តើអ្វីទៅជាជំនាញទន់? ហេតុអ្វីបានជាជំនាញទន់សំខាន់សម្រាប់ការងារ?
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (Organization for Economic Cooperation and Development) បានព្យាករថា ចំនួននិស្សិតបញ្ចប់ការសិក្សានៅទូទាំងពិភពលោកនឹងកើនដល់ ៣០០លាននាក់នៅត្រឹមឆ្នាំ២០៣០ ដែលនៅឆ្នាំ២០១៣ មានចំនួន ១៣៧លាននាក់។ អ្នកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បាននិយាយនៅក្នុងសុន្ទរកថាមួយថា ស្ត្រីនិងបុរសកម្ពុជាជាង ១ម៉ឺន ៦ពាន់នាក់ចូលក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ។
ការបញ្ចប់ការសិក្សាបានបង្ហាញថា សិស្សានុសិស្សបានទទួលជំនាញគ្រប់គ្រាន់ និងបំពេញតាមតម្រូវការរបស់សាលា។ ការទទួលបានវិញ្ញាបនបត្រគឺជាភស្តុតាងដែលបង្ហាញថាពួកគេបានត្រៀមខ្លួនរួចរាល់ចូលក្នុងពិភពការងារ។ ទោះបីជាមនុស្សមួយចំនួនប្រហែលជាបានចាប់ផ្តើមធ្វើការសូម្បីតែមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្តី អ្នកខ្លះទៀតប្រហែលជាសម្រេចចិត្តមិនបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានោះទេ ហើយស្វែងរកការងារធ្វើតែម្តង។
ខណៈដែលមានជំនាញរឹងច្បាស់លាស់អាចជួយឱ្យអ្នកមានការងារសមរម្យមួយដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ជំនាញទន់ក៏មានសារសំខាន់ដូចគ្នា ឬអាចសំខាន់ជាងជំនាញរឹងទៀតផងក្នុងកាលៈទេសៈខ្លះ។ យោងតាមការស្ទង់មតិរបស់ LinkedIn ក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា អ្នកអាជីវកម្ម ៥៧% គិតថាជំនាញទន់គឺសំខាន់ជាងជំនាញរឹង។
ជំនាញរឹង ឬជំនាញបច្ចេកទេសសំដៅទៅលើជំនាញដែលអាចបណ្តុះបណ្តាល អាចបង្រៀនបាន និងអាចវាស់វែងបានរបស់បុគ្គលណាម្នាក់ដូចជាជំនាញគណនេយ្យ ធនាគារ ការរចនា ការថែទាំសុខភាព ភាសា ការរាយការណ៍ ការថតរូប ការទំនាក់ទំនង ការស្រាវជ្រាវ ឬការគ្រប់គ្រងគម្រោងជាដើម។ គេក៏អាចនិយាយម៉្យាងទៀតដែរថា ជំនាញរឹងគឺជាសំណុំនៃជំនាញដែលត្រូវការសម្រាប់ការងារ ឬមុខតំណែងជាក់លាក់មួយ។ ជាធម្មតា ជំនាញរឹងត្រូវបានរៀបរាប់នៅក្នុងការប្រកាសការងារ ហើយជំនាញទាំងនេះអាចទទួលបានតាមរយៈកម្មវិធីអប់រំ ឬការបណ្តុះបណ្តាលផ្លូវការ ដូចជានៅសាកលវិទ្យាល័យ វគ្គសិក្សាតាមអ៊ីនធឺណិត ឬកម្មវិធីផ្សេងៗ។
