ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។

សិល្បៈក្នុងការប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនឱ្យលេចជារូបរាងក៏អាចជួយ ចូលរួមបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមដូចជាការរកឃើញនូវរបកគំហើញថ្មីៗ និងការបង្កើតស្នាដៃថ្មីៗ ដែលជួយសម្រួលដល់ការរស់នៅឱ្យកាន់តែប្រសើរផងដែរ។
មនុស្សម្នាក់ៗអាចមានគំនិតច្នៃប្រឌិតខុសៗពីគ្នា។ យ៉ាងណាមិញ កង្វះធនធាន ឱកាសក្នុងការចូលរួម និងការលើកទឹកចិត្តពីមជ្ឍដ្ឋានជុំវិញខ្លួន តែងតែជាបញ្ហាប្រឈមទូទៅ ដែលយុវជនច្រើនជួបប្រទះ។
Focus បានជួបជាមួយនឹងលោក ពេជ្រ ពិសិដ្ឋនាថ ប្រធានបណ្តុះបណ្តាលធុរៈកិច្ច ដែលមានបទពិសោធន៍ជាច្រើន ក្នុងការបង្កើតគម្រោងធុរៈកិច្ច និងកម្មវិធី Start-up ផ្សេងៗ មកពី The Impact Hub Phnom Penh ជាស្ថាប័នមួយដែលធ្វើការផ្តោតសំខាន់ ទៅលើយុវជន និងគាំទ្រក្នុងការបង្កើតគម្រោងជាច្រើននៅកម្ពុជា ដើម្បីចូលរួមចែករំលែក នូវតិចនិច សំខាន់ៗក្នុងការអនុវត្តគំនិតរបស់អ្នកឱ្យចេញជាផ្លែផ្កា។
១. យល់ឱ្យច្បាស់ពីគំនិត
ការចំណាយពេលវេលា និងរៀនឈ្វេងយល់ពីបញ្ហា ប្រឈមផ្សេងៗទាក់ទិនជាមួយ នឹងគោលគំនិតរបស់អ្នក ជាអ្វី ដែលអ្នកមិនគួរមើលរំលង។ ទម្លាប់នេះ អាចជួយឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការអនុវត្តនូវ គម្រោងរបស់អ្នកឱ្យកាន់តែរលូន។ បន្ថែមពីនេះទៀត ការបើកចិត្តទូលាយក្នុងការទទួល យកចំណេះដឹងថ្មីៗ ក៏ដូចជាការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងការមើលឃើញនូវចំនុចខ្វះចខាតរបស់ ខ្លួនជាចំណុចសំខាន់ ផងដែរ។
២. ការរក្សាជំហរ និងការលើកទឹកចិត្ត
ចំណុចទូទៅមួយដែលតែងតែធ្វើអោយមនុស្សបោះបង់ចោលគំនិតរបស់ខ្លួននោះគឺ ការបាក់ទឹកចិត្តនៅពេលជួបប្រទះឧបសគ្គក្នុងការសម្រេចបំណងរបស់ខ្លូន។ យ៉ាងណាមិញ
វាជាអ្វីដែលមនុស្សរាល់គ្នា នឹងត្រូវឆ្លងកាត់និងការងារទាំងអស់។ ហេតុនេះ អ្នកត្រូវចេះពង្រឹងស្មារតី និងរក្សាជំហររបស់ខ្លួនក្នុងការដោះស្រាយបញ្ហា និងបន្តដំណើររបស់អ្នកទៅមុខទៀត ហើយចេះរិះរកនូវសហគមន៍គាំទ្រ និងការលើកទឹកចិត្តពីសំណាក់អ្នកជុំវិញខ្លួនផងដែរ។
បន្ថែមពីនេះ យោងតាមសៀវភៅរបស់លោក Scott D. Anthonyអ្នកជំនាញផ្នែកច្នៃប្រឌិតមួយរូប ក៏បានបង្ហើបនូវ ចំណុចសំខាន់ៗមួយចំនួនតាមរយៈសៀវភៅរបស់ខ្លួន ដែលមានចំណងជើងថា The First Mile: A launch manual for getting great ideas into the market ទាក់ទងនឹងប្រធានបទនេះថា ការធ្វើកំណត់ត្រារាល់ព័ត៌មានលម្អិតនៃគម្រោង និងគោលដៅរបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់។ អ្នកត្រូវតែ កត់ទុករាល់នូវព័ត៌មានដែលទាក់ទងនឹងគម្រោងរបស់អ្នក ដូចជា មូលហេតុ? ពេលវេលា? សម្ភារៈ និងបញ្ហាប្រឈមជាដើម។
លើសពីនេះទៅទៀត អ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រមួយដែលគេហៅថា HOPE ដែលបានលើកឡើងនៅក្នុងសៀវភៅនេះ គឺសំដៅទៅលើ Hypothesis (សម្មតិកម្ម) Objective (វត្ថុបំណង) Prediction (ការទស្សទាយ) Executive (ការអនុវត្ត) ដើម្បីសម្រួចនូវចំណុចគោលដៅ និងប្រើប្រាស់ជាផែនទីក្នុងការបំពេញការងាររបស់អ្នក៕