កាកសំណល់ម្ហូបដែលកើតឡើងនៅរដូវភ្ជុំបិណ្ឌ គឺជាអ្វីដែលយើងមិនអាចបញ្ចៀសបាន។ ប៉ុន្តែ តើយើងអាចធ្វើដូចម្ដេច ដើម្បីធ្វើឱ្យមានលក្ខណៈប្រសើរជាងមុន?
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនាធំមួយក្នុងប្រទេសកម្ពុជា ដែលគេប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ បុណ្យភ្ជុំបិណ្ឌប្រារព្ធធ្វើឡើងពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃ១៨។
ក្នុងរដូវកាលភ្ជុំបិណ្ឌ ប្រជាជនខ្មែរដែលជាពុទ្ធសាសនិកជនតែងតែរៀបចំម្ហូបម្ហា នំនែកច្រើនមុខ ច្រើនប្រភេទដើម្បីប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តនានា។ ការប្រគេនចង្ហាន់ជូនព្រះសង្ឃនេះ ប្រៀបបានទៅនឹងការឧទ្ទិសកុសលផលបុណ្យដល់ដូនតា សាច់ញាតិបងប្អូន ដែលបានចែកឋានទៅកាន់បរលោក ព្រោះព្រះសង្ឃ គឺជាបុគ្គលដែលគេចាត់ទុកថាអ្នកនៅចន្លោះកណ្ដាលរវាងថានមនុស្ស វេរកុសលផលបុណ្យឱ្យអ្នកនៅឋានក្រោម។ តាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ បងប្អូនក៏ដូចជាជីដូនជីតារបស់ខ្លួនដែលបានចែកឋានទៅ នឹងមកទទួលកុសលផលបុណ្យតាមវត្តទាំងនោះ។ ហេតុដូច្នេះហើយទើប ប្រជាជនខ្មែរជាច្រើនតែងតែខិតខំធ្វើម្ហូប យ៉ាងសម្បូរបែប។
ទំនៀមទម្លាប់មួយទៀតក្នុងបុណ្យភ្ជុំបិណ្ឌ គឺចំនួនវត្តដែលយើងគួរតែទៅធ្វើបុណ្យ ឱ្យបានយ៉ាងហោចណាស់៧វត្ត។ កត្តានេះ បានធ្វើឱ្យប្រជាជនជាច្រើន ជាពិសេសចាស់ៗ តែងតែធ្វើម្ហូបទៅវត្ត ឱ្យបានកាន់តែច្រើនកាន់តែល្អ។
នៅថ្ងៃភ្ជុំបិណ្ឌនេះដែរ នាពេលទាបភ្លឺ នៅតាមវត្តអារាមនឹងមានពិធីបោះបាយបិណ្ឌ។ ការបោះបាយបិណ្ឌ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងរដូវភ្ជុំបិណ្ឌ ព្រោះគេមានជំនឿថា ដូនតាដែលបានសាងបាប ហើយកើតជាប្រេតនឹងឡើងមកទទួលបាយបិណ្ឌទាំងនោះ។
ទំនៀមទម្លាប់ទាំងនេះ បានបង្កឱ្យមានការពិភាក្សាទៅលើប្រធានបទការខ្ជះខ្ជាយអាហារ ជារៀងរាល់ឆ្នាំ ក្នុងចំណោមអ្នកស្រឡាញ់ថែរក្សាបរិស្ថាន ព្រោះថាបរិមាណម្ហូបដែលនៅសល់នោះ មានទំហំលើសលប់ពេក ដែលបង្កឱ្យមានបញ្ហាចោទលើភាពមិនស្មើគ្នាក្នុងសង្គម។
កន្លងមកនេះមានស្ថាប័នព័ត៌មានមួយចំនួន បានសរសេរព័ត៌មានក្រោមប្រធានបទនេះ ដែលក្នុងនោះ មានការសម្ភាសន៍ព្រះសង្ឃ ក៏ដូចជាគណៈកម្មការវត្ត ដើម្បីដឹងថាខាងវត្តនឹងមានវិធានការបែបណាចំពោះម្ហូបទាំងនោះ ហើយភាគច្រើនចម្លើយដែលទទួលបាន គឺខាងវត្តនឹងចែកចាយម្ហូបដែលសេសសល់ទាំងនោះ ទៅជនក្រីក្រនិងអ្នកសុំទាន។ នេះគឺជាសកម្មភាពដែលវត្តអាចធ្វើបាន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការខ្ជះខ្ជាយម្ហូបអាហារបានមួយកម្រិត។
សំណល់បាយបិណ្ឌនៅតាមព្រះវិហារ ក៏ជាបញ្ហាចោទដូចគ្នាដែរ ព្រោះថាបាយបិណ្ឌបង្កឱ្យប៉ះពាល់សោភ័ណភាពវត្ត ដោយសារពេលបាយផ្អូម នោះនឹងជះក្លិនអាក្រក់ នៅក្នុងបរិវេណវត្ត។
បញ្ហានេះ គឺបញ្ហាសង្គមមួយដែលយើងមិនត្រូវបន្ទោសគ្នានោះទេ ហើយយើងរឹតតែមិនត្រូវដាក់កំហុសលើគណៈកម្មការវត្តទាំងស្រុងដែរ។ ជំនួសការដាក់កំហុសឱ្យគ្នា យើងគួរតែចូលរួមគ្នា ដើម្បីកែលម្អបញ្ហានេះជាមួយគ្នា។ ម្យ៉ាងទៀតយើងត្រូវដឹងថា ព្រះសង្ឃមិនមានសិទ្ធិបដិសេធ នូវអ្វីដែលពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាប្រគេនជូននោះទេ។
ដូច្នេះ តើពុទ្ធបរិស័ទដែលជាអ្នកប្រគេនចង្ហាន់ជូនព្រះសង្ឃ អាចធ្វើអ្វីខ្លះ ដើម្បីចូលរួមកាត់បន្ថយកាកសំណល់ម្ហូបនៅតាមវត្តក្នុងរដូវភ្ជុំបិណ្ឌ?
