«យើងត្រូវតែចាប់ផ្តើមក្នុងចំណុចណាមួយ ព្រោះយើងមិនអាចទៅមុខបានទេ បើយើងអត់ចាប់ផ្តើមនោះ។ » - Saint
សព្វថ្ងៃ មានអ្នកគាំទ្រ ៤មុឺន៣ពាន់នាក់លើបណ្ដាញសង្គម ទំព័រហ្វេសប៊ុក «Saint» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ដោយយុវជនវ័យ២២ឆ្នាំ ឈ្មោះ ប៉ុក អ៊ីឡុង ហៅ Saint ។
«Saint» ត្រូវបានយុវជនក្នុងបណ្ដាញសង្គមស្គាល់ថា ជាទំព័រទំព័រហ្វេសប៊ុកមួយ បង្ហោះរូបគំនូរត្លុកក្នុងទម្រង់ឌីជីថល (Digital Drawing) ដើម្បីអប់រំអំពីវប្បធម៌ ប្រពៃណី បុណ្យជាតិ អក្សរសិល្ប៍ បរិស្ថាន រឿងផ្សេងៗក្នុសង្គម វប្បធម៌ពេញនិយម (Pop Culture) និង គំនិតវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍ខ្លួនឯងជាដើម ដែលភាគច្រើនយកតួអង្គប្រុសមករំលេច ឬធ្វើជានិមិត្តររូប។ ហើយក្នុងគំនូរត្លុកនោះ ក៏មានយុវជន Saint ខ្លួនឯងផ្ទាល់ផងដែរ។
មាតិការទាំងនោះ ភាគច្រើនបានធ្វើឱ្យអ្នកមើលមានអារម្មណ៍ទាក់ទងនឹងខ្លួនឯង (Relateable Content)។
ដើមឡើយ អ៊ីឡុង បង្កើតទំព័រនេះ សម្រាប់បង្ហោះស្នាដៃគំនូររបស់ខ្លួន ធ្វើជាគំរូស្នាដៃអនឡាញ (Online Portfolio) ។ បន្ទាប់មក Saint ក៏យកទំព័រហ្វេសប៊ុកនោះសម្រាប់ការស្រាវជាវក្នុងថ្នាក់ក្រោយឧត្ដមសិក្សា (Post Grad) របស់ខ្លួន នៅសាកលវិទ្យាល័យ Keio ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រោយពេលត្រឡប់មកពីប្រទេសជប៉ុនវិញ អ៊ីឡុងសម្រេចចិត្តបន្តដំណើរការទំព័រហ្វេសប៊ុក «Saint» ដើម្បីជាចំណែកមួយក្នុងការសម្រួលយុវជន ក្នុងការសិក្សាស្វែងយល់ពីវប្បធម៌ខ្មែរ និងបញ្ហាដែលគួរដឹងផ្សេងៗ។
ដោយមើលឃើញថា ភាគច្រើនឯកសារ ឬ អត្ថបទ អំពីវប្បធម៌ ឬទំនៀមទម្លាប់មិនសូវមានរូបភាពសំបូរបែប ហើយភាគច្រើន មានខ្លឹមសារច្រើនទំព័រ ដែលបង្កឱ្យមានការលំបាកសម្រាប់យុវជនមួយចំនួនក្នុងការ យល់ច្បាស់ពីខ្លឹមសារទាំងនោះ។ អ៊ីឡុងបានលើកឧទាហរណ៍ អំពីតើស្ថានភាពសាច់រឿងអក្សរសិល្ប៍ហ្នឹងបែបម៉េច? តើតួអង្គស្លៀកពាក់ដូចម្ដេច?
