ជំហានដំបូង អ្នកគួរស្វែងរកគំនិតដែលជំរុញទឹកចិត្តអ្នក។ បន្ទាប់មក ដាក់គោលដៅខ្លួនឯង ដើម្បីសម្រេចការងារឱ្យបានក្នុងឆ្នាំ ២០២១។ ក្នុងនោះដែរ អ្នកក៏អាចទទួលបានការជំរុញទឹកចិត្តពីបុគ្គលគម្រូ នៅក្នុងសង្គម ហើយទទួលបានការបំផុសគំនិតពីបុគ្គលដែលអ្នកចូលចិត្ត។
មិនថាមានអ្វីកើតឡើងនៅឆ្នាំ ២០២០ នោះទេ បុគ្គលសំខាន់ៗទាំងនេះ នៅតែមានផែនការ ដើម្បីសម្រេចដល់គោលដៅ ក្នុងវិស័យរៀងៗខ្លួនរបស់ពួកគេ សម្រាប់ឆ្នាំ ២០២១ ។
ការណ៍ដែលយើងបានដឹង ពីគោលដៅរបស់បុគ្គលគម្រូដែលយើងចូលចិត្ត ឬតាមដាន គឺជាការជំរុញទឹកចិត្តមួយ ដែលធ្វើឱ្យយើងចង់ដាក់គោលដៅដើម្បីសម្រេចនឹងគេដែរ។ Focus បានសម្ភាសន៍បុគ្គលសំខាន់ៗមួយចំនួន នៅក្នុងវិស័យដែលកំពុងមានចាប់អារម្មណ៍ ក្នុងចំណោមយុវជនកម្ពុជា អំពីផែនការឬគោលដៅ ដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ ២០២១ ជាពិសេសគឺការប្រាថ្នាចង់បាន សម្រាប់វិស័យដែលពួកគេកំពុងបម្រើការ។

សាយ Sai សិល្បករ និងយុវជនផ្តួចផ្តើមកម្មវិធី #រត់ដើម្បីសប្បុរសធម៌
«យើងនឹងបន្តគម្រោងរបស់យើង នៅពេលដែលយើងរត់ចប់ហើយ។ យើងនឹងមាន project inspired «ចូលរួមការងារសង្គមជាមួយសាយ» ក្នុងឆ្នាំ ២០២១ ដែលយើងនឹងជំរុញទឹកចិត្តឱ្យមានច្រើននាក់ ច្រើនក្រុមជាងហ្នឹង ហើយរក្សានូវចលនានៃការចូលរួមការងារសង្គមហ្នឹង ទៅដល់អ្នកជំនាន់ក្រោយទៀត។ [ក្នុងឆ្នាំ ២០២០] កម្មវិធី «រត់ជាមួយសាយ» ជាជំហានទីមួយ យើងខ្លួនឯងជាអ្នកធ្វើឱ្យបានចេញពីខ្លួនយើងសិន យើងធ្វើឱ្យគេមើលឃើញ ធ្វើឱ្យគេជឿទុកចិត្ត ហើយជំរុញទឹកចិត្តអ្នកដទៃ។ ហើយឆ្នាំ ២០២១ នេះ គឺជាជំហានបន្ទាប់ សម្រាប់អ្នកដទៃដែលទទួលបានការជំរុញទឹកចិត្តពីយើង ហើយគាត់ពិតជាចាប់ផ្តើមធ្វើមែន គឺគាត់ចាប់ផ្តើមធ្វើនូវអ្វីដែលគាត់ចង់ធ្វើ ជាការងារសង្គម ដែលគាត់ចង់ជួយសង្គម។ ហើយយើងនឹងជំរុញទឹកចិត្តគាត់ ជួយគាត់ ឬក៏ផ្តល់យោបល់ឱ្យគាត់ ផ្តល់ប្រឹក្សាឱ្យគាត់នៅក្នុងឆ្នាំ ២០២១ហ្នឹង ។ ហើយយើងក៏ចង់បណ្តុះគំនិតហ្នឹង ទៅឱ្យអ្នកដែលគាត់ចង់ធ្វើហ្នឹង ដើម្បីបន្តការងារហ្នឹងទៅជួយ អ្នកផ្សេងទៀតដែលចង់ធ្វើ។ ឧទាហរណ៍ ពួកខ្ញុំបានបណ្តុះ១០ក្រុម ក្នុងឆ្នាំ២០២១ នេះ ហើយ១០ក្រុមនេះ ក្រុមនីមួយៗគាត់អាចបណ្តុះ១០ក្រុមបន្តទៀត។ អញ្ចឹងយើងបានបណ្តុំនៃមនុស្សដែលចូលរួមការងារសង្គមរឹតតែច្រើនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំគិតថា ខ្ញុំនឹងចំណាយពេលពេញមួយឆ្នាំ ដើម្បី inspire និងរុញក្រុមឱ្យបាន១០ក្រុម ឱ្យគាត់បានធ្វើការងារសង្គម តូចឬធំ តិចឬច្រើន យ៉ាងហោចណាស់គឺបាន១០ក្រុមមនុស្ស អញ្ចឹងហើយខ្ញុំត្រូវជួយពួកគាត់។»

ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
