ការប្រកបអាជីពជាអ្នកសិល្បៈ គឺជាអ្វីដែល ម៉ន ជាមិនហ៊ានប្រាថ្នាទាល់តែសោះ។ ជាពិសេស នៅពេលធ្លាក់ខ្លួនពិការភ្លាមៗ។

មនុស្សគ្រប់រូបមានវិធី បរិយាយ រ៉ាយរ៉ាប់ និងបង្ហាញ ពីបទពិសោធន៍ ក៏ដូចជារឿងរ៉ាវជីវិតខុសៗគ្នា ដូចជា ការសរសេរ ការនិយាយចែករំលែកជាសាធារណ ឬ តាមកម្រងរូបថតជាដើម។ ចំពោះអ្នកធ្លាប់ឆ្លងកាត់ រឿងរ៉ាវអាក្រក់ ឬធ្លាប់រងការប៉ះទង្គិចផ្លូវចិត្តក្នុងជីវិត សិល្បៈគំនូរ គឺជាទម្រង់សិល្បៈមួយប្រភេទដែលអនុញ្ញាតឱ្យពួកគាត់បញ្ចេញអារម្មណ៍ក្នុងចិត្តបាន។
លោកម៉ន ជា វ័យ៣០ឆ្នាំ ជាសិល្បករពិការដៃទាំងសងខាង ជ្រើសរើសលាតត្រដាងដំណើរជីវិតរបស់ខ្លួនឯងតាមរយៈផ្ទាំងគំនូរ ប្រភេទប្លក់ព្រីន (Block Print)។ គំនូរប្រភេទ ប្លក់ព្រីន ចំនួន២៥ផ្ទាំង និង គំនូរពណ៌ទឹក (Watercolor Painting) ១ផ្ទាំង ក្នុងពិព័រណ៍ «មេតាប៉ូលលីស» បង្ហាញពីរឿងរ៉ាវជីវិតប្រចាំថ្ងៃ ការអស់សង្ឃឹម និង ដំណើរការព្យាបាលផ្លូវចិត្ត ក្រោយជួបប្រទះឧប្បត្តិហេតុក្នុងការដ្ឋានសំណង់ ក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យលោកជា រស់នៅក្នុងពិការភាពរហូតមកដល់សព្វថ្ងៃ។
គំនូរប្រភេទ ប្លក់ព្រីន ឬ រីលីវព្រីន (Relief Printing) គឺជាគូរខ្មៅដៃដាមជារាងលើផ្ទាំង ហើយការយកកំបិតចិតឱ្យចេញរូបរាងឱ្យទៅជាប្លក់ៗ ដែលប្លក់នោះភាគច្រើនធ្វើពី ឈើ ដែក លីណូឡូមកាត់ព្រីន (Linoleum Cut Block Print) ឬ អាគ្រីលីន (Acrylic Painting)។
«ពិព័រណ៍ទោលលើកនេះកើតឡើង ដោយសារមានមនុស្សជាច្រើនចាប់អារម្មណ៍ស្នាដៃគំនូរសខ្មៅរបស់ខ្ញុំ ក្នុងការបង្ហាញស្នាដៃរួមជាមួយសិល្បករដទៃទៀតកាលពីឆ្នាំកន្លងមក។»
ក្លាយខ្លួនជា សិល្បករមួយរូប ប្រចាំអូផេនស្ទូឌីយោ (Open Studio) នៅចុងឆ្នាំ២០១៩ លោកម៉ន ជា បានចាប់ផ្តើមបង្កើតស្នាដៃគំនូរជាបន្តបន្ទាប់តាំងពីពេលនោះមកជាមួយការណែនាំផ្អែកបច្ចេកទេសគូរបន្ថែមបន្តិចបន្តួចពីស្ទូឌីយោ។ មុនពិព័រណ៍ទោលលើកទី២ «មេតាប៉ូលលីស» ពិព័រណ៍ទោលលើកទី១ របស់ជា មានឈ្មោះថា «The Space Between» កាលពីឆ្នាំ២០១៩ នៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សិល្បករពិការដៃសងខាងរូបនេះ ក៏បានចូលរួមដាក់បង្ហាញស្នាដៃ ជាមួយសិល្បករដទៃទៀត សរុបចំនួន៧ដង។
ជីវិតមុនគ្រោះថ្នាក់
រស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រមួយដែលមានបងប្អូន៦នាក់ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ដោយសារកត្តាជីវភាព លោកជា បានទៅសាលារៀនត្រឹមថ្នាក់ទី៣ប៉ុណ្នោះ។ «នៅក្នុងភូមិ និយាយរួមទៅគ្រួសារខ្ញុំក្រីក្រដល់ថ្នាក់រកអ្វីហូបមិនបាន។ ដើរជីកដំឡូង បេះពោត មកលាយនឹងបាយ។»
