ពណ៌សម្បុរ មិនមែនជាឧបករណ៌វាស់វែងតម្លៃ ឬសមត្ថភាពមនុស្ស ហើយរឹតតែមិនមែនជាកញ្ចក់ឆ្លុះសម្រាប់ឲ្យអ្នកដ៏ទៃវាយតម្លៃ
ក្នុងបរិបទសម័យឌីជីថល បណ្ដាញសង្គមបានក្លាយជាឧបករណ៌សម្រាប់លើកតម្កើងកេរ្តិ៍ឈ្មោះ ផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព ប៉ុន្តែក៏បានក្លាយជាទីកន្លែងរិះគន់ ឬវាយប្រហារទៅលើបុគ្គល។
“ការរើសអើង” នៅតែជាបញ្ហាចម្បងក្នុងសង្គមសម័យថ្មីនេះ ហើយវារឹតតែធ្ងន់ធ្ងរ នៅពេលមនុស្សប្រើបណ្ដាញសង្គម ជាទីតាំងបញ្ចេញពាក្យពេចន៍បង្ហាញការស្អប់ (hate speech) ទៅលើបុគ្គល ឬជាតិសាសន៍ ណាមួយក្នុងរូបភាពរើសអើង។
ជាទូទៅយើងមើលឃើញការរើសអើងពីរប្រភេទ ដែលកើតឡើងញឹកញាប់គឺ ការរើសអើងជាតិសាសន៍ និងការរើសអើងពណ៌សម្បុរ។ រូបភាពពីរនេះ អាចមានការភ័ន្តច្រលំគ្នា ហើយការស្វែងយល់ឲ្យច្បាស់នូវអត្ថន័យនៃការរើសអើងទាំងពីរប្រភេទនេះ ជួយឲ្យសាធារណៈជនដឹងច្បាស់ថា សកម្មភាពណាជះឥទ្ធិពលដល់សង្គមខ្លួន និងជាតិសាសន៍ដ៏ទៃ។
ក្នុងអត្ថបទនេះការរើសអើងពណ៌សម្បុរ នឹងត្រូវបានសង្កត់ធ្ងន់មកពិភាក្សា ដោយសារទំនាក់ទំនងរបស់វាទៅនឹងបទដ្ឋានសង្គមនិងរឿងរ៉ាវថ្មីៗដែលទើបនឹងកើតឡើង។
“ការរើសអើងជាតិសាសន៌” (Racism) សំដៅលើការបង្ហាញភាពរើសអើង ឬការស្អប់ខ្ពើមចំពោះនរណាម្នាក់ដោយសារតែដើមកំណើតឬជាតិសាសន៍ របស់បុគ្គលនោះ។ រូបភាពបែបរើសអើងមិនមែនទាល់តែមានសកម្មភាពទើបរាប់ចាត់ចូលនោះទេក៌ប៉ុន្តែការប្រើពាក្យពេចន៍ន័យធៀប និយាយលេងបែបបន្លំ ឬការមិនឲ្យបុគ្គលចូលរួមសកម្មភាពណាមួយសុទ្ធសឹងជាការរើសអើងជាតិសាសន៍។
“ការរើសអើងពណ៌សម្បុរ” (Colorism) សំដៅលើការបង្ហាញភាពរើសអើង ទៅលើនរណាម្នាក់ដោយសារតែ ពណ៌សម្បុរ ហើយបច្ចុប្បន្នភាគច្រើន កើតឡើងទៅលើ បុគ្គលដែលមានសម្បុរស្រអែមស្រគាំ (Tan/brown skinned people) ឬសម្បុរខ្មៅ។ ការរើសអើងបែបនេះជាទូទៅបង្ហាញតាមរយៈភាពលម្អៀង ការសន្មត ឬបង្ហាញការឲ្យតម្លៃ ទៅលើបុគ្គលដែលមានសម្បុរសភ្លឺជាង។ ផ្ទុយពីការរើសអើងជាតិសាសន៍ដែលកើតឡើងទៅលើដើមកំនើតបុគ្គល បញ្ហារើសអើងពណ៌សម្បុរនេះ កើតឡើងសូម្បីតែទៅលើបុគ្គលដែលមានជាតិសាសន៍ដូចគ្នា រស់នៅក្នុងសង្គមតែមួយ។
ការរើសអើងទាំងជាតិសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាសង្គមធ្ងន់ធ្ងរ ប៉ុន្តែ ការរើសអើងពណ៌សម្បុរបានក្លាយជាប្រធានបទក្ដៅនៅក្នុងអាស៊ី ដោយសារទំនោរទៅរកស្តង់ដារសម្បុរភ្លឺរបស់សង្គម រីករាលដាលស្ទើគ្រប់តំបន់។
ការរើសអើងពណ៌សម្បុរនៅអាស៊ី
នៅអាស៊ី ស្តង់ដារសម្រស់បានក្លាយជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៌ និងបារម្ភនៅពេលសង្គមចាប់ផ្ដើមបង្ហាញគំនាប ទៅលើបុគ្គលសម្បុរស្រអែមពីកំនើត។
វប្បធម៌លើកតម្កើងសម្បុរស អាចកើតឡើងចេញពីឬសគល់ប្រវត្តិសាស្ត្រតំបន់មួយចំនួននៅអាស៊ី ដោយសារឋានានុក្រមសង្គម បុគ្គលដែលមានសម្បុរសច្រើនស្ថិតនៅក្នុងឋានៈខ្ពស់ ឬជាគ្រួសារអភិជនបង្ហាញពីភាពស្រនុកសុខស្រួល ខណៈដែលសម្បុរស្រអែម ភាគច្រើនជាប្រជាជនសាមញ្ញឬធ្វើការចម្ការ។ បើទោះបីជាប្រវត្តិសាស្ត្រ ជារឿងកន្លងហួសពិតមែន តែការលម្អៀងសម្បុរនៅក្នុងសង្គមអាស៊ីនៅតែជាបញ្ហា និងរឹតតែជាគំនាប ផ្លូវចិត្ត។
ការលើកតម្កើងសម្បុរសបានក្លាយជាកត្តារុញច្រានការរើសអើងពណ៌សម្បុរ និងបង្កើតជាស្តង់ដារសម្រស់ ដែលមិនប្រាកដប្រជា ដោយសារភាពប្រែប្រួលលឿននៃបម្លាស់ប្ដូរស្តង់ដារសម្រស់ ទៅតាមសង្គមនិងសម័យកាល។
វាជារឿងដែលមិនអាចប្រកែកបានថា សង្គមអាស៊ីភាគច្រើនបង្ហាញភាពលម្អៀងទៅលើសម្បុរសរ រាប់តាំងពីការបង្ហាញការចូលចិត្តលក្ខណៈបុគ្គល ការសន្មតតំនែងនរណាម្នាក់តាមរយៈសម្បុរ ការឲ្យតម្លៃលើនារី/បុរសដែលមានស្បែកស។
ការប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសរលើសលប់ ស្ទើតែធ្វើឲ្យវាក្លាយជាបទដ្ឋានដែលមនុស្សចាត់ទុកជារឿងធម្មតា។ ឧស្សាហកម្មសម្រស់សាកល និងការលក់ផលិតផលធ្វើឱ្យស្បែកភ្លឺរលោង ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨,៩ ពាន់លានដុល្លារ នៅឆ្នាំ២០២៤ (World Economic Forum)។ តួលេខខ្ពស់នេះបង្ហាញពីការកើនឡើងនៃ ការប្រើប្រាស់ផលិតផលដើម្បីទទួលបានស្បែកសរ ក្នុងចំនោមសាធារណៈជន។
មិនមែននៅតែអាស៊ីនោះទេ បញ្ហារើសអើងពណ៌សម្បុរ កើតឡើងគ្រប់ទីកន្លែង។
ប៉ុន្តែហេតុអ្វីបានជាយុវជនកម្ពុជា ត្រូវតែមានការយល់ដឹងចំពោះបញ្ហានេះ?
