ទន្លេប្រៀបដូចជាជីវិត កាលណាទឹកទន្លេមានការប្រែប្រួល ជីវភាពប្រជាជនស្រុកជាប់ទឹក ក៏ផ្លាស់ប្ដូរ
កម្ពុជា ជាដែនដីក្នុងចំនោមប្រទេសដែលសម្បូរទៅដោយប្រភពត្រីទឹកសាប ក្នុងនោះរួមមាន ទន្លេមេគង្គ ដែលស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក និងក្ដោបក្ដាប់ប្រមាណ៩៥% នៃប្រភពទឹកសរុបក្នុងប្រទេស។ ដោយមានប្រភពពីខ្ពង់រាបទីបេប្រទេសចិន និងហូរកាត់ ៥ប្រទេសនៅអាស៊ីអាគ្នេយ៍ ទន្លេមេគង្គមានប្រវែងជិត ៥០០០ គីឡូម៉ែត និងជាប្រភពទឹក ត្រីទឹកសាប និងអាហារសំខាន់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍកម្ពុជា។
ខេត្តស្ទឹងត្រែង និងអនុភាពទន្លេមេគង្គ
ពួកយើងបានបន្តចេញពីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី វាងកាត់ខេត្តរតនៈគិរី អស់រយៈពេលប្រមាណជា៤ម៉ោង ទើបក្រុមការងារ Focus បានធ្វើដំណើរមកដល់ក្រុងស្ទឹងត្រែង ជាទីរួមខេត្ត។ ក្រុងនៅជាប់ទន្លេនាពេលល្ងាចនេះ បែរមានសភាពស្ងប់ស្ងាត់ ដោយពុំសូវជាមានអ្នកដំណើរស្រូបខ្យល់ធម្មជាតិ ដែលទន្លេផ្ដល់ឲ្យ។វាអាចជានិស្ស័យ ដែលថាខេត្តទាំងពីរ គឺមណ្ឌលគិរី និងស្ទឹងត្រែង សុទ្ធសឹងជាការមកដល់លើកទីមួយរបស់ខ្ញុំ នាពេលធ្វើគំរោង«ឱជារសតំបន់»នេះ។ ខណៈដែលមណ្ឌលគិរី ផ្ដល់នូវអារម្មណ៍បែបវប្បធម៌ជនជាតិដើមភាគតិច តាមរយៈការស្នាក់នៅជាមួយអ្នកភូមិ និងធម្មជាតិ រីឯនៅខេត្តស្ទឹងត្រែងវិញ មានបរិយាកាសដូចក្រុងដទៃដែរ តែផ្ដល់អារម្មណ៍បែបអ្នកស្រុកទន្លេ ។
(អានបន្ថែមអត្ថបទទាក់ទងពីខេត្តមណ្ឌលគិរី)
ក្រុងស្ទឹងត្រែងដ៏ស្ងប់ស្ងាត់ មានទន្លេសេកុងស្ថិតជាប់ជាមួយ ជាទីកណ្ដាលនៃខេត្តជាប់ទន្លេមួយនេះ។ ដោយមានព្រំប្រទល់ជាមួយប្រទេសឡាវ ខេត្តស្ទឹងត្រែងចំរុះទៅដោយប្រជាជនខ្មែរ និងអ្នកដែលមានដើមកំណើតខ្មែរកាត់លាវ។ ដូចខេត្តដែលជាប់ទន្លេដ៏ទៃទៀតដែរ ស្ទឹងត្រែងសម្បូរទៅដោយ អ្នកស្រុកដែលជីវភាពពួកគាត់ស្ទើតែទាំងស្រុង ពឹងផ្អែកលើទន្លេ។ ខេត្តស្ទឹងត្រែង មានទន្លេ ០៤ហូកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក។
ត្រី និងប្រជាជន
