តើអ្វីទៅជាពែងរដូវ? តើអ្នកគួរដឹងអ្វីខ្លះ មុនពេលចាប់ផ្តើមប្រើប្រាស់?
ពែងរដូវ គឺជាផលិតផលអនាម័យមួយប្រភេទ សម្រាប់ស្ត្រីប្រើប្រាស់ពេលមានរដូវ ដែលជាជម្រើសបន្ថែមជំនួសឲ្យការប្រើសំឡីអនាម័យ និងសំឡីឆ្នុក (តុំប៉ុង ឬ Tampon) ។ វាធ្វើឡើងដោយជ័រស៊ីលីកូន មានលក្ខណៈទន់ មានភាពបត់បែន គ្មានជាតិគីមី និងងាយស្រួលប្រើប្រាស់។ ប្រសិនប្រើប្រាស់ដោយការមើលថែទាំខ្ពស់ ពែងរដូវមួយ នឹងអាចមានសុពលភាពរហូតដល់ ១៥ ឆ្នាំ។
នៅប្រទេសកម្ពុជា ស្រ្តីនិយមប្រើសំឡីអនាម័យ ច្រើនជាងគេ ចំពោះការមករដូវ។ ផលិតផលដូចជាពែងរដូវ មិនសូវមានប្រជាប្រិយភាព ឡើយ។ អង្គការ និងក្រុមយុវជនផ្សេងៗដូចជា គ្លីនិករ៉ាក់ Zenopium និង Green Lady Cambodia តែងតែលើកទឹកចិត្តឲ្យស្ត្រីប្រើប្រាស់ពែងរដូវ ដោយសារភាពងាយស្រួល និងផលចំណេញរបស់វា។
ចំពោះការប្រើប្រាស់ពែងរដូវ ស្ត្រីគ្រាន់តែត្រូវចំណាយប្រាក់ ១៥ ដុល្លារ ទៅលើការទិញពែងនេះលើកដំបូងតែប៉ុណ្ណោះ និងប្រើប្រាស់ឡើងវិញបាន ខណៈដែលសំឡីអនាម័យក៏ដូចជាសំឡីឆ្នុកប្រើបានតែម្ដងនិងតម្រូវឱ្យទិញជារៀងរាល់ខែ។
ការប្រើប្រាស់ពែងរដូវ មានការពេញនិយមក្នុងចំណោមអ្នកស្រឡាញ់បរិស្ថាន ដែលព្យាយាមរស់នៅដោយគ្មានការបង្កើតសំរាម (zero waste lifestyle)។ ការប្រើប្រាស់ពែងរដូវ មិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ដោយសារពែងនេះ មិនបានបង្កើតសំរាមប្លាស្ទិកជាប្រចាំខែដូចសំឡីអនាម័យ និងសំឡីឆ្នុកនោះទេ។
ថ្វីបើមានគុណសម្បត្តិទាំងអស់នេះ យ៉ាងណាមិញពែងរដូវ នៅមិនទាន់មានការនិយមប្រើប្រាស់ក្នុងចំណោមស្ត្រីកម្ពុជា នៅឡើយនោះទេ។ ពែងរដូវគឺជាផលិតផលថ្មីមួយ ទើបត្រូវបានណែនាំឱ្យមានការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះទើបយើងសង្កេតឃើញថា នៅមានការយល់ច្រឡំជាច្រើន។
Focus សូមស្រាយចម្ងល់នៃការភ័ន្តច្រឡំមួយចំនួនដូចខាងក្រោម៖
ការយល់ច្រឡំទី១៖ ស្ត្រីដែលប្រើប្រាស់ពែងរដូវនឹងបាត់បង់ព្រហ្មចារី
