ម្ចាស់ជ័យលាភីនៅកម្ពុជា សម្រាប់កម្មវិធី She Loves Tech ២០២0 ធុរៈកិច្ចបង្កើតថ្មី “Smart Farm Assistance” ដឹកនាំដោយស្ត្រី បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រួលការងារកសិកម្ម ដែលជាវិស័យស្នូលរបស់កម្ពុជា។
កម្មវិធី She Loves Tech បានរកឃើញជ័យលាភីដំបូងប្រចាំកម្ពុជា កាលពីដើមខែតុលានេះ។ ក្រុមហ៊ុន Smart Farm Assistance នឹងធ្វើជាតំណាងកម្ពុជា ក្នុងការធ្វើបទបង្ហាញតាមប្រព័ន្ធឌីជីថល ដើម្បីប្រកួត She Loves Tech នៅថ្នាក់អន្តរជាតិ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ធុរៈកិច្ចបង្កើតថ្មី Smart Farm Assistance គឺជាម្ចាស់ជ័យលាភីលេខ១ និងជាអ្នកឈ្នះដំបូងក្នុងប្រទេសកម្ពុជាសម្រាប់កម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ។
ជ័យលាភីលេខ២ បានទៅលើ ធុរៈកិច្ចបង្កើតថ្មី ពេទ្យយើង (Peth Yoeung) និង ធុរៈកិច្ចបង្កើតថ្មី DataU Academy by Mekong Big Data ជាអ្នកម្ចាស់ជ័យលាភីលេខ៣។
អ្នកនាង ម៉េង ស្រីលីន សហស្ថាបនិករបស់ក្រុមហ៊ុន Smart Farm Assistance បានឱ្យដឹងថា ខ្លួនសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត ក្នុងគោលបំណងដើម្បីបានស្គាល់មនុស្សថ្មីៗ និងទទួលបានការណែនាំពីអ្នកមានបទពិសោធណ៍ក្នុងវិស័យធុរៈកិច្ចបង្កើតថ្មី ជាជាងការឈ្នះភ័យលាភី។
ចំពោះជ័យលាភីថ្នាក់ប្រទេសនេះ អ្នកនាង ស្រីលីន ចាត់ទុកថាជាការឈ្នះដែលមិនបានរំពឹងទុក ហើយស្រមៃទាល់តែសោះ សម្រាប់ខ្លួនផ្ទាល់ និងក្រុមការងារ ព្រោះធ្លាប់ដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រកួតក្នុងស្រុកបែបនេះច្រើនដងរួចមកហើយ និង មានគិតថាមានដៃគូរប្រកួតប្រជែងខ្លាំងៗច្រើន ។
តាមរយៈការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយ Focus ស្រីលីនបានរំឭកដល់ពេលប្រកួតថា៖ «ពេលធ្វើបទបង្ហាញ មានភាគរយតិចដែលសង្ឃឹមថាខ្លួនឯងឈ្នះព្រោះគិតថាដៃគូរប្រកួតសុទ្ធតែជា Start Up យូរជាង។ ហើយមានអារម្មណ៍ភ័យតាំងពីព្រឹករហូតពេលចេញលទ្ធផល»។
បង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Smart Farm Assistance គឺជាធុរៈកិច្ចបង្កើតថ្មីក្នុងស្រុក ប្រភេទបច្ចេកវិទ្យាប្រើក្នុងវិស័យកសិកម្ម (Agritech) ដែលផ្តល់ដំណោះស្រាយឆ្លាតវៃ ដល់ប្រជាកសិករក្នុងការស្រោចស្រពដំណាំ។ តាមរយៈឧបករណ៍ផ្សេងៗ ដែលអនុញ្ញាតឱ្យកសិករគ្រប់គ្រង និងពិនិត្យដំណាំរបស់ខ្លួនពីចម្ងាយ តាមរយៈកម្មវិធីទូរស័ព្ទ។ បច្ចុប្បន្ននេះ Smart Farm Assistance មានឧបករណ៍ពីរ គឺ ស្មាតផាំ (Smart Pump) និង ស្មាតវ៉ាល់ (Smart Valve)។
គំនិតដែលជំរុញឱ្យមានការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យានេះឡើង គឺក្រោយពេលស្រីលីន រកឃើញថា កសិករខ្មែរចំណាយពេលយ៉ាងហោចណាស់ ៣ម៉ោងក្នុងការស្រោចស្រពដំណាំដោយដៃ ដែលវាជាបង្កឱ្យមានការខ្ជះខ្ជាយទឹក និងខាតពេលវេលាជាច្រើន។
