ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូប (Food Delivery Service) ជាលទ្ធផលមួយផ្នែកនៃការរីករាលដាលនៃកូវីដ១៩។ ប៉ុន្តែ ក្រៅពីការផ្តល់ភាពងាយស្រួលដល់អតិថិជន បញ្ហាសំរាមថង់ប្លាស្ទិកកើតចេញពីសេវាដឹកជញ្ជូន ក៏ជាកត្តាមិនគួរមើលរំលងដែរ។
ក្រោយបានឮពីភាពងាយស្រួលរបស់សេវាកម្មដឹកជញ្ជូនអាហារ កញ្ញា សុខ វណ្ណលីណាបានចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះលើកដំបូងនៅក្នុងឆ្នាំ ២០១៩ ពេលសិក្សានៅប្រទេសថៃ។ បច្ចុប្បន្ននេះ យុវវតីវ័យ២៣ឆ្នាំរូបនេះ បានប្រើប្រាស់សេវាកម្មនេះជាង ១០ដងក្នុងមួយសប្តាហ៍។
ដើម្បីបំពេញតម្រូវការ ក៏ដូចជាទទួលបានជម្រើសអាហារនិងភេសជ្ជៈសំបូរបែប លីណា បានតំឡើងកម្មវិធីកម៉្មង់អាហារចំនួន៤ ក្នុងទូរស័ព្ទដៃរបស់ខ្លួន។
លីណា បានកត់សម្គាល់ពីចំនួនថង់ប្លាស្ទិក ដែលបានមកពីសេវាកម្មនេះផងដែរ ព្រោះស្ទើរតែរាល់អាហារ ឬភេសជ្ជៈទាំងអស់ ត្រូវបានវេចខ្ចប់ជាមួួយថង់ប្លាសិ្ទក និងកំប៉ុងប្លាស្ទិក។
តាមបទពិសោធន៍ប្រើប្រាស់របស់លីណាផ្ទាល់ កញ្ញាទទួលបានចំនួនប្លាស្ទិកច្រើនជាងគេ ពេលកម៉្មង់អាហារប្រភេទស៊ុប ព្រោះវាមានគ្រឿងច្រើន ហើយទាំងទឹកស៊ុប និងបន្លែគ្រប់មុខត្រូវបានវេចខ្ចប់ដោយថង់ប្លាស្ទិកផ្សេងៗគ្នា។
លីណាបានឧទានឡើង ប្រាប់ក្រុមការងារ Focus តាមរយៈការសម្ភាសន៍តាមទូរស័ព្ទថា «ពេលខ្លះកម៉្មង់ភីហ្សា បងមានអារម្មណ៍ថា អូ!វាច្រើនខ្លាំងហ្មងហ្អាស មានអារម្មណ៍ថាស្ដាយ»។
ដូចនេះ ភាគច្រើនលីណា ទុកប្លាស្ទិកដែលទទួលបានទាំងនោះ ដើម្បីធ្វើជាថង់ដាក់សំរាម។ ហើយ សម្រាប់ថង់ដែលនៅស្អាតៗ លីណាតែងតែទុកដើម្បីប្រើប្រាស់សម្រាប់ដាក់របស់របរផ្សេងៗ។
សំរាមប្លាស្ទិកប្រើប្រាស់តែមួយដង បានកើនឡើង ២៥០ ទៅ៣០០ភាគរយ ក្នុងអំឡុងពេលរាតត្បាតជាសកលនេះ។ នេះបើតាមការយោងតាមការព្យាករណ៍របស់ The International Solid Waste Association (ISWA) សមាគមនៃអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នមិនរកប្រាក់ចំណេញ ធ្វើការដើម្បីលើកកម្ពស់ និង អភិវឌ្ឍការគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈ និងចីរភាពទូទាំងពិភពលោក។
ស្រដៀងគ្នានឹងអ្នកប្រើប្រាស់ដទៃទៀត ក្រោយបានប្រើប្រាស់ហើយ លីណាយល់ឃើញថា សេវាកម្មនេះផ្តល់ភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់។ ក្នុងនោះកត្តាចម្បងជាងគេ គឺការចំណេញពេលវេលា។
