តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងមានកម្ពស់ទាបពេក ឬខ្ពស់ពេក ស្លៀកពាក់អ្វីក៏មិនសម? ឬអ្នក ត្រូវបានគេសើចចំអក ដោយសារតែរូបរាងខាងក្រៅរបស់អ្នក? ហើយពេលខ្លះទៀត អ្នកក៏ធ្លាប់និយាយលេងសើច ឬរិះគន់ពីរូបរាងខាងក្រៅរបស់អ្នកដទៃ នៅពីក្រោយខ្នងគេដែរឬទេ?
ការតិះដៀលលើរូបរាងកាយ សំដៅទៅលើសកម្មភាព និងទង្វើទាំងឡាយណា ដែលបង្ហាញពីការសើចចំអកទៅលើរូបរាងកាយ ឬទំហំដងខ្លួន របស់អ្នកដទៃ ហើយវាជាទម្រង់ម្យ៉ាងនៃការធ្វើបាបផ្លូវអារម្មណ៍អ្នកដទៃ ដែលអាចបង្កឱ្យមានការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរថែមទៀតផង។
ជាទូទៅ ការប្រមាថលើរូបរាងកាយ ត្រូវបានគេមើលឃើញតាមរូបភាព ៣ យ៉ាង។ ការរិះគន់មកលើរាងកាយខ្លួនឯង ការរិះគន់ទៅលើរូបរាងកាយអ្នកដទៃនៅចំពោះមុខ និងរិះគន់អ្នកដទៃនៅពីក្រោយខ្នងជាដើម។
មិនថាជាការរិះគន់តាមរូបភាពណាមួយនោះទេ តែការណ៍នេះបង្កឱ្យមានទម្លាប់មិនល្អនៃការប្រៀបធៀប បង្កការអាម៉ាស់ជាសាធារណៈ និងទម្លាប់អាក្រក់ក្នុងការវាយតម្លៃទៅលើបុគ្គលណាម្នាក់តាមតែសំបកក្រៅ។
ទម្លាប់មិនល្អទាំងនេះ បានក្លាយទៅជារឿងសាមញ្ញ ដែលមនុស្សគ្រប់គ្នាបានជួបប្រទះជាប្រចាំ មិនថាអ្នកមានរូបរាង អាក្រក់ ល្អ ខ្មៅស ធាត់ស្គម ប៉ុណ្ណានោះទេ អ្នកមិនអាចជៀសផុត ពីការគិតរបស់ខ្លួនឯង ឬ អ្នកដទៃឡើយ។ ប៉ុន្តែ អ្នកដឹងទេថា វាមិនមែនជាបញ្ហាតូចតាចនោះទេ ក្នុងការរស់នៅជាមួយនឹងបញ្ហាសាំញាំដដែលៗ នៃការតិះដៀលលើរូបរាង។
ការសិក្សារបស់លោក Kris Gunnars ជាអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភមួយរូប បានចុះផ្សាយការរកឃើញរបស់ខ្លួន នៅលើគេហទំព័រព័ត៌មានសុខភាព Healthline បានបង្ហាញថា ការទិតៀនរូបរាងខាងក្រៅអាចបង្កឱ្យមាន ជំងឺបាក់ទឹកចិត្ត ការធ្វើអត្តឃាត ការទទួលទានអាហារលើសកម្រិត ជំងឺទាក់ទងនឹងរបបអាហារ និង ការមើលស្រាលខ្លួនឯងជាដើម។
បញ្ហានៃការយល់ឃើញពីភាពខុសគ្នាទៅលើបញ្ហារូបរាងខាងក្រៅនេះ បានក្លាយជាបញ្ហាចម្បងនាពេលសព្វថ្ងៃ ជាពិសេសក្នុងចំណោមយុវវ័យ។ ជាពិសេសនៅក្នុងយុគឌីជីថល និងការពេញនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម អមជាមួយបច្ចេកវិទ្យាដែលបានបង្កើតកម្មវិធីកែប្រែរូបថតជាច្រើនមុខ ដែលអាចកែខៃរូបភាពឱ្យកាន់តែមានទាក់ទាញ។ ការចែករំលែកនេះ បានធ្វើឱ្យមានការយល់ឃើញតែមួយជ្រុងពីស្តង់ដារនៃរូបរាងខាងក្រៅ។ ហេតុនេះហើយ មនុស្សមួយចំនួនបានកំណត់ភាពស្រស់ស្អាត ទៅតាមការពេញនិយម និងអ្វីដែលបានមើលឃើញពីឆាកល្ខោននៃបណ្ដាញសង្គមនោះ។
