សិល្បករខ្មែរសហសម័យឯករាជ្យម្នាក់ ស្វែងរកចម្លើយលើចម្ងល់ពីអតីតកាល តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។
កុមារភាព គឺជាវ័យមួយដែលមនុស្សពោរពេញទៅដោយចម្ងល់ ទាក់ទងទៅនឹងវត្ថុផ្សេងៗ ការរស់នៅ ទំនៀមទំលាប់ និងរបស់របរជុំវិញខ្លួនទូទៅ។ ពេលត្រូវបានអាណាព្យាបាល ឬអ្នកចាស់ទុំនៅក្នុងផ្ទះ ប្រាប់ថាមិនឱ្យធ្វើ ឬត្រូវតែធ្វើអ្វីមួយ អ្វីដែលកុមារចង់បានបំផុត គឺការពន្យល់រាយរ៉ាប់ពីមូលហេតុ ជាជាងការកម្លាច និងហាមប្រាម។
ដូចគ្នានឹងកុមារដទៃដែរ គឹម កែវសុជាតិ នៅវ័យកុមារមានចម្ងល់ជាច្រើនទាក់ទងនឹង ជំនឿ ទំនៀមទម្លាប់ ប្រពៃណី និងពីធីសែនព្រេននានា នៅស្រុកកំណើតរបស់ខ្លួននៅឯខេត្តកំពត។ អ្នកនាង មានចម្ងល់ជាពិសេសទាក់ទងនឹងពាក្យថា “បាប”។
«ខ្ញុំតែងតែឆ្ងល់នូវពាក្យដែលចាស់ៗមួយចំនួនគាត់និយាយទៅកាន់ក្មេងៗថា “បាប”។ កុំប៉ះនេះ បាប! កុំប៉ះនោះ បាប!។ ប៉ុន្តែគាត់មិនបានពន្យល់ឱ្យបានក្បោះក្បាយនូវពាក្យទាំងអស់ហ្នឹង ទៅកាន់ក្មេងៗទេ។ ហើយធ្វើឱ្យក្មេងៗដូចជាខ្ញុំមានភាពភ័យខ្លាច ហើយរងសម្ពាធ។»
ក្នុងវ័យ២៧ឆ្នាំ សិល្បករសហសម័យឯករាជ្យរូបនេះ បានស្វែងរកចម្លើយលើចម្ងល់ទាំងនោះ តាមរយៈស្នាដៃសិល្បៈគំនូរទាំង១១ផ្ទាំងក្នុងការតាំងពិព័រណ៍ស្នាដៃទោលជាលើកទីពីរបស់ខ្លួន ដែលមានចំណងជើងថា “ហេតុអ្វីខ្ញុំចាំបាច់……?”។
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយពេលបានបញ្ចេញស្នាដៃទាំងនេះដល់អ្នកជុំវិញខ្លួន។ តាមរយៈស្នាដៃ និងសំណួរ ដែលខ្ញុំសួរនេះ ខ្ញុំចង់ឱ្យបងប្អូនខ្មែរមួយចំនួនដែលមានចម្ងល់ដូចខ្ញុំ ស្វែងរកចម្លើយទាំងអស់គ្នា។»
ការសម្ពោធដាក់ឱ្យទស្សនាជាផ្លូវការ នៅថ្ងៃអង្គារ ទី១៣ នៅផ្ទះមេត្តា (Meta House) ពិព័ណ៌ “ហេតុអ្វីខ្ញុំចាំបាច់……?” តាំងបង្ហាញគំនូរពណ៌ទឹកលើក្រណាត់ និងចម្លាក់ធ្វើពីដែកបាតលោកមួយ។ ផ្ទាំងគំនូរទាំងដប់ និង ចម្លាក់ មានចំណងជើងផ្សេងៗគ្នារួមមាន៖ «ទាន» «សម្ពាធ» «ឥទ្ធិពល» «បើក» «បិទ» «លាបពណ៌» «សីល» «ស្តាំ» «ហេតុអ្វី?» «បាវចនៈ» និង «ទាន» ចម្លាក់រាងពិភពលោកបែកបាក់ពីបាតលោក។
និយាយមកកាន់ Focus នៅក្នុងសាលពិព័ណ៌មុនពេលសម្ពោធ សុជាតិបានឱ្យដឹងថា ផ្ទាំងគំនូរដែលសុជាតិចូលចិត្តបំផុតគឺ «បាវចនៈ» ដោយលើកឡើងថា «យើងដឹងថាយើងស្ថិតនៅក្រោម បាវចនៈ បី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ប៉ុន្តែខ្លួនគិតថាមាន មនុស្សជាច្រើនស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ហើយត្រូវបានរងសម្ពាធ»។ ក្នុងផ្ទាំងគំនូរមួយនោះ សុជាតិគូរអំរែកសងខាងដើម្បីបង្ហាញពីការរងសម្ពាធ។
