ចំនួនត្រីនៅបឹងទន្លេសាបធ្លាក់ចុះបង្កផលប៉ះពាល់ជារួម ដល់សហគមន៍នេសាទ
តាំងពីជំនាន់ជីដូនជីតារបស់គាត់រហូតមក តាំង ធីបេ បានបន្តរកចំណូលពីការនេសាទ នៅបឹងទន្លេសាប អស់រយៈពេលពេញមួយជីវិតរបស់គាត់មកហើយ។ ប៉ុន្តែកត្តារួមបញ្ចូលគ្នានៃការធ្លាក់ចុះធនធានត្រី និងការផ្លាស់ប្តូរនៃការគ្រប់គ្រងបឹង កំពុងបង្ខំឱ្យស្ត្រីមានវ័យ ៧០ឆ្នាំរូបនេះ បោះបង់ចោលការប្រកបរបរនេសាទរបស់គ្រួសារគាត់ ។
ជំនួសឱ្យការនេសាទ អ៊ុំស្រី ធីបេ ចំណាយពេលបីបួនថ្ងៃក្នុងមួយសប្តាហ៍ ក្នុងការប្រមូលខ្ចៅខ្យង នៅខាងចុងភូមិមួយស្ថិតនៅក្នុងឃុំចុងឃ្នាស ដែលជាភូមិមួយក្នុងចំណោមភូមិនេសាទនៅ ជាប់ច្រាំងទន្លេ ដែលស្ថិតនៅលើបឹងទឹកសាបដ៏មហិមាជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។
ភាគច្រើនគាត់លក់ខ្ចៅខ្យងទៅឱ្យឈ្មួញ ដែលតែងតែមកទិញផ្ទាល់ពីអ្នកនេសាទ ដើម្បីទទួលបានរបស់ធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការប្រកបរបរនេះនៅតែមិនអាចចិញ្ចឹមជីវិតគាត់ និងចៅស្រីរបស់គាត់បាន។ អ៊ុំស្រី ធីបេ បានប្រាប់សារព័ត៌មាន Southeast Asia Globe ខណៈពេលគាត់កំពុងបេះខ្ចៅក្អែកកំពុងទំលើមែកឈើងាប់ ដែលគាត់ចងបណ្តែតទឹក។
«ខ្ញុំចង់រកត្រីជាង។ គ្មានពីណាចាំទិញខ្យងរាល់ថ្ងៃទេ» អ៊ុំស្រីបានលើកឡើង។ ចំពេលដែលការបង្ក្រាបបទល្មើសនេសាទបន្តមានជាហូរហែរ និងការគ្រប់គ្រងផ្នែកជលផល តាមរយះការកំណត់ប្រភេទត្រី និងទីតាំងនេសាទ អ៊ុំស្រី ធី បេ ញញើតមិនហ៊ានចេញទៅរកត្រី។ «បើយើងធ្វើខុសពីច្បាប់គេ យើងនឹងមានរឿង។ ប៉ុន្តែទោះបីជាខ្ញុំអត់ធ្វើអីខុស ក៏ខ្ញុំអត់ចង់មានបញ្ហាដែរ។»
បន្ទាប់ពីជីវិតជាអ្នកនេសាទត្រី អ៊ុំស្រី តាំង ធីបេ បានប្តូរមកប្រមូលខ្ចៅខ្យង ក្រោយមានការផ្លាស់ប្តូរគោលនយោបាយអំពីការនេសាទនៅបឹងទន្លេសាប។ «ខ្ញុំខានចេញទៅរកត្រីពីរបីថ្ងៃហើយ។ ប៉ុន្តែពេលខ្ញុំរក ក៏ខ្ញុំរកតែខ្ចៅខ្យងដែរ» អ៊ុំស្រីនិយាយ។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការនេសាទក្នុងបឹងទន្លេសាប នាពេលទឹកជោរដែលគេកំណត់ថាជា «ជីបចរនៃទន្លេមេគង្គ» បានពឹងផ្អែកលើជំនោរនយោបាយនាប៉ុន្មានសតវត្សរ៍កន្លងមកនេះ។ បម្រែបម្រួលនៃគោលនយោបាយនេះ ភាគច្រើនចាប់អនុវត្ត យ៉ាងចៃដន្យអំឡុងពេលមានការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ឃុំសង្កាត់។