«ក្នុងឆ្នាំ២០២១នេះ អ្វីដែលជាការសំខាន់ដែលខ្ញុំសុំធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សុំឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ខ្លួន។ ជាពិសេស គឺត្រូវនេះរស់នៅធម្មតាតាមបែបគន្លងថ្មី។ ដោយមានការផ្លាស់ប្ដូរនៅឥរិយាបថរបស់ខ្លួនដើម្បីចូលរួមការពារការចម្លងនូវជំងឺឆ្លងផ្សេងៗ មិនមែនតែកូវីដ១៩នោះទេ ព្រោះយើងមានជំងឺជាច្រើនទៀតដែលកើតមានឡើង ដែលជាបញ្ហាសុខភាពសាធារណៈ។ ហើយ នៅក្នុងឆ្នាំ២០២១នេះដែរ យើងត្រូវដឹងថា បញ្ហាកូវីដ១៩នេះ គឺនៅតែបន្តនៅឡើយទេ មិនទាន់បានបញ្ចប់នោះឡើយ។ ក្រៅពីនេះ យើងត្រូវចេះកែប្រែទម្លាប់ឱ្យរស់នៅស្អាត ហូបស្អាត និងបរិស្ថានល្អ ដើម្បីកាត់បន្ថយ ឱ្យបានជាអតិប្បរិមានៅហានិភ័យនៃការអាចកើតមានឡើងនូវជំងឺមិនឆ្លង ដោយការមិនពិសាប្រៃពេក ផ្អែមពេក និង ខ្លាញ់ពេក។ បូកនឹងការធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ។ ជំងឺមិនឆ្លងនៅទីនេះ សំដៅលើជំងឺដែលយើងប្រទះឃើញញឹកញាប់ក្នុងពេលបច្ចុប្បន្ននេះ ដូចជា បញ្ហាឡើងឈាម ទឹកនោមផ្អែម និងជំងឺមហារីកជាដើម។ ចំណុចមួយចុងក្រោយ គឺត្រូវគិតថាការការពារប្រសើរជាងព្យាបាល។»
កាន់ វិច្ឆិកា អ្នកសារព័ត៌មាន
«ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន និងជាអ្នកបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានមួយរូប ខ្ញុំរំពឹងថា អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌នឹងមានចំនួនកាន់តែច្រើន ហើយប្រជាពលរដ្ឋនឹងទទួលបានព័ត៌មានពិតសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្តកាន់តែត្រឹមត្រូវ។»
រិទ្ធី លំអរពេជ្រ ស្ថាបនិកនិងនាយកគ្រប់គ្រងបុណ្យភូមិ
«ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា កំពុងនៅបន្តជួបបញ្ហាជំងឺរាតត្បាត សម័យកាលកូវីដយ៉ាងណាក៏ដោយ យើងនៅតែព្យាយាមធ្វើការឆ្នៃប្រឌិតសកម្មភាពនៃការរៀបចំបុណ្យភូមិ ចម្រៀង កុន ឱ្យសមស្របទៅនឹងសម័យកាល ហើយដាច់ខាត មិនចុះចាញ់ទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននោះទេ។ យើងដឹងស្រាប់ហើយថា រឿងភាគច្រើនកំពុងជួបភាពរាំងស្ទះ ហើយសម្រាប់ផ្នែកសិល្បៈវិញ រឹតតែជួបផលវិបាកខ្លាំងជាមុន។ ដូច្នេះ យើងព្យាយាមសម្របខ្លួនទៅនឹងស្ថានភាព តាមរយៈវិធីសាស្ត្រថ្មីៗ និងបច្ចេកវិទ្យា ដើម្បីលើកស្ទួយវិស័យសិល្បៈ និងធានាថាទស្សនិកជនអាចទទួលបាននូវ ការបង្ហាញគំនិតសិល្បៈប្លែកៗ របស់យើងបាន។ ទន្ទឹមជាមួយគ្នានេះផងដែរ យើងមានគម្រោងរៀបចំកម្មវិធីបុណ្យថ្មីមួយ នៅឆ្នាំចុងឆ្នាំ២០២១ ស្តីពីបច្ចុប្បន្នភាព ទៅកាន់អនាគតសម្រាប់ប្រជាជនកម្ពុជា។ ប៉ុន្តែឥឡូវ សុំលាក់បន្តិចសិន។ ហើយចំណុចមួយទៀត ខ្ញុំចង់បង្កើតរឿងខ្លី យ៉ាងតិចឱ្យបាន២រឿង ក្នុងទម្រង់ជាការសាកល្បងក្នុងការបង្កើតរឿងសិន។»

សុខ វិសាល ផលិតករ និងស្ថាបនិក រផលិតផល KlapYaHandz!
