មានមនុស្សមិនតិចនាក់ទេ ដែលកើតទុក្ខព្រួយ គេងមិនលក់ នឿយហត់ ដោយសារការរាតត្បាតជាសកល របស់ជំងឺកូវីដ១៩។ ប៉ុន្តែតើអ្នកដឹងទេថា ការកើតទុក្ខមានដំណាក់កាល និងការវិវត្តន៍របស់វា? ហើយតើយើងអាចរៀនបានអ្វីខ្លះ ពេលដែលយើងដឹងពីដំណាក់កាលនៃទុក្ខព្រួយរបស់ខ្លួនយើងផ្ទាល់?
មនុស្សគ្រប់រូប ជៀសមិនផុតពីការកើតទុក្ខនោះទេ។ ការបាត់បង់មនុស្សជាទីស្រលាញ់ បញ្ហាវិបត្តិក្នុងគ្រួសារ ការបាត់បង់ការងារ ការជួបប្រទះបញ្ហាពិបាកក្នុងការដោះស្រាយ ឬការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក សុទ្ធតែអាចធ្វើឱ្យអ្នកជួបនូវ សេចក្តីទុក្ខបុកម្នេញ សោកសង្រេង។
ប្រសិនបើអ្នកកំពុងគេងឱបទុក្ខព្រួយនាពេលនេះ តើអ្នកដឹងទេថា អ្នកកំពុងស្ថិតនៅដំណាក់កាលណា?
Focus សូមណែនាំការស្រាវជ្រាវរបស់គ្រូពេទ្យឯកទេសវិកលវិទ្យា គឺអ្នកស្រី Elisabeth Kübler-Ross ដែលអ្នកស្រីបានរកឃើញ នៅក្នុងឆ្នាំ ១៩៦៩ បន្ទាប់ពីធ្វើការសិក្សាអស់រយៈពេលជាច្រើនឆ្នាំទៅលើអ្នកជំងឺរបស់ខ្លួន។ អ្នកស្រី បានពិពណ៌នាដំណើរនៃសេចក្តីទុក្ខព្រួយជា ៥ ដំណាក់កាលសំខាន់ៗរួមមាន៖
ការបដិសេដ (Denial)
ឧទាហរណ៍ថា អ្នកត្រូវបញ្ឈប់ពីការងារជាទីពេញចិត្តរបស់អ្នក មនុស្សជាទីស្រលាញ់បានស្លាប់ ដោយសារជំងឺកូវីដ១៩ អ្នកត្រូវបានគ្រូពេទ្យវិនិច្ឆ័យរោគថាមានជំងឺមហារីកដំណាក់កាលចុងក្រោយ អាជីវកម្មរបស់អ្នកត្រូវក្ស័យធន។
ទាំងនេះសុទ្ធតែជាដំណឹង ដែលពិបាកនឹងទទួលយក។ នៅក្នុងដំណាក់កាលដំបូងនេះ អ្នកធ្វើការបដិសេធ និងមិនអាចទទួលយកបាននូវអ្វី ដែលកំពុងកើតឡើងចំពោះខ្លួនបានឡើយ។ អ្នកនឹងមានគិតថា វាអាចជាការយល់ច្រឡំ ឬមានកំហុសឆ្គងអ្វីមួយ ដែលមិនមែនជាការពិតនោះទេ។ការបដិសេធនេះ ជាការការពារខ្លួនតាមបែបធម្មជាតិ( defence mechanism) ដែលមានតាំងពីកំណើតរបស់មនុស្ស ហើយវានឹងចេញមកដោយឯកឯង នៅពេលដែលអ្នកជួបប្រទះនូវអ្វីមួយដែលមិនល្អ។
ការខឹងសម្បារ (Anger)
នៅពេលអ្នកចាប់ផ្តើមមើលឃើញនូវការពិតជាក់ស្តែង កំហឹងអាចចាប់ផ្តើមកើតមានឡើងដូចគ្នា។ ជាធម្មតា នៅក្នុងដំណាក់កាលនេះ អ្នកនឹងមានការខឹងសម្បារ ហើយសួរថា «ហេតុអ្វីរឿងរ៉ាវនេះធ្លាក់មកលើរូបខ្ញុំ? ឯណាទៅយុត្តិធម៌? វាមិនសមជាអីចឹងនោះទេ! ទេវតាគ្មានភ្នែក! និងខ្ញុំមិនសុខចិត្តទេ»ជាដើម។
អ្នកស្រាវជ្រាវ និងអ្នកជំនាញសុខភាពផ្លូវចិត្ត បានយល់ស្របថា កំហឹង គឺជាដំណាក់កាលចាំបាច់នៃសេចក្តីទុក្ខព្រួយ។ អារម្មណ៍ខឹងកាន់តែឆាប់មាន អ្នកកាន់តែឆាប់ជាសះស្បើយ។ ហើយវាមិនមែនជាវិធីសាស្ត្រល្អនោះទេ ក្នុងការដាក់គំនាបផ្លូវចិត្តខ្លួនឯង មិនឱ្យខឹង ព្រោះនេះ គឺជាការឆ្លើយតបតាមបែបធម្មជាតិរបស់មនុស្ស។
ការចរចារ (Bargaining)