មុនពេលនៃការបោះឆ្នោតនាឆ្នាំ ២០១២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានប្រកាសសម្រេចកាត់ឡូត៍នេសាទឯកជនដ៏ដុះស្នឹម ទៅឱ្យប្រជានេសាទទាំងអស់។
ប៉ុន្តែដប់ឆ្នាំក្រោយមក ជាមួយជំនួយពីដៃគូរអន្តរជាតិដូចជា សហភាពអ៉ឺរ៉ុប ដែលបានផ្តល់ទឹកប្រាក់លើសពី ១០០ លានដុល្លារ ដើម្បីសម្រួលដល់វិស័យជលផល សម្តេច ហ៊ុន សែន បានប្រកាសអំពីការបង្ក្រាបនូវបទល្មើសនេសាទខុសច្បាប់ លើបឹងទន្លេសាប ដោយបែរមក អនុវត្តន៏ការគ្រប់គ្រងដ៏តឹងតែងជាមុន។ ជាផ្លូវការ ការបង្ក្រាបសម្តៅទៅលើតែអ្នកប្រព្រឹត្តបទល្មើសដូចជា ការឆក់ត្រីដោយប្រើប្រាស់ចរន្តអគ្គីសនី។
ផ្ទុយទៅវិញ វិធានការដែលបានអនុវត្តបានធ្វើឱ្យប្រជានេសាទជាច្រើនផ្សេងទៀតមានការភិតភ័យ រួមទាំងអ៊ុំស្រី ធីបេ ផងដែរ ខណៈដែលការផាកពិន័យ និងការរឹបអូសឧបករណ៍ បានធ្វើឱ្យប្រជាជនរស់នៅក្នុងសហគមន៍នេសាទនេះ ជួបការលំបាកក្នុងការស្វែងរករបរចិញ្ចឹមជីវិតថ្មី។
កាត់ឡូត៍នេសាទឱ្យប្រជាជនធ្វើជាម្ចាស់
នៅបឹងទន្លេសាប ឡូត៍នេសាទមានជាច្រើនទម្រង់ដោយផ្ដើមឡើង យ៉ាងហ៊ោចណាស់ចាប់តាំងពីសតវត្សរ៍ឆ្នាំ ១៨៨០។ និយាយបែបសាមញ្ញ «ឡូត៍» មានន័យថា មានតែម្ចាស់របស់ដែនទឹកដែលគេកំណត់ប៉ុណ្ណោះ ទើបមានសិទ្ធិនេសាទ នៅក្នុងរដូវកាលជាក់លាក់ណាមួយ។
អ្នកអ៊ុំទូកទេសចរណ៍ លោក មាស សារ៉េត កាន់ចង្វារអ៊ុំឆ្លងចំណុចកណ្តាលនៃឃុំកំពង់ភ្លុក ជាឃុំដែលមានភូមិបណ្តែតទឹកនៅក្នុងបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
ក្នុងសម័យនៃការគ្រប់គ្រងជលផលបែបថ្មី ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ស្របពេលកម្ពុជាកំពុងមានជម្លោះផ្ទៃក្នុង ភាពជាម្ចាស់ឡូត៍នេសាទ និងអាជ្ញាប័ណ្ណអាជីវកម្ម ត្រូវបានគេដាក់ឱ្យដេញថ្លៃ និងបានទៅអ្នកដែលអោយតម្លៃខ្ពស់ជាងគេ រហូតទៅដល់រាប់ពាន់ដុល្លារឯណោះ។
ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០០៧ បានរកឃើញថាការគ្រប់គ្រងបែបថ្មីនេះ បានបង្កើតឱ្យមាននូវវិសមភាពរវាងម្ចាស់ឡូត៍ និងប្រជានេសាទ ដោយបានបង្កជម្លោះពាក់ព័ន្ធនឹងការទាញយកផលនេសាទ។ ប៉ុន្តែការកាន់កាប់ផ្តាច់មុខនេះបានកំណត់នូវចំនួនអ្នកនេសាទ(នៅតាមឡូត៍) និងបានការពារតំបន់ត្រីពង ដោយហេតុនេះ វាអាចជួយកាត់បន្ថយការប្រមូលយកផលប្រយោជន៍លើសលប់ ពីធនធានធម្មជាតិ។
