ក្រៅពីការប្រកួតយកមេដាយរវាងកីឡាករអន្តរជាតិ មានរឿងរ៉ាងផ្សេងៗជាច្រើន ឆ្លុះបញ្ចាំងពីជីវិតជាអត្តពលិក ដែលបានបង្ហាញក្នុងអំឡុងពេលប្រកួត។
ការបិតកម្មវិធីប្រកួតអូឡាំំពិក ដោយមានអត្តពលិកកាន់ទង់ជាតិប្រទេសដែលចូលរួម
(ប្រភពៈ ទំព័រ Facebook ផ្លូវការរបស់អូឡាំពិក )
ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ២០២០ នៅក្រុងតូក្យូបានបិទបញ្ចាប់ជាផ្លូវការ ជាមួយវិញ្ញាសាម៉ារ៉ាតុងបុរស កាលពីថ្ងៃទី០៨ ខែសីហា។
ក្រោយពន្យាពេលអស់រយៈពេលមួយឆ្នាំ ដោយសារជំងឺការរាតត្បាតជាសាកល បង្កឡើងដោយវីរុសនៃជម្ងឺកូវីដ-១៩ ជប៉ុនជាម្ចាស់ផ្ទះរៀបចំការប្រកួត ដោយរក្សាឈ្មោះផ្លូវការដដែល «អូឡាំពិករដូវក្ដៅឆ្នាំ២០២០» ជាមួយ កីឡា៣៣ប្រភេទ មេដាយសរុប៣៣៩ និងអត្តពលិក ១១,៥០០នាក់ មកពីជុំវិញពិភពលោក។
នេះជាឱកាសលើកទីពីរ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ខណៈដែលការររាតត្បាតជំងឺកូវីដ១៩ ជាឧបសគ្គមួយសម្រាប់ការប្រកួត ដែលប្រមូលផ្ដុំទៅដោយកីឡាករអន្តរជាតិនៅ «ភូមិអូឡាំពិក» (Olympic Village)។
គណៈកម្មាធិការអូឡាំពិកក្រុងតូក្យូ កំនត់គោលដៅអូឡាំពិកឆ្នាំនេះ ឲ្យក្លាយជាការប្រកួត ដែលគិតគូរដល់បរិស្ថាន និងបញ្ចេញឧស្ម័នទាបបំផុត។ សូម្បីតែគ្រែសម្រាប់អត្តពលិកគេង គឺ ធ្វើពីកាតុង ហើយនឹងត្រូវយកទៅកៃឆ្នៃឡើងវិញ ក្រោយការប្រកួតបញ្ចប់។ ខណៈដែលថាមពលអគ្គីសនី និងមធ្យោបាយធ្វើដំណើរនានា ដែលត្រូវបានផ្គត់ផ្គង់ គឺមានប្រភពចេញពីថាមពលដែលអាចកកើតឡើងវិញ ដូចជា ថាមពលសូឡា និង Biomass (ថាមពលចម្រាញ់ចេញពីរុក្ខជាតិ ឬសរីរាង្គ) ។
មានការបញ្ចូលកីឡាថ្មី ៥ប្រភេទ រួមមាន កីឡាបេសបល ការ៉ាត់តេ ឡើងភ្នំ ជិះស្គី និងស្គីលើទឹក ដែលធ្វើឲ្យការប្រកួតឆ្នាំនេះ រឹតតែមានការប្រមូលផ្ដុំនូវបរិយាកាសថ្មី។
ក្រៅពីការប្រកួត ដណ្ដើមយកមេដាយរវាងកីឡាករអន្តរជាតិ មានរឿងរ៉ាងផ្សេងៗជាច្រើនទៀត ឆ្លុះបញ្ចាំងពីជីវិតជាអត្តពលិក ដែលបានបង្ហាញក្នុងអំឡុងពេលប្រកួត។
ខាងក្រោមនេះ គឺជារឿងរ៉ាវគួរកត់សម្គាល់របស់អត្តពលិក ដែលបានក្លាយជាព័ត៌មានទំព័រមុខ ទាក់ទងទៅនឹងអូឡាំពិករដូវក្តៅ២០២០នេះ៖ ។