ជំនាញទន់គឺជាជំនាញដែលមិនត្រូវបានបង្រៀន និងបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលារៀននោះទេ។ ជំនាញជាចរិតលក្ខណៈដែលបង្ហាញថា អ្នកជាបេក្ខជនឬនិយោជិតល្អជាងអ្នកដទៃ។ ជំនាញទន់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបធ្វើការ ពីព្រោះវាផ្សារភ្ជាប់ទៅនឹងអន្តរកម្មរវាងក្រុមការងារ និងផលិតភាពនៃការងាររបស់បុគ្គលមួយ។ ជារួម ជំនាញទន់គឺមិនមែនជាជំនាញបច្ចេកទេស ហើយអាចជះឥទ្ធិពលដល់សមត្ថភាពការងាររបស់អ្នកនៅកន្លែងធ្វើការ។ ជំនាញទន់អាចអភិវឌ្ឍបានតាមរយៈការធ្វើការងារស្ម័គ្រចិត្ត ឬការផ្តល់ជូនសេវាកម្មសហគមន៍ ហើយពិបាកក្នុងការវាស់វែងមិនដូចជំនាញរឹងនោះទេ។
នៅពេលដែលកន្លែងធ្វើការមានការវិវឌ្ឍ ឬផ្លាស់ប្តូរ ការដែលមានជំនាញរឹងមួយមុខមិនអាចឱ្យអាជីពរបស់អ្នកមានការរីកចម្រើននោះទេ ក៏ប៉ុន្តែតុល្យភាពរវាងជំនាញរឹងនិងទន់អាចជួយអ្នកបាន។ យោងតាមការស្ទង់មតិរបស់សង្គមសម្រាប់ការគ្រប់គ្រងធនធានមនុស្ស (SHRM) ដែលផ្ដោតទៅលើជំនាញការងាររបស់បេក្ខជនកម្រិតចូលធ្វើការដំបូងបានបង្ហាញថា ក្រុមអ្នកគ្រប់គ្រងធនធានមនុស្សមានទំនោរស្វែងរកបេក្ខជនណាដែលមានជំនាញទន់ច្រើនជាងជំនាញរឹង ព្រោះពួកគេអាចធ្វើឱ្យក្រុមការងារទទួលជោគជ័យ។
ដោយមើលឃើញពីសារសំខាន់នៃជំនាញទន់ Focus បានពិពណ៌នាជំនាញសំខាន់ៗមួយចំនួនដែលអាចឱ្យអ្នករកការងារថ្មី និងនិស្សិតទើបបញ្ចប់ការសិក្សាអាចមានឱកាសអាចប្រកួតប្រជែងក្នុងទីផ្សារការងារ។
ជំនាញទំនាក់ទំនង
ជំនាញទំនាក់ទំនងសំដៅទៅលើសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងបង្កើតទំនាក់ទំនងល្អជាមួយអ្នកដែលនៅជុំវិញខ្លួន ហើយជំនាញនេះក៏សំដៅទៅលើអាកប្បកិរិយា ឬអត្តចរិតរបស់បុគ្គលមួយផងដែរ។ ជាមួយគ្នានេះ គេក៏កំណត់ថាជាយុទ្ធសាស្ត្រដែលមនុស្សម្នាក់ប្រើដើម្បីធ្វើអន្តរកម្មជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាព។ មិនថាជំនាញលើវិស័យការងារណានោះទេ ជំនាញទំនាក់ទំនងគឺមានសារសំខាន់ណាស់ ព្រោះវាអាចជួយអ្នកក្នុងការពង្រឹងទំនាក់ទំនងការងារបានយ៉ាងរឹងមាំជាមួយមិត្តរួមការងារ និងអតិថិជន។ មានជំនាញជាច្រើនទៀតក្នុងផ្នែកនេះ ដូចជាការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ ការយល់ចិត្តគ្នា និងការអត់ឱនជាដើម។
ជំនាញទំនាក់ទំនងក៏ទាក់ទងទៅនឹងខាងបញ្ញាអារម្មណ៍ (emotional intelligence) ព្រោះវាជាសមត្ថភាពក្នុងការឈ្វេងយល់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និងអារម្មណ៍របស់អ្នកដទៃទៀតនៅជុំវិញខ្លួន។
ការប្រាស្រ័យទាក់ទង