ភូមិបណ្តែតទឹកមួយក្នុងឃុំកំពង់ឃ្លាំង មិនឆ្ងាយប៉ុន្មានកន្លែងដែលអ៊ុំស្រី តាំង ធីបេ បានប្រមូលខ្ចៅខ្យង យើងឃើញមានអ្នកនេសាទម្នាក់ គឺលោក ឆុង ពៅ កំពុងលក់ត្រីដែលគាត់ចាប់បានក្នុងតម្លៃតិចជាង ៣,០០០ រៀល ឬប្រមាណជា $០,៧០ ដុល្លារ។ នេសាទអស់ជិត ៥០ ឆ្នាំមកហើយ លោក ពៅ បានជួបប្រទះនូវស្ថានការណ៍វិលទៅវិលមក នៃការគ្រប់គ្រងជលផលក្នុងបឹង។
ជាមួយចំណូលមួយចំនួននៅក្នុងដៃនាព្រឹកនោះ គាត់បានបង្វែរក្បាលទូករបស់គាត់ត្រឡប់ទៅផ្ទះ រួចបានរអ៊ូថា៖ «ខ្ញុំអត់ដឹងថា ត្រីវាទៅណាអស់ទេ ប៉ុន្តែរកអត់បានតែម្តង»។
«ពេលមានឡូត៍ ខ្ញុំអាចរកលុយបានច្រើនជាងនេះ ព្រោះមានគេការពារឡូត៍» លោកពូ ឆុង ពៅ បានបន្ត។ «ទោះបីម្ចាស់ឡូត៍ប្រមូលត្រីក្នុងឡូត៍គេហ្នឹងទៅលក់ ក៏នៅតែមានត្រីឱ្យយើងចាប់ ព្រោះអីត្រីហ្នឹងវាពងនៅក្នុងឡូត៍ ហើយបន្ទាប់មកវាហែរចេញក្រៅឡូត៍។ យើងអាចចាប់បានម្តងតាំងទូកតាំងទូកៗ។» លោក បន្ថែម។
មានតែការនេសាទជាប្រភពចំណូលនៅក្នុងដៃ និងត្រីបន្តិចបន្តួចសម្រាប់គ្រួសាររបស់គាត់ ដែលរស់នៅលើផ្ទះបណ្តែតទឹក លោកពូ ឆុង ពៅ បញ្ចប់ការនេសាទរបស់គាត់មួយថ្ងៃទៀតនៅបឹងទន្លេសាប។ លោកពូ ពៅ បានរកត្រីជិត ៥០ ឆ្នាំមកហើយនៃការគ្រប់គ្រងមានលក្ខណៈវិលទៅវិលមក ក្នុងផ្ទៃបឹងទន្លេសាបនៃប្រទេសកម្ពុជា។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
ត្រឹមឆ្នាំ ២០១២ សម្តេច ហ៊ុន សែន បានរំលាយឡូត៍នេសាទចុងក្រោយនៅលើផ្ទៃបឹងទន្លេសាប ដែលពីមុនមកមានទំហំដល់ទៅជិត ៦០០ គីឡូម៉ែត្រការ៉េ។ ក្នុងនោះមានឡូត៍ជាច្រើន ត្រូវបានរំលាយចោលមុនបទបញ្ជាចុងក្រោយនេះ។
សម្តេច ហ៊ុន សែន បានលើកឡើងនៅក្នុងការថ្លែងសារមួយថា ៖ «ម្ចាស់ឡូត៍ប្រហែលជាខឹងនឹងខ្ញុំ ប៉ុន្តែខ្ញុំមិនខ្វល់អំពីអ្នកទទួលបានផលប្រយោជន៍ទាំងនោះទេ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺប្រជាជនកម្ពុជាទទួលបានប្រយោជន៍»។
យោងតាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០១៥ ស្តីពីការរំលាយចោលនូវឡូត៍នេសាទនេះ អតីតម្ចាស់ឡូត៍បាននិយាយថា «រដ្ឋាភិបាលបានប្រើប្រាស់ការទាញយកធនធានជលផលដល់អ្នកនេសាទ ជាថ្នូរទៅនឹងសន្លឹកឆ្នោត»។
របាយការណ៍របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ នាមួយឆ្នាំក្រោយមកបានរកឃើញថា បន្ទាប់ពីឡូត៍ត្រូវបានរំលាយ គ្មានវិធានការណ៍ណាមួយត្រូវបានគេអនុវត្ត ដើម្បីរៀបចំ ពង្រឹងសហគមន៍ រឺដើម្បីសម្រាប់រដ្ឋាភិបាលក្នុងការបញ្ជៀសនូវ «ផលប៉ះពាល់ជារួម»នោះទេ។ ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានជំនួសដោយការលុបចោលឡូត៍នេសាទ មកជាការនេសាទបែបធម្មតា ដើម្បីទុកជាប្រយោជន៍ដល់ប្រជានេសាទវិញ។