«មិនថាជា អក្សរសិល្ប៍ ឬអត្ថបទ ទេ យើងតែងតែខ្វះរូបភាពជាជំនួយក្នុងការស្រមើលស្រមៃរបស់សិស្ស និង ការគិតរបស់ពួកគាត់។»
ម្យ៉ាងទៀត អ៊ីឡុង មើលឃើញថា យុវជនមានវិធីរៀន និងទទួលយកព័ត៌មានឬខ្លឹមសារខុសៗគ្នា អ្នកខ្លះគាត់ទទួលយកព័ត៌មានលឿន តាមរយៈការអានសៀវភៅ។ អ្នកខ្លះទៀត ចូលចិត្តស្តាប់។ ហើយ យុវជនមួយចំនួនធំ ត្រូវការរូបភាពជំនួយ។
«ខ្ញុំឃើញថា កម្មវិធីសិក្សាយើងអត់បានសម្រួលអ្នករៀនទាំងអស់គ្នាទេ។ ខ្ញុំចង់ជួយសិស្សទាំងអស់ហ្នឹង ឱ្យគាត់អាចយល់ពី វប្បធម៌ ទំនៀមទំលាប់យើងបានច្បាស់ជាងមុន តែអត់ចាំបាច់ខំអានខ្លាំងទេ ព្រោះអ្នកខ្លះមិនចូលចិត្តអានទេ។»
សម្រាប់អ៊ីឡុង ការរកគំនិតឆ្នៃប្រឌិតដើម្បីគូររូបមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមធំនោះគឺ កត្តាពេលវេលា។
អ៊ីឡុង បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាមួយជំនាញ សិល្បៈឌីជីថល និងការរចនា (Digital Art & Design) ពីសាកលវិទ្យាល័យហ្សាម៉ាន់ (Zaman University) ហើយសព្វថ្ងៃនេះ អ៊ីឡុង ប្រកបអាជីពពេញម៉ោងជា អ្នកដឹកនាំផ្នែកសិល្បៈ (Art Director) នៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មក្នុងស្រុកមួយឈ្មោះ M.A.X Media Asia។ ហើយគូររូបត្លុកឌីជីថលសម្រាប់ទំព័រហ្វេសប៊ុក Saint នៅពេលទំនេរ។
«និយាយទៅខ្ញុំខ្វះពេលខ្លាំង ព្រោះការងារពេញម៉ោងរបស់ខ្ញុំរវល់ដែល ហើយខ្ញុំក៏ស្រឡាញ់ការងារពេញម៉ោងខ្ញុំខ្លាំងដែរ។ យើងមិនអាចលាយលំការងារពេញម៉ោងជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងបានទេ។ ទាល់តែធ្វើការចប់ មកដល់ផ្ទះ បានខ្ញុំចាប់ផ្តើមគូររូបបាន។ ដូចនេះ ខ្ញុំមានពេលប្រហែលជា២ម៉ោងទេ ក្នុងមួយថ្ងៃដើម្បីគូររូប។»
សព្វថ្ងៃនេះ «Saint» មានគំនូរ២ប្រភេទធំៗ គឺគំនូរបែបអប់រំ (Educational Content) និង គំនូរបែប (Fantasy Artwork)។ សម្រាប់គំនូរបែបអប់រំ ដែលយកប្រពៃណី ទំនៀមទម្លាប់ខ្មែរ មកបង្កើតជារូប អ៊ីឡុងភាគច្រើនចំណាយពេលតែ ២ម៉ោងប៉ុណ្នោះសម្រាប់គូរ ព្រោះខ្លឹមសារមានស្រាប់អស់ហើយ មិនពិបាកស្រាវជ្រាវច្រើន ឬត្រូវគិតថាគូរពីអ្វីបន្ទាប់ទៀតនោះទេ ព្រោះមានរឿងរ៉ាវពីវប្បធម៌ច្រើនហូរហៀរ សម្រាប់ច្បិចយកមកបកស្រាយក្នុងគំនូរ។
