លោកង៉ែត ម៉ូសេ ជាអ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថលនៅកម្ពុជាមួយរូប ដែលធ្វើការដើម្បី លើកកម្ពស់សិទ្ធិឌីជីថល និងអប់រំ អ្នកប្រើប្រាស់អំពីការពារឯកជនភាពលើប្រព័ន្ធអ៊ីនធឺណិត តាមរយៈការចែករំលែកចំណេះដឹង និងការតស៊ូមតិផ្សេងៗ។
លោកម៉ូសេបានក្លាយវិវត្តន៍ខ្លួនជាអ្នកជំនាញផ្នែកសន្តិសុខឌីជីថលតាមរយៈបទពិសោធន៍ធ្វើការនៅក្នុង វិស័យសង្គមស៊ីវិលនិងផ្នែកពាក់ព័ន្ធសិទ្ធិមនុស្ស។ តាមរយៈ បទពិសោធន៍ និងទឹកចិត្តស្រឡាញ់ការងារមួយនេះ វាបានជម្រុញឱ្យគាត់ក្លាយជាអ្នកជំនាញផ្នែកសន្តិសុខឌីជីថលមួយរូប ដែលមានគោលបំណងផ្សព្វផ្សាយចំណេះដឹងឌីជីថល និងសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ស្របពេលដែលបញ្ហាមួយចំនួនដូចជា ការហែកវេបសាយ (defacement) ការបន្លំ(Phishing) ការហែក (hacking) និងការលួចប្រើប្រាស់អ៊ីម៉ែល (email hijacking) នៅតែកើតមានឡើង ។
Focus បានចាប់ដៃគូជាមួយ កម្ពុអ៊ែរ៉ា ដើម្បីជួបជាមួយលោក ង៉ែត ម៉ូសេ និងស្វែងយល់បន្ថែមអំពីដំណើរជីវិតការងាររបស់លោកក្នុងការលើកកម្ពស់សិទ្ធិឌីជីថល និងសន្តិសុខឌីជីថល ក្នុងកំឡុងយុគសម័យព័ត៌មាននៅកម្ពុជា។
១. ហេតុអ្វីបានជាអ្នក ចាប់ផ្តើមចូលរួមធ្វើការងារលើសុវត្ថិភាពអ៊ីនធឺណិត?
សម្រាប់ខ្ញុំ វាជាបទពិសោធន៍មួយដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងការប្រឡូកក្នុងវិស័យនេះ។ កាលពីក្មេង ខ្ញុំតែងតែប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណិត ដើម្បីកម្សាន្តប៉ុណ្ណោះ។ បន្ទាប់មក ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលខ្ញុំបានធ្វើការនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ អង្គការសិទ្ធិមនុស្សប្រមាណជិត១០ឆ្នាំរួមមក វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍កាន់តែខ្លាំងទៅលើ សន្តិសុខឌីជីថល ព្រោះកាលនោះវា នៅជាប្រធានថ្មីមួយនៅកម្ពុជា។
បទពិសោធន៍ការងារទាំងនេះ ខ្ញុំដឹងថា ឌីជីថលមានឥទ្ធិពលខ្លាំងដល់សង្គម និងមនុស្ស។ ដូច្នេះខ្ញុំក៏ចាប់ផ្តើមឈ្វេងយល់ ក្នុងជំនាញនេះ រហូតដល់ខ្ញុំមានឱកាសធ្វើការជាអ្នកគ្រប់គ្រងផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយ ក្នុងការបង្កើតគោលនយោបាយ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកឌីជីថលផ្សេងទៀត ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលដល់កម្មករ សង្គមស៊ីវិល និងសហគមន៍។ បច្ចេកវិទ្យាអ៊ីនធឺណិត អាចផ្ដល់ឱកាសច្រើនអ្នកប្រើប្រាស់ ជាពិសេសសម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពនៃក្នុងការ បញ្ចេញមតិផងដែរ។ ប៉ុន្តែក្នុងនោះ វាក៏ភ្ជាប់មកជាមួយនូវបញ្ហាប្រឈមផ្សេងៗ ដែលជះឥទ្ធិពលមិនល្អក្នុងសង្គមដូចជា ការបំប៉ោងព័ត៌មាននៅបណ្ដាញសង្គម ការលួចអត្តសញ្ញាណ និងការក្លែងបន្លំព័ត៌មានជាដើម។ ក្នុងន័យនេះ វាជារឿងសំខាន់ក្នុងការយល់ដឹង និងប្រើប្រាស់វាដោយភាពឈ្លាសវៃ ហើយ គ្មាននរណាម្នាក់គួរត្រូវគេ បានទាញយកប្រយោជន៍ដោយមិនដឹងខ្លួនពីការប្រើប្រាស់បច្ចេកវិទ្យានោះ។
២. តើការងារនេះ បានផ្លាស់ប្តូរខ្លួនអ្នក និងសង្គមដូចម្ដេចខ្លះ?