ការបើកឱ្យមានការនេសាទ [រឺការរំលាយឡូត៍] បានផ្តល់សម្ពាធយ៉ាងធ្ងន់ទៅលើធនធានត្រីនៅក្នុងបឹងទន្លេសាប ដែលកំពុងប្រឈមមុខស្រាប់ទៅហើយ ជាមួយនឹងផលប៉ះពាល់មួយចំនួនដូចជា ការសាងសង់វារីអគ្គីសនី និងបម្រែបម្រួលអាកាសធាតុ។
គ្រោះរាំងស្ងួតដែលមិនធ្លាប់មាននៅអាងទន្លេមេគង្គក្រោម ក្នុងចន្លោះឆ្នាំ ២០១៩ និងឆ្នាំ ២០២១ បានស្តែងឱ្យឃើញនូវផលប៉ះពាល់យ៉ាងខ្លាំង ដែលបណ្តាលមកពីកត្តាផ្សំទាំងនេះ។ លំហូរទឹកទន្លេបានធ្លាក់ចូលទៅក្នុងកំណត់ត្រាទាបនាពេលនេះ ដែលបង្កផលប៉ះពាល់ដល់ជលផលត្រីនៅទន្លេមេគង្គ និងបឹងទន្លេសាបយ៉ាងខ្លាំង។ រដ្ឋបាលជលផលរបស់កម្ពុជា បានធ្វើកំណត់ត្រាអំពីការធ្លាក់ចុះផលិតផលត្រីទូទាំងប្រទេស។
សូ ផាន ទិញត្រីមកពីអ្នកនេសាទនៅបឹងទន្លេសាបដោយផ្ទាល់ ដើម្បីលក់នៅផ្សារត្រី ក្នុងក្រុងសៀមរាប ដោយ សូ ផាន បាននិយាយថា គាត់បានឃើញការធ្លាក់ចុះជាលំដាប់ទាំងភាពសម្បូរបែប និងបរិមាណត្រី បើប្រៀបធៀបនឹងប្រាំ ទៅដប់ឆ្នាំមុន។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
អ្នកជំនាញបានធ្វើការសន្និដ្ឋានថា មូលហេតុនៃគ្រោះរាំងស្ងួត បណ្តាលមកពីទំនប់វារីអគ្គីសនីនៅផ្នែកខាងលើនៃទន្លេមេគង្គកំពុងស្កាត់ទឹកកុំឱ្យហូរ ព្រមទាំងមានភ្លៀងធ្លាក់តិច និងមានភ្លៀងធ្លាក់ខុសប្រក្រតីក្នុងរដូវវស្សា។ របាយការណ៍ក្នុងឆ្នាំ ២០២១ របស់គណៈកម្មការទន្លេមេគង្គ បានកត់សម្គាល់ថា «បម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីណូ ទំនងជាកត្តាដែលពន្យារ និងកាត់បន្ថយភ្លៀងមូសុង» ក្នុងឆ្នាំ ២០២១។ គ្រោះរាំងស្ងួត កើតមានក្រោយ រដូវកាលនៃភ្លើងឆេះព្រៃមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ កាលពីឆ្នាំ ២០១៨ ដែលឆាបឆេះព្រៃលិចទឹកក្នុងបឹងរាប់រយហិចតា។
ការបង្ក្រាបនាំឱ្យកើតមានភាពតានតឹង
កាលពីខែមីនា ឆ្នាំ ២០២២ សម្តេច ហ៊ុន សែន បានចេញបញ្ជាឱ្យបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅបឹងទន្លេសាប និងនៅក្បែរនោះ ដែលនាំឱ្យកើតមានការផ្លាស់ប្តូរបទប្បញ្ញត្តិនៅម្តុំបឹងទន្លេសាប និងការកំណត់ប្រភេទឧបករណ៍នេសាទ។
លោក ឡុង សេងហ៊ត់ ជាមន្ត្រីមួយរូបរបស់ក្រសួងបរិស្ថាន និងបានឈរជើងនៅស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅឃុំកំពង់ឃ្លាំង បាននិយាយថា ការផ្តល់ថវិកាដល់មន្ត្រីពង្រឹងច្បាប់ គឺមានការកើនឡើង ហើយការល្បាតជាប់លាប់ត្រូវបានអនុម័ត។
