ការបំបៅដោះកូន គឺជាជម្រើសមួយដ៏ល្អបំផុតសម្រាប់សុខភាពទារក និងម្តាយ។ ជារៀងរាល់ឆ្នាំ សប្តាហ៍នៃការបំបៅកូនដោយទឹកម្តាយត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក នៅដើមខែសីហា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែសីហាដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់ និងតម្រូវការរបស់វា។
យល់ដឹងពីចំណុចសំខាន់ៗ អំពីការបំបៅកូនដោយទឹកដោះ និងម្សៅទឹកដោះគោ អាចផ្តល់សារសំខាន់ខ្លាំងណាស់ដល់ការថែរក្សាសុខភាពរាងកាយអ្នកនិងកូនរបស់អ្នក។
កុមារតូចៗត្រូវការសារធាតុចិញ្ចឹមជាច្រើនមុខសម្រាប់ការរីកធំធាត់ និងអភិវឌ្ឍន៍រាងកាយរបស់ពួកគេ ប្រកបដោយសុខភាពល្អ និងពេញលេញ។ ទឹកដោះម្ដាយ និងទឹកដោះគោម្សៅ គឺជាអាហារបំប៉នចាំបាច់ទាំងពីរមុខដែលសំបូរទៅដោយសារធាតុកាល់ស្យូម និងប្រូតេអ៊ីន ដែលអាចជួយកុមារតូចៗរីកធំធាត់ពេញរូបពេញរាង ដោយសុខភាពល្អបាន។
អង្គការសុខភាពពិភពលោកក៏បានធ្វើការណែនាំថា ការបំបៅកូនដោយទឹកដោះម្ដាយគឺជាជម្រើសល្អបំផុតសម្រាប់ទារកគ្រប់រូប ជាពិសេសនៅពេលទារកទើបកើត និងអាយុ៦ខែដំបូងតែម្តង។ ទឹកដោះម្តាយមិនត្រឹមតែជាសារធាតុបំប៉នដំបូងបង្អស់ ដែលមានសារសំខាន់សម្រាប់ទារកទើបតែចាប់កំណើតនោះទេ ប៉ុន្តែវាក៏អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺអាឡែកហ្ស៊ី និងជំងឺឈឺថ្កាត់ផ្សេងៗថែមទៀតផង។
ប៉ុន្តែ មិនមែនអ្នកម្តាយគ្រប់រូប អាចជម្រើសការបំបៅកូនដោយទឹកដោះនោះទេ ដោយកត្តាមូលហេតុផ្ទាល់ខ្លួន និង បញ្ហាសុខភាពជាដើម។ នៅក្នុងកាលៈទេសៈនោះ ម្សៅទឹកដោះគោត្រូវបានប្រើជំនួសវិញ។ ទោះបីជាម្សៅទឹកដោះគោ មិនអាចផ្ដល់គុណប្រយោជន៍ដូចទឹកដោះម្តាយផ្ទាល់ក៏ពិតមែន ប៉ុន្តែវានៅតែជាជម្រើសបន្ទប់តែមួយគត់ ដែលអាចផ្តល់សារធាតុចិញ្ចឹម សម្រាប់ការរីកលូតលាស់របស់ទារកបាន។
សម្រាប់ស្ត្រីដែលនឹងក្លាយជាអ្នកម្តាយក្នុងពេលឆាប់ៗ ឬកំពុងរៀបចំផែនការគ្រួសារ អាចសិក្សាពីសារប្រយោជន៍ ក៏ដូចជាផលប៉ះពាល់ នៃជម្រើសទឹកដោះទាំងពីរប្រភេទ មានមកលើទារកនិងអ្នកម្តាយ ដូចខាងក្រោម ៖
គុណសម្បត្តិនៃការបំបៅកូនដោយទឹកដោះ
សារធាតុចិញ្ចឹម និងជាអាហារងាយរលាយ៖ សារធាតុទាំងឡាយដែលមាននៅក្នុងទឹកដោះម្ដាយ ដូចជាសារធាតុឡាក់តូស ជាតិប្រូតេអ៊ីន និង សារធាតុខ្លាញ់ នឹងជួយឲ្យទារករីកលូតលាស់ ព្រមទាំងមានងាយស្រួលក្នុងការរំលាយសម្រាប់ទារកទើបនឹងកើត។
សារធាតុចិញ្ចឹមមានភាពចម្រុះ៖ ជាទូទៅ ក្នុងការបំបៅកូនដោយទឹកដោះ អ្នកម្តាយគ្រប់រូប ត្រូវការកាល់ឡូរីបន្ថែមរហូតដល់៥០០ជារៀងរាល់ថ្ងៃ ដែលអាចទទួលបានមកពីការទទួលទានអាហារចម្រុះសំខាន់ផ្សេងៗ។ ម្យ៉ាងវិញទៀត រាល់អាហារទាំងអស់ដែលអ្នកម្តាយទទួលទាន វានឹងបំលែងទៅជាសារធាតុចិញ្ចឹមផ្សេងៗទៅទារកតាមទឹកដោះម្តាយ។
ភាពងាយស្រួល៖ ទឹកដោះម្តាយតែងតែមានគុណភាពល្អ និងនៅស្រស់ជានិច្ចគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ជាពិសេសអ្នកមិនបាច់ត្រូវចំណាយពេលច្រើនសម្រាប់ការលាងសម្អាតនិងកម្ដៅដបទឹកដោះគោ ក្បាលទឹកដោះគោ ដើម្បីរម្ងាប់មេរោគ នៅកណ្តាលអាធាត្រនោះទេ។