សេវាកម្មដឹកជញ្ជូនម្ហូប ក៏ឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្ន ខណៈដែលប្រជាជនត្រូវបានលើកទឹកចិត្ត ឱ្យកាត់បន្ថយការចេញពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលក្នុងសហគមន៍លើកទី៣ ក្នុងប្រទេសកម្ពុជា។ អតិថិជនមិនចាំបាច់ត្រូវចេញទៅក្រៅ ដើម្បីទទួលទានអាហារនៅតាមភោជនីយដ្ឋាន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង។
ថ្វីបើកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជន ជាពិសេសក្នុងស្រទាប់យុវជន សេវាកម្មដឹកជញ្ជូនម្ហូបមិនមែនទើបតែមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលមានជំងឺកូវីដនោះទេ។ ក្នុងនោះយើងឃើញថា វេបសាយកម៉្មង់អាហារ Meal Temple មានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉ះ។
បន្ទាប់ពីនេះ Nham24 ដែលជាកម្មវិធីកម៉្មង់អាហារក្នុងស្រុកដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ គេហទំព័រ B2B Cambodia ដែលរាយការណ៍ព័ត៌មានអំពីអាជីវកម្មនៅកម្ពុជា សង្កេតឃើញថាកំណើននៃវេបសាយ និងកម្មវិធីសម្រាប់ការដឹកជញ្ជូនអាហារ ឬគ្រឿងទេសតាមផ្ទះមានការកើនឡើងខ្លាំងក្នុងឆ្នាំ២០១៨។
សព្វថ្ងៃនេះ យើងឃើញមានសេវាកម្មដឹកជញ្ជូនជាច្រើន ទាំងក្នុងស្រុក និងអន្តរជាតិ រួមមាន Foodpanda Nham24 E-Gets Muuve Instafood KH The Speed Delivery និង BLOC ជាដើម។ ក្នុងនោះ ក្រុមហ៊ុនទាំងនេះ ឃើញមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ក្នុងកំឡុងពេលកូវីដ១៩។
កម្មវិធីទាំងនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសយកជម្រើសអាហារដែលខ្លួនចង់បរិភោគ អង្គុយចាំមួយសន្ទុះ ការកម៉្មង់នឹងត្រូវបានដឹកមកដល់ទីតាំងរបស់ខ្លួនដោយអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន។ អតិថិជនអាចជ្រើសរើសទូទាត់ប្រាក់បានពីយ៉ាង តាមអនឡាញ និងការឱ្យជាសាច់ប្រាក់ទៅអ្នកដឹកជញ្ជូន។
លោកឡេង អក្ខណា អាយុ២៦ឆ្នាំ ក្លាយជាអ្នកប្រើប្រាស់សេវាកម្មនេះញឹកញាប់ម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់រាប់ម៉ឺននាក់ទៀតក្នុងទីក្រុងភ្នំពេញ ក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងមួយថ្ងៃលោកបានធ្វើការកម៉្មង់លើសពីមួយដង។ សម្រាប់លោកអត្ថប្រយោជន៍នៃសេវាកម្មនេះ គឺភាពងាយស្រួល និងការផ្តល់ជាឱកាសការងារដល់បុគ្គលិកដឹកជញ្ជូន។
ដូចគ្នានឹងលីណា លោកយល់ឃើញថា កំណើនថង់ប្លាស្ទិកជាបញ្ហាចោទមួយដែលលោកបានជួបប្រទះ។ លោកសម្គាល់ថា ភាគច្រើន លោកទទួលបានប្លាស្ទិកច្រើនពីអាហារប្រភេទជាបាយ ដែលមកជាមួយនឹង ស្លាបព្រាជ័រ ប្រអប់ទឹកជ្រលក់និងជ្រក់ជ័រ ប្រអប់ទឹកស៊ុបជ័រ ថង់ច្រកពីក្រៅ២ជាន់។ សរុបទៅ យ៉ាងហ៊ោចណាស់ ៥ថង់និងជ័របាស្ទិក។ លោកគិតថា បើមិនមានដំណោះស្រាយ វាអាចនឹងក្លាយជាផលប៉ះពាល់បរិស្ថានមួយទៅថ្ងៃអនាគត។
