«ខ្ទើយ!» ដោយសារកង្វះខាតនៃពាក្យខ្មែរ មនុស្សភាគច្រើនតែងតែប្រើពាក្យ ខ្ទើយ ដើម្បីសម្គាល់សមាជិកនៃសហគមន៍ឥន្ទធនូ។ ដោយគ្មាននិយមន័យច្បាស់លាស់ ពេលខ្លះ ពាក្យនេះ ត្រូវបានប្រើប្រាស់ ក្នុងគោលបំណងមាក់ងាយ និងចំអកទៅលើសមាជិកនៃសហគមន៍នេះ។
«ខ្ញុំមិនមែនជាជនជាតិខ្មែរនោះទេ ប៉ុន្តែខ្ញុំចេះភាសាខ្មែរគ្រប់គ្រាន់ សម្រាប់ការនិយាយដោយមិនចាំបាច់ប្រើពាក្យ”ខ្ទើយ”» លោក ចេសិន អាចិនតា (Jason Argenta) អ្នកគ្រប់គ្រងអង្គការជីវិតស្រស់បំព្រងបានលើកឡើង។
ក្នុងគោលបំណងឲ្យប្រជាជនខ្មែរយល់ដឹងបន្ថែមពីសហគមន៍ឥន្ទធនូ លោកបានចាប់ផ្ដើមបកប្រែពាក្យគន្លឹះខ្លះៗជាភាសាខ្មែរ។ ឡេសស្បៀន (Lesbian) ហ្គេយ៍ (Gay) បាយសិចស្យួល (Bisexual) ថ្រែនស៍ចិនឌ័រ (Transgender) គឺជាពាក្យដំបូងបង្អស់ ដែលលោកបានបកប្រែ។
សម្រាប់ចេសិន ការបកប្រែតម្រូវឲ្យមានការផ្ចិតផ្ចង់បន្ថែមទៀត ដោយសារតែពាក្យខ្លះពិបាកបកប្រែ និងអាចងាយយល់ច្រឡំ។ ដូច្នេះ ទើបលោកសម្រេចចិត្តចាប់ផ្ដើមធ្វើការបកប្រែពាក្យដែលរៀបរាប់ពីសមាជិកនៃ សហគមន៍ឥន្ទធនូជាភាសាខ្មែរ ហើយចងក្រងពាក្យនោះជាវចនានុក្រមតូចមួយនេះ។ ប៉ុន្តែ ដោយសារតែកង្វះខាតពាក្យខ្មែរ ដែលខ្លី និងងាយយល់ ការបកប្រែមិនមែនជារឿងងាយស្រួលនោះទេ។
ក្នុងពេលចងក្រងវចនានុក្រម ដែលបានចាប់ផ្ដើមនៅដើមឆ្នាំនេះ លោកបានកត់សម្គាល់ថា មនុស្សភាគច្រើនបានយល់ច្រឡំ ថ្រែនស៍ចិនឌ័រ (Transgender) ទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការវះកាត់ប្ដូរប្រដាប់ភេទ។ លើសពីនេះទៅទៀត មនុស្សមួយចំនួនតែងតែគិតថា ប្រទេសកម្ពុជាគ្មានមនុស្សដែលកើតឡើងមានប្រដាប់ភេទទាំងពីរ ឬអុិនធើសិចស៍ (Intersex)។ លោកបានបន្តទៀតថា ពាក្យខ្លះមានភាពខុសគ្នាតិចតួចតែប៉ុណ្ណោះ ដូចជាពាក្យ ចិនឌ័រខ្វៀរ (Genderqueer) និងណុនបែណារី (Non-binary) ដែលបង្កឱ្យមានការលំបាកក្នុងការពន្យល់ ពីភាពខុសគ្នារវាងពាក្យទាំងពីរខាងលើ ឱ្យមានន័យត្រឹមត្រូវហើយគ្រប់គ្រាន់ជាភាសាខ្មែរ។
លោក ចេសិន អាចិនតា គឺជាអ្នកផ្ដួចផ្ដើមអង្គការជីវិតស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប។ អង្គការនេះ មានគោលបំណងក្នុងការបង្កើតកន្លែងមួយដែលមានសុវត្ថិភាព និងភាពកក់ក្ដៅ សម្រាប់សមាជិកសហគមន៍ឥន្ទធនូទាំងអស់។ អង្គការនេះ ក៏ជាកន្លែងមួយដែលមានផ្ទុកព័ត៌មានជាច្រើនទាក់ទងទៅនឹងសហគមន៍ឥន្ទធនូ ដែលមហាជនអាចទាញយកបាន។
លោកចេសិន ជាជនជាតិអូស្ត្រាលី បានរស់នៅប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំមកហើយ ហើយលោកក៏បានរៀនភាសាខ្មែរយ៉ាងស្ទាត់ជំនាញផងដែរ។ គោលបំណង ២ធំៗ ក្នុងការបង្កើតវចនានុក្រមមួយនេះគឺ ដើម្បីឲ្យប្រជាជនខ្មែរយល់ដឹងឲ្យកាន់តែជ្រាលជ្រៅអំពីសហគមន៍ឥន្ទធនូ និងដើម្បីបង្ហាញពីការចូលរួម និងស្នាដៃរបស់សមាជិកសហគមន៍ឥន្ទធនូ។