លោក សេនហ៊ត់ បាននិយាយថា ការរឹតបន្តឹងច្បាប់ទម្លាប់នៅបឹងទន្លេសាប បានបង្អាក់ទំនាក់ទំនងជាមួយប្រជាជនក្នុងសហគមន៍។ «វាមានផលលំបាកដល់ពួកគាត់ ពីព្រោះពួកគាត់ធ្លាប់តែមានឡូត៍នេសាទធំៗ ហើយអាលូវបែរទៅជាអត់មាន ហើយអាលូវពួកគាត់មកជួបនឹងការអនុវត្តច្បាប់ថ្មី។ អញ្ចឹងពួកគាត់អត់សប្បាយចិត្តទេ»។
«ច្បាប់ប្តូររហូត ហើយត្រីកាន់តែតិចទៅៗ ប៉ុន្តែមានជម្រើសអីទៀត?» លោកអ៊ុំ ឆុង ពៅ បាននិយាយដូចទៅនឹងអ៊ុំស្រី ធីបេ ដែរ គឺពួកគាត់គ្មានជម្រើសអ្វីក្រៅពីការនេសាទនោះទេ។ «ខ្ញុំជាអ្នករកត្រី ខ្ញុំត្រូវតែរកត្រី» លោកអ៊ុំ បានបន្ថែម។
ប្រជាជនរស់នៅក្នុងភូមិបណ្តែតទឹកនៅបឹងទន្លេសាប ដូចជាអ៊ុំប្រុស ឆុង ពៅ បាននិយាយថា ការបង្ក្រាបបានធ្វើឱ្យអ្នកនេសាទស្របច្បាប់ និងអ្នកនេសាទមិនស្របច្បាប់ ខ្លាចរអានឹងការផាកពិន័យ និងការឃាត់ខ្លួន។ ប៉ុន្តែដោយគ្មានជម្រើសច្រើនក្នុងការប្រកបរបរផ្សេងនៅក្នុងភូមិ ដើម្បីបំពេញធុងអង្ករ អ៊ុំប្រុសបាននិយាយថា គាត់រើសយកអាហារ ច្រើនជាងការភិតភ័យ។
កិច្ចខិតខំស្តារជលផលត្រីឡើងវិញ
នៅខែ មីនា ឆ្នាំ ២០២២ គម្រោងសិក្សាស្រាវជ្រាវ «អច្ឆរិយភាពនៃទន្លេមេគង្គ» បានជំនួយពី ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានលែងសត្វត្រី ជិត ១,៦០០ ក្បាល ទៅក្នុងបឹងទន្លេសាប ដែលជាប្រភេទសត្វត្រីរងការគំរាមកំហែង ដើម្បីជម្រុញឱ្យមានកំណើនត្រីបន្ថែម។ គម្រោងនេះមានគោលបំណងលែងសត្វត្រី ៥,០០០ ក្បាល បន្ថែមទៀត នៅពាក់កណ្តាលខែ មករា នៅទន្លេសាប ក្នុងទីក្រុងភ្នំពេញ។
«ពួកយើងដឹងថា ត្រីកំពុងទទួលរងសម្ពាធ។ ពួកយើងដឹងថា បទប្បញ្ញត្តិបានផ្លាស់ប្តូរកាលពី ១០ ឆ្នាំមុន ដើម្បីបើកចំហរបឹងនេះដល់អ្នកនេសាទឱ្យបានច្រើនជាងមុន» អេលីហ្សាប៊េតស៍ អេវឺរេស ដែលជាអ្នកស្រាវជ្រាវមកពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាននិយាយ។ «ខ្ញុំមិនដឹងថា ឆ្នាំណាទើបអ្វីៗនឹងទៅដល់ចំណុច ដែលមិនត្រឡប់នោះទេ។ ប៉ុន្តែក្នុងសហគមន៍អ្នកស្រាវជ្រាវ មានការព្រួយបារម្ភជាច្រើនអំពីតំបន់នេះ» អ្នកនាងបានបន្ថែម។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រារព្ធពិធីលែងត្រីធំជាងគេបង្អស់ នៅបឹងទន្លេសាប នាខែមីនា ឆ្នាំ២០២២។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
