ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ការសង្កេតទៅលើគន្លងការអភិវឌ្ឍ ក្លាយជាផ្នែកសំខាន់មួយ ក្នុងការធានានូវវឌ្ឍនភាពនាពេលអនាគត។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បាននាំមុខគេក្នុងការតម្រង់ទិស និងវិភាគកំណើននេះ ដើម្បីផ្តល់ជូននូវទិន្នន័យដ៏មានតម្លៃ ទៅដល់អ្នកបង្កើតគោលនយោបាយ ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ក្រៅតែពីភាពមមាញឹក និងអ៊ូអរនៃទីក្រុងភ្នំពេញ គេមើលឃើញនូវបណ្តុំអាគារដែលកំពុងតែវិវត្តន៍ឥតឈប់ឈរ ដោយមានការសាងសង់ ថ្មីៗព្រមទាំងការវិនិយោគពី ក្នុង និងក្រៅប្រទេស ដែលទាំងនេះសុទ្ធសឹងតែជំរុញឱ្យមាននូវការអភិវឌ្ឍ។ ចំណែកនៅខាងក្រៅទីក្រុងឯនោះវិញ កម្មករច្រើនកុះករកំពុងតែចូលបំពេញការងារក្នុងរោងចក្រជារៀងរាល់ព្រឹក ខណៈដែលវាលស្រែនៅតាមតំបន់ នៅតែតភ្ជាប់កម្ពុជា ជាមួយនឹងប្រវត្តិសាស្រ្តកសិកម្ម ដែលបានបន្សល់ដានតាំងពីអាណាចក្រអង្គរ។
រាប់ចាប់ពីពេលដែលកម្ពុជាបានប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កម្ពុជាបានពង្រឹងជំហរយ៉ាងមាំទៅលើវិស័យកសិកម្ម កាត់ដេរ និង ទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍវិស័យសំណង់ ដោយគេសង្កេតឃើញថាមានសន្ទុះគួរអោយកត់សំគាល់នាទសវត្សរ៍ចុងក្រោយនេះ។ យ៉ាងណាក៏ដោយ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន នៅតែទាមទារយ៉ាងចាំបាច់នូវការវិភាគយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់បំផុត ទៅលើបញ្ហាប្រឈមដែលកំពុងតែជួបប្រទះទាំងក្នុងវិស័យសាធារណៈ និងឯកជនទៅលើវិសាលភាពទីផ្សាររបស់ពិភពលោក និង តំបន់។
លោកបណ្ឌិត តេង ដឺលុច្ស នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម Centre for Development Economics and Trade ហៅកាត់ថា CDET នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានសង្កត់ធ្ងន់ថា “អស់ពេលជាងសាមសិបឆ្នាំចុងក្រោយនេះ យើងបានធ្វើការស្រាវជ្រាវទៅលើបរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា”។
លោកក៏បានបន្តដែរថា “របកគំហើញរបស់យើងជាច្រើនត្រូវបានយកទៅប្រើប្រាស់ដោយអ្នកបង្កើតគោលនយោបាយ សម្រាប់ចង្អុលបង្ហាញ និងផ្ដល់ពត៌មានលើការសម្រេចចិត្តរបស់ពួកគេ។”
នៅពេលដែលព្រលានយន្តហោះ និងខុនដូដ៏ប្រណិតៗ ឆ្លុះបញ្ជាំងអំពីសញ្ញានៃវិបុលភាព សេដ្ឋកិច្ចកម្ពុជាក៏ពឹងផ្អែកយ៉ាងខ្លាំងលើកំលាំងជំរុញមកពីប្រតិបត្តិការអាជីវកម្មតូចៗ។ សហគ្រាសធុនតូច និងមធ្យម (SME) បានរួមចំនែក ផ្តល់នូវការងារចំនួន ៧០% ក្រុមហ៊ុនចំនួន ៩៨.៨% និង ផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។ តួលេខទាំងនេះអាចសរបញ្ជាក់ថា វាមិនមែនជារឿងដ៏ភ្ញាក់ផ្អើលឡើយដែល CDET បានបង្វែរនូវការយកចិត្តទុកដាក់របស់ខ្លួនមកលើវិស័យនេះ។
