ពេលទៅកំពត តើអ្នកទៅរកទិញគ្រឿងសមុទ្រនៅទីណា?
ខេត្តកំពតត្រូវបានគេស្គាល់ថា ជាខេត្តមួយដែលសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ និងមានតម្លៃសមរម្យ។ តើអ្នកដឹងទេថា នៅទីរួមខេត្តកំពត មានផែមួយ ដែលអ្នកអាចទិញគ្រឿងសមុទ្រដោយផ្ទាល់ពីអ្នកនេសាទ?
ផែកំពង់កណ្ដាល ជាកន្លែងដ៏ពិសេសមួយសម្រាប់ការជាវគ្រឿងសមុទ្រដោយផ្ទាល់ពីអ្នកនេសាទ រួមមានដូចជា មឹក បង្គា ក្ដាម និងត្រីសមុទ្រជាច្រើនប្រភេទទៀត។ មែនទែនទៅ ផែនេះគឺជាកន្លែងបោះដុំគ្រឿងសមុទ្រស្រស់ៗ បានមកពីការនេសាទ យ៉ាងណាមិញទស្សនីយភាពដ៏អ៊ូអរនាពេលទាបភ្លឺនេះ ក៏បានក្លាយជាចំណីអារម្មណ៍សម្រាប់ទេសចរបរទេស ដែលចាប់អារម្មណ៍មកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខេត្តកំពត ជាពិសេសសហគមន៍ខ្មែរឥស្លាមដែលប្រកបរបរនេសាទអស់រយៈពេលជាយូរមកហើយ។
ជាធម្មតា ផែនេះមានសភាពអ៊ូអរ អំឡុងម៉ោង ៤ទៅ៦ព្រឹកទៀបភ្លឺ ពោរពេញទៅដោយទូកនេសាទជាច្រើន ទើបត្រឡប់មកពីនេសាទនៅសមុទ្រ។ ទូកនេសាទទាំងនោះចតតម្រៀបជួរគ្នា មានភ្លើងចម្រុះពណ៌ ប្រដេញនាពេលប៉ុន្តែនៅវេលាម៉ោង ៧-៨ព្រឹក ផែនេះមានសភាពស្ងប់ស្ងាត់វិញ។
លោកតាក់ មានអាយុប្រហែលជា៣០ឆ្នាំ ជាអ្នកនេសាទមួយរូបដែលមានស្រុកកំណើតមកពីខេត្តកោះកុង ហើយផ្លាស់ទីកំណើតមកខេត្តកំពត ដើម្បីរកធ្វើការរកស៊ីជាមួយប្រពន្ធ។ នៅទីនេះ លោកប្រកបរបរជាអ្នកស៊ីឈ្នួលនេសាទ។
លោក តាក់បានឲ្យដឹងថា ទូកដែលលោកស៊ីឈ្នួលជាកម្មករនេសាទ ចូលផែទម្លាក់ត្រីកាម៉ុង ជារៀងរាល់មួយសប្ដាហ៍ម្តង។ លោកនិយាយថា៖ “ពួកខ្ញុំបានត្រៀម ទឹកកក ២០-៣០ដើមសម្រាប់ក្លាសេ ហើយសាហ៊ុយជាង ២លានរៀន អង្ករនិងបន្លែសម្រាប់ធ្វើអាហារមួយចំនួន មុនពេលចេញដំណើរ”។
“ខ្ញុំទៅនេសាទត្រីសមុទ្រ ហើយបានមិនទៀងទេ។ ពេលខ្លះបាន ប្រហែល៥០០គីឡូ ហើយពេលខ្លះបានជាង១តោន”។
លោក ហង្ស បញ្ញាការ អាយុ២៨ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប និងជាស្ថាបនិកទំព័រហ្វេសបុក Visit Kampot ផ្សព្វផ្សាយព័ត៌មានពីទិសដៅទេសចរណ៍នៅខេត្តកំពត បានឱ្យដឹងថា៖ “ខ្ញុំលឺចាស់ៗនិយាយថា ផែនេះមានយូរហើយ តាំងពីណាពីនៃមកម្ល៉េះ”។
“ដំបូងឡើង ផែនេះមានទីតាំងនៅកែងនឹងសាលាខេត្តកំពត ហើយក្រោយមក ៤-៥ឆ្នាំកន្លងមកនេះ ផែនេះត្រូវបានគេរំកិលទីតាំងទៅខាងមុនបន្តិច ពីទីតាំងចាស់ ដែលហួសរង្វង់មូលផ្សោតប្រហែលជា៣០០ម៉ែត្រ”។