សម្រាប់បាយបិណ្ឌ៖ ដំណោះស្រាយមួយដើម្បីកាត់បន្ថយក្លិនមិនល្អក្នុងបរិវេណវត្ត បង្កឡើងដោយបាយបិណ្ឌដែលត្រូវបានបោះឱ្យប្រេតនៅពេលទាបភ្លឺ គណៈកម្មការវត្តគួរចាត់តាំង ឱ្យមានអ្នកសម្អាតបាយបិណ្ឌទាំងនោះ រៀងរាល់ក្រោយពេលពិធីបោះបាយបិណ្ឌបញ្ចប់។ ការធ្វើដូចនេះអាចជួយបញ្ចៀស មិនឱ្យក្មេងៗយកបាយបិណ្ឌទាំងនោះមកបរិភោគផងដែរ។
ដើម្បីចូលរួមកាត់បន្ថយការខ្ជះខ្ជាយម្ហូបអាហារគណៈកម្មការវត្ត និងពុទ្ធបរិស័ទគួរតែពិចារណាសកម្មភាពខាងក្រោម៖
- ព្យាយាមធ្វើឱ្យមានតុល្យភាពរវាងចង្ហាន់កំប៉ុងនិងចង្ហាន់ចម្អិនភ្លាមៗ៖ ដូចដែលយើងដឹងស្រាប់ អាហារចម្អិនភ្លាមៗមិនអាចទុកបានយូរនោះទេ ជាពិសេសម្ហូបខ្មែរដែលប្រើប្រាស់ខ្ទិះដូង ដូចជា សម្លការី ឬប្រហុកខ្ទិះជាដើម។ ប្រសិនបើទុកយូរពេក និងមិនបានរក្សាឱ្យបានត្រឹមត្រូវ អាហារទាំងនឹងផ្អូម ហើយអាចធ្វើឱ្យអ្នកបរិភោគឈឺពោះ រាគរូសបាន។ ដើម្បីជួយជាចំណែកមួយដោះស្រាយបញ្ហានេះ ពុទ្ធបរិស័ទដែលមានធនធាន អាចប្រគេនព្រះសង្ឃជាអាហារ ឬបង្អែមកំប៉ុង ដែលព្រះសង្ឃអាចទុកយូរបាន។ នេះមិនមាន មានន័យថា ពួកគាត់គួរតែប្រគេនអាហារឬបង្អែមកំប៉ុងសុទ្ធសាធនោះទេ ប៉ុន្តែប្រសិនបើអាចធ្វើទៅបាន ការប្រគេនព្រះសង្ឃជាអាហារកំប៉ុង អាចជួយសម្រួលបញ្ហា នៅពេលវត្តមិនមានចង្ហាន់ក្រោយរដូវកាលបុណ្យទានបាន។
- កាត់បន្ថយការធ្វើម្ហូបច្រើនជ្រុល៖ ប្រជាជនភាគច្រើនមិនបានគិតថា ការចម្អិនម្ហូបទៅវត្តច្រើនពេក គឺជាការខ្ជះខ្ជាយអាហារនោះទេ។ ប៉ុន្តែពួកគាត់ភាគច្រើនគិតថា ការធ្វើម្ហូបច្រើននឹងធ្វើឱ្យខ្លួនទទួលបានបុណ្យច្រើន។ តាមពិតទៅ ប្រសិនបើអាចធ្វើទៅបាន យើងគួរតែព្យាយាមធ្វើម្ហូបក្នុងបរិមាណសមល្មមមួយ ព្រោះការដែលមានចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យ គឺសំខាន់ ជាងការដែលធ្វើម្ហូបច្រើន ដើម្បីបង្ហាញអ្នកផងថាខ្លួនមានធនធាន។
