អត្ថបទវិចារណកថា៖ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទក្ដៅគគុក នៅអាសុីអាគ្នេយន៍ដែល រដ្ឋាភិបាល និងប្រជាជន ជាពិសេសយុវជនកំពុងតាមដាន។
ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ានៅប្រទេសថៃស្រែកតវ៉ានៅក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសកំណើតរបស់ពួកគេ នៅខាងមុខអគារគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំអាស៊ីបា៉ស៊ីហ្វិច នៅទីក្រុងបាំងកក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ (រូបភាពថតដោយ Mladen ANTONOV / AFP)
រយៈពេលមួយខែចុងក្រោយនេះ ពិភពលោកកំពុងតែផ្ដោតការចាប់អារម្មណ៍ខ្លាំងទៅលើ ស្ថានភាពនយោបាយ និងសង្គម នៅប្រទេសមីយ៉ានម៉ា(ភូមា)។ ចាប់តាំងពីរដ្ធប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ធ្វើឡើងជំទាស់នឹងលទ្ធផលបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើឱ្យប្រទេសនេះធ្លាក់ចូលស្ថានភាពតានតឹងមួយ នៃការប្រឈមរវាងកងកម្លាំងយោធា និងប្រជាជនស៊ីវិល។
ថ្វីបើមានការសន្យាដោយយោធាថា នឹងរៀបចំការបោះឆ្នោតសមប្រកបមួយ ប្រជាជន ភាគច្រើនជាយុវជនបានចេញមកធ្វើបាតុកម្ម បង្ហាញការមិនពេញចិត្តនឹងចំណាត់ការ មិនសមប្រកបទាំងនោះ ព្រមទាំងទាមទារឱ្យមានការដោះលែងមេដឹកនាំរបស់ពួកគេ ក្នុងនោះរួមមានអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ជាទីប្រឹក្សារដ្ឋនិងជាមេដឹកនាំគណបក្សឈ្នះឆ្នោត សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
ដើមឡើយជាបាតុកម្មអហិង្សា បានប្រែក្លាយជាការបង្ហូរឈាម បង្កឲ្យមានរបួស និងស្លាប់ ក្នុងអំឡុងពាក់កណ្ដាលខែកុម្ភៈ និងបន្តរហូតមកដល់ពេលនេះ។ ហើយប្រជាជនកាន់តែមានប្រតិកម្មខ្លាំងឡើងៗ និងចាប់ផ្ដើម ចលនាមិនស្តាប់បង្គាប់សុីវិល (Civil disobedience movement) ។
សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតមាន។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលនៃប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ត្រូវបានគេតាមដានមើលថា តើប្រទេសនីមួយៗមានប្រតិកម្មយ៉ាងណា ចំពោះទង្វើយោធាភូមាមកលើប្រជាជន។
តើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានប្រតិកម្មបែបណា ចំពោះព្រឹត្តិការណ៍នេះ?
ចែងនៅក្នុង ធម្មនុញ្ញអាស៊ាន ចេញផ្លូវការនាឆ្នាំ២០០៨ ក្នុងមាត្រាទី២ស្ដីពីគោលការណ៍រួម អាស៊ានឈរលើស្មារតី “គោរពអធិបតេយ្យភាពរបស់ប្រទេសជាសមាជិក” “ការពឹងផ្អែកលើការដោះស្រាយដោយសន្តិវិធី” និង “ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក”។
តាមរយៈគោលការណ៍នេះ យើងប្រហែលស្មានបានថា ប្រតិកម្មរបស់សហគមន៍អាស៊ានប្រាកដមិនប្រើប្រាស់ការជ្រៀតជ្រែកក្នុងរូបភាពកម្លាំងបាយ ឬចូលដៃក្នុងកិច្ចការជាតិរបស់មីយ៉ាន់ម៉ា។
សមាជិកអាស៊ានមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ចាត់ទុកភាពវឹកវរនេះ ថាជា កិច្ចការផ្ទៃក្នុង និងប្រើប្រាស់គោលនយោបាយ មិនលូកចូលដៃ ( Hand-Off Policy) ជាមួយស្ថានការនេះ។
