ក្នុងយុទ្ធនាការរយៈពេលពេញមួយខែកុម្ភៈនេះ សារធារណជនមានឱកាសបានសាកល្បងជិះយានយន្ដអគ្គីសនីដោយផ្ទាល់ រាប់ចាប់ពីកង់ ម៉ូតូ និងរថយន្ត ដែលយានយន្តទាំងនេះនឹងចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាជួយផ្នែកសេដ្ឋកិច្ចដោយកាត់បន្ថយការចំណាយលើប្រេងសាំង។
«យុទ្ធនាលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី» ជាលើកដំបូងបង្អស់នៅកម្ពុជា បានចាប់ផ្ដើមហើយ។ យុទ្ធនាការដែលមានរយៈពេលពេញមួយខែកុម្ភៈ ក្នុងឆ្នាំ២០២១នេះ បង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍របស់យានយន្ដអគ្គិសនីទៅលើបរិស្ថាន សេដ្ឋកិច្ច និងសារប្រយោជន៍សម្រាប់សង្គម។
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគម្រោងរបស់អង្គការ EnergyLab ក្នុងការបង្កើនលើកកម្ពស់និរន្តរភាពនិងមធ្យោបាយធ្វើដំណើរអគ្គិសនីនៅកម្ពុជា។ យុទ្ធនាការនេះ ទទួលបានការសហការរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា។
យានយន្ដអគ្គិសនីបានចូលរួមជាចំណែកដ៏សំខាន់ក្នុងការជួយពង្រឹង និងធ្វើឱ្យកាន់តែមានប្រសើរឡើងនៃវិស័យបរិស្ថាន និងសេដ្ឋកិច្ចនៅកម្ពុជា។ យោងតាម លោកស្រី ការ៉ូលី កាហ្សាឌីយ៉ា អ្នកតំណាងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនៅកម្ពុជា បានឱ្យដឹងថា សម្រាប់យានយន្ដប្រភេទប្រើប្រាស់អគ្គិសនីនេះ បានប្រមូលផ្ដុំនូវលក្ខណៈពិសេសជាច្រើន ដែលសុទ្ធសឹងតែជាគុណប្រយោជន៍ជួយដល់វិស័យទាំងពីរខាងលើ។
លោកស្រីបានឱ្យដឹងថា យានយន្ដប្រភេទអគ្គិសនីនេះ គឺមានការបំពុលតិចជាងយានយន្ដធម្មតាដែលដំណើរការដោយប្រើសាំង ដែលវាជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលកំពុងបំផ្លាញបរិយាកាសរស់នៅប្រចាំថ្ងៃរបស់យើង។ អ្វីដែលកាន់តែពិសេសនោះគឺ ម៉ូតូអគ្គិសនីមិនមានសម្លេងរំខានខ្លាំងដូចជាម៉ូតូធម្មតានោះទេ។
ចំណែកឯតម្លៃសម្រាប់យានយន្ដអគ្គិសនីក៏មានភាពខុសគ្នាពីយានយន្ដធម្មតាផងដែរ។ លោកស្រី ការ៉ូលី កាហ្សាឌីយ៉ា បានបង្ហើបប្រាប់ថា សម្រាប់តម្លៃរបស់ម៉ូតូអគ្គិសនីជាមធ្យមមានតម្លៃត្រឹមតែខ្ទង់ ១ពាន់ដុល្លារតែប៉ុណ្ណោះ។ ខណៈម៉ូតូប្រើសាំងក្នុងពេលបច្ចុប្បន្ន មានតម្លៃជាមធ្យមរហូតដល់ទៅខ្ទង់ ២ពាន់ដុល្លារ។
ស្រដៀងគ្នានេះដែរ កញ្ញា អ៊ុត សុខផល្គុន អ្នកសម្របសម្រួលការចូលរួមថាមពលស្អាតនិងចល័តនៃអង្គការ EnergyLab Cambodia បានពន្យល់ថា យានយន្ដប្រភេទនេះបាននាំមកនូវខ្យល់ស្អាតដល់ទីក្រុង និងបន្ថយខ្យល់បំពុលដែលអាចបណ្ដាលឱ្យបរិយាកាសប្រែប្រួល។ លើសពីនេះទៅទៀតវាជាប្រភេទយានយន្ដដែលកែច្នៃមកយ៉ាងប្រណិត និងមានតម្លៃសមរម្យ។
កញ្ញានិយាយថា៖ «ប្រជាជនអាចសន្សំប្រាក់ក្នុងរយៈពេលវែង ព្រោះថាយានយន្ដអគ្គិសនីមានតម្លៃទាបក្នុងការដំណើរការ និងថែទាំជាងយានយន្តប្រើប្រេងឥន្ធនៈ»។