ប៉ុន្តែ នៅក្នុងជីវិតពិត ការដែលជួបប្រទះទៅនឹងទិដ្ឋភាពនេះញឹកញាប់ បានបង្កឱ្យមានការតិះដៀលទៅលើរូបរាងកាយ និងធ្លាក់អន្លង់ដ៏ជ្រៅនៃស្តង់ដារសម្រស់។ ហើយជនរងគ្រោះ គឺជាបុគ្គលដែលយកចិត្តទុកដាក់ទៅលើតែឆាកល្ខោនសម្ដែង ភ្លេចគិតថា ឆាកល្ខោននោះខុសពីជីវិតពិត ហើយវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ មនុស្សជាច្រើនដែលមិនសប្បាយចិត្តដោយសារការតិះដៀលលើរូបរាងកាយ បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីបញ្ចេញយោបល់ និង អារម្មណ៍ពិតរបស់ខ្លួន។
ថ្មីៗនេះ កញ្ញា ហែម ពិដោរ ដែលជាបុគ្គលមានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្ដាញសង្គម បានប្រើប្រាស់វេទិកាលើអ៊ីនធឺណិត ចែករំលែកពីបញ្ហានៃការទិតៀនលើរូបរាងកាយនៅក្នុងសង្គមកម្ពុជា តាមរយៈការចែករំលែករូបភាពផ្សេងៗ ទាក់ទងនឹងរូបរាងកាយ ជាពិសេសបទពិសោធន៍ជីវិតពិតរបស់ខ្លួនផ្ទាល់តែម្តង។
ដោយមានបទពិសោធន៍ដោយផ្ទាល់ យុវតីរូបនេះ បានចូលរួមចំលែកគំនិតរបស់ខ្លួននៅក្នុង ការពិភាក្សា និង វេទិកាសាធារណៈ ដើម្បីលើកទឹកចិត្តអ្នកដែលជួបបញ្ហាស្រដៀងៗគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។
ម្យ៉ាងវិញទៀត ការបង្ហាញឲ្យមានភាពចម្រុះនៃរូបរាងរបស់មនុស្ស នៅក្នុងបណ្ដាញសង្គម អាចជួយបង្កើនការយល់ដឹងពីការទទួលយករូបរាងពីធម្មជាតិរបស់ខ្លួន។
វាមិនខុសនោះទេក្នុងការគិត ឬបញ្ចេញគំនិតរបស់អ្នកទៅលើអ្វីមួយ។ ប៉ុន្តែដូចពាក្យចាស់ពោលថា «អណ្ដាតអត់ឆ្អឹង» ដូច្នេះ អ្នកគួរប្រុងប្រយ័ត្នមុននឹងនិយាយទិតៀនទៅលើរូបរាងកាយរបស់នរណាម្នាក់ អ្នកគួរមានការប្រុងប្រយ័ត្ន និងការប្រើប្រាស់ពាក្យសម្ដី ព្រោះវាអាចប៉ះទង្គិចផ្លូវចិត្តគេបាន។
ភាពស្រស់ស្អាត មិនមែនកើតចេញពីអ្វីដែលអ្នកយល់ឃើញនោះទេ វាគឺជារូបរាងដែលធម្មជាតិបានផ្ដល់ឱ្យមនុស្សម្នាក់ៗខុសប្លែកពីគ្នា ទៅតាមហ្សែនដែលមេបាបានផ្ដល់ឱ្យ។ ដូច្នេះនេះមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមនុស្សគ្រប់រូបមានរូបរាងខុសគ្នា ប៉ុន្តែវាអាចជារឿងប្លែក ប្រសិនបើជាអ្នករំពឹងទុកខ្លួនឯង និងអ្នកដទៃឱ្យមានរូបរាងកាយទៅតាមស្តង់ដាណាមួយ៕