ការរក្សាព្រហ្មចារីមុនពេល រៀបការ គឺជាទំនៀមទំលាប់សំខាន់មួយនៅក្នុងសង្គមខ្មែរ ហើយគំនិតនេះត្រូវបាន ទូន្មានប្រៀនប្រដៅតាំងតែពីពេលពួកគេនៅវ័យក្មេង។ ។ ទោះបីជាការប្រើប្រាស់ពែងរដូវតម្រូវឲ្យស្ត្រី ស៊កពែងទៅក្នុងទ្វារមាសរបស់ពួកគាត់មែន តែនេះមិនមែនជាការរួមភេទនោះទេ។ ការបាត់បង់ព្រហ្មចារី ដែលធ្វើឱ្យដាច់រលាត់សន្ទះព្រហ្មចារី កើតមានឡើងលុះត្រាតែមនុស្សមានការរួមភេទជាលើកដំបូងតែប៉ុណ្ណោះ។
ការយល់ច្រឡំទី២៖ ស្ត្រីដែលប្រើពែងរដូវមិនអាចធ្វើលំហាត់ប្រាណបាន
នៅពេលស៊កបានត្រឹមត្រូវ ការប្រើប្រាស់ពែងរដូវនឹងធ្វើឲ្យការធ្វើលំហាត់ប្រាណមានភាពងាយស្រួល។ ការប្រើប្រាស់ពែងរដូវ មិនប៉ះពាល់ទៅដល់សកម្មភាពប្រចាំថ្ងៃនោះទេដូចជា ការរត់ ហែលទឹក ហាត់ប្រាណជាដើម។ អ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភពីការជក់ទឹកនៅពេលហែលទឹក ការហៀរប្រឡាក់ និងការឈឺចាប់នៅបរិវេណ ប្រដាប់ភេទឡើយ។
ការយល់ច្រឡំទី៣៖ ការប្រើប្រាស់ពែងរដូវបង្កឲ្យមានការឈឺចាប់
នៅពេលស៊កបានត្រឹមត្រូវ អ្នកប្រើប្រាស់មិនគួរមានអារម្មណ៍ឈឺនៅរន្ធទ្វារមាសរបស់ខ្លួនឡើយ។ ជាក់ស្តែង ប្រសិនបើស្ត្រីនៅលីវ និងប្រើប្រាស់ពែងនេះជាលើកដំបូង វាអាចបង្កឲ្យមានការឈឺចាប់បន្តិចបន្តួច ដោយសារតែសាច់ដុំរន្ធទ្វារមាសធ្លាប់មានភាពតឹងណែន។ ប៉ុន្តែបន្ទាប់ពីការប្រើប្រាស់ច្រើនដង ការស៊កបញ្ចូលពែងរដូវនឹងមិនមានបញ្ហាឡើយ។
ការយល់ច្រឡំទី៤៖ ពែងរដូវអាចចូលហួសកស្បូន
ការយល់ច្រឡំនេះគិតថា ពែងរដូវនឹងអាចចូលហួសកស្បូន ហើយមិនអាចយកចេញវិញបាន។ កស្បូនរបស់ស្ត្រីមាន ជម្រៅជាមធ្យមពី ៧ ទៅ ១៥ សង់ទីម៉ែត្រ មុននឹងទៅដល់មាត់ស្បូន។ ពែងរដូវមិនអាចចូលក្នុងមាត់ស្បូនបាននោះទេ ដូច្នេះវាមិនអាចចូលហួសមាត់ស្បូននោះឡើយ។ នៅពេលដែលប្រើពែងរដូវ វាគួរតែស្ថិតនៅខាងក្រោយនៃ ឆ្អឹងថ្ងាសខាងក្រោម ឬនៅពីមុខមាត់ស្បូន។
ខណៈពេលដែលការមករដូវ គឺជាប្រធានបទមួយ ដែលស្ត្រីជាច្រើនចាត់ទុកជាការបង្កឲ្យមានការខ្មាសអៀនរួចទៅ ហើយនោះ Focus សូមណែនាំឱ្យស្ត្រីគ្រប់រូប ព្យាយាមស្វែងយល់សិក្សាអំពីផលិតផលអនាម័យនីមួយៗ ជាជាងជឿទៅតាមការយល់ច្រឡំផ្សេងៗដែលមាននៅជុំវិញផលិតផលទាំងនោះ៕