តាមរយៈ ឯកសារស្រាវជ្រាវធ្នាំ ២០១៣ ក្រោមប្រធានបទស្តីពី “ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុជាសកលទៅលើការងារក្នុង សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា” ក្រុមអ្នកស្រាវជ្រាវ CDRI បានពិនិត្យទៅលើផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ មកលើសហគ្រាសធុនតូច និងមធ្យម ដោយសង្កត់ធ្ងន់លើវិស័យទេសចរណ៍ និង សំណង់។ ដោយមើលទៅការទទួលបានដើមទុន នៅមានភាពលំបាក ឯបណ្តាញសុវត្ថិភាពសង្គមក៏នៅមានកម្រិតនៅឡើយ សហគ្រាស ធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី ត្រូវបានគេរកឃើញថាជាវិស័យដែលមានភាពងាយរងគ្រោះខ្លាំង ពេលដែលមានវិបត្តិសេដ្ឋកិច្ច។ ស្របគ្នានេះដែរ របាយការណ៍នេះបានចង្អុលបង្ហាញថាការជំរុញសកម្មភាពទីផ្សារ និង ការចាប់់យកបច្ចេកវិទ្យាឌីជីថលអាចបង្កើនភាពធន់ក្នុងអំឡុងពេលមានវិបត្តិ។
ទោះជាយ៉ាងណា វិស័យទេសចរណ៍ និងសំណង់មិនមែនជាវិស័យតែពីរ ដែលស្ថិតក្រោមការគ្រប់គ្រងដោយ ប្រតិបត្តិការអាជីវកម្មតូចៗក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។
នៅកម្ពុជា កសិដ្ឋានជាមធ្យមមានទំហំផ្ទៃដីសរុបតិចជាង ១.៥ ហិកតា ហើយ៧៥% នៃចំនួនប្រជាជន រស់នៅក្រៅទីក្រុងដែលបញ្ជាក់ អោយឃើញថា តួនាទីនៃការដាំដុះដំណាំខ្នាតតូចសម្រាប់ជីវភាព នៅតាមទីជនបទ មិនគួរត្រូវគេរំពឹងលើសលប់ពេកនោះទេ។
លោក រឿន ណារឹទ្ធ ជាអ្នកស្រាវជ្រាវនៅ CDET បានពន្យល់ថា “កសិកម្ម គឺជាវិស័យចម្បងដែលផ្តល់ការងារ ប្រាក់ចំណូល ក៏ដូចជាអាហារដល់គ្រួសារនៅតាមទីជនបទ”។ លោកបន្តថា “វិស័យនេះបានរួមចំណែក យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា»។
យ៉ាងណាមិញ យើងឃើញថាភាពក្រីក្រនៅតាមទីជនបទនៅតែមាន ហើយនេះជាឧបសគ្គដ៏ចំបងក្នុងប្រទេសកម្ពុជា។ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ យើងចាំបាច់ត្រូវការការយល់ដឹងអំពីវា សម្រាប់សុខុមាលភាពរបស់ប្រទេសក៏ដូចជាជំហានដំបូងក្នុងការបញ្ចប់ភាពក្រីក្រ។
ការដោះស្រាយបញ្ហាប្រឈមដែលប្រជាជនកម្ពុជានៅជនបទកំពុងជួបប្រទះ ពិតជាមានសារៈសំខាន់សម្រាប់សុខុមាលភាពជាតិ ហើយជំហានដំបូងក្នុងការបញ្ចប់ភាពក្រីក្រ គឺការយល់ដឹងអំពីវា។