ក្រោយពេលបង្ខំចិត្តឈប់រៀន លោកជា ស្រមៃចង់ក្លាយជាអ្នកបើកឡាន ដែលស្ដាប់ទៅមិនសូវដូចជាការងារក្នុងក្តីស្រមៃរបស់កុមារឯទៀត។ សម្រាប់ជា កត្តាសមត្ថភាពគ្រួសារ គឺជារឿងដែលធ្វើឱ្យគាត់មិនហ៊ានស្រមៃអ្វីធំជាងនេះ។ ត្រឹមតែធ្វើជាអ្នកបើកឡាន ឪពុកគាត់នៅប្រាប់គាត់ថា «បានលុយពីណាមកទិញឡានបើក»។ ពេលវេលាចេះតែកន្លងផុតទៅ ដោយគ្មានចំណេះក្នុងខ្លួន មានតែកម្លាំង ជាបានរសាត់អណ្ដែតមកធ្វើជាកម្មករសំណង់នៅទីរួមខេត្តកំពត ដើម្បីជួយសម្រួលជីវភាពគ្រួសារ។
រឿងអកុសល
ការងារជាកម្មករសំណង់ជាការងារមួយដែល ត្រូវការប្រើប្រាស់កម្លាំងជានិច្ចពេលបំពេញការងារ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កម្រៃបានមកពីការងារសុចរិតនេះ បានជួយសម្រួលជីវភាពគ្រួសាររបស់ជាបានមួយកម្រិត។ លោកជា បានរស់នៅដោយប្រកបអាជីពនេះបានមួយរយៈ ក៏ប៉ុន្តែហេតុការណ៍អកុសលមួយបាន បញ្ចប់អាយុជីវិតការងារជាកម្មករសំណង់របស់លោកជា។ នៅក្នុងឆ្នាំ២០១០ លោកជាបានឆក់ខ្សែភ្លើង ពេលកំពុងផ្សាដែក ហើយក៏ធ្លាក់ពីលើអគារកម្ពស់៦ម៉ែត្រ ដែលធ្វើឱ្យគាត់សន្លប់មិនដឹងខ្លួន។ ក្រោយពេលសម្រាកតាមដាននៅមន្ទីរពេទ្យ អស់រយៈពេល២ខែ ដោយអាការចេះតែវិវត្តទៅក្នុងផ្លូវមិនល្អ ពេទ្យក៏សម្រេចចិត្តកាត់ដៃទាំងសងខាងរបស់ជា។
«ដំបូងពេទ្យប្រាប់ថាត្រូវកាត់តែម្ខាងទេ។ ខ្ញុំក៏សម្រេចចិត្តឱ្យកាត់ ព្រោះបើទុកវាអាចសុីដល់ខាងលើ។ ពេលចូលបន្ទប់វះកាត់គេចាក់ថ្នាំសន្លប់ មិនដឹងថាសន្លប់ប៉ុន្មានម៉ោងទេ។ ពេលដឹងខ្លួនឡើង បាត់ដៃទាំង២ ក៏សន្លប់ទៅម្តងទៀត។»
មានដង្ហើមឡើងវិញ
ជីវភាពក្រីក្រ ជីវិតជាកម្មករសំណង់មិនមែនជា ពេលដែលជីវិតរបស់លោកជាធ្លាក់មកដល់ចំណុចសូន្យនោះទេ ប៉ុន្តែការដែលបើកភ្នែកមកលែងមានដៃទាំងសងខាង ទើបជាចំណុចសូន្យពិតប្រាកដរបស់លោក។ «ធម្មតាយើងធ្លាប់មានដៃ ដល់ពេលដឹងខ្លួនមកអត់ដៃដំបូងដូចចង់ដេកយំ។»
សំណួរទាក់ទងនឹងអនាគត គឺរឿងដែលងងឹតបំផុតសម្រាប់ លោកជានៅពេលនោះ។ លោកមិនដឹងថាខ្លួន អាចធ្វើអ្វីឬគួរធ្វើអ្វីបន្តទៀតនោះទេ។ «ចេញពីពេទ្យមកដល់ផ្ទះ មិនដឹងថាធ្វើអ្វីបាន ខ្ញុំពិបាកចិត្ត។ ឃើញគេដើរធ្វើការបានធម្មតា។ ខែបុណ្យខែទាន គេមកលេងស្រុកសប្បាយរីករាយ យើងនៅផ្ទះមិនដឹងធ្វើអ្វី។ ធ្លាប់នឹកចង់សម្លាប់ខ្លួនម្តងៗដែរ។»
ដកដង្ហើមនៅមួយកន្លែង សម្លឹងមើលគេដើរធ្វើការងារប្រចាំថ្ងៃ លោកជា ចំណាយពេល៣ឆ្នាំ ក្នុងការធ្វើចិត្ត ទទួលយកការពិតដែលជាលទ្ធផលនៃឧប្បត្តិហេតុនៅការដ្ឋានសំណង់នោះ។ពេលនោះគាប់ជួនមានម្ចាស់កសិដ្ឋានចិញ្ចឹមទាចំនួន ៣៥០០ក្បាល ស្គាល់គ្នាម្នាក់ ហៅគាត់ឱ្យឃ្វាលទាឱ្យជាមួយកម្រៃ ១ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយមើលឃើញថា ការងារជាអ្នកគង្វាលទាមិនចាំបាច់ត្រូវការដៃ ព្រោះជាអាចដើរដេញ និងមើលទាបាន។ «ពេលហ្នឹងសប្បាយចិត្តនឹកព្រួចថានៅរកលុយឱ្យម៉ែឪបានដែរតើ!»