យុទ្ធនាការមួយនេះក៏មានគោលបំណង ក្នុងការផ្ដល់ព័ត៌មានទាក់ទងនឹងយានយន្ដអគ្គិសនី ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់អតិថិជនដែលមានសក្ដានុពលក្នុងការសាកល្បងជាមួយនឹងបច្ចេកវិទ្យាថ្មីស្រឡាងមួយនេះ។ ជម្រើសយានយន្តអគ្គិសនីដែលនឹងអាចសាកល្បងនៅពិព័រណ៍ចល័តសម្រាប់ការសាកល្បង រួមមានចាប់ពីកង់ ម៉ូតូ និងរថយន្ត។
លោក ថារ៉ូ គឺជាអ្នកដែលបានសាកល្បងជិះនូវម៉ូតូអគ្គិសនី នៅឯពិព័រណ៍ចល័តនៅក្រសួងបរិស្ថាន។ លោកយល់ឃើញថា ម៉ូតូអគ្គិសនីមានគុណសម្បត្តិជាច្រើនដោយរួមទាំងតម្លៃ ការរចនា និងការចូលរួមជួយដល់បរិស្ថាន ដែលវាបានទាក់ទាញទឹកចិត្តរបស់លោកក្នុងការទិញវា។ លោកបានសម្ដែងនូវចំណាប់អារម្មណ៍ប្រាប់ Focus ថា៖ «ម៉ូតូនឹងបើយើងជិះទៅវាល្អម្យ៉ាងដែរ វាជិះទៅវាដូចម៉ូតូធម្មតា ដូចប្រើសាំងធម្មតាដែរ ប៉ុន្តែវាល្អម្យ៉ាងសម្លេងវាស្ងាត់ៗល្អ ហើយស្រួលជិះយើងស្រួលជិះជាងម៉ូតូប្រើសាំង»។
កញ្ញា ឱក សុចិន្ដា ស្ថាបនិកនៃគម្រោង ZEROW ផ្សព្វផ្សាយការយល់ដឹងអំពីទម្លាប់នៃការរស់ដោយគ្មានប្លាស្ទិក ក៏បានមកធ្វើការសាកល្បងយានយន្តអគ្គិសនីនេះផងដែរ។ ដោយមើលឃើញពីការសារៈសំខាន់ជាច្រើននៃការជិះកង់ និងយានយន្ដអគ្គិសនី បូករួមជាមួយនឹងបទពិសោធន៍ក្នុងការសាកល្បងជាមួយយានយន្ដទាំងនោះផ្ទាល់ កញ្ញាបានឱ្យដឹងពីថា៖ «កង់ ម៉ូតូ យានយន្ដអគ្គិសនីទាំងអស់នឹងជួយសន្សំលុយយើង វាអត់សូវខូច វាអត់សូវអីដូច កង់ ម៉ូតូយើងធម្មតា»។
ក្រៅពីការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់និងសាកល្បងជិះនូវយានយន្តអគ្គិសនី ក្នុងនោះក៏មានកិច្ចពិភាក្សាទៅលើបទប្បញ្ញត្តិ និងគោលនយោបាយនានា ពីអនាគតរបស់យានយន្ដនៅកម្ពុជា។
លោកស្រី ការ៉ូលី កាហ្សាឌីយ៉ា និយាយថា៖ «នៅក្នុងរយៈពេលខ្លីនៃការដំណើរការនូវយុទ្ធនាការរបស់យើងនេះ ពួកយើងគ្រាន់តែចងឱ្យមនុស្សជាច្រើននៅក្នុងទីក្រុងភ្នំពេញ មានការយល់ដឹងបន្ថែមពីផលិតផលមួយនេះ»។
«សម្រាប់គោលដៅរយៈពេលវែងនៃកម្មវិធីរបស់យើង ក៏ដូចជាគោលការណ៍វាស់វែងដែលយើងផ្សព្វផ្សាយ និងតាមរយៈការផ្តល់ហិរញ្ញប្បទានដែលយើងព្យាយាមផ្សព្វផ្សាយ ក្នុងការធ្វើឱ្យយានយន្ដអគ្គិសនីមានតម្លៃថោក គោលដៅរបស់យើងគឺចង់ឃើញម៉ូតូអគ្គិសនីប្រមាណជា ២០ ០០០គ្រឿងនៅតាមដងផ្លូវក្នុងរយៈពេល ២ ឬ ៣ឆ្នាំខាងមុខ»។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលចង់សាកល្បងជិះយានយន្ដអគ្គីសនីដោយផ្ទាល់ អាចស្វែងរកបានតាមរយៈពិព័រណ៍ចល័ត នៅទីតាំង ៥ ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញនេះ ពេញមួយខែកុម្ភៈនេះ រួមមាន៖
- Factory Phnom Penh ថ្ងៃសៅរិ៍ ទី៦ ចាប់ពីម៉ោង១ ដល់ម៉ោង ៥រសៀល (កន្លងផុត)
- ក្រសួងបរិស្ថាន ថ្ងៃអង្គារ ទី៩ ចាប់ពីម៉ោង៨ ដល់ម៉ោង ១០ព្រឹក (កន្លងផុត)
- ស្តារអូឡាំពិក ថ្ងៃសៅរិ៍ ទី២០ ចាប់ពីម៉ោង៣ ដល់ម៉ោង ៦ល្ងាច
- សាលាបច្ចេកវិទ្យាកម្ពុជា ថ្ងៃអង្គារ ទី២៣ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៥រសៀល
- American University of Phnom Penh ថ្ងៃព្រហស្បតិ៍ ទី២៥ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៣រសៀល៕