នៅពេលដែលខែចេត្រចូលមកដល់ អ្វីដែលប្រជាជនខ្មែររមែងនឹកដល់មុនគេ គឺការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារការលេចឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩ លំអាននៃការប្រារព្ធពិធីបុណ្យនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
គ្រឿងដង្វាយទទួលទេវតាឆ្នាំថ្មី ថតដោយ៖បូរិន សុភាវុទ្ធតី
តាមទម្លាប់ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ខែ មេសាព្រោះជារដូវកាល ដែលប្រជាជនខ្មែរបានសម្រាកពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ យើងតែងជួបប្រទះនូវរឿងអពមង្គល ឧបទ្រពចង្រៃ និងក្តីកង្វល់ផ្សេងៗ។ ហេតុនេះ ដើម្បីទទួលបានសិរីសួស្ដី សុភមង្គលនៅក្នុងឆ្នាំថ្មី ប្រជាជនខ្មែរតែងតែ រៀបចំគ្រឿងដង្វាយ ទទួលទេវតាឆ្នាំថ្មី ស្លៀកពាក់ថ្មីៗ លេងល្បែងប្រជាប្រិយ ធ្វើដំណើរកំសាន្ដ និងជាពិសេស ជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយ ដែលបានឃ្លាតគ្នាកន្លងមក។
ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ បានធ្វើឱ្យផ្លូវដែលធ្លាប់តែសម្បូរដោយមនុស្សម្នា ធ្វើដំណើរកំសាន្តទៅទីជិតឆ្ងាយ និងជួបជុំបងប្អូននៅឯស្រុក បានប្រែជាស្ងប់ស្ងាត់ និងជំនួសវិញដោយប៉ារ៉ាស់សម្រាប់ការបិទខ្ទប់រាជធានី និងខេត្ត ក្រុង។ សម្លេងកងរំពងនៃការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកំសាន្ត ត្រូវបានផ្លាស់ប្តូរទៅដោយសម្លេងឡានពេទ្យ និងសារនៃការណែនាំពីការពារខ្លួនអ្នកពីជំងឺឥតស្រមោលកូវីដ១៩។
ជាពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គម ការបង្ហោះសារដែលធ្លាប់តែបង្ហាញពីភាពរីករាយនៃកម្មវិធីសង្ក្រាន និងពាក្យពរជ័យសម្រាប់ឆ្នាំថ្មី បែរជាពោរពេញទៅដោយព័ត៌មានទាក់ទងនឹងការកើនឡើងនៃជំងឺកូវីដ១៩ និងការបួងសួងសុំសេចក្តីសុខរួចផុតពីគ្រោះកំណាចនេះទៅវិញ។
ព្រឹត្តិការណ៍នេះ អាចជះឥទ្ធិពលដល់សង្គម និងប្រជាជនខ្មែរ ដែលផ្សាភ្ជាប់ជីវិតរបស់ខ្លួនទៅនឹងតម្លៃនៃការប្រារព្ធពិធីនេះ ដោយសារវាបានប៉ះពាល់នូវសេចក្តីសុខផ្លូវចិត្ត និងសុវត្ថិភាពផ្លូវកាយជាដើម។
ផ្លូវដ៏ស្ងប់ស្ងាត់នៅទីក្រុងភ្នំពេញ ថតដោយ៖ បូរិន សុភាវុទ្ធតី
ប៉ុន្តែអ្វីជាចំណុចសំខាន់ ដែលអ្នកអាចទទួលបានពីព្រឹត្តិការណ៍មួយនេះ?