ការងារនេះមិនត្រឹមតែជួយពង្រីកជំនាញរឹងរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែជំនាញទន់របស់ខ្ញុំ ក៏បានប្រសើរឡើងមួយ កម្រិតទៀតផងដែរ ព្រោះការងារនេះ វាទាមទារលើសពីសមត្ថភាពបច្ចេកទេស។ អ្វីដែលសំខាន់ វាធ្វើឱ្យខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំជួយមនុស្សដែលបានជួបប្រទះបញ្ហាឌីជីថល ហើយវាជាការតបស្នងមួយ ដែលខ្ញុំអាចធ្វើបានសម្រាប់សហគមន៍ នូវអ្វីដែលខ្ញុំបានរៀនកន្លងមក។
ប្រសិនបើខ្ញុំឆ្លុះបញ្ចាំងពីសហគមន៍និងមនុស្សដែលខ្ញុំបានធ្វើការជាមួយវិញ ក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំចុងក្រោយនេះ។ ពួកគាត់បានបង្កើនចំណេះដឹង និងដឹងច្បាស់ពីរបៀបការពារខ្លួន នៅពេលដែលមានការវាយប្រហារប្រសើរជាងមុន ហើយ ពួកគាត់ដឹងថាតើអាចងាកទៅរកជំនួយបែបណា នៅពេលដែលពួកគេប្រឈមមុខនឹងបញ្ហាទាំងនេះ។ហេតុនេះការផ្លាស់ប្ដូរអាកប្បកិរិយា និងការយល់ដឹងកាន់តែប្រសើរឡើងអំពីឯកជនភាព និងសុវត្ថិភាពឌីជីថលរបស់ ពួកគេគឺជាការផ្លាស់ប្តូរ ដែលខ្ញុំបានសង្កេតឃើញ។
៣. តើអ្នកបានជួបប្រទះបញ្ហាអ្វីខ្លះ ដើម្បីឱ្យមនុស្សជុំវិញខ្លួន មើលឃើញពីបញ្ហាទាំងនេះ?
ចំណុចសំខាន់ទីមួយ ខ្ញុំត្រូវតាមដានជានិច្ច ជាមួយនឹងព័ត៌មាននិង និន្នាការនៃបច្ចេកវិទ្យាព័ត៌មាន ដែល អភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាការរក្សាទំនាក់ទំនងជាមួយមជ្ឈដ្ឋានក្នុងស្រុក និងអន្តរជាតិ គឺជារឿងសំខាន់ ក្នុងការដើរទាន់បញ្ហានិងស្ថានការណ៍។ ចំណែកឯពេលខ្លះ យើងត្រូវ ចំណាយពេលវេលាច្រើន ដើម្បីឱ្យមនុស្សទទួលយកនូវដំបូន្មាន និងកសាងទំនុកចិត្តមកលើការងារ និងសមត្ថភាពរបស់យើង ពីព្រោះនៅមានការយល់ខុសមួយចំនួនដែលយល់ថាអ្នកជំនាញក្នុងស្រុកគ្មានសមត្ថភាព និងជំនាញគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេសបែបនេះទេ។ នេះក៏ជាមូលហេតុ ដែលជំនាញនេះត្រូវការភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហា ដើម្បីឱ្យការងារបញ្ចប់ដោយរលូន និងមានប្រសិទ្ធភាព។
អ៊ីនធឺណិត វាជាអាវុធទំនើបមួយ ដែលជនឆ្លៀតឱកាស អាចប្រើប្រាស់ដើម្បី ទាញយកផលប្រយោជន៍សម្រាប់ខ្លួន។ ការបំផុសបំផុលព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គម ចេតនាបង្កើតបញ្ហា ដែលប៉ះពាល់ដល់សង្គម ផ្លូវចិត្តរបស់មនុស្ស និងការលួចទិន្នន័យរសើប តែងកើតឡើងជាទូទៅនៅក្នុងយុគសម័យឌីជីថល។ ការអប់រំមនុស្សអំពីការគំរាមកំហែងទូទៅ គឺជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក៏ដូចជាលើកកម្ពស់អនាម័យឌីជីថលសម្រាប់សហគមន៍ទាំងមូល ផងដែរ។
៤. តើបងធ្វើយ៉ាងណា ដើម្បីឱ្យមនុស្សជុំវិញខ្លួនផ្តល់តម្លៃ និងចូលរួមសកម្មភាព?
