ថ្វីបើវដ្តរដូវត្រូវបានទទួលស្គាល់និងចាត់ទុកថា ជារឿងធម្មជាតិមួយរបស់ស្រ្តីភេទ ប៉ុន្តែមិនមែនស្ត្រីគ្រប់រូប សុទ្ធតែមានលទ្ធភាពចំណាយលុយលើផលិតផលអនាម័យនោះទេ។

ប្រទេសស្កុតឡេន (Scotland) បានក្លាយជាប្រទេសដំបូងបង្អស់ក្នុងពិភពលោក ដែលមានច្បាប់ឱ្យប្រជាជនគ្រប់រូប ទទួលបានផលិតផលអនាម័យស្រី្តគ្រប់ប្រភេទ ដោយមិនគិតថ្លៃ នៅរាល់ពេលដែលបុគ្គលណាមួយត្រូវការ កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា កន្លងមកនេះ។
នេះ គឺជាដំណឹងដ៏គួរឱ្យត្រេកអរមួយសម្រាប់ស្រ្តី ជាពិសេសស្រ្តី ដែលរស់នៅក្នុងប្រទេសស្កុតឡេនផ្ទាល់។ ហើយនេះ ក៏ជាហេតុផលមួយដែលដាស់តឿន ស្រ្តីភេទនៅតាមបណ្តាប្រទេសនានា ឱ្យងាកមកពិចារណា លើស្ថានភាពតម្លៃនៃផលិតផលអនាម័យស្រី្តក្នុងប្រទេសខ្លួនឯងដែរ។
ច្បាប់ The Period Products (Free Provision) Bill នេះត្រូវបាន ស្នើឡើងក្នុងយុទ្ធនាការរយៈពេល៤ឆ្នាំមួយ ដើម្បីបញ្ឈប់ការមិនមានលទ្ធភាពទិញ ឬទទួលបានផលិតផលអនាម័យស្រី្ត (Period Poverty) ដោយសមាជិកសភាម្នាក់ គឺអ្នកនាង ម៉ូនីកា លិននុន (Monica Lennon)។ នៅល្ងាចថ្ងៃអង្គារ សប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា ដែលជាថ្ងៃដំណឹងល្អមួយនេះត្រូវបានផ្សព្វផ្សាយដំបូង អ្នកនាង ម៉ូនីកា បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស The Guardian ថា «ថ្ងៃនេះគឺជាថ្ងៃដែលពោពេញដោយមោទនភាពរបស់ប្រទេសស្កុតឡេន»។
ពាក្យថា «Period Poverty» បើបកប្រែចំពីអង់គ្លេសមកខ្មែរថា «ភាពក្រីក្រវដ្តរដូវ» ដែលមិនទាន់មានន័យគ្រប់គ្រាន់នៅឡើយ។ ពាក្យនេះ អាចពន្យល់ឱ្យងាយស្រួលយល់បានថា ការដែលប្រជាជនក្រីក្រ មិនមានលទ្ធភាពទិញ ឬទទួលបានផលិតផលអនាម័យស្រី្ត ដែលសមរម្យមួយ ព្រោះខ្លួនមានប្រាក់ចំណូលទាប។ បញ្ហានេះ អាចបង្កឱ្យមានកង្វះអនាម័យ ពេលមករដូវ និងបញ្ហាសុខភាពជាច្រើនទៀតចំពោះស្រ្តី។
អង្គការ ActionAid ក្នុងចក្រភពអង់គ្លេស ដែលជាស្ថាប័នធ្វើការដើម្បីកាត់បន្ថយភាពក្រីក្រសម្រាប់ស្រ្តី និងកុមារី បានចាត់ទុកបញ្ហានេះ ជាបញ្ហាប្រឈមដ៏ធំមួយរបស់ស្ត្រីនៅជុំវិញពិភពលោក ព្រោះវាផ្តល់ផលប៉ះពាល់អវិជ្ជមានផ្នែកសុខភាពយ៉ាងច្រើនដល់ស្រ្តី។ យោងតាមរបាយការណ៍របស់អង្គការដដែលនេះ បច្ចុប្បន្ន ជាមួយវត្តមានរបស់ជំងឺកូវីដ១៩ ស្ត្រីដែលជួបប្រទះ ភាពក្រីក្រវដ្តរដូវ Period Poverty បានកើនឡើង ជាពិសេស បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។
ការស្ទង់មតិមួយរបស់អង្គការ Plan International UK ដែលជាអង្គការមិនរកប្រាក់ចំណេញសម្រាប់សិទ្ធិកុមារ តាមរយៈការលើកកម្ពស់សិទ្ធិ និងសមភាពរបស់កុមារស្រីៗ នៅក្នុងឆ្នាំ២០១៧ បានរកឃើញថា ក្មេងស្រី ១នាក់ក្នុងចំណោម១០នាក់នៅចក្រភពអង់គ្លេស មិនមានលទ្ធភាពទិញផលិតផលអនាម័យស្រី្ត។ ហើយ គេបានព្យាករណ៍ថា សិស្សស្រីជាង ១៣០.០០០ ម៉ឺននាក់ ទូទាំងអង់គ្លេស ខកខានមិនបានមកសាលារៀននៅពេលខ្លួនមានរដូវ ដោយសារបញ្ហានេះ។
តួលេខទាំងនេះបាន បង្កើតឱ្យមានការពិភាក្សាក៏ដូចជាការតរស៊ូមតិមិនដាច់ស្រេចមួយ ទាក់ទងនឹង ការទាមទារចង់ឱ្យស្ត្រីគ្រប់គ្នាទទួលបានការគាំពារ និងយកចិត្តទុកលើរឿងផលិតផលអនាម័យស្រី្តនេះ។