ការប្រាស្រ័យទាក់ទងនៅកន្លែងធ្វើការអាចសំដៅដល់អ្វីៗគ្រប់យ៉ាង។ និយាយឱ្យសាមញ្ញទៅ វាជាវិធីមួយដែលផ្តល់គំនិត យោបល់ អារម្មណ៍ ឬការណែនាំទៅកាន់មនុស្សផ្សេងទៀត ឬជាការបង្ហាញខ្លួនអ្នកតាមរយៈពាក្យសម្ដី និងការសរសេរក្នុងអំឡុងពេលបំពេញការងារ។ ជំនាញប្រាស្រ័យទាក់ទងមានសារសំខាន់ណាស់ ព្រោះវាអាចឱ្យខ្លួនអ្នក និងមនុស្សផ្សេងទៀតទទួលបាននូវសារ និងព័ត៌មានបានពេញលេញ។ ការប្រាស្រ័យទាក់ទងល្អអាចបញ្ចៀសការយល់ច្រឡំផ្សេងៗដែលអាចបង្កឱ្យមានបរិយាកាសការងារស្រស់ស្រាយ។ ការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នានៅកន្លែងធ្វើការតាមមធ្យោបាយណាក៏ដោយ ត្រូវមានភាពច្បាស់លាស់ជានិច្ច។
វិធីមួយដើម្បីភ្ជាប់ទំនាក់ទំនងក្នុងពេលប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ អ្នកគួរតែព្យាយាមយកចិត្តទុកដាក់លើការសន្ទនា បង្ហាញទំនុកចិត្ត បង្ហាញការយកចិត្តទុកដាក់ និងភាពរួសរាយរាក់ទាក់។ សព្វថ្ងៃនេះ វាជារឿងធម្មតាទេដែលនិស្សិតបញ្ចប់ការសិក្សាថ្មីៗចាំបាច់ត្រូវមានជំនាញប្រាស្រ័យទាក់ទងល្អ។
ចំណែកការប្រាស្រ័យទាក់ទងជាលាយលក្ខណ៍អក្សរ (written communication) នៅតែជាកង្វល់ដ៏ធំមួយ ជាពិសេសនៅពេលសរសេរអ៊ីមែល ព្រោះថាមាននិស្សិតសាកលវិទ្យាល័យតិចតួចណាស់ដែលអាចសរសេរអ៊ីមែលបានល្អ។ ការសិក្សាពីរបៀបនៃការសរសេរអ៊ីមែលប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះដើម្បីទទួលបានទំនាក់ទំនងកាន់តែប្រសើរ ក៏ជាជំនាញសំខាន់មួយផងដែរ។
ការធ្វើការងារជាក្រុម និងការសហការ
ក្រុមផ្នែកធនធានមនុស្សតែងតែស្វែងរកបេក្ខជនដែលមានសមត្ថភាពក្នុងការធ្វើការ និងសហការជាក្រុម ព្រោះអ្នកមិនអាចធ្វើការតែម្នាក់ឯងបានទេនៅក្នុងក្រុមហ៊ុន។ ការធ្វើការងារជាក្រុម និងការសហការសំដៅទៅលើជំនាញដែលអ្នកត្រូវការដើម្បីធ្វើការជាមួយអ្នកដទៃសម្រេចគោលដៅរួមមួយ។ បើគ្មានការធ្វើការងារជាក្រុម និងការសហការ ការឈានទៅដល់គោលដៅរួមមួយ គឺមើលទៅហាក់ដូចជាមិនអាចទៅរួចនោះទេ។ ជំនាញនេះគឺសំខាន់ណាស់ ពីព្រោះវាបង្ហាញពីភាពជាអ្នកដឹកនាំល្អ និងការប្រាស្រ័យទាក់ទងគ្នាក្នុងក្រុម ហើយជំនាញដើម្បីបង្កើតក្រុមមួយដែលមានឥទ្ធិពលត្រូវរួមមានការសម្របសម្រួល ការចូលរួម ការណែនាំ ការទំនាក់ទំនង ការបញ្ចុះបញ្ចូល ការគ្រប់គ្រងក្រុម ការផ្តល់និងទទួលយោបល់ពីគ្នា។
ជំនាញក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងជម្លោះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការងារជាក្រុម និងការសហការផងដែរ ពីព្រោះការប្រកែកគ្នានៅកន្លែងធ្វើការ គឺជារឿងធម្មតាដែលយើងអាចដោះស្រាយវាបាន ហើយនេះជាការចរចា។ ការពន្យល់ និងការទទួលយកទស្សនៈរវាងគ្នានិងគ្នាអាចជាវិធីសាស្ត្រល្អដើម្បីកំណត់ដើមហេតុនៃបញ្ហាផ្សេងៗ។
ការសម្របខ្លួន និងភាពបត់បែន