បញ្ហាទូទៅមួយគឺ ជាធម្មតាមនុស្សតែងគិតថាអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងបច្ចេកវិទ្យា និងឌីជីថល គឺស្មុគស្មាញនិងពិបាកក្នុងការរៀននិងអនុវត្ត។ ការណ៍នេះ បានរារាំងមនុស្សឱ្យនៅឆ្ងាយពី ការយល់ដឹង និងចង់ចេះប្រើប្រាស់បច្ចេកវិទ្យាការពារសុវត្ថិឌីជីថលរបស់ខ្លួន។ មួយវិញទៀត តាមបទពិសោធន៍របស់ខ្ញុំធ្វើការក្នុងវិស័យនេះ មនុស្សមិនសូវខ្វាយខ្វល់ពី សុវត្ថិភាពឌីជីថលរបស់ពួកគេទេ ទាល់តែមានបញ្ហាអ្វីមួយកើតឡើងចំពោះពួកគេទើបពួកគាត់យកចិត្តទុកដាក់។ នេះគឺផ្ទុយស្រឡះពីគោលការណ៍សុវត្ថិភាពឌីជីថលដែលអ្នកត្រូវមានការប្រុងប្រយ័ត្នទុកជាមុន មិនមែនរង់ចាំរហូតដល់មានអ្វីមួយកើតឡើងនោះទេ។
៥. តើយុវជនអាចធ្វើអ្វីបានខ្លះ ក្នុងការបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម?
ការប្រើប្រាស់ឌីជីថលនិងអ៊ីនធឺណិតជាអាវុធមុខពីរ ហើយវាអាស្រ័យលើអ្នកការប្រើប្រាស់របស់អ្នក។ ការផ្លាស់ប្តូរគំនិត របស់អ្នក និងរៀនស្វែងយល់អំពីសុវត្ថិភាពឌីជីថល គឺជាការចាប់ផ្តើមចម្បងមួយ។
អ្នកអាចអនុវត្តបានតាមវិធីងាយៗមួយចំនួនដូចជា បង្កើតទម្លាប់មិនប្រើប្រាស់ផលិតផលក្លែងក្លាយ ឬគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង និងកម្មវិធីកម្ចាត់មេរោគ។
ចំណុចសំខាន់មួយទៀតគឺការចែករំលែកចំណេះដឹង និងជំនាញ ជាមួយអ្នកជុំវិញខ្លួន។យើងទាំងអស់គ្នា កំពុងរស់នៅក្នុងយុគសម័យទំនើប ដែលយើងអាចទាញយក អត្ថប្រយោជន៍ សម្រាប់ខ្លួនឯង និងសហគមន៍ របស់យើងទាំងមូល។
ជាចុងក្រោយសុវត្ថិភាពឌីជីថល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពការការពារខ្លួនអ្នក ពីការលួចអត្តសញ្ញាណ និងការក្លែងបន្លំផ្សេងៗ ដែលអ្នកមិនគួរមើលរំលង។ ការពារ អត្តសញ្ញាណ ទិន្នន័យ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នក នៅលើប្រព័ន្ធអ៊ីនធឺណិត មានសារៈសំខាន់ណាស់។ ជាងនេះទៅទៀត សន្តិសុខនៅលើប្រព័ន្ធអ៊ីនធឺណិតកំពុង ដើរ តួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម ពីព្រោះមនុស្សគ្រប់គ្នាអាចទទួលបានព័ត៌មានឆាប់រហ័សទាំងការពិត និងប្រឌិត និងធ្វើការចែករំលែក ក្នុងរយៈពេលមួយ ប៉ប្រិចភ្នែក។ ការគំរាមកំហែងផ្នែកសុវត្ថិភាព និងការវាយប្រហារតាមអ៊ីនធឺណិត អាចប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្រិតថ្នាក់ជាតិផងដែរ៕
អ្នកអាចស្វែងយល់បន្ថែមពីព័ត៌មានទាក់ទងនឹងការប្រើប្រាស់ឌីជីថល និងសុវត្ថិភាពតាមអ៊ីនធឺណិតនៅកម្ពុជាតាមរយៈគេហទំព័រក្នុងស្រុករបស់យើងដូចជា៖ វេទិកាអ៊ីនធឺណិតបើកទូលាយ, បារខែមកម្ពុជា និងតាមដានទំព័ររបស់អ្នកឯកទេសផ្នែកឌីជីថលដូចជាលោក ង៉ែត ម៉ូសេ និង លោក ជី សុផាត ដើម្បីទទួលបានចំណេះដឹងថ្មីៗ។