ការទទួលយកសត្វចិញ្ចឹមពីកន្លែងសង្គ្រោះ មិនត្រឹមតែជាជម្រើសល្អមួយសម្រាប់ខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាទង្វើមួយដ៏មានអត្ថន័យសម្រាប់ជីវិតសត្វអនាថា។
សត្វចិញ្ចឹម ប្រៀបបីដូចជាសមាជិកគ្រួសារម្នាក់នៅក្នុងផ្ទះ ដែលចំណាយពេលពេញមួយជីវិតរបស់ពួកគេរស់នៅជាមួយអ្នក។ ហើយជាពិសេសពួកគេអាចចែករំលែកភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ជាមួយអ្នកផងដែរ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងនៃសហរដ្ឋអាមេរិក បានបញ្ជាក់ថា សត្វចិញ្ចឹមអាចជួយអ្នកបង្កើនឱកាសក្នុងការធ្វើលំហាត់ប្រាណ បង្កើតទំនាក់ទំនងខាងក្រៅ និងសង្គម។ ហើយការដើរលេង ឬលេងជាមួយសត្វចិញ្ចឹមជាទៀងទាត់ អាចបន្ថយសម្ពាធឈាម កម្រិតcholesterol និងtriglycerideដែលជាសារធាតុខ្លាញ់នៅក្នុងឈាម។ ជាពិសេសេ សត្វចិញ្ចឹមអាចជួយអ្នកគ្រប់គ្រងអារម្មណ៍ឯកោ និងការធ្លាក់ទឹកចិត្ត ដោយផ្តល់ឱ្យយើងនូវភាពជាដៃគូ។
ជាពិសេសស្ថិតនៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩នេះ ដែលអ្នកមិនគួរចេញទៅណាផ្តេសផ្តាស ការមានសត្វចិញ្ចឹមនៅផ្ទះ អាចជាជម្រើសមួយដ៏ល្អ ដែលធ្វើឱ្យអ្នកកាត់បន្ថយភាពអផ្សុក និងសោកសៅបាន។ ដូច្នេះ ប្រសិនបើអ្នកចង់សម្រេចចិត្ត ចង់មានសត្វចិញ្ចឹម តើអ្នកគួរតែរកទិញនៅតាមហាងលក់សត្វចិញ្ចឹម ឬទទួលពីកន្លែងសង្គ្រោះទើបល្អ?
ការសិក្សាជាច្រើនបានបង្ហាញថា កូនឆ្កែដែលដាក់លក់នៅហាងលក់សត្វចិញ្ចឹម ច្រើនតែមានបញ្ហាសុខភាព និងផ្លូវចិត្តធ្ងន់ធ្ងរ។ ហើយមួយចំនួួនទៀត មានជំងឺហ្សូណូទិក (Zoonotic) ដែលអាចរាលដាលដល់សត្វដទៃ និងមនុស្សថែមទៀតផង។ មិនតែប៉ុណ្ណោះ ម្ចាស់អាចនឹងត្រូវចំណាយប្រាក់ច្រើន សម្រាប់ការព្យាបាលជំងឺ ឬសត្វចិញ្ចឹមទាំងនោះ អាចឈានចូលដល់ការស្លាប់ បន្ទាប់ពីទិញមិនបានប៉ុន្មានសប្តាហ៍ពីទីផ្សារក៏មាន។ បញ្ហាទាំងនេះអាចបណ្តាលមកពីលទ្ធផលនៃការបង្កាត់ពូជមិនល្អ។
ហេតុនេះ មានវិធីសុវត្ថិភាពផ្សេងទៀត ដែលអ្នកអាចស្វែងរកសត្វចិញ្ចឹមបានតាមរយៈ ការទទួលពីសង្គ្រោះ និងសុំចែកពីអ្នកស្គាល់គ្នាដែលមានប្រភពច្បាស់លាស់ជាដើម។
លោក ស៊ុន ធូធារ៉ា គឺជាម្ចាស់ផេក Stray Animal Rescue ដែលជាក្រុមស្ម័គ្រចិត្តជួយ សត្វអនាថាមួយនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ ២០១៨។ ចាប់តាំងបង្កើតមកក្រុមរបស់លោកបានជួយសត្វ
គាត់បានជួយសង្គ្រោះសត្វឆ្កែ និងឆ្មាអនាថា តាមដងផ្លូវរាជធានីភ្នំពេញបានចំនួនជាង 300 ក្បាលមកហើយ ក្បាល និងស្វែងរក forever home សម្រាប់សត្វសង្គ្រោះទាំងនោះ។
លោកបានចែករំលែក ពីការយល់ឃើញរបស់ខ្លួនថា ការយកសត្វអនាថាមកចិញ្ចឹម អាចកាត់បន្ថយបញ្ហា ដូចជាការទាក់សុនខអនាថា ហើយជាការបង្ហាញក្តីស្រឡាញ់ចំពោះសត្វកាន់តែច្រេីន ចំពោះសត្វអនាថា ជាពិសេសអាចជួយប្រឆាំងនឹងការជួញដូរសត្វសុនខនិងលុបបំបាត់កន្លែងដ៏ឃោរឃៅនៃការកាប់សាច់សុនខយកទៅធ្វេីជាចំណីអាហារផងដែរ។