នៅផែកំពង់កណ្ដាល គេឃើញមានអាជីវករមកទទួលគ្រឿងសមុទ្រតាំងពីមុនថ្ងៃរះ ដើម្បីយកទៅលក់បន្តនៅឯទីផ្សារ។ ភាគច្រើនការលក់នៅទីនេះ គឺជាលក្ខណៈគ្រួសារ ដែលប្ដីគឺជាអ្នកចេញទូកនេសាទ ហើយប្រពន្ធជាអ្នកលក់គ្រឿងសមុទ្រដោយលក់ផ្ទាល់នៅនឹងផែតែម្ដង។ ទិដ្ឋភាពនៅទីនោះ មានសភាពសើមខ្លាំង។ អ្នកលក់ដាក់កញ្ច្រែង ឬចានដែកដែលមានគ្រឿងសមុទ្រ ផ្ទាល់លើកម្រាលបេតុង ហើយលក់តម្រៀបគ្នាជាជួរ នៅក្បែរទូកដែលចតក្នុងផែ។ ដោយសារនៅទីនោះមានភាពងងឹត អ្នកលក់នៅទីនោះ ដៃកាន់ពិលម្នាក់មួយៗបញ្ចាំងឱ្យអ្នកទិញមើលឃើញពីភាពស្រស់របស់គ្រឿងសមុទ្រខ្លួន។
លោក បញ្ញាកា បានប្រាប់ Focus ថា៖ “ ផែកំពង់កណ្ដាល ជាកន្លែងមួយបង្ហាញពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរស់នៅខេត្តកំពត ពីព្រោះពេលល្ងាចអ្នកនេសាទចេញទូក ទៅសមុទ្រ ដែលយើងអាចឃើញនៅតាមដងព្រែក ហើយពេលត្រឡប់មកវិញនាពេលព្រលឹម មុនពេលចូលផ្ទះ ពួកគាត់ចូលផែដើម្បីបោះគ្រឿងសមុទ្រឱ្យអ្នកលក់ផ្សេងៗ ទៅលក់បន្តនៅទីផ្សារ”។
ទោះបីជា មេឃនៅងងឹត ព្រះអាទិត្យមិនទាន់រះក៏ដោយ នៅផែនេះ មានអ្នកអាជីវករជាច្រើន ជាពិសេសបងប្អូនជនជាតិខ្មែរឥស្លាម ប្រញាប់ប្រញាល់ទិញគ្រឿងសមុទ្រពីទូកនេសាទ ហើយក្រោយមក ចែកដៃ ចែកជើងគ្នា ប្រញាប់យកទៅលក់ នៅផ្សារខេត្តកំពត។ យើងក៏អាចឃើញម៉ូតូជាច្រើន ដឹកគ្រឿងសមុទ្រ ចេញពីផែយ៉ាងសកម្ម។
ស្ត្រីអាជីវករមួយរូបជាជនជាតិខ្មែរឥស្លាម ឈ្មោះសារ៉ស កាន់លុយជាច្រើនខ្ទាស់នៅនឹងដៃ ឈររង់ចាំទទួលត្រីសមុទ្រនៅមុខទូកនេសាទ បាននិយាយថា៖ “ខ្ញុំជាធម្មតា ទិញក្ដាម បង្គានិង មឹក យកទៅលក់នៅផ្សារ។ ខ្ញុំមានម៉ូយ អ្នកនេសាទ។ រាល់ថ្ងៃ ងើបមកម៉ោង ៤ព្រឹក ហើយថ្ងៃនេះទិញអស់២០មុឺនហើយ”។
នៅវេលាប្រហែលជា ម៉ោង៥ កន្លះ ទិដ្ឋភាពនៃភាពអ៊ូអរបានបន្សាយទៅបន្តិចម្ដងៗ ហើយដោយឡែក នៅអំឡុងពេលនោះ មានអ្នកធ្វើដំណើរកម្សាន្តក្នុងស្រុកមកទិញ វៃដាក់កេសយកទៅផ្ទះវិញ។
ទន្ទឹមនឹងពេលជាមួយគ្នានេះដែរ ក្រុមទូកអ្នកនេសាទ បានធ្វើដំណើរចាកចេញពី ផែបន្តើរទៅផ្ទះវិញ មើលទៅហាក់ដូចជាជាក្បួនហែ ដ៏គួរឱ្យចាប់អារម្មណ៍ នៅលើដងព្រែកកំពត។
ក្រោយបន្តិចមក យើងក៏ឃើញមានអ្នកលក់អាហារពេលព្រឹក ចាប់ផ្ដើមរៀបចំតូបលក់អាហារពេលព្រឹក នៅមួយចំហៀងទៀតនៃផែ ដូចជាគុយទាវកាត់ បបរជាដើម។ ហើយយើងក៏ឃើញអ្នកលក់បន្លែ ដាក់តម្រៀបនៅលើកៅស៊ូតង់ ក្រាលលើបេតុងក្បែរនោះផងដែរ។
ខេត្តកំពតជា ទិសដៅទេសចរណ៍ដ៏ពេញនិយម ដែលមានរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង លាយឡំជាមួយជីវភាពរបស់ប្រជាជនដ៏រស់រវើក ចាប់តាំងពីពេលព្រឹកព្រលឹមទៀបភ្លឺ រហូតដល់ពេលរាត្រី។
ដូច្នេះ ទោះបីជាទេសចរណ៍សម្រាប់តំបន់នេះ ផ្ដោតសំខាន់លើការសម្រាកលំហែកម្សាន្ត ក៏ដូចជាការរុករកនូវទីកន្លែងលាក់កំបាំងធម្មជាតិពិសេសជាច្រើនក៏ដោយ ប្រសិនបើអ្នកទៅលេងខេត្តកំពត លើកក្រោយ យើងសូមណែនាំអ្នកសាកអង្កេត មើលពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅខេត្តដ៏ចំណាស់មួយនេះវិញម្ដង៕