បើនិយាយដល់ការនេសាទត្រីទឹកសាប យើងប្រហែលគិតដល់ជីវភាពប្រជាជនកម្ពុជាដែលមាន ទំនាក់ទំនង ជាមួយទាំងការនេសាទ ជំនួញ និងការបរិភោគត្រី ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់។ មិនថាប្រជាជនស្រុកទន្លេ ឬអ្នកទីក្រុង ត្រីជាប្រភេទអាហារមួយបែបដែលអាចប្រែក្លាយ ជាម្ហូបច្រើនបែបបទ។ ត្រីជាច្រើនប្រភេទត្រូវបានគេយកមកធ្វើជាអាហារ ស្ទើរគ្រប់រដូវពេញមួយឆ្នាំ តែក៏មានត្រីមួយចំនូនដែលមាន លក្ខណៈកម្រ ឬពិសេស ហើយត្រូវប្រជាជន និងអ្នកនេសាទឲ្យតម្លៃខ្ពស់ជាងត្រីធម្មតា។
ទោះបីជាខ្លួនខ្ញុំផ្ទាល់មិនសូវមានចំនូលចិត្តខ្លាំងជាមួយនឹងអាហារសាច់សត្វត្រីក៏ដោយ ប៉ុន្តែពេលមកដល់ ខេត្តស្ទឹងត្រែង មានត្រីមួយប្រភេទ ដែលធ្វើឲ្យខ្ញុំចង់ឃើញ និងស្គាល់ពីត្រីដ៏ល្បីនេះ។
ត្រីប៉ាសេអុីប្រចាំខេត្តស្ទឹងត្រែង
ត្រីប៉ាសេអ៊ីត្រូវបានទទួលស្គាល់ទាំងអ្នកនេសាទ និងអ្នកបរិភោគថា ជាត្រីកម្ររកបាន មានតាមរដូវ និងតម្លៃថ្លៃ។ ត្រីប៉ាសេអ៊ី(Mekongina) ដ៏ល្បី ដែលអាចនេសាទបានតែនៅខេត្តស្ទឹងត្រែងមួយតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យត្រីប៉ាសេអ៊ីបានក្លាយជាតំណាងរបស់ខេត្តស្ទឹងត្រែង។ មូលហេតុអ្វីបានជាត្រីប៉ាសេអ៊ីល្បីក្នុងចំនោមអ្នកនេសាទនិងប្រជាជន ហើយបច្ចុប្បន្ន តើត្រីប្រភេទនេះកំពុងប្រឈមនឹងអ្វីខ្លះ?
បើតាមការនិយាយពីប្រជានេសាទ និងអ្នកស្រុកនេះ ត្រីប៉ាសេអ៊ី ជាទូទៅសម្បូរពេលចុងឆ្នាំពោលគឺខែវិច្ឆិកា និងធ្នូ។ ដោយឡែកក្រុមការងាររបស់យើងបានទៅខេត្តនេះ នៅខែកុម្ភៈ ដែលអាចនិយាយបានថា គឺចុងរដូវណាស់ទៅហើយសម្រាប់ត្រីប៉ាសេអ៊ី ដូច្នេះត្រីនេះមានសភាពខ្សត់ ពិបាកក្នុងការរក ហើយបើទោះបីជារកបាន ក៏មានតម្លៃខ្ពស់ ហើយអាចនឹងមិនបានស្រស់នោះទេ។ ដើម្បីបំពេញតម្រូវការ ត្រីនេះអាចត្រូវរក្សាទុកឲ្យត្រជាក់ក្នុងរយៈពេលយូរ ដែលអាចធ្វើឲ្យត្រីមានការផ្លាស់ប្ដូររសជាតិនិងគុណភាព។ ត្រីប៉ាសេអ៊ី អាចមានតម្លៃពី ៦មុឺនរៀល រហូតដល់ ២០មុឺនរៀលក្នុង១គីឡូ នៅពេលត្រីកាន់តែខ្សត់។
មានរូបរាងមូល ក្បាលស្រួច ស្រការក្រហម ត្រីប៉ាសេអ៊ីនៃខេត្តស្ទឹងត្រែង ជាទូទៅត្រូវគេចំអិនបែប ដុតឬអាំងជាមួយទឹកត្រីផ្អែម ចំហុយស្ងោ ធ្វើផ្អក ឬជ្រក់បែបសាមញ្ញដើម្បីទទួលបាននូវ ខ្លាញ់ត្រីមានពណ៌លឿងដូចខ្លាញ់បង្កង ដែលជាចំនុចសំខាន់នៃរសជាតិត្រីមួយនេះ។