ភាពវ័យឆ្លាតរបស់កុមារ៖ យោងទៅតាមមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីសុខភាពរបស់ប្រទេសកាណាដាបានបង្ហាញថា កុមារដែលបំបៅដោយទឹកដោះម្តាយ មានការអភិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទបានល្អប្រសើរ ដែលការសិក្សានេះ បានធ្វើការវាស់ទៅលើកម្រិត IQ និង ការវាយតម្លៃពីសំណាក់គ្រូបង្រៀនដោយផ្ទាល់ ទៅលើកុមារដែលបានបៅទឹកដោះម្តាយ។ ទោះបីជាយ៉ាងណា វាគ្រាន់តែជាការសិក្សាមួយប៉ុណ្ណោះ ហើយគេក៏មិនទាន់អាចសន្និដ្ឋានបានទាំងស្រុងបាននោះដែរ ថាកុមារដែលមិនបានបំបៅដោយទឹកដោះដំបូងទាំងអស់ សុទ្ធតែមិនឈ្លាសវៃនោះទេ ប៉ុន្តែសារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដោះម្តាយផ្ទាល់ ពិតជាអាចជួយដល់ ការរីកលូតលាស់ផ្នែកប្រព័ន្ធប្រសាទបានយ៉ាងពិសេសពិតប្រាកដមែន។
គុណប្រយោជន៍ដល់ម្តាយ៖ ស្ថាប័នដែលសិក្សាពីជំងឺឆ្លងរបស់អាមេរិក(CDC)បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះ អាចជួយកាត់បន្ថយហានិភ័យនៃមហារីកសុដន់របស់ម្តាយ ដោយវាបានជួយកាត់បន្ថយ ការប្រឈមទៅនឹងការកើនឡើងខ្លាំងនៃសារធាតុអរម៉ូនម្យ៉ាងដែលហៅថា អេសត្រូជេន(estrogen) ដែលអាចបង្កអោយមានហានិភ័យខ្អស់នៃការកើតជំងឺមហារីកសុដន់ និងមហារីកស្បូនជាដើម។
បញ្ហាប្រឈមនៃការបំបៅកូនដោយទឹកដោះ៖ ការបំបៅដោះកូន អាចធ្វើអោយមានភាពឈឺចាប់ខ្លាំង ជាពិសេសក្នុងរយះពេល១០ថ្ងៃដំបូងនៃការបំបៅកូន ។ប៉ុន្តែប្រសិនបើចុងសុដន់ ឬសុដន់របស់អ្នកនៅតែមានភាពឈឺចាប់រហូត មិនមានភាពស្រាកស្រាន្ត អ្នកគួរតែធ្វើការពិភាក្សាអំពីបញ្ហានេះ ជាមួយគ្រូពេទ្យជំនាញ។
ពេលវេលាសម្រាប់ការបំបៅដោះ៖ ការបំបៅដោះកូនត្រូវការអំណត់ធន់ខ្ពស់សម្រាប់ម្តាយគ្រប់រូប ដើម្បីឆ្លងកាត់ដំណាក់កាលនេះ។ ដោយសារដំណាក់កាលដំបូងក្នុងជីវិត ទារកត្រូវការបំបៅច្រើនដង ដូច្នេះពេលវេលាសម្រាប់បំបៅដោះកូននេះ អាចបង្កអោយមានផលពិបាកសម្រាប់អ្នកម្តាយ ដូចជាក្នុងការអនុវត្តការងាររបស់ខ្លួន រត់កិច្ចការ និងការធ្វើដំណើរជាដើម។
របបអាហារ៖ចំណុចសំខាន់ដែលអ្នកគួរចងចាំនោះគឺ កូនៗរបស់អ្នកក៏បរិភោគអ្វីដែលអ្នកបានទទួលនោះ ដែរ គឺតាមរយៈទឹកដោះរបស់អ្នកដូចគ្នា។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលអ្នកបរិភោគជាប្រចាំ ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពរបស់កូនអ្នកដោយអចេតនា ដូចជា ជាតិអាល់កុល ឬកាហ្វេអុីនលើសកំណត់ជាដើម។
បញ្ហាសុខភាពរបស់ម្តាយ៖ ការប្រើប្រាស់ថ្នាំព្យាបាលអ្វីមួយ អាចបង្កបញ្ហាប្រឈមដល់ការបំបៅដោះ ព្រោះទឹកដោះជាសារជាតិចិញ្ចឹម ដែលចម្រាញ់ចេញមកពីដើមទ្រូងរបស់ម្តាយ។ អ្នកគួរតែធ្វើការប្រឹក្សាក្រុមគ្រូពេទ្យជំនាញអោយបានច្បាស់លាស់ ប្រសិនបើអ្នកមានបញ្ហាសុខភាព ឬក៏មានការប្រើប្រាស់ថ្នាំអ្វីមួយជាប្រចាំ។
ប្រសិនបើអ្នកចង់អានអត្ថបទប្រភេទបែបនេះបន្ថែមទៀត សូមទាញយកកម្មវិធី PULSE តាមរយៈតំណភ្ជាប់ និងទាញយកដើម្បីប្រើប្រាស់ឥឡូវនេះ៖ https://bit.ly/AsemSummit