«ដូចរាល់ឆ្នាំដែរ ខ្ញុំរំភើបសម្រាប់ការមកដល់របស់ឆ្នាំថ្មី ព្រោះវាជាឱកាសឱ្យទាំងអស់ចាប់ផ្ដើមធ្វើអ្វីដែលថ្មី ក៏ដូចជាគម្រោងថ្មី។ ដោយសារមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំតែងតែ មានគម្រោងថ្មីរហូត។ សម្រាប់ឆ្នាំ២០២១នេះដែរ KlapYaHandz! មានគម្រោងច្រើនមែនទែន ក្នុងនោះរួមមានការចេញអាល់ប៊ុមពេញ និង EP (extended play) ពីសិល្បករយើង។ ជាពិសេស ឥលូវយើងកំពុងផ្ដោតលើចេញអាល់ប៊ុមបែបឌីជីថល និងបណ្ដាញសង្គមផ្សេងៗ ដូចនេះយើងកំពុងចាប់ផ្ដើមបង្កើត និងរិះរកគំនិតធ្វើយ៉ាងណាឱ្យវាប្លែក ឱ្យវាឡូយ ហើយមាន Concept ។ ក្រៅពីនេះយើង ចង់បង្កើត MV (music video) ឱ្យបានល្អជាងមុន ជាមួយអ្នកដឹកនាំថ្មីៗ ជាជនជាតិខ្មែរជំនាន់ក្រោយ។ សម្រាប់ KlapYaHandz! ផ្ទាល់ យើងនឹងរៀបចំ ការប្រគុំតន្ត្រីមួយធំ នៅក្នុងឆ្នាំ២០២១នេះ។ក្នុងឆ្នាំនេះ ខ្ញុំចង់ឱ្យគេរកឃើញវ៉ាក់សាំងកូវីដ១៩ឱ្យបានឆាប់ដែរ ទោះបីសម្រាប់វិស័យចម្រៀង យើងនៅតែអាចសម្ដែងបាន តាមរយៈ Live Stream ឬ Visual Event តាមបណ្ដាញសង្គមក៏ដោយ។ ដូចនេះកូវីដ១៩ មិនបានបញ្ឈប់សកម្មភាពទាំងនោះទេ ព្រោះយើងមានគម្រោងទី២ ទី៣ជានិច្ច ហើយយើងត្រៀមខ្លួនជានិច្ចក្នុងការសម្របតាមស្ថានភាព។ បើសម្រាប់វិស័យចម្រៀងនៅកម្ពុជា ការផ្លាស់ប្ដូរដែលខ្ញុំចង់ឃើញ ក្នុងឆ្នាំ២០២១នេះ គឺការសហការគ្នា (Collaboration) ដើម្បីបង្កើតស្នាដៃចម្រៀងរួមគ្នា រវាងសិល្បករខ្មែរនឹងសិល្បករខ្មែរឱ្យច្រើនជាងមុន ព្រោះវានឹងបង្កើតសាមគ្គីភាពរវាងគ្នានឹងគ្នា។ ខ្ញុំគិតថា យើងនៅខ្វះខាតចំណុចនេះ។ ប៉ុន្តែមិនមែនក្នុងទម្រង់ Cypher ផាគ្នាទៅវិញទៅមកនោះទេ។ ខ្ញុំមិនសូវគាំទ្រ សកម្មភាពបែបនេះទេ ព្រោះវិស័យតន្ត្រីនៅស្រុកយើងនៅតូចណាស់ ហើយហេតុអ្វីយើងមិនខំធ្វើការជាមួយគ្នា? ក្នុងឆ្នាំ២០២១នេះ KlapYaHandz! នឹងនៅតែបន្តផលិតចម្រៀងជាចង្វាក់ថ្មីៗដដែល ដូចដែលយើងបានធ្វើកន្លងមក ដោយមិនរំពឹងឱ្យសាធារណៈជនទទួលយកវាបានភ្លាមនោះទេ។ តែយើងចឹងណែនាំឱ្យពួកគាត់បានស្គាល់ ឱ្យរៀនស្ដាប់ និងស៊ាំត្រចៀកសិន។ ហើយ ចំពោះខ្ញុំ បញ្ហាកម្មសិទ្ធិបញ្ញា នៅតែជាបញ្ហាប្រឈមធំមួយសម្រាប់វិស័យតន្ត្រីនៅក្នុងស្រុកខ្មែរ។ ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំឃើញថាវាកាន់តែប្រសើរឡើងៗ ព្រោះម្នាក់ៗចាប់ផ្តើមរៀន និងដឹងពីបញ្ហាហ្នឹង។ សម្រាប់សិល្បករវិញ ក៏ពួកគាត់ចាប់ផ្ដើមប្រយ័ត្នប្រយែង ហើយចង់ការពារអ្វីដែលខ្លួនខិតខំបង្កើតដែរ។»