និន្នាការលើបណ្តាញសង្គម និងភាពភ័យខ្លាច
នៅពេលប្រារព្ធពិធីបុណ្យចូលឆ្នាំម្តងៗ នៅលើគេហទំព័រហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗ អ្នកតែងតែងមើលឃើញពីការចែករំលែកព័ត៌មាន អំពីគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី សង្ក្រានប្រចាំខេត្តនីមួយៗ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងការប្រារព្ធពិធីនេះ។
ដោយឡែកនៅឆ្នាំនេះ នៅតាមបណ្តាញសង្គមគេមើលឃើញថា ភាគច្រើន គឺជាព័ត៌មានទាក់ទងទៅនឹង ជំងឺកូវីដ១៩ទៅវិញ។ ជាក់ស្តែងនៅថ្ងៃចូលឆ្នាំថ្ងៃទីមួយ ការចែកចាយព័ត៌មានអំពីការបិទខ្ទប់ក្រុងភ្នំពេញ និងខេត្តកណ្តាល មុនពេលការចេញផ្សាយជាផ្លូវការនៅលើបណ្តាញសង្គម ភា្លមៗបានបង្កឱ្យមានភាពជ្រួលច្របល់ និងភាពភ័យខ្លាចរបស់ប្រជាជនពីកង្វះម្ហូបអាហារ។
ជាលទ្ធផលនៃភាពតក់ស្លុត និងធ្វេសប្រហែលមួយពេលខ្លីនេះ វាបាននាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញ ពីព្រោះមានករណីថ្មីជាច្រើនបានកើនឡើងចេញមកពីទីផ្សារ ដែលមនុស្សម្នាប្រជ្រៀតគ្នា ដើម្បីទិញស្បៀងអាហារទុក។ ហេតុនេះ យើងគួរតាមដានស្ថានការណ៍តាមរយៈប្រភពព័ត៌មានគួរឱ្យទុកចិត្ត និងផ្លូវការរបស់រដ្ឋាភិបាល ក៏ដូចជាស្វែងយល់ឱ្យបានច្បាស់លាស់ មុននឹងធ្វើការចែករំលែក និងបញ្ចេញប្រតិកម្មអ្វីមួយ។ ហើយកុំតាមដានព័ត៌មានដែលមិនសប្បាយចិត្តច្រើនពេក ព្រោះវាកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច និងតប់ប្រមល់។
មនុស្សនាំគ្នាសម្រុកទិញស្បៀងអាហារទុកនៅពេលឃើញព័ត៌មានពីការបិតខ្ទប់ក្រុងភ្នំពេញ
វប្បធម៌នៃការចែករំលែក
ជំនួសពីការទៅវត្តធ្វើបុណ្យ ប្រគេនចង្ហាន់ជូនព្រះសង្ឃ យើងមើលឃើញតាមរយៈបណ្តាញសង្គមថា មានការចែករំលែកម្ហូបអាហារ ប្រាក់ឧបត្ថម្ភ និងគ្រឿងប្រើប្រាស់ជាច្រើន ដល់បុគ្គលដែលជួបប្រទះបញ្ហាប្រឈមខ្លាំង នៅក្នុងពេលបិទខ្ទប់នេះ។ ទង្វើនេះ បានបង្ហាញឱ្យឃើញពី វប្បធម៌នៃការចែករំលែករបស់ប្រជាជនខ្មែរ ដែលចេះជួយអាសារគ្នាក្នុងគ្រាអាសន្ន។
ប៉ុន្តែ ក៏មានជនខិលខូចមួយចំនួន ដែលឆក់យកឱកាសនេះ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នា ដូចជា ការលក់ផលិតផលក្នុងតម្លៃថ្លៃខុសស្តង់ដារ និងការរៃអង្គាសប្រាក់ជួយដល់អ្នកទីទល់ក្រដែលគ្មានប្រភពច្បាស់លាស់ជាដើម។ ជៀសវាងការធ្វើបុណ្យលើមនុស្សខុស អ្នកគួរធ្វើការបរិច្ចាគ និងជួយដល់អ្នកដទៃឱ្យមានបានត្រឹមត្រូវ តាមរយៈស្ថាប័ន ឬអង្គភាព ដែលមានមុខងារ និងគនេយ្យភាពត្រឹមត្រូវ ឬតាមរយៈមនុស្សស្គាល់គ្នាអាចទុកចិត្តបាន ដែលមានការបង្ហាញពីជំនួយរបស់ខ្លួនជាឯកសារ ឬរូបភាពជាភស្តុតាងច្បាស់លាស់។