ការប្រកួតប្រជែងបវរកញ្ញា Miss Grand International 2020-2021 ថ្មីៗនេះបានក្លាយជាប្រធានបទលើបណ្ដាញសង្គមមួយរយៈខ្លីនៅពេលម្ចាស់តំនែង បានទៅលើបវរកញ្ញាសហរដ្ឋអាមេរិក Abena Appiah ដែលមានសញ្ជាត្តិហ្គាណា-អាមេរិក។
ភ្លាមៗបណ្ដាញសង្គមហាក់ក្លាយជាវេទិការសារទរ Miss Grand តែព្រមជាមួយគ្នាមានមតិរិះគន់ពណ៌សម្បុរចំៗ និងបែបលម្អៀងជាច្រើនរូបភាព រីកសាយភាយពាសពេញវេទិការបញ្ចេញមតិលើអនឡាញ។
Abena Appiah ជាស្ត្រីមានទេព្យកោសល្យតន្ត្រី មានទស្សនៈលើកទឹកចិត្តក្មេងស្រីវ័យក្មេង និងជាពេទ្យចិត្តសាស្ត្រប្រើប្រាស់តន្រ្តីព្យាបាល ប៉ុន្តែនាងត្រូវបានមហាជននៅកម្ពុជាមួយចំនួនជាពិសេសនៅលើបណ្តាញសង្គម មើលរំលងសមត្ថភាព តែបែរវាយតម្លៃសម្បុរស្បែកខ្មៅរបស់នាងទៅវិញ។
ការរិះគន់ពណ៌ជាសាធារណៈលើរូបភាពរបស់បវរកញ្ញា Abena នេះ ទាក់ទងទាំងការរើសអើងជាតិសាសន៍ និងការរើសអើងពណ៌សម្បុរដែលនៅតែកើតមានក្នុងសង្គមកម្ពុជា។
ការរើសអើងបែបនេះបង្កជាបញ្ហា ដោយសារវាអាចបង្កើតទម្រង់នៃការយាយី (bullying) ឬវប្បធម៌រើសអើងនឹងបុរស / ស្ត្រីវ័យក្មេង ដែលមានស្បែកមិនសទៅតាម ការទាមទាររបស់សង្គម។ វាក៏បានបង្ហាញគម្រូមិនល្អមួយ ទៅក្មេងៗជំនាន់ក្រោយ ដែលថា ការយាយីលើអ្នកណាម្នាក់ចំពោះពណ៌សម្បុររបស់គេ មិនមែនជាបញ្ហា និងបានលើកទឹកចិត្តឱ្យក្មេងៗយកតាមគម្រូអាក្រក់។
នៅពេលមើលឃើញសង្គមដែលឲ្យតម្លៃស្បែកស ជាជាងឥរិយាបថ និងចំណេះដឹង វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើផ្លូវចិត្តមនុស្សជំនាន់ក្រោយ។ វាធ្វើឱ្យពួកគេមិនមានអារម្មណ៍សុវត្ថិភាពចំពោះរូបរាងធម្មជាតិរបស់ខ្លួន មានទំនុកចិត្តទាបលើខ្លួនឯង មិនឱ្យតម្លៃលើខ្លួនឯង និងបង្កើតផ្នត់គំនិតមួយដែល ថា ពួកគេត្រូវតែឈានទៅសម្រេចដល់ស្តង់ដារដែលសង្គមបានដាក់លើពួកគេ។
ការប្រកាន់ភ្ជាប់គំនិតមិនទូលំទូលាយបែបនេះ បង្កើនការគិតបែបអវិជ្ជមានទៅលើបុគ្គលដែលមិនទន់ទោរទៅតាមការទាមទាររបស់សង្គម ដែលធ្វើឲ្យការរស់នៅក្នុងសង្គមនៅតែមានភាពចម្រូងចម្រាស។
នៅរយៈពេលមួយយូរទៅ សកម្មភាពនេះក៏ធ្វើឱ្យយុវជនផ្ដល់តម្លៃលើស្បែកស ឬលំអៀងទៅរកការផ្តល់សិទ្ធិដល់មនុស្សស្បែកសដោយអចេតនា ដែលបង្កឲ្យមានវិសមភាពក្នុងសង្គម ទាំងដែលបុព្វបុរសជាតិសាសន៍ខ្លួនមិនមានស្បែកសផងនោះ។
បញ្ហានេះមិនអាចដោះស្រាយក្នុងពេលភ្លាមៗបានពិតមែន តែជាជំហានដំបូង យុវជនគួរតែរៀនមើលក្នុងអត្ថន័យធំទូលាយ ដែលចាប់ផ្តើមមើលឃើញនិងរៀនកោតសរសើ ពូជសាសន៍និងសម្បុរស្បែកផ្សេងៗគ្នា ដោយមិនផ្ដោតការវិនិច្ឆ័យលើស្បែកមនុស្ស ប៉ុន្តែផ្នែកខាងក្នុងរបស់មនុស្សគឺ សកម្មភាព និងចំណេះដឹងជាដើម។
ស្ពង់ដារនៃភាពស្រស់ស្អាតគឺខុសគ្នា និងតែងតែមានការវិវឌ្ឍន៍ ប៉ុន្តែការធ្វើអោយស្បែកស ឬមានសម្បុរសលើសគេ មិនអាចធ្វើឱ្យយើងក្លាយជាមនុស្សល្អប្រសើរទេ ព្រោះថា ចុងក្រោយអត្តចរិកនៅតែជាកញ្ចក់ឆ្លុះបង្ហាញអំពីមនុស្ស។
យុវជនជាអ្នកកសាង និងកំណត់អនាគតនៃសង្គម។ ដូច្នេះអ្វីដែលពួកគេគិតនិងអ្វីដែលធ្វើសុទ្ធតែសំខាន់សម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍ។ ការប្រកាន់ខ្ជាប់ទៅនឹងផ្នត់គំនិតមិនបើកចំហរប្រៀបដូចជាការបិទទ្វារឆ្ពោះទៅរកការយល់ដឹងកាន់តែប្រសើរអំពី ពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