ហួត សុជាតា សហនាយិកា នៃគ្រឹះស្ថានបោះពុម្ពផ្សាយ «កម្ពុមេរា»
«ក្រលេកមើលទៅសារឆ្លើយឆ្លងជាមួយមិត្តភក្ដិដែលចូលរួមបង្កើត«កម្ពុមេរា» មើលទៅសំណេរ និងកំណែក្រហមប្រតាកនៃសំណៅអត្ថបទបន្សល់ទុកពីឆ្នាំ២០១៥ដល់២០២០ រហូតដល់គំនរសៀវភៅបោះពុម្ពរួច ធ្វើឱ្យខ្ញុំគិតថា គ្មានអ្វីដែលមិនអាចទៅរួចទេ។ ចន្លោះការស្វែងរកអត្ថបទ ការធ្វើការជាមួយអ្នកនិពន្ធ អ្នកបកប្រែ អ្នកកែអត្ថបទ អ្នករចនាក្រប អ្នកបង្កើតពុម្ពអក្សរ… តើមានពេលប៉ុន្មានយប់ដែលខ្ញុំកាច់ទំព័របណ្ដើរ អានអត្ថបទឡើងវិញបណ្ដើរ មួយពាក្យម្ដងៗ មួយខណ្ឌសញ្ញាម្ដងៗ ស្វែងរកព័ត៌មានបន្ថែមសម្រាប់ពន្យល់អ្នកអានផង ហើយងើបភ្នែកឡើង ម៉ោងបួនភ្លឺទៅហើយ? ពេលខ្លះ សូម្បីឆ្លុះកញ្ចក់ក៏ឃើញតែអក្សរដែរ។ ទីបំផុត ពេលដែលឯកសារទៅដល់ដៃរោងពុម្ព មិនមែនបានន័យថា ការងារចប់ត្រឹមហ្នឹងទេ ព្រោះថា មិនដឹងការបោះពុម្ព គុណភាពពណ៌ ការដេរ កាត់ បិតក្បាលសៀវភៅ ។ល។ នឹងទៅជាយ៉ាងណា។ ឥឡូវ ពេលដែលអ្នកអានផ្ញើសារសួរថារកសៀវភៅបាននៅឯណា ឬធ្វើសេចក្ដីអធិប្បាយលើរឿងដែលគេចូលចិត្ត ឬផ្ញើសំណួរមក ខ្ញុំញញឹម។ ខ្ញុំញញឹមព្រោះការប្រឹងប្រែងនេះមិនឥតបានការទេ។ ខ្ញុំញញឹមព្រោះខ្ញុំដឹងថា ឆ្នាំថ្មី ឬឆ្នាំបន្តបន្ទាប់ទៅមុខទៀត មានអ្នកឆ្ងល់ ចង់ដឹង និងអ្នកអានដែលចេះវាយតម្លៃសៀភៅ និងស្វែងរកគុណភាពទាំងអត្ថន័យ និងសោភ័ណភាព រឹតតែច្រើនឡើងៗ។ ឆ្នាំ២០២១ ជាឆ្នាំដែល «កម្ពុមេរា» ត្រៀមនាំរសជាតិថ្មីដល់ដៃអ្នកអានខ្មែរ រឹតតែប្លែក មិនថាជាស្នាដៃក្លាសិក ឬបែបទំនើបទេ។ ខ្ញុំមានមោទនភាពដែលជាតំណក់ទឹកមួយតំណក់ជួយបំពេញអាងនៃវិស័យបោះពុម្ពនៅកម្ពុជា។»
រ័ត្នន៍ សុីណូរ៉ា សិល្បករ
