចាក់ដីបំពេញឆ្នេរដ៏ធំមួយក៏ធ្លាប់ជាបញ្ហារបស់អ្នកនៅក្នុងសហគមន៍ត្រពាំងរពៅ តាំងពីឆ្នាំ ២០១៥ ឆ្នាំមកដើម្បី អភិវឌ្ឍកំពង់ផែ និងតំបន់ទេសចរណ៍ខ្នាតធំមួយ។ គម្រោងអភិវឌ្ឍតំបន់ឆ្នេរនេះ មានគម្រោងចាក់ដីបំពេញបន្ថែមនៅលើតំបន់សហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត។
«រយៈពេលគេដកថយមួយសារទៅ មានសាលាខេត្តសាលាអីប្រកាសចឹងថា ផ្អាកសកម្មភាពក្រុមហ៊ុនហ្នឹងអត់ឱ្យរំលោភបំពាន។ ដល់ពេលហើយ គេនៅតែធ្វើរៀបចំច្បាប់ទម្លាប់អីមួយទៀត ដើម្បីសុំកន្លែងហ្នឹងអភិវឌ្ឍន៍។ អ៊ីចឹងពេលរហូតមកដល់២០២១ ឥឡូវម្ចាស់ក្រុមហ៊ុន ដែលចង់រំលោភចង់ចាក់សមុទ្រហ្នឹង គាត់ស្លាប់បាត់ហើយ […] ប៉ុន្តែនៅកូនមិនដឹងថា ទៅមុខទៀតវាយ៉ាងណាដែរ ខ្ញុំក៏អត់ទាន់ដឹងដែរ ប៉ុន្តែច្បាប់គេរត់ទៅដល់លើហើយ អស់បានម៉ាកំផ្លុសហើយ។»
គម្រោងចាក់ដីអភិវឌ្ឍនៅនៅតំបន់ដទៃ បានបង្ខំឱ្យអ្នកនេសាទបន្តខ្លួន រសាត់អណ្តែតទៅនេសាទនៅទីតាំងផ្សេងទៀត ដែលជាដែននេសាទរបស់សហគមន៍នេសាទដទៃ ដូចជាចូលមកកាន់ដែននេសាទរបស់សហគមន៍ត្រពាំងរពៅជាដើម។
ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍គឺពឹងផ្អែកសំខាន់លើការនេសាទសមុទ្រ។ រូបភាពគូសដោយ៖ តូច ធីណា
«ដោយសារនៅតំបន់ហ្នឹងគេកំពុងអភិវឌ្ឍធ្វើកំពង់ផែថ្មី គេចាក់ដីលុបបំពេញសមុទ្ររាប់រយហិកតា អ៊ីចឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពគាត់ ហើយគាត់មកលុកលុយនៅអាកន្លែងយើង ដែលអត់ទាន់មានកត្តាចាក់ដីរំលោភបំពានហ្នឹង។» លោកប្រធានសហគមន៍បានពន្យល់។
លោកបានបន្តថា សកម្មភាពទាំងនោះ ក៏បានបង្កក្លាយជាអំពើហិង្សារវាងគ្នានឹងគ្នាផងដែរ រហូតដល់មានទំនាស់ឈ្លោះគ្នា ថែមទាំងការដេញបុកទូកនេសាទគ្នានៅកណ្តាលសមុទ្រផងដែរ។
ឯកសារស្រាវជ្រាវស្តីអំពីការរៀបចំសហគមន៍នេសាទនៅកម្ពុជា ដោយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងថា បញ្ហាប្រឈម ដែលសហគមន៍នេសាទនៅកម្ពុជា ជួបប្រទះមានដូចជាសកម្មភាពនេសាទខុសច្បាប់ ដោយប្រើមងមានចំនួន ៧៣ភាគរយ ការអូសអួនដោយប្រើទូកធំៗមានប្រមាណ៣៧ភាគរយ ការនេសាទខុសច្បាប់ដោយកប៉ាល់មកពីប្រទេសដទៃមានចំនួន១៧ភាគរយ និងការបំពុលសមុទ្រចំនួន១០ភាគរយ។
ទោះបីជាមានករណីបែបនេះកើតឡើងក្តី ទិន្នផលនេសាទរបស់សហគមន៍នេះ នៅមិនទាន់ជួបនឹងភាពប្រែប្រួលខាងទិន្នផលនេសាទណាស់ណានោះទេ បើតាមការលើកឡើងប្រធានសហគមន៍ និងអ្នកនេសាទក្នុងសហគមន៍។
យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២០ ផលនេសាទសមុទ្រនៅកម្ពុជាក្នុងឆ្នាំ២០២០ មានទំហំប្រមាណជា ១១ម៉ឺនតោន ដែលមានការកើនឡើងប្រហែលជា ៤៣០០តោន បើប្រៀបធៀបជាមួយនឹងទិន្នផលក្នុងឆ្នាំ២០១៩ ជាមួយបទល្មើសនេសាទសមុទ្រ ២០៨ករណី ។ សម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២១ ផលនេសាទសមុទ្រមានចំនួនប្រមាណជា ១២០០០តោន ជាមួយនឹងបទល្មើសនេសាទចំនួន១៦ករណី បើយោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំត្រីមាសទី ឆ្នាំ២០២១។
ក្នុងករណីបទល្មើសនេសាទបន្តកើតមាន ដោយគ្មានដំណោះស្រាយ និងគ្មានការថែរក្សាធនធានទាំងអស់នោះ លោក ទិត រីន លើកឡើងថា៖ «ខ្ញុំគិតថា អនាគតវានឹងជួបបញ្ហាហានិភ័យ។ អ៊ីចឹង ពេលគាត់នេសាទ គាត់នឹងលក់ទូក លក់ទ្រព្យសម្បត្តិរបស់គាត់ នឹងចំណាកស្រុក និងទៅធ្វើការរោងចក្រអស់»។
លោក លេស ណុ បាននិយាយថា៖«មានមុខរបរអីផ្សេង ខ្ញុំចង់ឱ្យកូនខ្ញុំបង្កើតមុខរបរផ្សេង និយាយរួម វាហត់នឿយដែរបង ជួនកាលវាអត់សូវបានដេកបានពួនអីដែរ»។
ដំណោះស្រាយនិងគំនិតរបស់ស្មេរ
ទោះបីជាប្រឈមនឹងបញ្ហាដែលបង្កឡើងភាគច្រើនដោយមនុស្សក្តី ប៉ុន្តែសហគមន៍នេះក៏ស្ថិតនៅក្នុងគម្រោងគាំពារអភិរក្សសត្វក្តាមផងដែរ។
គោលនយោបាយបង្កើតធនាគារក្តាមចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០០៨ ដោយរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម និងដៃគូគឺកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
ធនាគារក្តាម គឺជាកន្លែងស្តុកក្តាមពងរហូតដល់ក្តាមពងចេញ និងភ្ញាស់កូន។ អ្នកនេសាទដែលជាសមាជិក ធនាគារក្តាម អាចយកក្តាមពងដែលនេសាទបានមកទុកឱ្យធនាគារក្តាម ដើម្បីទុកឱកាសឱ្យក្តាមទាំងនោះអាចញាស់កូន បន្ទាប់មក កូនក្តាមទាំងអស់ត្រូវលែងចូលសមុទ្រវិញ។ នេះជាវិធីមួយ ដើម្បីធានានិរន្តរភាពនៃការកកើតក្តាមឡើងវិញ។
«យើងមានជាថវិកាសម្រាប់ឱ្យសមាជិកអ្នកនេសាទហ្នឹងគាត់ខ្ចី»។ លោកទិត រីនបានបន្តថា អាពេលអាចុងការហ្នឹង (ការប្រាក់) យើងអត់យកលុយទេ យើងយកជាមេក្តាមពងដើម្បីយើងមកទម្លាក់ក្នុងបែរ។»
ក្រៅពីនេះ សហគមន៍ក៏បានលើកទឹកចិត្តឱ្យអ្នកនេសាទ ឧបត្ថម្ភមេក្តាមពងមកឱ្យសហគមន៍ ម៉្យាងវិញទៀតវាជារឿងខុសច្បាប់ជលផល ក្នុងការជួញដូរមេក្តាមដែលមានពងនៅខាងក្រៅ។
ក្រោយបានសាកសួរទូទៅអំពីជីវភាពរស់នៅរបស់សហគមន៍នេសាទ ត្រពាំងរពៅរួចមក យើងអាចដឹងបានពីសារសំខាន់របស់ធនធានធម្មជាតិសមុទ្រ ក៏ដូចជាក្តាមសេះ ចំពោះប្រជានេសាទ។ ដោយសារការរស់នៅរបស់ពួកគាត់ នៅប្រឈមនឹងផលប៉ះពាល់មួយចំនួនទៀត ជាពិសេសផ្នែកបរិស្ថាន ខ្ញុំបានធ្វើការសម្ភាសន៍ ជាមួយកញ្ញា ថាប់ រចនា ដែលជានាយកប្រតិបត្តិនៃអង្គការអភិរក្សសត្វសមុទ្រនៅកម្ពុជា អំពីការចូលរួមការពាររបស់ប្រជាជនកម្ពុជា ដើម្បីកុំឱ្យធនធានសមុទ្រទាំងនោះបាត់បង់។