ចាប់ពីឆ្នាំ ១៩៩៦ មក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ធ្វើការប្រមូលព័ត៌មានគ្រួសារ នៅតាមទីជនបទជារៀងរាល់បីឆ្នាំម្តងដែលបង្កើតនូវបណ្តុំទិន្នន័យសម្រាប់ការវិភាគបន្ថែមអំពី និន្នាការនៃភាពក្រីក្រនៅតាមទីជនបទ។ ការប្រមូលទិន្នន័យប្រចាំឆ្នាំ ២០២០ សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ បង្ហាញថាចំនួនគ្រួសារសរុបដែលចូលរួមការអង្កេតមានលើសពី ១១០០ គ្រួសារមកពីភូមិសរុបចំនួន ១១ តំណាងឱ្យភូមិសាស្ត្រទាំងបួននៃប្រទេសកម្ពុជារួមមាន តំបន់ទំនាបទន្លេមេគង្គ ទន្លេសាប តំបន់ភ្នំ និងតំបន់ឆ្នេរ។ ដើម្បីជាការបំពេញបន្ថែមនូវទិន្នន័យជំរឿនរបស់រាជរដ្ឋាភិបាល គោលដៅនៃការស្រាវជ្រាវចុងក្រោយនេះ គឺផ្តល់ឱ្យអ្នកបង្កើតច្បាប់ នូវព័ត៌មានចាំបាច់ដើម្បីបង្កើតបាននូវគោលនយោបាយ ដែលអាចលើកកម្ពស់វិបុលភាពនៅក្នុងសហគមន៍ដែលងាយរងគ្រោះទាំងនេះ។
លោក រឿន ណារឹទ្ធ បានបង្ហាញបន្ថែមទៀតថា “កសិកម្មនៅតែជាការងារចម្បងសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ទីជនបទ ហើយបើគ្មានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពទេ បញ្ហាទាំងនេះ [ភាពក្រីក្រ] ប្រាកដជានៅតែមានបន្ត”។ លោកក៏បានបញ្ជាក់ទៀតដែរថា “ដូច្នេះហើយ យើងចង់ធ្វើការផ្លាស់ប្តូរតាមបែបបទមួយ ដែលអាចអោយយើងដឹងអំពីដំណើរការថា តើកសិកម្មបានចូលរួមចំណែកយ៉ាងដូចម្តេចខ្លះទៅលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងកំណត់បានការណែនាំដ៏ល្អបំផុតយ៉ាងដូចម្តេចសម្រាប់វិស័យនេះ?”។
ពីមួយឆ្នាំទៅមួយឆ្នាំ ពិភពលោកកាន់តែមានទំនាក់ទំនងខិតជិតគ្នា ដោយសារខ្សែសង្វាក់តម្លៃ មានការឆ្លងកាត់ព្រំដែន ហើយក៏បូករួមទាំងការដឹកជញ្ជូននៃសេដ្ឋកិច្ចក្នុងតំបន់ ដែលអាចកាន់តែពង្រីកភាពពាក់ព័ន្ធជាមួយដៃគូរផ្សេងៗក្រៅព្រំដែន។ យ៉ាងណាមិញ ទំនាក់ទំនងនោះត្រូវបានរារាំងដោយជំងឺរាតត្បាតកូវីដ១៩ ដែលបានក្លាយជាបញ្ហាប្រឈមរបស់ សកលភាវូបនីយកម្ម តែប្រធានបទនេះក៏ក្លាយជាចំណុចស្នូលសម្រាប់ការងារសំខាន់មួយរបស់ CDRI ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះផងដែរ។
ជំងឺរាតត្បាតជាសាកលនេះ ក៏បានបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការពង្រីកវិសាលភាពនៃការស្រាវជ្រាវ និងបែបផែននៃការធ្វើការស្រាវជ្រាវចម្រុះ ដែលជាចំណុចរួមរបស់អង្គភាពដែលត្រូវបានទទួលស្គាល់។ ដោយក្រឡេកមើលទៅលើជំងឺរាតត្បាតនេះ គម្រោងស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម “ផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍន៍ និងអភិបាលកិច្ចបែបបរិយាបន្ន៖ ការវាយតម្លៃរហ័ស និងក្រោយការរាតត្បាតនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម” បានពិនិត្យទៅលើផលប៉ះពាល់នៃសេដ្ឋកិច្ច សង្គម ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមកលើស្ត្រី ក៏ដូចជាការផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មជាលក្ខណៈមីក្រូ (MSME)ដែលដឹកនាំដោយស្រ្តីផងដែរ។