អត្តពលិក«ស្ត្រីប្ដូរភេទ» ដំបូងនៃប្រវត្តិសាស្រ្តអូឡាំពិក ប្រកួតក្នុងកីឡាលើកទម្ងន់
នៅក្នុងវ័យ៤៣ឆ្នាំ កីឡាករលើកទម្ងន់ សញ្ជាតិនូវែលសឺឡង់ ឈ្មោះ Laurel Hubbard ទទួលបានការចាប់អារម្មណ៍ពីសារពត៌មានអន្តរជាតិយ៉ាងខ្លាំង ដោយសារអ្នកស្រីជាអត្តពលិក «ស្ត្រីប្ដូរភេទ» ដោយបើកចំហរដំបូងបង្អស់ នៅក្នុងការប្រកួតកីឡាអូឡាំពិក។ អ្នកស្រីមានកំណើតជាបុរសភេទ តែបានផ្លាស់ប្ដូរឈ្មោះ និងឆ្លងកាត់ការព្យាបាលផ្លាស់ប្ដូរអរម៉ូនមកជាភេទស្រី មុននឹងបន្តចូលរួមវិស័យកីឡាលើកទម្ងន់ ដែលអ្នកស្រីធ្លាប់បោះបង់ចោល។
ការអនុញ្ញាតឲ្យអត្តពលិក ដែលកំនត់អត្តសញ្ញាណខ្លួនខុសពីភេទពីកំនើត ចូលរួមក្នុងការប្រកួតអូឡាំពិក ជាលើកទីមួយ បង្កើតបានជាការយល់ឃើញខុសគ្នា ចំពោះការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិក។ អ្នកតស៊ូសិទ្ធិនៃសហគមន៍ LGBTQ អបអរទៅលើការសម្រេចចិត្តមួយនេះ ដោយមើលឃើញថា នេះជារូបភាពនៃការគិតគូរ និង«ការរួមបញ្ចូល» សិទ្ធិមនុស្សគ្រប់រូប។ ខណៈអតីតអត្តពលិក និងសកម្មជនមួយចំនួនយល់ឃើញថា វាមានភាពមិនយុត្តិធម៌ដោយសារភេទកំនើតរបស់អ្នកស្រី(ភេទប្រុស) ផ្ដល់ប្រៀបខាងកម្លាំង ជាងអត្តពលិកស្រ្តីដែលចូលរួមប្រកួតជាមួយ។
អត្តពលលិកនារីបោះបង់ការប្រកួតដោយសារបញ្ហា «សុខភាពផ្លូវចិត្ត»
អត្តពលិកនារីផ្នែកកាយសម្ព័ន្ឋ ជនជាតិអាមេរិក ដែលត្រូវបានគេចាត់ទុកថា អត្តពលិកជោគជ័យបំផុតនៅក្នុងកីឡាកាយសម្ព័ន្ឋ នាពេលបច្ចុប្បន្ន Simone Biles ក្នុងវ័យ២៤ឆ្នាំ ធ្លាប់ទទួលបានមេដាយអូឡាំពិកនិងជើងឯកពិភពលោក សរុបរហូតដល់ទៅ៣២មេដាយ។
ផ្ទុយពីការរំពឹងទុករបស់អ្នកគាំទ្រ និងពីសារព័ត៌មាន អំពីវត្តមានរបស់នាង ក្នុងការប្រកួតនៅអូឡាំពិកក្រុងតូក្យូ Simone បានដកខ្លួនចេញពីការប្រកួតជាក្រុមវគ្គផ្តាច់ព្រ័ត្រ (all-around competition) និងការប្រកួតជាលក្ខណៈបុគ្គលក្រោមមូលហេតុ «សុខភាពផ្លូវចិត្ត»។ ការដកខ្លួនរបស់នាង ហាក់ដូចជាការបើកចំហរនូវបញ្ហាប្រឈមផ្ទាល់របស់អត្តពលិកទូទៅ ទៅលើសុខភាពផ្លូវចិត្ត និងសម្ពាធនានា ដែលដាក់បន្ទុកទៅកីឡាករ ដែលមានឈ្មោះនៅក្នុងឆាកប្រកួតអន្តរជាតិ។