អង្គការអភិរក្សសមុទ្រកម្ពុជា ឬ Marine Conservation Cambodia គឺជាអង្គការក្រៅ រដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង អភិរក្សនិងសិក្សាស្រាវជ្រាវធនធានសមុទ្រនៅកម្ពុជា ដូចជាផ្កាថ្ម ដូហ្វ៊ីន សេះសមុទ្រ និងធនធានដទៃទៀត។ អង្គការនេះ មានទីតាំងនៅកោះអាចម៍សេះ និងមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹងការអភិរក្សអំណោយធម្មជាតិនៅតំបន់នោះ ក៏ដូចជាផ្សារភ្ជាប់យុវជនទៅនឹងធនធានសមុទ្រនោះ។
សកម្មភាពរបស់ក្រុមការងារ Marine Conservation Cambodia ឆ្លើយតបទៅនឹងការនេសាទខុសច្បាប់។ រូបថតផ្តល់ដោយ៖ ថាប់ រចនា
កញ្ញា បានណែនាំឱ្យប្រជាជនកម្ពុជាទូទៅ ក៏ដូចជាយុវជន ព្យាយាមស្វែងយល់អំពីប្រភពនៃធនធានសមុទ្រទាំងនោះជាមុនសិន មុននឹងទិញយកមកទទួលទាន។
កញ្ញាបានឱ្យដឹងថា៖« យុវជនខ្មែរយើង គួរតែគិតឱ្យបានច្រើន គឺផលប្រយោជន៍ និងប្រភពនៃអាហារដែលញ៉ាំហ្នឹង តើរាល់ថ្ងៃហ្នឹង វាមានផលប៉ះពាល់ដល់ធនធាន ឬក៏ជីវចម្រុះផ្សេងៗនៅក្នុងបាតសមុទ្រ។»
កញ្ញា ថាប់ រចនាបានបន្តថា នៅក្នុងកាលៈទេសៈដែលយើងដឹងថា ប្រភពគ្រឿងសមុទ្រដែលយើងទិញ គឺជាជាផលមកពីការនេសាទខុសច្បាប់ ប្រជាជនកម្ពុជាគួរតែប្រើប្រាស់បេះដូង និងការគិតពិចារណានៅក្នុងសកម្មភាពរបស់ខ្លួន ថាគួរតែបន្តគាំទ្រផលនេសាទខុសច្បាស់ទាំងនោះដែរឬទេ។
តាមរយៈការសម្ភាសន៍ជាមួយប្រធានសហគមន៍នេសាទ អ្នកនេសាទ និងអ្នកជំនាញធ្វើការលើផ្នែកសមុទ្រ និងយោងតាមឯកសារស្រាវជ្រាវមួយចំនួន បានជួយពន្យល់ខ្ញុំឱ្យកាន់តែច្បាស់ អំពីកិច្ចការងាររបស់ពួកគាត់ ក៏ដូចជាបញ្ហាប្រឈម ដែលពួកគាត់ធ្លាប់និងកំពុងជួបប្រទះ។
ប្រជាជនកម្ពុជា គួរតែស្វែងយល់បន្ថែម អំពីប្រភពគ្រឿងសមុទ្រដែលគេបរិភោគ ជាជាងការទិញវាមកបរិភោគទាំងមិនដឹងអ្វីទាំងអស់ពីវា។ ការធ្វើបែបនេះ អាចជាទង្វើនៃការគាំទ្រ ការនេសាទខុសច្បាប់ដោយប្រយោល។
ទោះបីជាបញ្ហាមួយចំនួន ដូចជាការធ្លាក់ចុះនៃចំនួនក្តាម មិនទាន់បានកើតឡើង ដូចការលើកឡើងរបស់សហគមន៍ត្រពាំងរពៅក្តី ប៉ុន្តែក្នុងនាមយើងជាពលរដ្ឋម្នាក់ រួមជាតិតែមួយ គួររួមគ្នា ថែរក្សាធនធានធម្មជាតិទាំងនោះ មុនមានការបាត់បង់។ មានប្រជាជនជាច្រើន កំពុងពឹងអាស្រ័យផលនៃធនធានទាំងនោះ លើសពីនេះ ក្តាមក៏ជាសត្វមួយ ដែលមានរសជាតិឆ្ងាញ់ ដែលយើងមិនគួរធ្វើអ្វីដែលបង្កឱ្យដល់ទិន្នផលរបស់វា លើសលុបឡើយ។
វាស្រដៀងគ្នានឹងអ្វីដែល កញ្ញា ថាប់ រចនា បាននិយាយថា៖ «មនុស្សត្រូវគោរពទៅធម្មជាតិ ហើយធម្មជាតិនឹងផ្តល់ផលប្រយោជន៍ជាច្រើនមកដល់យើង។»