សយ ពិសីជាយុវតី ជនជាតិដើមភាគតិចព្រៅ (Brao) ដំបូងបង្អស់ ដែលទទួលបានការអប់រំនៅក្រៅប្រទេស។ ក្នុងដំណើរឈោងចាប់យកការអប់រំ ពិសីមានក្តីស្រម៉ៃ ចង់បញ្ចប់វដ្តនៃភាពក្រីក្រក្នុងគ្រួសាររបស់ខ្លួន អមជាមួយនឹងគោលដៅចូលរួមចំណែក ផ្លាស់ប្តូរផ្នត់គំនិតសហគមន៍របស់ខ្លួនទៅលើការសិក្សា។
កត្តាជីវភាព និងការធ្វើដំណើរផ្លូវឆ្ងាយទៅសាលារៀន ជាហេតុផលចម្បងមួយ ក្នុងការបោះបង់ចោលការសិក្សារបស់សហគមន៍ជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមជនជាតិដើមភាគតិច ដែលមានអាយុត្រឹម១៥ឆ្នាំ មានជាង៦៦%ដែលមិនបានចូលរៀន។ ក្នុងនោះ ២៤% បានបញ្ចប់បឋមសិក្សា ហើយមានតែ ១៤%ប៉ុណ្ណោះ ដែលកំពុងសិក្សានៅអនុវិទ្យាល័យ ឬខ្ពស់ជាងនេះ។
សយ ពិសី គឺជាជនជាតិដើមភាគតិច ព្រៅ ដែលបានធំធាត់នៅក្នុងខេត្តរតនគិរី។ ពិសី បានយកកត្តាជីវភាពរបស់ខ្លួន ជាចំណុចជំរុញទឹកចិត្តខ្លួនឯង តស៊ូពុះពារ ក្នុងការស្វែងរក អាហារូបករណ៍ដើម្បីទៅសិក្សានៅបរទេស។ ដោយសារការខិតខំប្រឹងប្រែង នាងទទួលបានអាហារូបករណ៍ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទៅសិក្សានៅប្រទេសន័រវែស រហូតបានបន្តការកម្រិតឧត្តមសិក្សា ជំនាញការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) នៅសាកលវិទ្យាល័យមេតូឌីស (Methodist University) សហរដ្ឋអាមេរិក។
បច្ចុប្បន្ន សយ ពិសី ជាមន្ត្រីទំនាក់ទំនងប្រចាំអង្គការសហព័ន្ធសាលារៀនពិភពលោក (UnitedWorld School) ជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់កម្រៃ ដែលធ្វើការលើវិស័យអប់រំសម្រាប់កុមារ នៅក្នុងជនបទដាច់ស្រយាលនៅក្នុងកម្រិតបឋមសិក្សា។
Focus បានសហការជាមួយកម្ពុអ៊ែរ៉ា ធ្វើបទសម្ភាសន៍ជាមួយ កញ្ញា សយ ពិសីដើម្បីស្វែងយល់ពីដំណើរជីវិតតស៊ូក្នុងការសិក្សា និងការងារក្នុងការលើកកម្ពស់ការយល់ដឹង ចំពោះការអប់រំនៅក្នុងសហគមន៍របស់ខ្លួន។
១. ហេតុអ្វីបានជាបងជ្រើសរើសត្រឡប់មកធ្វើការនៅក្នុងស្រុកកំណើតវិញ ក៏ដូចជាចាប់អារម្មណ៍ធ្វើការក្នុងវិស័យអប់រំ និងការលើកកម្ពស់សិទ្ធរបស់ជនជាតិភាគតិច?
ចាប់តាំងពីពេលដែលខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត ដើម្បីសិក្សា ខ្ញុំតែងតែគិតថា ពេលដែលរៀនចប់ ខ្ញុំនឹងត្រឡប់មកធ្វើការនៅក្នុងស្រុកខ្មែរវិញ ទោះបីខ្ញុំមានលទ្ធភាពបន្តរស់នៅ ដើម្បីធ្វើការនៅទីនោះក៏ដោយ។
ខ្ញុំគិតថានៅទីនោះ គេមានធនធានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅខ្មែរយើងវិញទេ ដែលនៅមានកម្រិត។ ជាពិសេសនៅក្នុងខេត្តរបស់ខ្ញុំ គឺធនធានមនុស្សសម្រាប់ប្រើប្រាស់ នៅមានតិច។ ម្យ៉ាង វាចំជំនាញផ្នែកទំនាក់ទំនងរបស់ខ្ញុំ ពីសាកលវិទ្យាល័យ ហើយខ្ញុំស្រឡាញ់វិស័យអប់រំ និងចូលចិត្តធ្វើការងារនៅអង្គការដែលមិនរកប្រាក់កម្រៃ។ អ្វីដែលសំខាន់ ការត្រឡប់មកវិញ ខ្ញុំអាចជួយធ្វើការងារ ជាផលប្រយោជន៍ដល់សហគមន៍ និងមានអារម្មណ៍ថាសប្បាយចិត្ត និងកក់ក្តៅ។
ជាពិសេសការងាររបស់ខ្ញុំសព្វថ្ងៃ អាចចូលរួមចំណែកជួយដល់ការអប់រំ និងសហគមន៍ តាមរយៈការសរសេរ ករណីសិក្សា ដែលរៀបរាប់ពីការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងបញ្ហាដែលពួកគេជួបប្រទះ។ ករណីសិក្សាទាំងនេះ វាជាព័ត៌មានដ៏សំខាន់ ក្នុងការស្វែងរកជំនួយដើម្បីអភិវឌ្ឍ និងកែប្រែបញ្ហាផ្នែកអប់រំ ជាពិសេស វាជាគំរូសំខាន់ ដើម្បីបង្ហាញទៅសហគមន៍ផ្សេងៗដទៃទៀត ដើម្បីអនុវត្តតាម។
២. តើការងារនេះបានផ្លាស់ប្តូរអ្វីខ្លះដល់ជីវិតបង និងសហគមន៍?
ចំណុចសំខាន់ទីមួយ គឺផ្តោតទៅលើការបង្កើតឱកាសចូលរៀន ដែលជាមូលដ្ឋានគ្រឹះសំខាន់ ក្នុងណែនាំឱ្យក្មេងៗនៅតំបន់ដាច់ស្រយាល មានឱកាសបានចូលរៀន។ តាមរយៈការងាររបស់យើង គឺការព្យាយាមធ្វើយ៉ាងណាឲ្យសិស្សបានចូលរៀនច្រើន។ ទីពីរ គឺទប់ស្កាត់ការបោះបង់ចោលការសិក្សា។ ក្នុងសហគមន៍គោលដៅទាំង៦០ នៅក្នុងខេត្តរតនគិរី យើងអាចនិយាយបានថា បើមួយសហគមន៍មានសិស្ស១០០នាក់ មិនប្រាកដថាទាំង១០០នាក់នឹង បានបន្ត ទៅភូមិសិក្សានោះទេ។ ប៉ុន្តែ បើយើងប្រៀបធៀបវិញ ពីដើមឡើយ គឺពួកគាត់មិនមានឱកាសបានសិក្សា និងការសិក្សាគ្រប់កម្រិតថ្នាក់បែបនេះនោះទេ។ ជនជាតិដើមភាគតិច រស់នៅក្នុងកន្លែងមួយ ដែលមិនមានឱកាស ទោះបីពេលខ្លះពួកគាត់យល់ដឹងពីតម្លៃនៃការអប់រំក៏ដោយ។ ពួកគាត់គ្មានឱកាសបានរៀនសូត្រ ដោយសារសាលាឆ្ងាយពេក ជាពិសេសក្មេងស្រី។ ប៉ុន្តែឥឡូវពួកគាត់ទទួលបានឱកាសច្រើនជាងមុន ហើយការសម្រេចចិត្ត គឺនៅតែជារបស់ពួកគាត់ថា តើគាត់ចង់ប្រើប្រាស់វាដោយរបៀបណា។
៣. តើបងបានជួបប្រទះឧបសគ្គអ្វីខ្លះក្នុងបំពេញការងាររបស់បង ក៏ដូចជាឲ្យអ្នកដទៃមើលឃើញពីបញ្ហានៃការមិនទទួលបានការអប់រំ?