យោងតាមរបាយការណ៍របស់ Clean Green Cambodia អង្គការមិនស្វែងរកប្រាក់ចំណេញ ធ្វើការដើម្បីជួយដល់គម្រោងទាក់ទងនឹងបរិស្ថាន បានរកឃើញថា ២១% នៃសំរាមសរុបក្នុងទីក្រុងភ្នំពេញ ជាសំរាមប្លាស្ទិក។ របាយការណ៍ដដែលនេះ បាននិយាយថា សំរាមប្លាស្ទិកកំពុងកើនឡើងជាបន្តបន្ទាប់។ ជារៀងរាល់ថ្ងៃទីក្រុងភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកចំនួន ១០លានថង់។ ហើយសំរាមនៅទីក្រុងភ្នំពេញ អាចកើនឡើងលើសពីរដងនៅក្នុងឆ្នាំ២០៣០។ បើមិនមានដំណោះស្រាយសំរាមប្លាស្ទិក ទូទាំងពិភពលោក អាចកើនឡើងដល់ ៣៤ពាន់លានតោនក្នុងឆ្នាំ២០៥០។
ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យជាតិសឹង្ហបុរី បានឱ្យបានដឹងថា ក្នុងប្រទេសសឹង្ហបុរី អាហារដែលដឹកដល់ផ្ទះ បានប្រើប្រាស់ប្លាស្ទិកច្រើនជាង អាហារដែលត្រូវបានបរិភោគនៅកន្លែងផ្ទាល់។ ជាមធ្យមអាហារវេចខ្ចប់ត្រូវប្រើប្លាស្ទិកប្រមាណចំនួន ២,៨មុខ ឬមានទម្ងន់ស្មើ ៥៤ក្រាម។
ប៉ុន្តែទន្ទឹមនឹងនេះ យើងមើលថា ភោយនីយដ្ឋានមួយចំនួនក្នុងកម្មវិធីដឹកជញ្ជូនម្ហូប មានជ្រើសរើសវេចខ្ចប់អាហារក្នុងប្រអប់ក្រដាស ក្នុងគោលបំណងកាត់បន្ថយការកើនឡើងនៃចំនួនប្លាស្ទិកផងដែរ។
អ្នកនាង អាត សុធាវី ស្ថានិកគម្រោង Think Plastic ដែលជាគម្រោងមួយផ្ដោតសំខាន់ទៅលើបរិស្ថាន ជាពិសេសបញ្ហាកំណើនប្លាស្ទិក បានថ្លែងប្រាប់ Focusថា កញ្ញាបានសាកល្បងកម្មង់អាហារ តាមសេវាកម្មដឹកជញ្ជូនអាហារមកផ្ទះនេះដែរ កាលពីឆ្នាំ២០២០ ដែលកំពុងមានកំណើនកូវីដខ្លាំង។
កញ្ញានិយាយថា៖ «ដោយសារគេត្រូវដឹកអីវ៉ាន់នោះមកដល់ផ្ទះ ហើយខ្ញុំឃើញថាជាទូទៅ ការវេចខ្ចប់ដែលកន្លែងលក់អាហារ ភោជនីយដ្ឋាន ឬក៏កន្លែងលក់ភេសជ្ជៈទាំងអស់នោះ គេវេចខ្ចប់របស់ទាំងអស់នោះមក គឺភាគច្រើននៅក្នុងប្លាស្ទិក។ មានតែមួយចំនួនតូចទេដែលគេជ្រើសរើស ការវេចខ្ចប់បែបធម្មជាតិ (Biodegradable option) ឬការវេចខ្ចប់ការបែប Eco-friendly»។
សម្រាប់អ្នកនាងជាបុគ្គលម្នាក់ ដែលតែងតែលើកកម្ពស់ការយល់ដឹង អំពីការកាត់បន្ថយប្លាស្ទិក អ្នកនាងយល់ឃើញថា វានឹងអាចជារឿងល្អប្រសើរ បើសិនជាខាងដឹកជញ្ជូន និងអាជីវករ មានការចាត់ចែង និងរៀបចំការវេចខ្ចប់ប្រសើរជាងនេះ ដោយផ្ដល់អតិភាពដល់អតិថិជន ក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការវេចខ្ចប់អាហាររបស់ពួកគេ។
ម៉្យាងវិញទៀត អ្នកនាងក៏បានលើកឡើងថា សម្រាប់អតិថិជនផ្ទាល់ ពួកគេក៏គួរតែជ្រើសរើសកន្លែងឬហាងណា ដែលមានការវេចខ្ចប់អាហារបែបធម្មជាតិ (Biodegradable option) ប្រសិនបើពួកគេចង់កាត់បន្ថយបញ្ហាប្លាស្ទិក ដែលកំពុងមានការកើនឡើងនេះ៕