បើសង្កេតមើលការពិភាក្សាក៏ដូចជាការតស៊ូមតិទាំងនោះ វាគ្មិនភាគច្រើនតែងតែធ្វើការប្រៀបធៀបរវាង ផលិតផលអនាម័យស្រី្ត និងស្រោមអនាម័យ។ ក្នុងនោះដែលជានិច្ចកាលគេតែងតែលើកឡើង២ថា «ការរួមភេទ គឺជាជម្រើស។ ប៉ុន្តែការមករដូវមិនមែនជាជម្រើសនោះទេ» និង «គួរតែលក់ស្រោមអនាម័យ និងចែកចាយផលិតផលអនាម័យស្រី្តដោយឥតគិតថ្លៃ»។
ក្រឡេកមកមើលស្ថានភាពនេះ នៅក្នុងប្រទេសកម្ពុជាវិញ។ យោងតាមជំរឿនឆ្នាំ ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ប្រទេសកម្ពុជាមានប្រជាជនសរុបចំនួន ១៥.២៨៨.៤៨៩ លាននាក់ ដែលក្នុងនោះ ៥១.៥% ជាស្ត្រីភេទ។ ផ្អែកលើរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាសុីក្នុងឆ្នាំ២០១៨ ១២.៩% នៃប្រជាជនកម្ពុជារស់ក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមានន័យថា ពួកគាត់រកចំនូលបានក្រោម ៣ ៧២០រៀល ក្នុងមួយថ្ងៃ។ ហើយក្នុងនោះដែល មនុស្សស្រីងាយជួបនឹងភាពក្រីក្រជាង បើប្រៀបធៀបនឹងបុរស ដោយសារគម្លាតប្រាក់ខែ។
បន្ថែមពីលើភាពងាយរងគ្រោះនឹងភាពក្រីក្រ មនុស្សស្រីពេញវ័យនៅតែ ត្រូវចំណាយលុយលើការទិញផលិតផលអនាម័យស្រី្តជារៀងខែ។ ពួកគេមិនអាចនិយាយថា «ទេ!ខែនេះខ្ញុំមិនចង់មករដូវនោះទេ»។
វដ្តរដូវរបស់មនុស្សម្នាក់ទៅមនុស្សខុសគ្នា ការមករដូវប្រចាំខែរបស់ស្ត្រីពេញវ័យអាច ពីចន្លោះ៣ទៅ៥ថ្ងៃ។ យោងតាមការណែនាំរបស់អ្នកជំនាញ សំឡីអនាម័យមួយបន្ទះ គួរតែប្រើប្រាស់ក្នុងរយៈពេល ៦ម៉ោង យ៉ាងយូរបំផុត។ ដូច្នេះសម្រាប់ការមករដូវរយៈពេល៥ថ្ងៃ ប្រសិនបើស្ត្រីផ្លាស់ប្តូរសំឡីអនាម័យរាល់៦ម៉ោងម្តង ជាមធ្យមត្រូវចំណាយអស់សំឡីអនាម័យចំនួន ២០បន្ទះ នៅពេលមករដូវម្តងៗ។
ផលិតផលអនាម័យស្រី្តដែលមានតម្លៃទាបជាងគេនៅក្នុងទីផ្សារកម្ពុជា គឺចាប់ពីចន្លោះ ២២០០ រៀល ដល់ ៣២០០រៀលក្នុងមួយកញ្ចប់ ដែលមានសំឡីអនាម័យ១០បន្ទះ។ ហើយ ការប្រើប្រាស់សំឡីអនាម័យមិនមានគុណភាពល្អទៀតសោត អាចបង្កឱ្យមានហានិភ័យជាច្រើនសម្រាប់ស្រ្តី ទៅថ្ងៃអនាគត។
ដោយសារប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ ការចែកចាយផលិតផលអនាម័យស្រី្តដោយឥតគិតថ្លៃទាំងស្រុងអាចជារឿងនៅវែងឆ្ងាយមួយ នាពេលអនាគត។ ប៉ុន្តែ អ្វីដែលប្រទេសកម្ពុជាគួរពិចារណា មុននឹងឈានដល់ការចែកចាយដោយឥតគិតថ្លៃ សម្រាប់កាត់បន្ថយបញ្ហានេះ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ គឺការបន្ធូរបន្ថយពន្ធលើផលិតផលអនាម័យស្រី្ត។ ដូចនេះ ទើបឈ្មួញកណ្តាលអាចលក់ផលិតផលអនាម័យស្រី្តគុណភាពខ្ពស់ ក្នុងតម្លៃទាបជាងនេះបាន ដើម្បីធានាថា ស្ត្រីអាចមានលទ្ធភាពទិញផលិតផលអនាម័យ ទោះក្នុងស្ថានភាពក្រីក្រក៏ដោយ។
ការដែលប្រទេសស្កុតឡេន ចែកចាយផលិតផលអនាម័យស្រី្តដោយឥតគិតថ្លៃទាំងស្រុងនេះ អាចដើរតួរជាគំរូដ៏ល្អមួយ ដើម្បីឱ្យស្រ្តីភេទទាំងក្មេងទាំងចាស់ នៅទូទាំងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា ចាប់ផ្តើមធ្វើសកម្មភាព បញ្ចេញសម្លេង តស៊ូមតិ ដើម្បីទាមទារសិទ្ធនិងសុខភាពរបស់ខ្លួន ដូចប្រជាជនស្កុតឡេនដែរ។ ពិតណាស់ វានឹងមិនមែនជាដំណើរ៤ឆ្នាំ លឿនដូចស្កុតឡេន៕