សម្រាប់ការងាររបស់ខ្ញុំ គឺខ្ញុំត្រូវធ្វើការច្រើនជាមួយសហគមន៍ អាជ្ញាធរក្នុងមូលដ្ឋាន និងរដ្ឋាភិបាលថ្នាក់ខេត្ត។ ដោយសារខ្ញុំទើបតែចាប់ផ្ដើមធ្វើការនេះ ចំណេះដឹងទាក់ទងនឹងការធ្វើការជាមួយរដ្ឋាភិបាលនៅតិច។ សម្រាប់ខ្ញុំ វាមានបញ្ហាប្រឈមមួយទៀត គឺការស្នើសុំតស៊ូមតិផ្សេងៗពីសហគមន៍ ទៅដល់រដ្ឋាភិបាល។ ប៉ុន្តែ ក៏មានជំនួយ និងការគាំទ្រផ្សេងៗពី អាជ្ញាធរថ្នាក់មូលដ្ឋានដែរ។
ទាក់ទងនឹងក្រុមគោលដៅ ដោយសារភាគច្រើន ពួកគាត់ជាអ្នកស្រែចម្ការ និងរស់នៅភូមិឆ្ងាយ ហើយទីតាំងស្រែចម្ការរបស់ពួកគាត់រឹតតែឆ្ងាយទៀត។ ពេលខ្លះ ពួកគាត់ត្រូវផ្លាស់ទីលំនៅ
តាមរដូវកាលធ្វើស្រែចម្ការរបស់គាត់។ ជាហេតុធ្វើឱ្យក្មេងៗ ត្រូវផ្លាស់ទីទៅតាមឪពុកម្តាយ និងត្រូវផ្អាកការសិក្សា ឬមិនបានជាប់លាប់ ហើយកម្លាំងរបស់ពួកគាត់ក៏រាងអន់ថយ ទៅតាមនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែព្យាយាមជានិច្ច។
៤. តើបងធ្វើយ៉ាងណា ដើម្បីឲ្យពួកគាត់យល់និងឲ្យតម្លៃលើការងារបង និងចូលរួមធ្វើឲ្យមានការផ្លាស់ប្តូរលើវិស័យអប់រំ?
ខ្ញុំគិតថាពួកគាត់យល់ ហើយពួកគាត់មានសិទ្ធិក្នុងសម្រេចថា រៀនតឬមិនរៀនត។ ប៉ុន្តែចំណុចនេះ ក៏វាទាក់ទងនឹងវដ្តនៃភាពក្រីក្រផងដែរ។ ប្រសិនបើពួកគាត់ធ្លាប់ទទួលបានការរៀនសូត្រ ការគិតគូររបស់គាត់ប្រាកដជាបានវែងឆ្ងាយ ហើយការតាំងចិត្តខ្ពស់ទៅតាមនោះដែរ។ ប៉ុន្តែ ប្រសិនបើពួកគាត់មិនធ្លាប់ទទួលបានការអប់រំសោះ វាជាបញ្ហាប្រឈមមួយដែលជំរុញឱ្យ ពួកគាត់មិនជ្រើសរើសការសិក្សា និងមើលឃើញពីតម្លៃរបស់វា។
ដំណោះស្រាយមួយ ដើរតួចម្បងគឺ ពីមួយជំនាន់ទៅមួយជំនាន់ ក្នុងគ្រួសារនីមួយៗ គួរតែមាននរណាម្នាក់ ដែលអាចផ្ដាច់វដ្ដនៃភាពក្រីក្រនោះសិន។ ហេតុនេះក្នុងនាមជាអ្នកផ្តល់សេវា និងគាំទ្រ ការចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់សិស្សនិងឪពុកម្តាយសិស្ស ឲ្យគាត់ស្វែងយល់ពីគោលដៅ និង សារៈសំខាន់នៃការសិក្សា ដែលជំរុញឱ្យពួកគាត់មានដើរចេញពីវដ្ដនៃភាពក្រីក្របាន។ ជាពិសេស ការសហការជាមួយនឹងរដ្ឋាភិបាល និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ជាការងារចាំបាច់ ដែលអាចចែកចាយព័ត៌មានទាំងនេះបានរហ័ស និងមានប្រសិទ្ធិភាព។
៥. តើបងគិតថាយុវជនអាចធ្វើអ្វីបានខ្លះ ក្នុងការបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាន ក្នុងសហគមន៍របស់ខ្លួន?
អ្វីដែលខ្ញុំគិតថា សិស្សានុសិស្សអាចធ្វើបាន ឬក៏អ្នកផ្តល់សេវាអប់រំ អាចធ្វើបានបន្តទៀតនោះ គឺការលើកទឹកចិត្ត ឲ្យសិស្សមានគោលដៅនៅក្នុងជីវិតរបស់ពួកគាត់។ ព្រោះពេលដែលធ្វើមួយដោយគ្មានគោលដៅ គឺយើងធ្វើដើម្បីឱ្យតែរួចមួយពេលនោះទេ។ ជាហេតុ នៅពេលយើងជួបឧបសគ្គ វាធ្វើឲ្យយើងងាយនឹងបោះបង់៕
ទាក់ទងនឹងការផ្តល់ការអប់រំសម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជា អ្នកអាចស្វែងរកបន្ថែមតាមរយៈ ក្រសួងអប់រំយុវជន និង កីឡា ក៏ដូចជា អង្គការយូនីសេហ្វ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការផ្សេងៗទាក់ទងនឹងសហគមន៍ជនជាតិដើមភាគតិច សមាគមយុវជនជនជាតិដើមភាគតិចនៅកម្ពុជា ជាដើម៕