ដោយបានបោះពុម្ពផ្សាយនៅដើមខែសីហា ឆ្នាំ២០២០ វចនានុក្រម LGBTIQ+ គឺជាការចងក្រងពាក្យគន្លឹះរៀបរាប់ពីសមាជិកនៃសហគមន៍ឥន្ទធនូជាភាសាខ្មែរដំបូងបង្អស់របស់អង្គការជីវិតស្រស់បំព្រង។
វចនានុក្រមនេះ ក៏បានរៀបរាប់ពីទម្រង់នៃការរួមភេទមួយចំនួនដូចជា ថប (Top) បត់ថឹម (Bottom) និង វើសសះថែល (Versatile) ព្រោះលោកមើលឃើញថា មនុស្សតែងតែមានការយល់ច្រឡំច្រើន ខណៈទម្រង់នៃការរួមភេទទាំងនេះក៏មានការយល់ខុសផ្សេងៗ អមស្របជាមួយវាផងដែរ។ ហេតុនេះហើយ ទើបលោកបានសម្រេចចិត្តរួមបញ្ចូលពាក្យគន្លឹះនេះ ដើម្បីលុបបំបាត់ផ្នត់គំនិតទាំងអស់នោះ។
វចនានុក្រុមនេះ យកអក្សរខ្មែរមកប្រកបពាក្យអង់គ្លេសរួចទើបផ្ដល់និយមន័យសម្រាយ។ ហេតុផលនោះ គឺ ដើម្បីឲ្យប្រជាជនខ្មែរយល់ដឹងពីពាក្យទាំងអស់នេះជាភាសាអង់គ្លេសដែរ។
បន្ទាប់ពីការសរសេរ និងបកប្រែ លោកក៏ត្រូវគិតពីការរចនាវចនានុក្រមនេះផងដែរ។ លោកចង់ឲ្យសៀវភៅនេះ មានភាពសាមញ្ញ និងស្អាតងាយស្រួលមើល។ លោកមិនចង់ឲ្យវាមានការរចនាលេចធ្លោ ហើយឆើតឆាយខ្លាំងពេកនោះទេ។ នៅក្រោមទំព័រនីមួយៗ អ្នកអាននឹងមើលឃើញខ្សែបន្ទាត់ដែលមានពណ៌ឥន្ទធនូសាមញ្ញ ហើយមិនចែងចាំងពេក។
លោកបានអះអាងថា៖ «ខ្ញុំមិនចង់ឲ្យអ្នកអានគិតថា សមាជិកសហគមន៍ឥន្ទធនូ គឺជាមនុស្សមានភាពក្លាហាន មានទំនុកចិត្តខ្ពស់ ឆើតឆាយ។ ពីព្រោះមិនមែនយើងទាំងអស់គ្នា សុទ្ធតែដូច្នោះទេ»។ លើសពីនេះទៅទៀត ការរចនានេះក៏ជាការឆ្លុះបញ្ចាំងពីអង្គការនេះទាំងមូលផងដែរ។
យោងទៅតាមលោក អ្នកដែលមកចូលរួមកម្មវិធីរបស់អង្គការជីវីតស្រស់បំព្រង ភាគច្រើនជាមនុស្សដែល មិនទាន់មានទំនុកចិត្តខ្ពស់លើខ្លួនឯង មិនទាន់ហ៊ានបង្ហាញភាពជាខ្លួនឯង និងត្រូវការជំនួយពីមនុស្សជុំវិញខ្លួន។ លោកបានលើកឡើងថា៖ «ខ្ញុំមិនចង់ឲ្យពួកគេចូលក្នុងអគារមួយនេះ ហើយឃើញទង់ជាតិឥន្ទធនូលេចធ្លោ ចែងចាំង ប៉ុន្តែមិនទាន់ហ៊ានសម្គាល់ខ្លួនឯងថាជាសមាជិកនៃសហគមន៍មួយនេះ»។
លោកមានភាពសប្បាយរីករាយនៅពេលដែលសៀវភៅនេះ បានបោះពុម្ពផ្សាយជាផ្លូវការ។ តទៅមុខទៀត លោកសង្ឃឹមថា លោកនឹងអាចផលិតសៀវភៅបែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្ថែមព័ត៌មានថ្មីៗដល់អ្នកអាន ក៏ដូចជាមហាជនគ្រប់រូប។
ក្តីស្រម៉ៃរបស់លោក គឺឃើញជនជាតិខ្មែរ នឹងយកចិត្តទុកដាក់ស្វែងយល់ពីសហគមន៍ដ៏ស្រស់បំព្រង និងចម្រុះមួយនេះ ហើយប្រើប្រាស់ពាក្យទាំងអស់នេះជាជាងពាក្យ «ខ្ទើយ» ព្រមទាំងជួយគាំទ្រស្នាដៃរបស់សមាជិក សហគមន៍ឥន្ទធនូ៕
កំណត់សម្គាល់៖ វចនានុក្រុមនេះអាចរកបាននៅអង្គការជីវិតស្រស់បំព្រងផ្ទាល់។ វចនានុក្រុមមានតម្លៃ ៥$។ ព័ត៌មានទំនាក់ទំនងបន្ថែម ចុចនៅទីនេះដើម្បីចូលទៅកាន់គេហទំព័រផ្ទាល់របស់អង្គការនេះ។