«ខ្ញុំភ័យផងអរផងសម្រាប់ការដល់របស់ឆ្នាំ២០២១ ព្រោះថាមានមេរោគថ្មីហើយអាចឆ្លងបានលឿនជាងកូវីដ១៩ទៀត។ ប៉ុន្តែអ្វីដែលខ្ញុំត្រៀមសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះ គឺបទចម្រៀងថ្មីៗ ព្រោះកាលឆ្នាំ ២០២០ ខ្ញុំមិនបានចេញវា ព្រោះការចេញចម្រៀងដោយមិនមានការប្រគុំតន្ត្រីរៀងប្រថុយ ពីព្រោះការផលិតចម្រៀងរៀងថ្លៃដែរ។ ដូចនេះ សម្រាប់ឆ្នាំ២០២១នេះ តែម្ដង ខ្ញុំសង្ឃឹមថាកូវីដ១៩នឹងចប់ឆាប់ៗ ហើយយើងអាចមានការប្រគុំតន្ត្រីដូចដើមឡើងវិញ ហើយខ្ញុំអាចចេញចម្រៀងថ្មីបានដូចដើម។ ហើយ ខ្ញុំពិតជារីការាយមែនទែនសម្រាប់វា។ ក្នុងឆ្នាំ២០២១នេះដែរ ខ្ញុំមិនមែនសង្ឃឹមអ្វីច្រើនទេ ទី១ ចង់ឱ្យមនុស្សយល់ច្បាស់ជាងមុន សម្រាប់អ្នកដែលគាត់មិនសូវយល់មិនសូវច្បាស់ពីSexualityក៏ដូចជាLGBTQ+ដែរ។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងយល់ច្បាស់ជាងមុន។ ទី២វិញ ខ្ញុំចង់ឱ្យអ្នកដែលគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា មានចម្លើយឆ្លើយទៅ អ្នកដែលបង្ហាញការមិនចូលចិត្ត ការរើសអើងចំពោះមនុស្សស្រឡាញ់ភេទដូចគ្នា (Homophobic) តាមរយៈវីដេអូរបស់ខ្ញុំដែលបានធ្វើហើយ។ បើរៀបរាប់២០២១មួយពាក្យ សម្រាប់អាជីពរបស់ខ្ញុំជាសិល្បករ Trans ខ្ញុំចង់ឱ្យមនុស្សម្នា ដឹងច្បាស់ពី Sexuality របស់ខ្ញុំ។ ខ្ញុំចង់ឱ្យពួកគាត់ដឹងច្បាស់ថា ហេតុអ្វីខ្ញុំប្រើសព្វនាម «នាង»។ ហេតុអ្វីខ្ញុំជាអ្នកចម្រៀង និងសិល្បករ។ »
សុីវ មុនីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការបង្រៀនដើម្បីកម្ពុជា(TFC) និងជាប្រធានគម្រោង World Economic Forum’s Global Shapers Community នៅភ្នំពេញ
«នៅឆ្នាំ ២០២០ ទំនាក់ទំនងរបស់យើងមានការរឹតត្បិតខ្លាំង។ យើងត្រូវបន្តការងាររបស់យើង ដោយផ្ដោតលើការធ្វើការរក្សាទំនាក់ទំនងរវាងគ្នានិងគ្នា ទោះបីជាមានបញ្ហាប្រឈមលើការបង្អាក់ទំនាក់ទំនងខាងផ្នែករាងកាយក៏ដោយ។ ជាពិសេស យើងត្រូវស្វែងរកដំណោះស្រាយលើគម្លាតជំនាន់ រវាងមនុស្សជំនាន់មុន និងមនុស្សនាពេលបច្ចុប្បន្ន ក៏ដូចជាការបែងចែករវាង អ្វីដែលយើងមាន និងអ្វីដែលយើងមិនមានផងដែរ។ សម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើការងារប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយជំងឺរាតត្បាត ឆ្នាំ២០២១ពិតជាសំខាន់ ជាជាងពេលណាៗទាំងអស់ ដែលប្រជាជនកម្ពុជាត្រូវរួមសហការគ្នា វិនិយោគលើការអប់រំប្រកបដោយគុណភាពខ្ពស់ សម្រាប់ភាពខ្លាំងនៃអនាគតរបស់យើង។»