នៅប្រទេសកម្ពុជាវិញ តាមរយៈ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ចេញកាលពីថ្ងៃទី០៩ មីនា កម្ពុជាគាំទ្រ គោលការណ៍ស្នូលរបស់អាស៊ាន ដោយមិនជ្រៀតជ្រែកផ្ទៃក្នុង របស់មីយ៉ាន់ម៉ា និងគាំទ្រ “សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្ដីពីការវិវត្តនៅសាធារណរដ្ធសហភាពមីយ៉ាន់ម៉ា” ចេញកាលពីថ្ងៃទី០១ខែកុម្ភៈ ហើយ កម្ពុជា ក៏ត្រៀមខ្លួនជាមួយសមាជិកអាស៊ានផ្សេងទៀត ក្នុងការជួយមីយ៉ាន់ម៉ាត្រលប់ទៅកាន់ស្ថានភាពប្រក្រតីវិញ។
ក្រឡេកមើល ឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសមួយក្នុងចំនោមស្ថាបនិកអាស៊ាន បានបញ្ចេញទស្សនៈផ្សេងពីសមាជិកដ៏ទៃ។ ពីរសប្តាហ៍ក្រោយរដ្ឋប្រហារ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេសុី អ្នកស្រី Retno Marsudi បានធ្វើដំណើរទៅប្រទេសប្រ៊ុយណេ ដើម្បីពិភាក្សា រៀបចំការប្រជុំពិសេស ដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបង្ហាញថាប្រទេសមួយនេះ កំពុងអូសទាញអាស៊ានឲ្យផ្ដោតការចាប់អារម្មណ៍បន្ថែមទៅលើស្ថានការនេះ និងមានបំណងជួយបញ្ឈប់ ការបង្ហូរឈាម ព្រមទាំងទាមទារឲ្យយោធាភូមាគោរពការសន្យាបោះឆ្នោត។
ប្រតិកម្មខុសគ្នា និងយុទ្ធសាស្ត្រដោះស្រាយបញ្ហារបស់សមាគមប្រជាជាតិ មួយនេះ គួរតែជាអ្វីដែលយុវជន ក្នុងតំបន់ផ្ដោតអារម្មណ៍ និងស្វែងយល់ពីបញ្ហាកើតឡើងជុំវិញខ្លួន។
ហេតុអ្វីយុវជនអាស៊ាន គួរស្វែងយល់ពី បញ្ហាក្នុងតំបន់ និងកិច្ចការបរទេស?
អង្គការអន្តររដ្ឋាភិបាលប្រចាំតំបន់ មួយនេះមានឥទ្ធិពលមិនត្រឹមតែនៅក្នុងអាស៊ីអាគ្នេយ៍ តែពិភពលោកក៏កំពុង ចាប់អារម្មណ៍ការវិវត្ត សង្គមនិងនយោបាយរបស់អាស៊ាន ព្រមទាំងតួនាទីនៅក្នុង កិច្ចការសកល។
បើនិយាយទៅលើស្រទាប់យុវជន ការពង្រឹងចំនេះដឹងអាស៊ាន កំពុងមាន និងវិវត្តជាបន្តបន្ទាប់។ ការស្វែងយល់ពីបញ្ហាតំបន់មិនមែនមានន័យថា យុវជនត្រូវចូលរួមសកម្មលើរឿងនយោបាយផ្ទៃក្នុងរបស់បរទេស ក៏ប៉ុន្តែក៏គួរតាមដាន ដើម្បីស្វែងយល់ថា នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសរបស់ខ្លួន ប្រទេសជិតខាង និងអង្គការតំបន់របស់ខ្លួន បានបញ្ចេញប្រតិកម្ម ឬជំនួយបែបណាមួយ ទៅកាន់ប្រជាជន និងសង្គមដែលកំពុងជួបភាពវឹកវរ។
កាលណាភាពមិនប្រក្រតីកើតឡើងក្នុងប្រទេសមួយ ឥទ្ធិពលអវិជ្ជមានអាចជះទៅលើ អ្នកជិតខាង ដោយមិនបានព្រាងទុកមុន ដូចជាភាពចលាចលតាមព្រំដែន។ ការស្វែងយល់បែបនេះ អាចឲ្យយុវជនមានគំនិតត្រិះរិះ បង្កើនការពិភាក្សា និងពង្រឹងចំនេះដឹងបន្ថែម ទៅលើ តួនាទីអន្តររដ្ឋាភិបាលប្រចាំតំបន់ និងយល់ពីស្ថានភាពសង្គម នយោបាយ ប្រទេសជិតខាងដែលអាចមានទំនាក់ទំនងជាមួយប្រទេសខ្លួន ហើយត្រៀមខ្លួនចូលរួមការវិវត្តនានា ដែលទាមទារការយល់ដឹង នៅពេលទំនាក់ទំនងរវាងប្រទេស និងតំបន់កាន់តែមានជិតដិត។
មួយវិញទៀត វាក៏ឲ្យយើងត្រៀមខ្លួន រំពឹងលើអ្វីដែលអន្តររដ្ឋាភិបាលប្រចាំតំបន់ ឆ្លើយតបប្រសិនបើបញ្ហាស្រដៀងនេះ កើតឡើងលើប្រទេសរបស់ខ្លួន៕