យុវជនខ្មែរមួយក្រុម បង្កើតឧបករណ៍សម្រាប់ការសិក្សាអនុវត្ត មុខវិជ្ជាបែបវិទ្យាសាស្ត្រ ក្នុងតម្លៃសមរម្យ ដើម្បីជំរុញការសិក្សា STEM លើសពីទ្រឹស្តីក្នុងសៀវភៅពុម្ព។
ការបង្រៀនទាំងទ្រឹស្តី និងជាពិសេសការអនុវត្តជាក់ស្តែង មានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ក្នុងការសិក្សាស្វែងយល់សម្រាប់មុខវិជ្ជាបែបនៅកម្ពុជាសម្រាប់កម្មវិធីសិក្សាទាក់ទងនឹងមុខវិជ្ចាសាស្ត្រ ត្រូវបានចាប់ផ្តើមសិក្សាពីថ្នាក់ទី៧ ឡើងទៅ ដែលសិក្សានុសិស្សត្រូវចាប់ផ្តើមសិក្សាមុខវិជ្ជាទាំងនេះ ដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យាជាដើម។ ប៉ុន្តែ ការសិក្សាត្រឹមតែទ្រឹស្តីចេញពីសៀវភៅពុម្ពតែមួយមុខ មិនគ្រប់គ្រាន់នោះទេ ត្រូវបូកផ្សំជាមួយនឹងការអនុវត្តជាក់ស្តែង នៅក្នុងថ្នាក់រៀនជាចំណុចសំខាន់ដែលជម្រុញឱ្យសិស្ស សិក្សាស្វែងយល់ពីមេរៀនទាំងនោះកាន់តែច្បាស់។
ប្រអប់ខ្លឹម និងសម្ភារៈសម្រាប់អនុវត្ត រូបថត៖ ឡុង ម៉េងថុង
ក្រសួងអប់រំ បានរៀបចំគោលនយោបាយស្តីពីការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការសិក្សាសិស្ស និងនិស្សិត ក្នុងការអនុវត្តសកម្មភាព និងគម្រោងស្តីពីការដោះស្រាយបញ្ហាឆ្ពោះទៅការបង្កើនពិសោធន៍ បំណិនជីវិត និង ការបង្កើតថ្មី។ប៉ុន្តែគេបានរកឃើញថា ការអប់រំវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យាមានសារៈសំខាន់ ប៉ុន្តែកម្ពុជានៅមានបញ្ហាដូចជា កង្វះគ្រូសម្រាប់បណ្តុះបណ្តាលមុខវិជ្ជាទាំងនោះ ចំណាប់អារម្មណ៍របស់សិស្សនៅមានកម្រិតទាប ហេដ្ឋារចនាសម្ព័ន្ធមិនទាន់សមស្របតាមស្តង់ដានៅឡើយទេ។
បញ្ហាដែលរាប់រៀបខាងលើនេះ ជាបញ្ហាប្រឈមទូទៅ ដែលសិស្សានុសិស្សបានជួបប្រទះ ជាពិសេសនៅតាមសាលារៀន នៅឯតាមបណ្តាខេត្ត។ ជាក់ស្តែង យុវជន ឡុង ម៉េងថុង ជាអតីតសិស្សមកពីសាលារៀនមួយនៅខេត្ត កំពង់ចាម បានចែករំលែកបទពិសោធន៍របស់ខ្លួនពីបញ្ហាក្នុងការសិក្សាមុខវិជ្ជាវិជ្ជាសាស្ត្រ ដោយពុំមានសម្ភារៈគ្រប់គ្រាន់ក្នុងការអនុវត្ត កង្វះគ្រូសម្រាប់បង្រៀន ហើយខ្លួនក៏យល់ថា ដោយបញ្ហាប្រឈមទាំងនេះហើយ ទើបសិស្សមួយចំនួនមិនចាប់អារម្មណ៍សិក្សាទៅលើមុខវិជ្ជាទាំងនេះ។
«មុនពេល ដែលខ្ញុំមិនទាន់ប្តូរមករៀននៅភ្នំពេញ ខ្ញុំមិនសូវយល់ច្បាស់ និងចាប់អារម្មណ៍ពីមុខវិជ្ជាវិទ្យាសាស្ត្រទាំងអស់ហ្នឹងទេ ព្រោះពីមុននៅសាលាតាមខេត្តមិនសូវឧបករណ៍គ្រាន់សម្រាប់អនុវត្ត និងធ្វើការពិសោធន៍ទេ។ ចុឹងនៅពេលដែលសិស្សអត់មានឱកាស បានអនុវត្តផ្ទាល់ សិស្សមិនសូវចាប់អារម្មណ៍ដូចគ្នា ព្រោះពេលខ្លះវាពិបាកនឹងស្រម៉ៃចេញ បើគ្មានការអនុវត្ត»។
ដោយបានឆ្លងកាត់បញ្ហាទាំងនេះផ្ទាល់ និងមើលឃើញពីសារៈសំខាន់នៃការអនុវត្តក្នុងការស្វែងយល់មុខវិជ្ជាទាំងនេះ ក្រោយពេលបញ្ចាប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួនពីសាលា ឡាយហ្គើ(Liger Leadership Academic) ដែលជាសាលារៀនឯកជនមួយនៅរាជធានីភ្នំពេញ។ កាលពីដើមឆ្នាំ២០២០ កន្លងមកនេះ យុវជន ម៉េងថុង និងមិត្តរូមសាលាពីររូបទៀតគឺ យុវជន ចាន់ ដាវីត និង នួនសុីនឿន សំណាង បានចូលរួមគ្នាបង្កើតឧបករណ៍ជំនួយសម្រាប់ការសិក្សាមួយប្រភេទ ដែលហៅថា «ប្រអប់ខ្លឹម» (Klembox)។
តើប្រអប់ខ្លឹមជាអ្វី? និងមានអ្វីខ្លះ?