អត្តពលិកដែលជាប់ជាមួយអត្តសញ្ញាណ «ជោគជ័យ» តែងតែត្រូវបានគេរំពឹងទុកខ្ពស់នូវការនាំមេដាយត្រលប់មកវិញ ជាហេតុធ្វើឲ្យពួកគេត្រូវប្រឈមនឹងសម្ពាធផ្លូវចិត្ត ការថប់បារម្មណ៍កើតចេញពីការផ្ដោតខ្លាំងទៅលើការហាត់សម ប្រឈមនឹងមហាជន ឬសារព័ត៌មាន និងប្រកួតប្រជែង។
Simone មិនមែនជាអត្តពលិកតែម្នាក់ដែលកំពុងប្រឈម និងហ៊ាននិយាយចំហរពីបញ្ហានេះទេ។ អត្តពលិកនារីតេន្នីសជប៉ុន Naomi Osaka ដែលជាអ្នកអុជភ្លើងគោមអូឡាំពិក ក្នុងពិធីបើកការប្រកួតឆ្នាំនេះ ក៏ធ្លាប់បានដកខ្លួន ចេញពីការប្រកួតតេន្នីសនៅក្រុងបារីសក្រោមមូលហេតុដូចគ្នានឹងSimone។
ការដកខ្លួនពីការប្រកួតរបស់អត្តពលិកទាំងនេះ គឺជាសារមួយ បង្ហាញពីតួនាទីសុខភាពផ្លូវចិត្ត និងឥទ្ធិពលរបស់វា ទៅលើសុខុមាលភាពបុគ្គល មិនថាក្រោមលក្ខខណ្ឌឬស្ថានភាពណាក៏ដោយ ការថែរក្សាសុខភាពផ្លូវចិត្តនៅតែជាអាទិភាព។
យ៉ាងណាក៏ដោយ នៅថ្ងៃចុងក្រោយនៃការប្រកួតវិញ្ញាសារកាយសម្ព័ន្ឋបែបសិល្បៈ (Artistic gymnastics ) Simone បង្ហាញខ្លួនប្រកួតលក្ខណៈបុគ្គល ព្រមទាំងទទួលបានមេដាយសំរិទ្ធ តាមពីក្រោយអត្តពលិកចិនពីរនាក់។
ឯកសណ្ឋានអត្តពលិក៖ «អារម្មណ៍សុវត្ថិភាព និងសេរីភាពក្នុងការស្លៀកពាក់ជារឿងសំខាន់»
អាវអៀមសាច់យឺតពណ៌ក្រហម-ស គ្របពីកដៃរហូតដល់កែងជើង បានក្លាយជាឯកសណ្ឋានថ្មីរបស់ក្រុមអត្តពលិកនារីកីឡាកាយសម្ព័ន្ធ ជាតិអាឡឺម៉ង់។ក្រុមទាំងមូល សម្រេចមិនស្លៀកឯកសណ្ឋាននារី ដែលជាទូទៅខ្វៀលដូចឈុតហែលទឹក នៅក្នុងការប្រកួតអូឡាំពិកនេះទេ។
សមាជិកក្រុមម្នាក់ ឈ្មោះ Sarah Voss បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Reuters ពីមូលហេតុដែលពួកគេសម្រេចចិត្តថា៖ «យើងចង់ធ្វើឱ្យប្រាកដថា អ្នករាល់គ្នាមានផាសុខភាព។ហើយយើងបង្ហាញអ្នករាល់គ្នាថា ពួកគេអាចស្លៀកពាក់អ្វីក៏បាន តាមដែលពួកគេចង់បាន ហើយមើលទៅអស្ចារ្យ និងមានអារម្មណ៍អស្ចារ្យ មិនថាជាឈុតវែងឬខ្លី»។