មកដល់ចំណុចនេះ អ្នកនៅតែអាចមានការមិនអស់ចិត្ត និងចោទសួរខ្លួនឯង ដោយប្រើថាពាក្យដដែលៗថា«ឧបមាថា» និង«ប្រសិនបើ» ព្រោះអ្នកនៅតែគិតថា ការពិតមិនសមជាបែបនេះទេ។ ហើយប្រសិនបើ អ្នកជាបុគ្គល ដែលមានជំនឿទៅលើ សាសនាវិញ អ្នកច្បាស់ជាព្យាយាមបួងសួង បន់ស្រន់ នឹងព្រះរបស់អ្នក ដោះដូរនឹងការជាសះស្បើយ ឬក្តីរំពឹងទុកដែលអ្នកចង់បាន នោះមកវិញ។
ការចរចារ ឬការតវ៉ា (នឹងព្រហ្មលិខិត)អាចជាទង្វើដែលអ្នកធ្វើ ដើម្បីប្រឆាំងនឹងអារម្មណ៍សោកសៅ ហើយបញ្ឈប់ភាពទុក្ខព្រួយ និងឈឺចាប់មួយរយៈ។
ជំងឺបាក់ទឹកចិត្ត(Depression)
ដើរមកដល់ជំហាននេះ មានន័យថាអ្នកកំពុងរស់នៅបច្ចុប្បន្នភាព ហើយទទួលយកនូវអ្វី ដែលបានកើតឡើងមកលើអ្នក ទាំងខ្លោចផ្សា។ ហើយវាជាអារម្មណ៍ខ្លោចផ្សានេះ ជាអ្វីដែលអ្នកជៀសមិនផុត។ អ្នកអាចគិតថា ជីវិតរស់ដោយគ្មានន័យ គ្មានក្តីសង្ឃឹមតទៅមុខ មិនចង់ជួបអ្នកដទៃ មិនអាចប្រឈមមុខនឹងពិភពលោកខាងក្រៅទៀតបាន មានគំនិតចង់ធ្វើអត្តឃាត និងអាការៈមិនប្រក្រតីផ្សេងទៀត។
ប្រសិនបើអ្នកគិតថា អ្នកមិនអាចឆ្លងផុតដំណាក់កាលនេះបាន អ្នកគួរតែរកជំនួយពីអ្នកជំនាញផ្លូវចិត្ត និងក្រុមគ្រូពេទ្យ ពីព្រោះបញ្ហានេះអាចដោះស្រាយបាន ហើយអ្នកក៏មិនឯកោនោះទេ។
ការទទួលយក(Acceptance)
ដំណាក់កាលចុងក្រោយនៃការកើតទុក្ខគឺ ការទទួលយក។ វាមិនមានមែនន័យថា«មិនអីទេ ដែលមនុស្សខ្ញុំស្រលាញ់បានស្លាប់»។ ផ្ទុយទៅវិញ អ្នកនឹងយល់ថា «មនុស្សដែលខ្ញុំស្រលាញ់បានស្លាប់ទៅហើយ ប៉ុន្តែខ្ញុំនឹងមិនអីទេ»។ អ្នកអាចចាប់ផ្តើមមានស្ថេរភាពផ្លូវអារម្មណ៍ ហើយបើកចិត្តទទួលយកការពិតទាំងស្រុង។
ប៉ុន្តែនៅក្នុងការរស់នៅប្រចាំថ្ងៃ អ្នកដឹងខ្លួនថា នៅតែមានថ្ងៃខ្លះអាក្រក់ ដែលធ្វើឱ្យអ្នកពិបាកចិត្ត និងមិនអាចគ្រប់គ្រងអារម្មណ៍បានដូចគ្នា។ ប៉ុន្តែ អ្នកក៏ដឹងខ្លួនថា ថ្ងៃល្អៗ មានច្រើន ជាងថ្ងៃអាក្រក់។ ម្យ៉ាងទៀត ក្នុងដំណាក់កាលនេះ អ្នកអាចដកខ្លួនចេញពីស្រមោលអន្ធកាលអន្ទោលតាមប្រាណ ហើយចាប់ ផ្តើមមានទំនាក់ទំនងសារជាថ្មីជាមួយសង្គម។
យោងតាមការស្រាវជ្រាវនោះដែរ បានរកឃើញថា មនុស្សគ្រប់រូបនៅពេលកើតទុក្ខអាចនឹងមិនឆ្លងកាត់ដំណាក់កាលដ៏លំបាកទាំងប្រាំនោះទេ ហើយក៏ប្រហែលជាមិនឆ្លងកាត់វាតាមលំដាប់នោះដែរ។ ទម្ងន់នៃទុក្ខព្រួយ ឬបញ្ហារបស់មនុស្សម្នាក់ៗ អាចខុសៗពីគ្នា។ អ្នកខ្លះអាចឈានដល់តំណាក់កាលចរចារសិន ទើបមានអារម្មណ៍ខឹង ឬបដិសេធនៅតាមក្រោយ។
ការយល់ដឹងពីដំណាក់កាលនៃការកើតទុក្ខ អាចជួយអ្នកធ្វើដំណើរនៅលើផ្លូវទុក្ខ ជាមួយនឹងអារម្មណ៍មួយ ដែលអ្នកដឹងក្នុងចិត្តថាអ្នកនៅទីណា ហើយអ្នកអាចធ្វើព្យាករណ៍ថាអារម្មណ៍អ្វី ដែលអ្នកអាចប្រឈមមុខបន្ទាប់ទៀត។ ជាពិសេសសម្រាប់សង្គមខ្មែរ ការស្វែងរកជំនួយពីក្រុមគ្រូពេទ្យ ឬ អ្នកជំនាញចិត្តសាស្ត្រ នៅពេលមានវិបត្តិ មិនមែនជារឿង ដែលគួរឱ្យអៀនខ្មាស់ ឬឥតប្រយោជន៍នោះទេ។