ធនធានសំខាន់ៗរបស់ CDRI សំដៅដល់លក្ខណៈទូលំទូលាយនៃការស្រាវជ្រាវ។ ពិតណាស់ ផលប៉ះពាល់របស់ជំងឺកូវីដ១៩ មកលើពាណិជ្ជកម្មឆ្លងព្រំដែនត្រូវបានធ្វើការពិនិត្យ បូករួមជាមួយការអង្កេតលើផលប៉ះពាល់របស់វាមកលើអាជីវកម្មចល័តរបស់ស្ត្រី និងការងារផ្នែកថែទាំដែលមិនទទួលបានប្រាក់ឈ្នួល។ ក្រៅពីវិស័យឯកជន ការស្រាវជ្រាវក៏ពិនិត្យមើលលើគោលនយោបាយដែលមានស្រាប់អំពីរបៀបដែលរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងជំងឺរាតត្បាត ក៏ដូចជា ផលប៉ះពាល់មកលើការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងតំបន់។
ទោះជាយ៉ាងណា វិធីសាស្រ្តនៃការស្រាវជ្រាវពិតជាមានសារៈសំខាន់ផងដែរ។ ចំពោះការវាស់វែងមកលើការបែងចែកយេនឌ័រ និងសូចនាករនៃការវាស់វែងទាំងនេះ ត្រូវបានយកមកអនុវត្ត ជាមធ្យោបាយមួយដែលអាចឲ្យយើងយល់កាន់តែច្បាស់ពីផលប៉ះពាល់របស់ជំងឺកូវីដលើស្ត្រី ហើយអាចផ្តល់ជាគោលនយោបាយទាក់ទងទៅលើ ភាពប្រែប្រួលនៃ យេនឌ័រទៅខាងអាជ្ញាធរផងដែរ។ ក្នុងនោះសម្រាប់ដំណើរការប្រមូលទិន្នន័យឆ្លុះបញ្ចាំងពីគោលដៅដែលមានភាពទូលំទូលាយ សម្រាប់ការស្រាវជ្រាវនេះ គេបានរៀបចំក្រុមយ៉ាងហោចណាស់ ៥០% នៃសមាជិកក្រុមសរុបជាស្រ្តី ហើយក៏មានទីប្រឹក្សាយេនឌ័រមកជួយនៅគ្រប់កម្រិតនៃអង្គការដែរ។
ផ្អែកលើវិធីសាស្រ្តដ៏ម៉ត់ចត់ និងចក្ខុវិស័យដ៏ទូលំទូលាយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ CDRI ក្នុងការបន្តឈានមុខគេនៃការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។
លោកបណ្ឌិត តេង ដឺលុច្សបានពន្យល់ទៀតថា៖ “នៅក្នុងវិស័យនៃការស្រាវជ្រាវ វាតែងតែមានអ្វីដែលថ្មីជានិច្ច ដូចករណីជំងឺកូវីដ១៩ ចឹង”។ លោកបន្តដែរថា “យើងធ្វើការស្រាវជ្រាវមកលើប្រធានបទផ្សេងៗគ្នា ដូចជាការពិនិត្យមើលវិធីសាស្ត្រថ្មីដើម្បីធ្វើអាជីវកម្ម និងការធ្វើពិពិធកម្មមកលើវិស័យផ្សេងៗនៃសេដ្ឋកិច្ច។ សម្រាប់មជ្ឈមណ្ឌលរបស់យើងវិញ ការស្រាវជ្រាវរបស់យើងតែងតែផ្តោតលើការប្រែប្រួលថ្មីៗ”។
អត្ថបទនេះគឺជាផ្នែកមួយនៃភាពជាដៃគូជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាការសារទរដល់ដំណើរការរយ:ពេល ៣០ ឆ្នាំរបស់វិទ្យាស្ថាន និងបង្ហាញពីការងាររបស់ពួកគេក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងមកនេះ។ អត្ថបទដើមជាភាសាអង់គ្លេសមាននៅលើ Sotheast Asia Globe។ សូមស្វែងយល់បន្ថែមពីការងារស្រាវជ្រាវរបស់ CDRI និងបន្តធ្វើបច្ចុប្បន្នភាពជាមួយគម្រោងរបស់ពួកគេនៅលើទំព័រ Facebook ផ្លូវការរបស់វិទ្យាស្ថាន។ ស្វែងយល់បន្ថែមអំពីភាពជាដៃគូនៅទីនេះ។