ហូយ ស្រីនៅ ជាមន្ត្រីមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរបស់រដ្ឋបាលជលផលនៃប្រទេសកម្ពុជា ធ្វើការមើលថែត្រីទទួលរងនូវការគំរាមកំហែង និងត្រូវបានដាក់ចិញ្ចឹមនៅក្នុងស្រះ សម្រាប់លែងចូលទៅបឹង និងទន្លេ។ គាត់បាននិយាយថា វិធីនេះបង្កើនឱកាសសម្រាប់ប្រភេទសត្វរងការគំរាមកំហែង ដែលរស់នៅតាមធម្មជាតិ និងជួយការពារតួនាទីសំខាន់របស់បឹងទន្លេសាបនៅក្នុងរដូវ ដែលត្រីបម្លាស់ទីចុះឡើង។
«ខ្ញុំបោះបង់ និងប្តូរមុខរបររបស់ខ្ញុំ»
បន្ទាប់ពីបានធ្វើការសម្ភាសអ៊ុំប្រុស ឆុង ពៅ និងអ៊ុំស្រី ធីបេ រួចមក នៅភូមិបណ្តែតទឹក ស្ថិតក្នុងឃុំកំពង់លួងឯណោះវិញ ជុំ ស្រីង៉ា កំពុងមើលថែសួនបន្លែបណ្តែតទឹករបស់គាត់។
«របរប្រចាំថ្ងៃរបស់ខ្ញុំ គឺរកត្រី ប៉ុន្តែរកត្រីចេះតែមិនសូវបាន» អ្នកមីង ស្រីង៉ា បាននិយាយ។ «បឹងនេះសឹងតែអត់មានត្រីទាល់តែសោះ។ ដូច្នេះ ខ្ញុំបោះបង់ និងដូរមុខរបរ (ទៅជាការដាំបន្លែវិញ)»។
អ្នកមីង ជុំ ស្រីង៉ា ជាម្ចាស់ និងអ្នកមើលថែសួនបន្លែបណ្តែតទឹក ស្ថិតនៅក្នុងភូមិនៃឃុំកំពង់លួង ស្ថិតនៅភាគខាងត្បូងនៃបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា។ អ្នកមីងបានផ្លាស់ប្តូរមុខរបរ បន្ទាប់ពីទិន្នផលនេសាទធ្លាក់ចុះ។ (រូបថត៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe)
អ្នកមីង ស្រីង៉ា មកពីគ្រួសារមួយក្នុងចំណោមអតីតគ្រួសារនេសាទចំនួន១២ ដែលកំពុងធ្វើការសាកល្បងដាំដុះសួនបន្លែបណ្តែតទឹកនៅឃុំកំពង់លួង ដោយមានការគាំទ្រពី អង្គការសេវាកម្មស្ម័គ្រចិត្តក្រៅប្រទេស (VSO) និងកម្មវិធី CAPFISH ដែលជាគម្រោងផ្តួចផ្តើមមានទឹកប្រាក់រាប់លានដុល្លារ ដើម្បីកែលម្អជលផលនៅប្រទេសកម្ពុជា និងជួយគាំទ្រ ប្រជាជនដែលស្វែងរកការចិញ្ចឹមជីវិតបែបថ្មីប្រកបដោយចីរភាព។
ការស្វែងការចិញ្ចឹមជីវិតបែបថ្មី គឺកាន់តែយ៉ាប់យ៉ឺន ស្របពេលដែលប្រព័ន្ធអេកូឡូស៊ីទទួលរងនូវផលប៉ះពាល់ បណ្តាលមកពីសកម្មភាពមនុស្ស នយោបាយ។ នេះក៏នឹងប្រហែលជាការបញ្ចប់នូវការចិញ្ចឹមជីវិត ដែលពឹងផ្អែកលើអំណោយផលធម្មជាតិនៃបឹងរបស់កម្ពុជា។
«ខ្ញុំសម្រេចចិត្តដាំបន្លែ ព្រោះវាគ្រាន់ឱ្យខ្ញុំហូបដែរ»។ អ្នកមីង ស្រីង៉ា បាននិយាយ។ «ត្រីកំពុងតែអត់មាន ប៉ុន្តែខ្ញុំមានមុខរបរ ដែលអាចចិញ្ចឹមជីវភាពខ្ញុំ អញ្ចឹងខ្ញុំអត់ខ្វល់ទេ។ ខ្ញុំត្រូវតែដូរមុខរបរ»។
~ ~ ~
រាយការណ៍បន្ថែមដោយ ឡាយ សុផាន់ណា
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការជាមួយ The Third Pole