សម្រាប់ Fantasy Artwork ដែលមានតួអង្គលាយលំនឹងការស្រមើស្រម៉ៃ (Fantasy) វប្បធម៌ទាន់សម័យ (Modern Culture) និង វប្បធម៌ពេញនិយម។ ភាគច្រើនតម្រូវឱ្យចំណាយពេលយូរក្នុងការគូរ ដោយប្រើពេលច្រើនបំផុតពី ៣ទៅ៤ថ្ងៃ ព្រោះអ៊ីឡុងត្រូវយកចិត្តទុកខ្លាំងលើការគូរ ដោយត្រូវធ្វើយ៉ាងណាឱ្យគំនូរនោះមានលក្ខណៈជាក់ស្តែង (Realistic) ជាងគំនូរអប់រំធម្មតា។
ខុសគ្នាពី ស្នាដៃសិល្បៈដទៃ ដែលភាគច្រើនបង្កប់អត្ថន័យកាច់កុងពិបាកយល់ គំនូរទាំងអស់នៅលើទំព័រហ្វេសប៊ុក «Saint» បង្ហាញអត្ថន័យនៅលើរូបជាក់ស្តែងតែម្តង ព្រោះអ៊ីឡុងចង់ឱ្យយុវជន រៀន និងសិក្សាស្វែងយល់ ដោយមិនចាំបាច់វិភាគច្រើន។
បញ្ហាប្រឈមមួយទៀតសម្រាប់អ៊ីឡុងនៅក្នុងការដំណើរការទំព័រហ្វេសប៉ុក «Saint» គឺការដែលត្រូវទទួលស្គាល់ថា មិនមែនគ្រប់គ្នាពេញចិត្តនឹងអ្វីដែលយើងកំពុងធ្វើទេ។
«អ្នកខ្លះគាត់មានបំណងល្អមែន ដូចពេលយើងនៅខ្វះកន្លែងណាចឹងគាត់ប្រាប់ដោយមានអត្ថបទយោង យើងអាចពិភាក្សាគ្នាធម្មតា ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកខ្លះចេញមកគឺលក្ខណៈកាច់យើង [ដូច្នេះ]គឺខ្ញុំអត់មើលទេ ព្រោះខ្ញុំគិតថាវាអត់ប្រយោជន៍»។
ទស្សនាភាគទីពីនៃកម្មវិធីទស្សនាចរណ៍អាជីព ៖ ប៉ុក អ៊ីឡុង – វិចិត្រករគំនូរឌីជីថល
តាមរយៈការដំណើរការទំព័រហ្វេសប៊ុក «Saint» អ៊ីឡុង មើលឃើញថា ខ្មែរយើងនៅមានការភាន់ច្រឡំនៅឡើយអំពីពាក្យថា «វិចិត្រកម្ម»។
«ភាគច្រើនពេលគេគិតដល់ពាក្យថាវិចិត្រកម្ម ភាគច្រើនគឺគេសំដៅលើគំនូរលើផ្ទាំងធំៗ ឬមួយជាគំនូរខ្មៅដៃ។ ប៉ុន្តែធាតុពិតទៅវាលើសពីហ្នឹងឆ្ងាយខ្លាំងណាស់។ ពេលខ្លះនៅក្នុងវីដេអូពាណិជ្ជកម្ម សុទ្ធតែត្រូវការវិចិត្រករមកជួយ។ គាត់គិតត្រូវមួយខាងវិចិត្រកម្ម គឺដឹងតែគូររូបហើយ ប៉ុន្តែមិនមែនគូរដើម្បីតែដាក់តាំងនោះទេ គំនូរដែលពួកយើងគូរ គឺវាមានផលប្រយោជន៍ និងគោលបំណងធំជាងនឹងឆ្ងាយ»។
ការដែលឃើញ អ៊ីឡុងទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ តាមរយៈការបង្ហោះស្នាដៃគំនូរទៅលើទំព័រហ្វេសប៊ុក ពិតណាស់ បានធ្វើឱ្យមានយុវជនជំនាន់ក្រោយចង់ចាប់ផ្តើមបង្កើត កន្លែងផ្ទាល់ខ្លួនណាមួយ។ អ៊ីឡុងបានប្រាប់ថា ឧស្សាហ៍មានសិស្សប្អូនមកសួរ ហើយភាគច្រើនពួកគាត់តែងតែរអ៊ូថា គាត់គូរអត់បានស្អាត ឬក៏គូរទៅខ្លាចអត់មានអ្នកគាំទ្រគាត់។ អ៊ីឡុងតែងតែលើកទឹកចិត្តពួកគេ ដោយនិយាយថា៖
«យើងត្រូវតែចាប់ផ្តើមក្នុងចំណុចណាមួយ ព្រោះយើងមិនអាចទៅមុខបានទេ បើយើងអត់ចាប់ផ្តើមនោះ។ ហើយមិនបាច់គិតថាទាល់តែទៅរៀននៅសាលា ទើបធ្វើជាសិល្បករបាននោះទេ ព្រោះគំនិតឆ្នៃប្រឌិត និងសិល្បៈមិនមានដែនកំណត់នោះទេ»៕