សម្រាប់បេសកម្មរបស់យើង គឺយើងទិញបានតែត្រីក្លាសេប៉ុណ្ណោះ។យើងបានយកត្រីប៉ាសេអ៊ីនេះ ទៅធ្វើញ៉ាំនៅក្នុងផ្ទះរបស់ប្រជានេសាទម្នាក់ ជាខ្មែរកាត់ឡាវ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ថ្វីត្បិតតែ ត្រីដែលយកមកចំអិនស្ងោរជ្រក់នាពេលនេះ មិនស្រស់ភ្លាមៗ តែគុណភាពសាច់ ក៏នៅតែអាចឲ្យយើង ស្គាល់និង ដឹងថាហេតុអ្វីត្រីនេះល្បីឈ្មោះ ដោយសារជាតិផ្អែម ឆ្ងាញ់ខុសពីត្រីដ៏ទៃ។
ធ្វើក្នុងផ្ទះបាយរបស់ខ្លួនបណ្ដើរ ជជែកដោយទឹកមុខស្រស់ស្រាយបណ្ដើរ លោកអ៊ុំ សឺន ស៊ីថាន់ ជាអ្នកនេសាទជើងចាស់ក្នុងសហគមន៍ មានអារម្មណ៍រីករាយក្នុងការចំអិនអាហារ ពីត្រីកម្ររបស់ខេត្តខ្លួន។
“ត្រីប៉ាសេអ៊ី ល្បីជាយូរមកហើយជាមួយឈ្មោះរបស់វា មានរូបរាងស្អាតខុសគេ ហើយមានរសជាតិឆ្ងាញ់ និងខ្លាញ់ត្រីពណ៌ស្រស់មានជាតិ។ ត្រីនេះមាននៅទន្លេសេសាន និងមេគង្គ ហើយរបៀបមើលត្រីប៉ាសេអ៊ី គឺគេមើលរាងមូល ក្បាលស្រួចប្លែកពីគេ” លោកអ៊ុំ មានប្រសាសន៍។
ដូចការបរិយាយរបស់គាត់ ត្រីប៉ាសេអ៊ីដែលខ្ញុំបានឃើញពិតជាមានរូបរាងគួរឲ្យចាប់អារម្មណ៍ ជាមួយស្រកា និងខ្លាញ់ដែលមានពណ៌លេច ព្រមទាំងសាច់ត្រីដ៏ផ្អែម។
លោកអ៊ុំ ស៊ីថាន់ បានប្រកបរបរនេសាទ អស់រយៈពេលច្រើនឆ្នាំ ហើយជាបុគ្គលមើលឃើញការផ្លាស់ប្ដូរការនេសាទ និងបញ្ហាផ្សេងៗនៅទន្លេ ដែល លោកអ៊ុំមានទំនាក់ទំនងជាមួយ ប្រៀបដូចជាផ្នែកមួយនៃជីវិតជាអ្នកនេសាទ។
ប្រឈមនឹងបញ្ហាបរិស្ថាន
ចំពោះអ្នកនេសាទ ទន្លេមានសារៈសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ ហើយត្រីប៉ាសេអ៊ីទៀតសោតក៏បានជួយដល់ជីវភាពអ្នកស្រុក មួយផ្នែកធំដោយសារតម្លៃទីផ្សាររបស់ត្រីមួយនេះ។Sតាមរយៈការសន្ទនាជាមួយអ្នកស្រុកក្នុងខេត្តនេះ ខ្ញុំត្រូវបានប្រាប់ជារឿយៗ អំពីវត្តមានទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានផលប៉ះពាល់មួយចំនួនដល់ ប្រជាជនស្រុកទន្លេ និងការនេសាទត្រី។
ដូច្នេះក្រោយត្រលប់ពីខេត្តស្ទឹងត្រែង ខ្ញុំបានធ្វើការស្រាវជ្រាវបន្ថែមនៅលើអ៊ីនធើណេត ទៅលើការសាងសង់ទំនប់វារីអគ្គីសនីដ៏ធំមួយនេះ នៅកម្ពុជា។
បញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ ទំនប់វារីអគ្គីសនីសេសានក្រោម២ សាងសង់ឡើង ក្រោមការសហការរវាងក្រុមហ៊ុនខ្មែរ ចិន និងវៀតណាម ជាគំរោងវារីអគ្គីសនីធំមួយ ដែលស្ថានីយ៍ថាមពលរបស់គម្រោង ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ការផលិតថាមពល ដែលមានសមត្ថភាពដំឡើងសរុប ៤០០,០០០ គីឡូវ៉ាត់ ដែលអាចជួយបង្កើនបាន ២០% នៃផលិតកម្មអគ្គិសនី។មានទីតាំងនៅឃុំចំនួន៣ ក្នុងស្រុកសេសាន ទំនប់វារីអគ្គីសនីមួយនេះ លាតសន្ធឹងឥទ្ធិពលខ្លាំង និងមានសមត្ថភាពចែកចាយថាមពលអគ្គីសនីទៅខេត្ត៣ គឺ ស្ទឹងត្រែង និងខេត្តនៅជាប់គ្នា គឺរតនៈគិរី និង មណ្ឌលគិរី។
រាប់តាំងពីការសាងសង់ដល់ការបញ្ចប់ ទំនប់វារីអគ្គីសនីសេសានក្រោម២ ត្រូវបានរាយការណ៍ថា មានការប៉ះពាល់មួយចំនួន ក្នុងនោះប៉ះពាល់ដល់ប្រជានេសាទ ដោយសារទំនប់អាចរាំងស្ទះលំហូរប្រចាំឆ្នាំរបស់ត្រី។
ក្រុមការងាររបស់យើង បានធ្វើដំណើរជាមួយលោកអ៊ុំ និងកូនប្រុសរបស់គាត់តាមរយៈទូកនេសាទគ្រួសារ លើផ្ទៃទឹកល្វឹងល្វើយ ខ្យល់ទន្លេនាពេលព្រឹកហាក់បីជួយជារនាំងការពារពន្លឺព្រះអាទិត្យ ធ្វើក្រុមការងារពុំមានអារម្មណ៍ក្ដៅឬហត់នឿយពីការជិះទូកឡើយ។ អង្គុយលើផ្ទាំងថ្មធំកណ្ដាលផ្ទៃទឹក ផ្ដិតយកទិដ្ធភាពជុំវិញខ្លួន ខ្ញុំទទួលបានអារម្មណ៌បែបធម្មជាតិហើយស្ងប់ស្ងាត់ នាដៃទន្លេ។
ប្រជានេសាទរូបនេះ បានឲ្យដឹងថា ក្រោយការសាងសង់ទំនប់វារីអគ្គីសនី ត្រីប៉ាសេអ៊ីលែងមានវត្តមានច្រើនដូចមុន ដោយសារដំណើររបស់ត្រីត្រូវបានរាំងស្ទះ។
“ត្រីប៉ាសេអ៊ីឥលូវនេះមានសភាពក្សត់ខ្លាំង ទោះបីជាខែវិច្ចិកា ឬខែធ្នូក៏ដោយ ក៏ពេលនេះគេពិបាកក្នុងការរកត្រីប្រភេទនេះ ហើយត្រីដូចជាប៉ាវ៉ាមុខ១និងមុខ២គឺដូចគ្នា។ ត្រីដ៏ទៃអាចរកបានដូចធម្មតា តែប្រភេទត្រីប៉ាសេអ៊ីនេះលែងដូចពីមុនហើយ។”
ក៏ប៉ុន្តែទំនប់វារីអគ្គីសនីមានទាំង គុណវិបត្តិនិងគុណសម្បត្តិ មកជាមួយគ្នា។ “បើនិយាយពីគុណសម្បត្តិ គឺថាត្រីមួយចំនួនមានការកើនឡើង ដោយសារត្រីទាំងនោះមិនអាចបំលាស់ទី ឡើងទៅលើទំនប់វិញ ក៏ស្ថិតនៅតំបន់ដែលអ្នកនេសាទស្រួលរក។ តែសម្រាប់គុណវិបត្តិវិញ គឺថាទឹកមិនថេរដូចមុន ដោយឡើងស្រកមិនច្បាស់លាស់” លោក អ៊ុំនិយាយក្នុងនាមជា ប្រជានេសាទវ័យចំនាស់នៅ ខេត្តស្ទឹងត្រែង។
ចរន្តទឹកក៏ជាការផ្លាស់ប្ដូរខ្លាំង នៅក្នុងសហគមន៏ប៉ះបាល់ដល់ការនេសាទប្រចាំថ្ងៃ។
សំរាប់អ៊ុំ ក៏ដូចជាអ្នកស្រុកដ៏ទៃទៀតដែរ ទន្លេប្រៀបដូចជាជីវិត ហើយកាលណាទន្លេមានការផ្លាស់ប្ដូរអ្វីមួយ ជីវភាពអ្នកស្រុកក៏ដូចគ្នា។
តើយើងអាចធ្វើអ្វីបាន?