កន្លែងផ្លាស់ប្ដូររបត់ជីវិត
ធ្វើការជាអ្នកគង្វាលទាពរពេញដោយក្ដីសង្ឃឹមអស់រយៈពេលជិត២ឆ្នាំ នៅថ្ងៃមួយក្នុងឆ្នាំ២០១៥ លោកម៉ន ជាបានទទួលទូរស័ព្ទដែលខ្លួនមិនស្គាល់មួយខ្សែនិយាយរៀបរាប់ពីឱកាសចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញសិល្បៈដោយឥតគិតថ្លៃពីអង្គការ Epic Arts ដែលជាអង្គការមួយធ្វើការដើម្បីលើកកម្ពស់ជនពិការតាមរយៈការផ្ដល់ជាវគ្គបណ្ដុះបណ្ដាលជំនាញនិងផ្ដល់ឱកាសការងារជាដើម។ «បន្ទាប់ពីពន្យល់ហើយគេសួរថាខ្ញុំថាចាប់អារម្មណ៍អត់ ភ្លាមៗនោះខ្ញុំក៏សម្រេចចិត្តឈប់ឃ្វាលទាហើយទៅរៀន។»
នៅអង្គការ Epic Art ពីឆ្នាំ២០១៥ ដល់ ២០១៧ លោកជាទទួលបានការអប់រំជំនាញផ្សេងៗជាច្រើនរួមមាន៖ ជំនាញសិល្បៈគំនូរ រាំរបាំសហសម័យ កុំព្យូទ័រ ភាសាអង់គ្លេស ចំណេះដឹងទូទៅ និង ការដឹកនាំសិក្ខាសិលា។ រស់នៅជុំវិញដោយជនពិការដូចគ្នា លោកជាមិនដែលគិតថា ខ្លួនគ្នានតម្លៃ និងមានគំនិតចង់សម្លាប់ខ្លួនទៀតឡើយ។ ហើយ ពេលរៀនចប់ លោកជាបានបម្រើការឱ្យអង្គការ ជាអ្នកសម្តែងរបាំសហសម័យ និងជាអ្នកដឹកនាំសិក្ខាសិលា។
«អង្គការ Epic Arts គឺជាកន្លែងផ្លាស់ប្តូរជីវិតរបស់ខ្ញុំខ្លាំងមែនទែនមួយ។ ដោយហេតុថា ពេលខ្ញុំនៅក្នុងភូមិ ខ្ញុំជាជនពិការម្នាក់ឯង។ ដូចនេះ ខ្ញុំមានអារម្មណ៍ឯកោ។ ម្យ៉ាងទៀតទីនេះបានធ្វើឱ្យខ្ញុំមានចំណេះ ជំនាញច្បាស់លាស់។»
និយាយពីសិល្បៈ ក្រៅពីសម្ដែងរបាំសហសម័យ គូររូប ការច្រៀងក៏ជាចំណង់ចំណូលចិត្តរបស់លោកជាដែរ។ ដោយសារ បញ្ហាចង្កឹះ លោកជាក៏សម្រេចឈប់សម្តែងរបាំសហសម័យ ហើយងាកមកចាប់អាជីពជាវិចិត្រករ។ ជាមួយនឹងការគាំទ្រពីអូផេនស្ទូឌីយោ លោកមានឱកាសស្វែងយល់ ក៏ដូចជាអនុវត្តទាក់ទងនឹងទម្រង់សិល្បៈគំនូរនេះបន្ថែម និងផ្តល់ឱកាសឱ្យលោកបាន បង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ។ លោកម៉ន ជា បានបន្ថែមថា សិល្បៈគូររូបតែងតែជាអ្វីដែលលោកស្រឡាញ់តាំងពីវ័យកុមារ ប៉ុន្តែមិនហ៊ានប្រាថ្នាថានឹងបានធ្វើ គិតគូរកត្តាលទ្ធភាពគ្រួសារ និងកាយសម្បទារបស់ខ្លួន។ សម្រាប់ថ្ងៃអនាគត លោកជាគិតថា ខ្លួននឹងមិនបោះបង់សិល្បៈគូររូបនេះចោលនោះទេ ហើយលោកបានប្រាប់ថា ខ្លួននឹងបន្តរិះរកបច្ចេកទេសផ្សេងៗទៀត ដើម្បីបង្កើតស្នាដៃដើមឱ្យអ្នកផងបានឃើញជាបន្តបន្ទាប់៕
ពិព័រណ៍ទោល «មេតាប៉ូលីស» របស់លោក ម៉ន ជា កំពុងត្រូវបានដាក់បង្ហាញឱ្យទស្សនាដោយសេរី នៅ AIR Gallery ក្នុង Factory Phnom Penh ពីថ្ងៃទី២៤ ដល់ ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០។