ជាទូទៅ មានការយល់ច្រឡំមួយចំនួន អំពីការទទួលយកសត្វទៅចិញ្ចឹមពីកន្លែងសង្គ្រោះ។ ក្នុងនោះរួមមាន សត្វយកមកពីកន្លែងសង្គ្រោះ ច្រើនតែគេយកទៅទុកចោល ព្រោះតែមានចរិកមិនល្អ ម្ចាស់មិនអាចគ្រប់គ្រងបាន ឬកន្លែងសង្គ្រោះគ្មានអនាម័យដូចហាងលក់សត្វ ឬសត្វចិញ្ចឹមដែលអាយុច្រើនធ្វើឱ្យពិបាកយកទៅចិញ្ចឹមបន្ត។
ផ្ទុយមកវិញ ទាំងនេះគ្រាន់តែការយល់ច្រឡំមួយចំនួន ដែលកើតមានក្នុងភាគរយតិចតួចប៉ុណ្ណោះ ហើយមានហេតុផលជាច្រើន ដែលធ្វើឱ្យសត្វទាំងនោះត្រូវស្ថិតនៅកន្លែងសង្គ្រោះ ដូចជា ម្ចាស់បោះបង់ចោល ជាសត្វអនាថាតាំងពីកំណើត និងវង្វេងម្ចាស់ជាដើម។ ម្យ៉ាងទៀត សត្វដែលនៅកន្លែងសង្គ្រោះសុទ្ធតែទទួលបាននូវការចាក់វ៉ាក់សាំង និងថ្នាំព្យាបាលជម្ងឺត្រឹមត្រូវ ហេតុនេះបានជាពេលខ្លះអ្នកអាចនឹងចំនាយប្រាក់តិចតួចមុននឹងទទួលសត្វចិញ្ចឹមទាំងនោះពីកន្លែងសង្គ្រោះសម្រាប់រាល់ការចំណាយទៅលើវ៉ាក់សាំងជាដើម។ប៉ុន្តែបើធៀបទៅនឹងការចំណាយប្រាក់កាសសម្រាប់ទិញនៅហាងលក់សត្វវិញ ច្បាស់ណាស់អ្នកនឹងត្រូវចំណាយច្រើនជាងនេះ។
ម្យ៉ាងទៀត ការយល់ច្រឡំនេះ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ជោគវាសនារបស់សត្វអនាថាទាំងនោះ ពីព្រោះពួកគេត្រូវការជម្រកដ៏កក់ក្តៅសម្រាប់រស់នៅ និងក្តីអាណិតស្រឡាញ់ពីម្ចាស់ ដូចជាសត្វចិញ្ចឹមទូទៅដូចគ្នា។ ហេតុនេះ ការយកសត្វមកចិញ្ចឹមពីមណ្ឌលជាជម្រើសមួយដ៏ល្អបំផុត។
មិនថាអ្នកនឹងយកសត្វមកចិញ្ចឹម ពីមណ្ឌលសង្រ្គោះ ឬហាងលក់សត្វក៏ដោយ អ្នកគួរតែពិចារណា និងចោទសួរខ្លួនឯង នូវសំនួរខាងក្រោមដូចជា៖
- តើអ្នកមានធនធាន និងពេលវេលាគ្រប់គ្រាន់សម្រាប់សត្វចិញ្ចឹមអ្នកដែរឬទេ?
- តើអ្នកបានត្រៀមខ្លួនសម្រាប់ក្លាយជាម្ចាស់ម្នាក់ ដែលមានទំនួលខុសត្រូវចំពោះជីវិតសត្វចិញ្ចឹម ក្នុងរយៈពេលយូរខាងមុខ និងត្រៀមខ្លួនចំពោះបញ្ហាផ្សេងៗ ដែលសត្វរបស់អ្នកអាចបង្ករួចហើយឬនៅ?
មណ្ឌលសង្គ្រោះសត្វ ដែលអ្នកអាចស្នើចិញ្ចឹម
នៅកម្ពុជា អ្នកក៏អាចរួមចំណែកចិញ្ចឹមសត្វ ពីមណ្ឌលសង្គ្រោះសត្វជាច្រើនកន្លែងផងដែរ។ ខាងក្រោមនេះ គឺជាកន្លែងមួយចំនួន ដែល Focus បានចងក្រង ដើម្បីចែករំលែកដល់អ្នកអានណា ដែលចង់ស្វែងរកសត្វ ដើម្បីយកទៅចិញ្ចឹមដូចជា៖
- Stray Animal Rescue
- គ្លីនិកសត្វAnimal MaMa
- សមាគម Cambodian Animal Protection Association
- អង្គការ PPAWS
- Ministry of Cat (ចិញ្ចឹមឆ្មា) ដើម្បីស្វែងយល់បន្ថែម ពីដំណើរការនៃការយកសត្វទៅចិញ្ចឹមនេះ អ្នកអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ទៅកាន់ផេកហ្វេសប៊ុក និងវេបសាយរបស់ទីកន្លែងទាំងនេះបាន៕