ក្រៅពីការការស្វែងយល់ជាមួយប្រជាជនក្នុងតំបន់ ពេលត្រលប់ពីស្ទឹងត្រែង ខ្ញុំមានការពិភាក្សាជាមួយ គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ ដែលជាគំរោងល្បីមួយធ្វើការលើការថែរក្សាជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ ទន្លេ ត្រី និងប្រជាជន។ គម្រោងអច្ឆរិយៈមេគង្គ ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថានអន្តរជាតិផ្សេង និងខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលមានទន្លេហូរកាត់។
Focus បានធ្វើការសន្ទនាដ៏មានអត្ថន័យទាក់ទងនឹងការការពារត្រី ជាមួយនឹង លោកឈុត ឈាណា អ្នកសម្របសម្រួលទំនាក់ទំនងផ្សព្វផ្សាយ នៃគម្រោងអច្ឆរិយភាពរបស់ទន្លេមេគង្គ និងជាអ្នកនិពន្ធសៀវភៅ និងកម្រងឯកសារ ជាច្រើនទាក់ទងវដ្តជីវិតត្រី ។
“ត្រីប៉ាសេអ៊ី មានរឿងរ៉ាវជាច្រើនដែលត្រូវយកមកនិយាយ ហើយបញ្ហាដែលត្រីប្រភេទនេះកំពុងជួបប្រទះ ពិតជាពិបាកដោះស្រាយក្នុងរយៈពេលខ្លី” លោក ឈាណាបានបញ្ចាក់។
ការធ្វើការជាមួយអច្ឆរិយៈភាពនៃមេគង្គ លោកបានធ្វើដំណើរទៅកន្លែងជាច្រើននៅជុំវិញទន្លេមេគង្គ ដែលគ្រប់គ្រាន់ឲ្យលោក យល់ដឹងពីវដ្តជីវិតរបស់ត្រី និងកង្វល់ផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទសត្វទាំងនេះ។
“ការសាងសង់ទំនប់វារីអគ្គិសនីគ្រាន់តែជាឧបសគ្គមួយក្នុងចំណោមឧបសគ្គធំៗ សំរាប់វដ្តជីវិត ត្រីប៉ាសេអ៊ីប៉ុណ្ណោះ។ ត្រីប៉ាសេអ៊ី ត្រូវការទឹកថ្លាស្អាត អុកស៊ីសែនច្រើន និងអាហារសម្រាប់រស់នៅ។ ជាធម្មតា វារស់នៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា ប៉ុន្តែធ្វើដំណើរទៅកាន់ប្រទេសឡាវក្នុងកំឡុងពេលបង្កកំណើត។” លោកបន្តថា “ជាមួយនឹងដំណើរបែបនេះ ការសាងសង់ទំនប់វារីអគ្គិសនីក្លាយជាឧបសគ្គ សម្រាប់ចលនាជាធម្មតារបស់ពួកវា។’’
ប៉ុន្តែមានបញ្ហាធំៗ ផ្សេងទៀតដែលត្រីប៉ាសេអ៊ីកំពុងប្រឈមមុខ។
“បច្ចេកវិជ្ជាទំនើបបានក្លាយជាវិធីសាស្រ្តនៃការនេសាទខុសច្បាប់ ដូចជាការប្រើគ្រឿងផ្ទុះយកត្រី ការនេសាទដោយឆក់ ហើយនាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់សារធាតុពុលបានក្លាយជាវិធីគ្រោះថ្នាក់បំផុត។”
លោកបានបន្តថា “ បញ្ហាមួយទៀតដែលជះឥទ្ធិពលដល់ផ្លូវត្រី និងជំរករបស់ពួកវា គឺទំនោរក្នុងចំណោមប្រជាជនក្នុងតំបន់ ដែលទៅចាប់ទន្ទ្រានយកដីព្រៃលិចទឹក ធ្វើជាជាចំការរបស់ពួកគាត់។”