ប្រអប់ខ្លឹម គឺជាសម្ភារៈជំនួយការសិក្សា ដល់មុខវិជ្ជាសាស្ត្រ សម្រាប់ការពិសោធន៍ និងអនុវត្តនៅក្នុងថ្នាក់រៀន ដែលផ្តោតសំខាន់មុខវិជ្ជាបួនសំខាន់រួមមាន៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា។ ប្រអប់ខ្លឹមនេះ ត្រូវបានរចនាឡើង ដោយប្រើប្រាស់សម្ភារៈពិតៗ ដែលអាចយកមកប្រើប្រាស់ក្នុងការអនុវត្តដោយផ្ទាល់ទាក់ទងទៅនឹងមេរៀនសំខាន់ៗ ស្របទៅតាមកម្មវិធីសិក្សា ប៉ុន្តែនៅក្នុងទម្រង់មួយ ដែលសិស្សងាយស្រួលយល់ និងអាចអនុវត្តដោយជាក់ស្តែងតាមបែបសប្បាយៗ។
នៅក្នុងប្រអប់ខ្លឹមនីមួយៗមានផ្តល់ជូននូវ៖ វីដេអូមេរៀន វីរដេអូណែនាំសម្រាប់ការប្រើប្រាស់ សៀវភៅណែនាំ តេស្តស្វ័យប្រវត្តិ សម្ភារៈមួយកញ្ចប់ ដែលអាចជួយឱ្យធ្វើសិស្សបានអនុវត្តនៅគម្រោងនីមួយៗ។
សម្ភារៈនៅក្នុងប្រអប់ខ្លឹម រូបថត៖ ឡុងម៉េងថុង
តើអ្វីជាលក្ខណះពិសេស របស់ប្រអប់ខ្លឹម?
យុវជន ម៉េងថុង ដែលជាសហស្ថាបនិកនៃប្រអប់ខ្លឹម បានឱ្យដឹងថា គោលបំណងសំខាន់នៅពីក្រោយការច្នៃប្រឌិតនេះ គឺដើម្បីជួយជាចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំនៅកម្ពុជា និងបង្កើតនូវបរិយាកាសសប្បាយរីករាយនៅក្នុងថ្នាក់រៀន។ យុវជនក្មេងរូបនេះ យល់ថា តាមរយៈប្រអប់ខ្លឹម សិស្សានុសិស្សនឹងទទួលបាននូវពិសោធន៍ថ្មីៗ ទាក់ទងនឹងការអនុវត្តជាក់ស្តែង និងអាចជួយបណ្តុះស្មារតីឱ្យមានគំនិតច្នៃប្រឌិតថ្មីផងដែរ។
សិស្សានុសិស្សកំពុងធ្វើការអនុវត្តប្រើប្រាស់ប្រអប់ខ្លឹម រូបថត៖ ឡុងម៉េងថុង
បច្ចុប្បន្ន ប្រអប់ខ្លឹម កំពុងធ្វើការអភិវឌ្ឍខ្លួនបន្ថែមឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងស្តង់ដាប្រសិទ្ធភាព ដែលអាចជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងគ្រូក្នុងការបង្រៀន ហើយជាពិសេសនៅតំបន់ដែលខ្វះសម្ភារៈ និងធនធានសម្រាប់ការអនុវត្តន៍។
មកទល់ពេលនេះ ប្រអប់ខ្លឹម បានធ្វើការចែកចាយលក់ផលិតផលរបស់ខ្លូនប្រមាណជាង ៥០០ប្រអប់ ទៅកាន់សាលារៀនចំនួន៦ នៅតាមបណ្តាខេត្តទាំង៥នៅទូទាំងប្រទេសកម្ពុជារួមមកហើយ៕