លើសពីនេះ ការផ្លាស់ប្ដូរឈុតនេះ ក៏ជាសកម្មភាពបើកចំហរប្រឆាំងទៅនឹង «ការមើលមកឯកសណ្ឋានកីឡាការនីក្នុងន័យផ្លូវភេទ» និងជំរុញអត្តពលិកនារីមានសេរីភាព ក្នុងការពាក់ឯកសណ្ឋាន ដែលអាចផ្ដល់ផាសុកភាព និងមានអារម្មណ៍សុវត្ថិភាពនាពេលប្រកួត។ សកម្មភាពនេះអាចក្លាយជាគំរូមួយ ជំរុញអត្តពលិកនារីឲ្យងាកមកប្រើប្រាស់ឈុតដែលខ្លួនចង់ពាក់ ចូលប្រកួត។
ការគំរាមកំហែងតាមអ៊ីនធឺណិតលើរូបរាង៖ គំនិតបែបបង្ហាញការស្អប់លើអត្តពលិកនារី
An San អត្តពលិកនារីសក់ខ្លីជនជាតិកូរ៉េ ក្នុងវ័យ២០ឆ្នាំ ដណ្ដើមបានមេដាយមាសលើកទីបីរបស់ខ្លួន ក្នុងការប្រកួតកីឡាបាញ់ធ្នូ ព្រមទាំងបានបំបែកកំណត់ត្រា២៥ឆ្នាំរបស់អូឡាំពិក ជាមួយពិន្ទុ៦៨០ កាលពីការប្រកួតវគ្គជម្រុះ។
ដំណើរជាកីឡាករបាញ់ធ្នូររបស់ An San ចាប់ផ្ដើមពេលក្មេងស្រីម្នាក់នេះ ទទូចឲ្យខាងសាលាបឋមរបស់ខ្លួន បើកក្លឹបកីឡាបាញ់ធ្នូសម្រាប់ក្រុមនារី ក្រោយពេលដឹងថាសាលាពុំមានក្រុមនារី សម្រាប់កីឡាប្រភេទនេះ។ តាំងពីពេលនោះមក An San មិនដែលបញ្ឈប់ដំណើរមួយនេះ រហូតក្លាយជាអត្តពលិកមានកេរ្តិ៍ឈ្មោះ។
ក៏ប៉ុន្តែអំឡុងការប្រកួតនៅតូក្យូ បុរសជនជាតិកូរ៉េមួយចំនួនតូច បែរជាប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ធ្វើការវាយប្រហារទៅលើម៉ូត«សក់ខ្លី» របស់នាង ដោយចោទថានេះជារូបភាពតំណាងឲ្យ «ស្ត្រីនិយម» ដែលជាពាក្យមួយ កំពុងមានភាពចម្រូងចម្រាស់នៅក្នុងសង្គមកូរ៉េ នាពេលបច្ចុប្បន្ន។
ការគំរាមកំហែងតាមរយៈការបញ្ចេញមតិលើអ៊ីនធឺណិត និងលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ An San អំពីរូបរាងរបស់នាង បង្កឡើងដោយក្រុម «ប្រឆាំងនឹងស្ត្រីនិយម» (Anti-feminism) ដែលបង្ហាញការស្អប់ទៅលើនារី ដល់ថ្នាក់មានមនុស្សមួយចំនួនយល់ខុសថា វត្តមាននៃការលើកកម្ពស់នារី ប៉ះពាល់ដល់សិទិ្ធរបស់បុរសកូរ៉េ។
បិតាធិបតេយ្យនៃវប្បធម៌កូរ៉េ ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម ដែល ការគំរាមកំហែងសិទ្ធិស្ត្រីបែបនេះ កើតឡើងបានស្ទើរមិនគួរឱ្យជឿ នៅក្នុងប្រទេសមានសេដ្ឋកិច្ចខ្លាំងនិងជឿនលឿនរបស់កូរ៉េខាងត្បូង។
