ការយល់ច្បាស់ពីជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ជាបំនិនដ៏ចាំបាច់មួយ ដែលអាចយកមកប្រើប្រាស់ពេញមួយជីវិត។ ជាពិសេស វាជាតម្រូវការសំខាន់ ដែលអាចធ្វើឱ្យអ្នកកាន់តែមាន ភាពងាយស្រួលក្នុងការសិក្សា ពេលធ្វើការ និងការរស់នៅប្រចាំថ្ងៃ។
ជំនាញប្រាស្រ័យទាក់ទង គឺជាសមត្ថភាពក្នុងការស្តាប់ ការយល់ ការបញ្ជូន និងការបំលែងព័ត៌មានតាមរយៈពាក្យសម្តី កាយវិការ ការមើលឃើញ និងការសរសេរ។ ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។
ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ជាដើម។
ដូច្នេះហើយ ថ្ងៃនេះ ផតខាស់គួរក្រៅម៉ោងរបស់ Focus នឹងចែករំលែកនូវចំនុចសំខាន់ៗមួយចំនួន ដែលយើងបានតាមរយៈការសិក្សារបស់ Office+SpacelQ និង Cardware ដែលអាចជួយឱ្យមនុស្សមានវ័យខុសគ្នា អាចមកប្រើប្រាស់ៗ ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។
1. ស្គាល់ពីជំនាន់ ឬវ័យ
Embed from Getty Imagesយោងតាមការស្រាវជ្រាវរបស់ Pew Research Center ជាស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ជំនាន់ត្រូវបានបែងចែកជា៥ធំៗ រួមមាន Gen Z (1997-2012), Millennials (1981-1996), Gen X(1965-1980), Baby Boomers (1946-1964), Silent (1928-1945)។
ក្នុងនោះនៅពេលនិយាយអំពីការប្រាស្រ័យទាក់ទង អ្វីដែលមនុស្សភាគច្រើនមើលរំលងនោះគឺ ការកត់សម្គាល់ពីចំណូលចិត្ត និងគុណតម្លៃខុសគ្នារបស់ជំនាន់នីមួយៗ ។ ឧទាហរណ៍ ជំនាន់Z ជាជំនាន់យុគសម័យឌីជីថល ដែលពួកគេចូលចិត្តភាពរហ័ស និងការកម្សាន្ត។ សម្រាប់ជំនាន់Y ពួកគេមានទំនោរទៅលើការបញ្ចេញមតិខ្លួនឯង ដែលរាល់សកម្មភាពមានមតិជាតំណាង។ ចំណែកឯជំនាន់X មានទំនោរក្នុងការទទួលខុសត្រូវរួម ចង់មានដៃគូ ជំនួយ និងការគាំទ្រពីមនុស្សជុំវិញខ្លួន។ ហេតុនេះ នៅពេលដែលអ្នកស្គាល់ពីវ័យប្រហាក់ប្រហែលរបស់បុគ្គលនោះ វាមានភាពងាយស្រួលក្នុងការចាប់ផ្តើម កិច្ចសន្ទនាជាមួយពួកគាត់ និងជ្រើសរើសប្រធានណាដែលសមរម្យក្នុងមកលើកនិយាយ។
2. ការប្រើប្រាស់ពហុទំនាក់ទំនង
Embed from Getty Imagesជំនាន់នីមួយៗមានរបៀបក្នុងការទំនាក់ទំនងខុសៗពីគ្នា ដែលពេលខ្លះវាអាចបង្កជាការលំបាកសម្រាប់ជំនាន់នីមួយៗក្នុងការទំនាក់ទំនង និងសហការគ្នាប្រកបដោយប្រសិទ្ធភាព។ ឧទាហរណ៍ដូចជាជំនាន់ចាស់ៗ (GenX) គាត់អាចមានទំនោរប្រើការទំនាក់ទំនងមួយទល់នឹងមួយ ការប្រើទូរស័ព្ទ និងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរជាដើម។ ស្របពេលដែល ជំនាន់ថ្មីៗ ( Millinnials និង GenZ) ទំនោរជាចូលចិត្តផ្ញើុអីម៉ែល ផ្ញើសារ និងការប្រាស្រ័យទាក់ទងតាមបណ្ដាញសង្គមជាដើម។ ហេតុនេះ បើអ្នកដឹងថា នៅក្នុងក្រុមរបស់អ្នកមានសមាជិក ដែលមានវ័យ និងចំណង់ចំណូលចិត្តខុសគ្នា ក្នុងការប្រាស្រ័យទាក់ទង។ ការផ្តល់ជម្រើសច្រើនក្នុងការទំនាក់ទំនងជាចំណុចមួយដែលសំខាន់ ដូចជាបង្កើតការប្រាស្រ័យទាក់ទងចម្រុះ ដោយពាក្យនិយាយដោយផ្ទាល់ ការសរសេរ និងបែបឌីជីថល នឹងអនុញ្ញាតឱ្យ មនុស្សជំនាន់ទាំងអស់មានពហុទំនាក់ទំនងរវាងគ្នា និងគ្នាកាន់តែស្និទ្ធស្នាល។
3. គោរពគ្នាទៅវិញទៅមក
Embed from Getty Imagesមិនថាយើងចាស់ ឬក្មេងនោះទេ យើងតែងចង់បានការគោរពដូចគ្នា។ អ្នកចំណូលថ្មីត្រូវគោរពមនុស្សជំនាន់មុនដែលមា នបទពិសោធន៍ការងារច្រើន។ ជាមួយគ្នាដែរជំនាន់ចាស់ក៏ត្រូវគោរពទេពកោសល្យ និងសក្ដានុពលរបស់ក្មេងជំនាន់ក្រោយ ដូចគ្នា។ គន្លឹះក្នុងការបង្កើនប្រសិទ្ធិភាពប្រាស្រ័យទាក់ទងឆ្លងជំនាន់គឺការយល់ និងទទួលយកភាពខុសគ្នារបស់គ្នាទៅវិញ ទៅមក បូកផ្សំជាមួយការជួយជំរុញទឹកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកលើបែបផែននៃការងារនីមួយៗ។
4. រៀនសូត្រពីគ្នាទៅវិញទៅមក
មនុស្សម្នាក់ៗមុននឹងចាប់ផ្តើមនិយាយទៅកាន់នរណាម្នាក់ តែងតែមានគោលបំណងរៀងៗខ្លួន។ ក្នុងនោះផងដែ រគោលបំណងសំខាន់មួយ ដែលអ្នកមិនគួរបោះបង់ចោលនោះគឺ ការរៀនសូត្រពីគ្នាទៅវិញទៅមក។ នៅពេលណា ដែលអ្នកបើកចិត្តទូលាយក្នុងការស្គាល់ និងរៀនសូត្រពីមនុស្សជុំវិញខ្លួន មិនថាអ្នកមានវ័យខុសគ្នាប៉ុណ្ណា ឬគំនិតខុសយ៉ាងណានោះទេ វាអាចជួយអ្នកទទួលបានចំណេះដឹងថ្មីៗបន្ថែម និងចៀសវាងការខ្វែងគំនិតគ្នា ព្រមទាំងការមិនចុះសម្រុងគ្នាផងដែរ៕