សម្រាប់គំនូរពណ៌ទឹកលើក្រណាត់ទាំង១០ សុជាតិបង្តើតពណ៌ពីការផ្សំពីធម្មជាតិដោយខ្លួនឯងទាំងស្រុង ហើយគូរដោយប្រើប្រាស់ធ្យូង។ ដើម្បីបានពណ៌នីមួយៗ សុជាតិស្លវត្ថុធាតុដើម ដូចជាសំបកឈើ និងគ្រឿងទេសផ្សេងៗនៅក្នុងចង្គ្រានបាយរបស់ខ្លួន ដែលនេះជាអ្វីដែលធ្វើឱ្យស្នាដៃរបស់អ្នកនាងខុសប្លែកពីសិល្បករដទៃ។
សុជាតិ បានឱ្យដឹងថា មានមនុស្សជាច្រើនគិតថា ស្នាដៃគំនូរពណ៌ទឹកលើក្រណាត់ ឆាប់ហើរពណ៌ ប៉ុន្តែក្រោយពីការធ្វើស្វ័យសិក្សាពី បច្ចេកទេសទេសផ្សេងៗ សុជាតិដឹងពីបច្ចេកទេសដែលកាត់បន្ថយការឆាប់ហើរពណ៌។
មូលហេតុដែលសុជាតិប្រើប្រាស់បច្ចេកទេសទឹកលើក្រណាត់សម្រាប់ការតាំងពិព័រណ៍លើកនេះ គឺដោយសារនាងចង់រៀនប្រើប្រាស់បច្ចេកទេសគូរប្លែកសម្រាប់ស្នាដៃសិល្បៈរបស់ខ្លួន។ សុជាតិ បានប្រាប់ថា សម្រាប់ការតាំងពិព័រណ៍លើកក្រោយ ខ្លួននឹងខិតខំរកបច្ចេកទេសទេសផ្សេងៗទៀត។
ដើម្បីបង្កើតស្នាដៃទាំងអស់សម្រាប់ការតាំងពិព័រណ៍លើកនេះ សុជាតិចំណាយពេលពីរខែពេញ។ ហើយសុជាតិ បង្កើតស្នាដៃទាំងនោះម្នាក់ឯងពីដើមដល់ចប់ ដោយគ្មានជំនួយពីនរណាឡើយ ប៉ុន្តែកម្លាំងចិត្តពីឆ្មាចិញ្ចឹមរបស់ខ្លួន។ខ្លឹមសារចម្បងដែលសុជាតិចង់ឱ្យអ្នកទស្សនាស្នាដៃទទួលយក ក្រោយពេលទស្សនាស្នាដៃរបស់ខ្លួន គឺការដែលយើងចាប់ផ្តើមពន្យល់ក្មេងៗនូវដើមហេតុ និងមូលហេតុលើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើង ជាពិសេសអំពី សាសនា ជំនឿ នឹងទំនាមទម្លាប់ ព្រោះប្រធានទាំងនេះ តែងតែមានដើមទងរបស់វា។
ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយឯកទេស «គំនូរវិចិត្រកម្ម» ក្នុងឆ្នាំ២០១៨ សុជាតិបានចាប់ផ្តើមបង្កើតស្នាដៃសិល្បៈជាច្រើន ប្រើប្រាស់បច្ចេកទេសផ្សេងៗ។ កាលពីឆ្នាំ២០១៩ សុជាតិ បានដាក់បង្ហាញស្នាដៃជាលើកដំបូង តាមរយៈផ្ទាំងគំនូរពីឆ្មារ ឆ្លើយតបទៅបញ្ហាបរិស្ថាន ប្រើប្រាស់បច្ចេកទេសគំនូរប្រភេទប្រេង (Oil Painting) នៅក្បាច់កាឡារី (Kbach Gallery)។ពិព័រណ៍ “ហេតុអ្វីខ្ញុំចាំបាច់……?” បើកឱ្យសាធារណជនទស្សនាដោយឥតគិតថ្លៃ រយៈពេលមួយខែពេញរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅផ្ទះមេត្តា (នៅចំហៀងសារមន្ទីរជាតិ)៕