ដោយសារបញ្ហាបរិស្ថាន និងសង្គមដ៏ស្មុគស្មាញទាំងនេះ ដែលបង្កឲ្យប្រភេទសត្វនេះកម្រមានណាស់ នាបច្ចុប្បន្ន សូម្បីតែនៅពាក់កណ្តាលរដូវរបស់វា។ ហើយក្នុងរយៈពេលតែពីរបីឆ្នាំទៀត ប្រសិនបើការនេសាទហួសប្រមាណនៅតែបន្ត ត្រីប៉ាសេអ៊ីនឹងផុតពូជ។
ការនេសាទត្រីប៉ាសេអ៊ីលើសលប់ គឺជាកង្វល់ដ៏ធំមួយ ដែលទាមទារពេលវេលា និងការខំប្រឹងប្រែងដើម្បីដោះស្រាយ ប៉ុន្តែវាមិនអាចធ្វើបានដោយមនុស្សតែម្នាក់ឬមនុស្សមួយក្រុមតូចទេ។
“រដ្ឋបាលជលផលខេត្តស្ទឹងត្រែង កំពុងខិតខំយ៉ាងខ្លាំងទាក់ទងនឹងការអភិរក្សត្រីប៉ាសេអ៊ី ប៉ុន្តែកិច្ចការពិតជាលំបាកដោយគ្មានជំនួយពីប្រជាពលរដ្ឋ” ។ បច្ចុប្បន្នយើងកំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ដើម្បីលើកកម្ពស់និងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងបញ្ហានេះ។ យើងក៏បោះពុម្ភសៀវភៅនិងគំនូរដែលអនុញ្ញាតឱ្យកុមាររៀនអំពីវដ្តត្រី។” លោកបានបន្ត
ពេលនិយាយអំពីរបៀបដែលមហាជនអាចជួយបាន លោកឈាណាបានស្នើឱ្យមានសកម្មភាពមួយចំនួនដែលយើងជាពលរដ្ឋអាចធ្វើបាន។
“អ្វីដែលយើងត្រូវការពីប្រជាជនគឺថាពួកគេគួរតែចូលរួមក្នុងការរិះគន់ការនេសាទខុសច្បាប់ដោយសារសកម្មភាពនេះ គឺដូចជាដាក់សម្ពាធចំពោះអ្នកដែលកំពុងនេសាទខុសច្បាប់។ រឿងសំខាន់មួយទៀតសម្រាប់ប្រជាជនដែលរស់នៅជុំវិញព្រៃលិចទឹក សូមបញ្ឈប់ការរំលោភយកដីនៅតំបន់ទាំងនោះ បើមិនដូច្នេះទេការបាត់បង់ព្រៃលិចទឹកទាំងនោះ នឹងប៉ះពាល់ដល់គ្រប់ប្រភេទសត្វនៅក្នុងទន្លេ។” ជាសារដែលលោកចង់បង្ហាញ។
ប្រជាជនស្រុកទន្លេពិតជាមានទំនាក់ទំនងពិសេសជាមួយការប្រកបរបរនេសាទ និងទន្លេផ្ទាល់។ ធនធានធម្មជាតិដែលទន្លេមេគង្គផ្ដល់ឲ្យមិនអាចយកមកបកស្រាយបានត្រឹមរូបភាពណាមួយ ពោលគឺរឿងរ៉ាវទន្លេនិងមនុស្សជាតិបានផ្សារភ្ជាប់គ្នារួចមកហើយ។
ការថយចុះនៃត្រីប៉ាសេអ៊ី និងផលប៉ះពាល់នៃទំនប់គ្រាន់ជាបញ្ហារមួយក្នុងចំនោមរឿងជាច្រើន ដែលអាចប៉ះពាល់ដល់ទន្លេ និងជីវភាពប្រជាជន។ ស្ទឹងត្រែង ក្នុងចំនោមខេត្តទាំងប្រាំ ជាប់ទន្លេមេគង្គ បានធ្វើឲ្យខ្ញុំមើលឃើញនូវជីវភាពប្រជានេសាទ ព្រមតាំងសារៈសំខាន់ដែរត្រីទន្លេមានចំពោះពួកគាត់។ ត្រីប៉ាសេអ៊ីពិតមានតម្លៃថ្លៃតែត្រីប្រភេទនេះ និងត្រីដ៏ទៃទៀតបានជួយជីវភាព អ្នកស្រុកដែលរកបានមួយកំរិតផងដែរ។
លោកអ៊ុំស៊ីថានបាននិយាយថា“ សម្រាប់ប្រជាជនដែលរស់នៅក្បែរទន្លេ ត្រីនិងទន្លេគឺជាជីវិតរបស់ពួកគេ ហើយបើគ្មានទឹកទន្លេទេនោះយើងដូចជាបាត់បង់ជិវីត”៕