អំឡុងពេលទទួលបទសម្ភាសន៍ ក្រុមផ្នែកធនធានមនុស្សច្រើនតែងស្វែងរកអ្នកដែលមានឆន្ទៈក្នុងការរៀនសូត្រ ការផ្លាស់ប្ដូរ ឬការសាកល្បងលើអ្វីថ្មីៗដោយសារតែនៅក្នុងពិភពការងារ ការសម្របខ្លួនបាន និងការចេះបត់បែនត្រូវដើរទន្ទឹមគ្នាគ្រប់ពេលជានិច្ច។ ការសម្របខ្លួនបាន និងការចេះបត់បែនសំដៅទៅលើសមត្ថភាពក្នុងការដោះស្រាយ និងទទួលយកនូវការផ្លាស់ប្ដូរ ជាពិសេសការផ្លាស់ប្ដូរភ្លាមៗ។
ជំនាញសំខាន់ទាំងពីរនេះមានសារសំខាន់ណាស់លើគ្រប់វិស័យ ហើយជាពិសេសវាចាំបាច់ណាស់សម្រាប់ការងារផ្នែកទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងព្រឹត្តិការណ៍ និងការផ្សាយពាណិជ្ជកម្ម។ គុណសម្បត្តិផ្សេងទៀតដូចជាការតស៊ូ ភាពអត់ធន់ ភាពវិជ្ជមាន ភាពអត់ធ្មត់ទៅនឹងភាពតានតឹង ការបើកចំហក្នុងការទទួលយកគឺជាលក្ខណៈចាំបាច់ក្នុងការបត់បែនផងដែរ។
ការច្នៃប្រឌិត
វាជារឿងធម្មតាដែលនិយោជកតែងតែស្វែងរកបេក្ខជនដែលមានគំនិតច្នៃប្រឌិត។ ការច្នៃប្រឌិតត្រូវបានផ្សារភ្ជាប់ជាមួយនឹងនវានុវត្តន៍ (ការបង្កើតថ្មី)។ ការច្នៃប្រឌិតដើរតួនាទីយ៉ាងសំខាន់ក្នុងការងារ ពីព្រោះវាអនុញ្ញាតឱ្យបុគ្គលម្នាក់មានគំនិតក្រៅពីការគិតបែបបុរាណ និងប្រពៃណីតាមរយៈការណែនាំ និងការបង្កើតអ្វីថ្មីដល់កន្លែងធ្វើការ។
វាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលធ្វើការជាអ្នករចនា អ្នកនិពន្ធ និងសិល្បករ។ នេះពុំមែនមានន័យថាទាល់តែសិល្បករទើបតម្រូវឱ្យមានការច្នៃប្រឌិត ព្រោះការច្នៃប្រឌិតនៅទីនេះសំដៅលើខ្លួនអ្នកជាធនធានសម្រាប់ក្រុមហ៊ុន ឬអង្គការណាមួយ។ សូម្បីតែនៅពេលដែលអ្នកបង្ហាញគំនិតរបស់ខ្លួន អ្នកក៏គួរតែមានភាពច្នៃប្រឌិតក្នុងការបង្ហាញផងដែរ។
ក្រមសីលធម៌ការងារ
ជំនាញទន់នេះគឺជាគន្លឹះក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកនៅកន្លែងធ្វើការ។ អ្នកគ្រប់គ្រងចង់បានមនុស្សដែលមានក្រមសីលធម៌ការងារខ្ពស់ដោយមកធ្វើការទាន់ពេលវេលា បំពេញការងារប្រចាំថ្ងៃឱ្យបានទាន់ការព្រមព្រៀងនិងកាលកំណត់ និងផ្ដោតការយកចិត្តទុកដាក់និងរៀបចំការងារបានល្អ។
ក្រមសីលធម៌ការងារក៏អាចសំដៅទៅលើសមត្ថភាពក្នុងការធ្វើការដោយគ្មានការណែនាំច្រើនពីអ្នកដទៃផងដែរ។ ជាមួយនឹងក្រមសីលធម៌ការងារខ្ពស់ វាបង្ហាញថាអ្នកផ្តល់តម្លៃទៅលើការងារ ឬមុខតំណែងរបស់ខ្លួន ហើយក្រមសីលធម៌ការងារក៏អាចលេចចេញក្នុងទ្រង់ទ្រាយជាអាកប្បកិរិយាវិជ្ជមាន ភាពទៀងពេល ការគោរពវិន័យ ការទទួលខុសត្រូវ ភាពមានវិជ្ជាជីវៈ ការប្ដេជ្ញាចិត្ត ការលះបង់ និងឯករាជភាព ព្រមទាំងភាពជឿជាក់៕