- ទទួលទានអាហារនៅវត្ត៖ ការទទួលទានអាហារថ្ងៃត្រង់ជុំគ្នានៅវត្ត (បាយវត្ត) គឺជាអត្តសញ្ញាណមួយនៃបុណ្យភ្ជុំបុណ្យ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនមិនសូវញ៉ាំនៅវត្តទៀតនោះទេ។ តាមពិតទៅការទទួលទានអាហារនៅវត្តរួមគ្នា ជាមួយពុទ្ធបរិស័ទដទៃ ធ្វើឱ្យយើងដឹងថា នេះគឺជាបុណ្យភ្ជុំបិណ្ឌពិតប្រាកដ។ ម្យ៉ាងទៀតអ្នកអាចចាត់ទុកវាជាការផ្ដល់ឱកាសឱ្យខ្លួនឯង បានស្វែងយល់ពីការរស់នៅរបស់ប្រជាជននៅតំបន់នោះផងដែរ។ ការទទួលទានអាហារនៅតាមវត្តបង្ហាញថា អ្នកមិនប្រកាន់ខ្លួន ហើយអាចជួយលុបបំបាត់គម្លាតវណ្ណៈក្នុងសង្គមបានមួយកម្រិត។ ហេតុមួយទៀតនោះ គឺ ប្រសិនបើយើងមិនចូលរួមថែរក្សាសកម្មភាពដ៏សំខាន់មួយនេះ ក្នុងពេលភ្ជុំ ក្មេងជំនាន់ក្រោយអាចនឹងមិនដឹងថា នេះគឺជាទំនៀមទំលាប់វប្បធម៌របស់ខ្មែរយើងទៀតឡើយ។ យ៉ាងណាមិញ យើងក៏គួរតែរក្សាគម្លាតពីគ្នាដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដែរ ដូច្នេះអ្នកប្រតិបត្តិបាន តាមរយៈការកាត់បន្ថយចំនួនមនុស្សក្នុងរង្វង់អាហារនីមួយៗ។
- លៃលកធ្វើម្ហូបថ្មីពីចង្ហាន់៖ ដើម្បីជួយកាត់បន្ថយការខ្ជះខ្ជាយអាហារ គណៈកម្មការវត្ត គួរចាត់ចែងឱ្យមានការចម្អិនអាហារ ដែលនៅសេសសល់ក្រោយបាយថ្ងៃត្រង់ ឱ្យទៅជាម្ហូបថ្មីដែលអាចទុកបានរយៈពេលយូរ។ ឧទាហរណ៍ យកសាច់ជ្រូក ឬសាច់មាន់ពីម្ហូបឆា មកលីងជាដើម។ សម្រាប់ផ្លែឈើដូចជា ចេក យើងអាចបម្លែងទៅជាចេកកូរ ចេកឆាប ឬដំណាប់ចេកជាដើម។
- គួរនាំគ្នាទៅវត្តនៅតំបន់ដាច់ស្រយាល៖ ការខ្ជះខ្ជាយម្ហូបកើតឡើងក៏ពិតមែន ប៉ុន្តែមិនមែនកើតមានឡើងគ្រប់វត្តនោះទេ ជាពិសេសវត្តនៅតាមខេត្តឆ្ងាយៗ ដែលមិនសូវមានអ្នកផងទៅដល់។ ដូចនេះ វាជារឿងល្អមួយដែលគួរពិចារណាធ្វើដំណើរទៅវត្តឆ្ងាយៗទាំងនេះ ពីសំណាក់អ្នកមានធនធានគ្រប់គ្រាន់ មានមធ្យោបាយធ្វើដំណើរសមរម្យ ជាពិសេសសម្រាប់យុវជនឬក្រុមការងារដែលចង់ធ្វើបុណ្យជុំគ្នា ព្រោះការណ៍នេះអាចជួយកាត់បន្ថយការខ្ជះខ្ជាយអាហារនៅវត្ត ដែលមានពុទ្ធបរិស័ទអញ្ជើញទៅច្រើនស្រាប់។ ម្យ៉ាងទៀតការធ្វើបែបនេះគឺជាការជួយដល់ព្រះសង្ឃដែលគង់នៅតាមវត្តឆ្ងាយពីក្រុង ឬទីរួមខេត្ត ក៏ដូចជាវត្តដែលចង្ហាន់អត្តខាត់៕