រក្សាការគិតបែបវិជ្ជមាន
ការសម្រាកនៅតែផ្ទះ មិនអាចចេញទៅក្រៅ និងធ្វើសកម្មភាពដូចសព្វមួយដង អាចធ្វើឱ្យយើងគ្រប់គ្នា មានអារម្មណ៍តានតឹង និងធុញទ្រាន់នឹងការរស់នៅបែបនេះ។ ក្នុងករណីខ្លះ កត្តាជីវភាព និងទំនួលខុសត្រូវចំពោះតួនាទី អាចជាកត្តាមួយ ដែលមិនអាចឱ្យមនុស្សមួយចំនួន សម្រាកនៅផ្ទះ ដើម្បីការពារសុវត្ថិភាពខ្លួនឡើយ។
ហេតុនេះ ប្រសិនបើអ្នកទទួលបានឱកាសសម្រាកនេះ អ្នកគួរពិចារណាការថែទាំសុខភាពខ្លួនឱ្យបានរឹងមាំ និងរក្សាការគិតបែបវិជ្ជមាន ពីព្រោះវាអាចជួយឱ្យអ្នករួចផុតពីផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ ទាំងសុខភាពកាយ និងផ្លូវចិត្ត។ ហើយមិនមែនមានន័យថា អ្នកគួរតែសប្បាយចិត្ត នៅលើគំនរទុក្ខអ្នកដ៏ទៃ មិនខ្វល់ពីគេឯងនោះទេ វាមានន័យថា ការរក្សាចិត្តឱ្យបានស្ងប់ ស្វែងរកដំណោះស្រាយ ទើបជាទង្វើគប្បី នៅពេលដែលអ្នកជួបប្រទះបញ្ហា។
តម្លៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំស្ថិតនៅលើខ្លួនអ្នក
ពិធីបុណ្យចូលឆ្នាំថ្មី មានប្រវត្តិយូរលង់ណាស់មកហើយ ហើយវាជាពិធីមួយដ៏មានសារៈសំខាន់នៅក្នុងទំនៀមទម្លាប់ខ្មែរ ដោយវាបានដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នា រវាងបងប្អូន ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាការបង្កើតសាមគ្គីភាពជាតិ និងការរក្សាអត្តសញ្ញាណខ្មែរផងដែរ។ ប៉ុន្តែ តម្លៃនៃពិធីនេះមិនអាស្រ័យទៅលើការប្រារព្ធឡើង ដោយត្រូវតែមានការជួបជុំគ្នា និងរាំរែកសប្បាយនោះទេ ពីព្រោះនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ ការរក្សាគម្លាតពីអ្នកដទៃ និងផ្អាកការជួបជុំគ្នា ក៏អាចបង្ហាញពីស្មារតីក្នុងការខ្វាយខ្វល់ពីសុវត្ថិភាព ញាតិមិត្តរបស់អ្នក និងបង្ហាញពីការសាមគ្គីគ្នា ក្នុងការទប់ស្កាត់នៃជំងឺនេះ។
បុណ្យចូលឆ្នាំប្រពៃណីនៅក្នុងសម័យកូវីដ១៩ អាចជារឿងអាក្រក់ដែលយើងគ្រប់គ្នា មិនចង់ជួបប្រទះម្តងទៀត ប៉ុន្តែវាជាមេរៀនសំខាន់ដែលយើងគួរតែសិក្សា។ ប្រជាពលដ្ឋ គឺជាចលករដ៏សំខាន់របស់ប្រទេស ក្នុងការទប់ទល់នឹងបញ្ហានៅចំពោះមុខជាតិ ហើយប្រសិនបើប្រជាពលរដ្ឋពុំមានសុខភាពល្អ ប្រទេសជាតិមានស្ថានភាពវឹកវរ ហើយក្នុងស្ថានការណ៍បែបនោះ ការប្រារព្ធពិធីប្រពៃណីជាតិក៏គ្មានតម្លៃនោះដែរ៕