ជំនួសឲ្យការយកចិត្តទុកដាក់ទៅលើអ្នកមិនពេញចិត្ត An San ឆ្លើយយ៉ាងសាមញ្ញលើគណនី Instagram របស់ខ្លួនថា «មកពីសក់ខ្លី វាមានផាសុកភាព» នៅពេលមានមតិសួរនាងថា «ហេតុអ្វីកាត់សក់ខ្លី»។ រួចនាងបន្តផ្ដោតការយកចិត្តទុកដាក់ ក្នុងការប្រកួតយកមេដាយរបស់នាងបែបធម្មតា។
ទោះទទួលបានមេដាយប្រាក់ កីឡាករជប៉ុននូវតែសម្ដែងការ«សុំទោស» ទៅកាន់ប្រជាជន
«ខ្ញុំបានបញ្ចប់ ដោយលទ្ធផលដ៏អាម៉ាស់នេះ ខ្ញុំពិតជាសោកស្តាយ» អត្តពលិកផ្នែកបោកចំបាប់បុរស ជនជាតិជប៉ុន Fumita ផ្ញើសារទៅកាន់ប្រជាជនរបស់លោក និងអ្នកចូលរួមរៀបចំអូឡាំពិកឆ្នាំនេះ ក្រោយទទួលបានមេដាយប្រាក់ក្នុងការប្រកួត។
លោកមិនមែនជាអត្តពលិកជប៉ុនទីមួយទេ ដែលបញ្ចេញការសុំទោសដល់ប្រជាជនខ្លួន។ Kai Harada អត្តពលិកកីឡាឡើងភ្នំ ដែលជាប្រភេទកីឡាទើបបញ្ចូលថ្មី និងកីឡាការនីតេន្នីស Naomi សុទ្ធបង្ហាញភាពសោកស្ដាយ ក្រោយពុំទទួលបានមេដាយមាសក្នុងការប្រកួត។
ការសុំទោសព្រោះទទួលបានចំនាត់ថ្នាក់ទីពីរ ជាទូទៅភ្ជាប់ជាមួយមូលហេតុ «មិនអាចឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន»។ រូបភាពនេះអាចផ្សារភ្ជាប់ ទៅនឹងវប្បធម៌សុំអភ័យទោស និងបង្ហាញការដឹងគុណរបស់ជនជាតិជប៉ុន ជាពិសេសបុគ្គលសាធារណៈ ដូចជាអត្តពលិកឬអ្នកនយោបាយ។
មិនថាតែនៅជប៉ុននោះទេ អត្តពលិកអន្តរជាតិជាច្រើនក៏បញ្ចេញកាយវិការដូចគ្នា ដោយសារតែពួកគេចូលរួមការប្រកួត ជាមួយគោលដៅដណ្ដើមមេដាយមាស ដូចនេះសម្រាប់ពួកគេ ការទទួលបានមេដាយប្រាក់ឬសំរិទ្ធហាក់ដូចជាចាកឆ្ងាយពីការរំពឹងទុករបស់ជាតិខ្លួន និងពេលខ្លះអាចប៉ះពាល់ដល់ផ្លូវចិត្តសម្រាប់អត្តពលិកដែលគិតគូរខ្លាំងលើសមត្ថភាព។
ព័ត៌មានទំព័រមុខរបស់អត្តពលិកជាច្រើន ក្នុងការប្រកួតអូឡាំពិកឆ្នាំនេះ កំពុងបង្ហាញរឿងរ៉ាវសង្គមជាទូទៅ រាប់ចាប់តាំងពីសហគមន៍ឥន្ធនូ សិទ្ធិស្រ្តី និងសុខភាពផ្លូវចិត្ត ដែលច្របាច់ចូលគ្នា បើកកកាយបញ្ហាដែលអត្តពលិកជួបប្រទះក្នុងវិស័យមួយនេះ។
អូឡាំពិករដូវក្ដៅបន្ទាប់ ត្រូវបានប្រគល់ឲ្យទីក្រុងប៉ារីស «ទីក្រុងនៃក្ដីស្រឡាញ់» ដែលជាបេះដូងនៃប្រទេសបារាំង ធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតឆ្នាំ២០២៤៕