ចំពោះស្រីលីន ក្នុងនាមជាសហស្ថាបនិកមួយរូប ការឈ្នះជ័យលាភីក្នុងការប្រកួត She Loves Tech លើកនេះ គឺជាភស្តុតាងមួយដែលបង្ហាញឱ្យឃើញថា ដំណោះស្រាយរបស់ Smart Farm Assistance ពិតជាមានប្រសិទ្ធភាព និងមានអត្ថប្រយោជន៍សម្រាប់ប្រជាកសិករមែន។
ស្រីលីនបានលើកឡើងថា៖ «វាគឺជាការប្រកួតមួយដែលបង្ហាញឱ្យឃើញថា ខ្ញុំជានរណា។ បច្ចេកវិទ្យាគឺជាអ្វីដែលខ្ញុំស្រឡាញ់ខ្លាំងមែនទែន។ ការឈ្នះជ័យលាភីក្នុងការប្រកួតលំដាប់ថ្នាក់តំបន់នេះ ធ្វើឱ្យខ្ញុំមានមោទណភាពខ្លាំង ព្រោះយើងជាStart Up ថ្មីដំបូងទាក់ទងនឹងកសិកម្ម ហើយបានឈ្នះលេខ១ទៀត»។
ដើម្បីត្រៀមខ្លួនសម្រាប់វគ្គប្រកួតថ្នាក់អន្តរជាតិ អ្នកណែនាំ (Mentor) ចាត់តាំងដោយ She Loves Tech នឹងផ្តល់ជាកម្មវិធីណែនាំដល់ Smart Farm Assistance ដើម្បីពង្រឹងចំណុចខ្វះខាត លើឧបករណ៍ និងការរៀបចំបទបង្ហាញជាដើម។
ពេទ្យយើង ដែលទទួលបានជ័យលាភីលេខ២ គឺជាធុរៈកិច្ចបង្កើតថ្មី ដែលផ្តល់ដំណោះស្រាយឆ្លើយតបនឹងយុគសម័យឌីជីថល។ ប្រព័ន្ធគ្រប់គ្រងនៃកម្មវិធីពេទ្យយើង អាចជួយសម្រួល ដល់មន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងកំណត់ហេតុអ្នកជំងឺ និងចំណូលចំណាយក្នុងមន្ទីរពេទ្យ។ ក្រៅពីផ្តល់ភាពងាយស្រួលដល់មន្ទីរពេទ្យ ប្រព័ន្ធគ្រប់គ្រងនេះជួយកាត់បន្ថយការប្រើប្រាស់ក្រដាសផងដែរ។
ជ័យលាភីលេខ៣ DataUAcademyគឺជាធុរៈកិច្ចបង្កើតថ្មីដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្រៀនយុវជននិងយុវនារីជំនាន់ក្រោយពីវិទ្យាសាស្រ្តទិន្នន័យ និងណែនាំពួកគាត់ទៅឱកាសការងារផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សា។
កម្មវិធី She Loves Tech គឺជាកម្មវិធីមួយប្រកួតប្រជែងរកដំណោះស្រាយឆ្លាតវៃ ដែលបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចួូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យា។
ដោយចាប់ផ្តើមបើកទទួលពាក្យដំបូងកាលពីខែសីហាកន្លងមកនេះ កម្មវិធី She Loves Tech បានទទួលពាក្យពីក្រុមហ៊ុន start up ជាច្រើន និងជម្រុះត្រឹមធុរៈកិច្ចបង្កើតថ្មីចំនួន៧ សម្រាប់ធ្វើបទបង្ហាញនៅវគ្គផ្តាច់ព្រ័តថ្នាក់ប្រទេស។ ធុរៈកិច្ចបង្កើតថ្មីទាំង៧នោះ រួមមាន៖DataU Academy by Mekong Big Data Peth Yoeung PAPA Deliver Workingna Smart Farm Assistance Khmum Technology និង Amarita Mall។
ធុរៈកិច្ចបង្កើតថ្មីទាំងអស់សុទ្ធតែមានដំណោះស្រាយដែលផ្សារភ្ជាប់បច្ចេកវិទ្យាទៅលើបញ្ហាចោទចំពោះមុខនៅក្នុងវិស័យផ្សេងៗគ្នា ដូចជា កសិកម្ម សុខាភិបាល ធនធានមនុស្ស និង ផ្នែកសេវាកម្មផ្សេងៗ។
អ្នកចូលរួមទាំងអស់ នឹងត្រូវធ្វើបទបង្ហាញពីគំនិតអាជីវកម្មរបស់ខ្លួន ដែលរួមផ្សំនឹងវិស័យបច្ចេកវិទ្យា។ ជ័យលាភីលេខមួយថ្នាក់អន្តរជាតិ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥០០០ ដុល្លារ សម្រាប់ការបន្តអនុម័តគម្រោងនោះ៕